ព្រែកជីក​ហ្វូណន​តេជោ៖ បណ្តាសា ឬ ពរជ័យ​សម្រាប់​កម្ពុជា?

ដោយ មាន ឫទ្ធិ
2024.01.31

កម្ពុជា​កំពុង​ឈាន​ទៅ​សម្រេច​មហិច្ឆតា​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​​នៃ​ការ​សាងសង់​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវ​ទឹក​ពី​ឈូង​សមុទ្រ​ថៃ​ចូល​មក​ដល់​រាជធានី​ភ្នំពេញ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម។

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ «... គ្មាន​អី​ត្រូវ​លាក់លៀម​ទេ ព្រោះ​ការ​ធ្វើ​ព្រែក​ជីក​ភ្ជាប់​ទន្លេ-សមុទ្រ​នេះ បូក​ជាមួយ​ការអភិវឌ្ឍន៍​កំពង់​ផែ​ខេត្ត​ព្រះសីហនុ​នេះ គ្មាន​អ្វី​អាថ៌កំបាំង​ទេ គឺ​ដើម្បី​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​កម្ពុជា ជួយ​ឱ្យ​សេដ្ឋកិច្ច​រីក​ចម្រើន និង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​កាន់តែ​រីក​ចម្រើន ជីវភាព​ធូរធារ...»

នេះ​គឺ​ជា​គម្រោង​នៃ​ការសាងសង់​ព្រែកជីក​ហ្វូណន​តេជោ ប្រវែង​១៨០​គីឡូម៉ែត្រ​ ពី​ដៃ​ទន្លេ​មេគង្គ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​កាត់​តាម​ខេត្ត​ចំនួន៤ រួមមាន​ខេត្ត​កណ្ដាល តាកែវ កំពត និង​ខេត្ត​កែប។ មាន​ទទឹង​មុខ​កាត់​ផ្នែក​ខាងលើ​១០០ម៉ែត្រ ផ្នែក​ខាងក្រោម​ប្រមាណ ៨០ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ ៥,៤ម៉ែត្រ គម្រោង​នេះ​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​អនុម័ត​កាលពី​ថ្ងៃទី១៩ ខែ​ឧសភា ឆ្នាំ២០២៣ ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១ពាន់​៧រយ​លាន​ដុល្លារ។

លោក ស៊ុន ចាន់ថុល អតីត​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៖ «...ប្រព័ន្ធ​ដឹកជញ្ជូន​តាម​ផ្លូវទឹក​របស់​កម្ពុជា​ ឱ្យ​ទៅ​ដល់​សមុទ្រ​របស់​កម្ពុជា​តែម្តង។ ប្រព័ន្ធ​នេះ​សំខាន់​ណាស់។ សំខាន់​ដោយសារ​កាត់បន្ថយ​ទាំង​ចម្ងាយ តម្លៃ នីតិវិធី​បែបបទ​ក្នុង​ការ​ឆ្លង​ទំនិញ​ឆ្លងកាត់​ពី​កម្ពុជា​ទៅ​សមុទ្រ។ ប្រព័ន្ធ​នេះ​យើង​បាន​សិក្សា​លម្អិត​ណាស់ សិក្សា​២៦​ខែ។ លម្អិត​ទាល់តែ​មែនទែន។ ប្រើ​បច្ចេកវិទ្យា​ទំនើប ប្រើ​ដ្រូន (Drone) ប្រើ​ Satellite ប្រើ​ម៉ូដែល ធ្វើ​យ៉ាងណា​គឺថា​កុំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន...»

មតិ​ទូទៅ​ហាក់​យល់ស្រប​ជា​រួម​ថា​គម្រោង​នេះ​អាច​ផ្តល់​ប្រយោជន៍​ធំធេង​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​កម្ពុជា។ ក៏ប៉ុន្តែ ទន្ទឹម​នឹង​នេះ យ៉ាង​ហោច​ណាស់​ហានិភ័យ​ធំៗ​ចំនួន ៤ កំពុង​ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ព្រមាន​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ។

Funan1.jpeg
រូបគំនូរ​​បង្ហាញ​ពី​ផ្នែក​មួយ​នៃ​ព្រែកជីក​ហ្វូណនតេជោ​ដែលគ្រោង​នឹង​សាងសង់​នៅ​​​កម្ពុជា​នៅ​ចុងឆ្នាំ​២០២៤។ (រូបភាព៖ ទំព័រ​ហ្វេសប៊ុក (Facebook) ក្រសួងសាធារណការ និងដឹកជញ្ជូន)

ហានិភ័យ​ទាំងនេះ​រួមមាន ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន លំហូរ​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ទន្លេ​មេគង្គ ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ និង​ការ​បន្លាស់​ទី​លំនៅ​របស់​ពលរដ្ឋ​ជាង ១លាន ៦សែន​នាក់​ដែល​រស់នៅ​ជុំវិញ​តំបន់​គម្រោង តម្លាភាព និង​ការខ្ចី​បុល​លុយ​ពី​ប្រទេស​ចិន​ដើម្បី​សាងសង់​គម្រោង​នេះ និង​លទ្ធភាព​ដែល​ចិន​អាច​ប្រើប្រាស់​ព្រែកជីក​នេះ​សម្រាប់​បម្រើ​ឱ្យ​ផលប្រយោជន៍​ផ្នែក​សន្តិសុខ​ឬ​យោធា​របស់​ខ្លួន។

អ្នក​ជំនាញ​តំបន់​ទន្លេ​មេគង្គ និង​វិទ្យាសាស្ត្រ​នយោបាយ យល់ថា​ការសាងសង់​ព្រែកជីក​នេះ មិន​មែន​ជា​ជម្រើស​ប្រសើរ​ឡើយ​សម្រាប់​បរិស្ថាន​ទន្លេ​មេគង្គ​ដោយ​សារ​តែ​ការ​ប៉ះពាល់​«ធ្ងន់ធ្ងរ»​ដល់​បរិស្ថាន។ ពួកគេ​លើក​ឡើង​ស្រដៀង​គ្នា​ថា​កម្ពុជា​គួរ​ជ្រើសរើស​យក​ជម្រើស​ផ្សេងទៀត​ដូចជា​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​រថភ្លើង ផ្លូវ​ល្បឿន​លឿន ឬ​ការ​កែលម្អ​កំពង់ផែ​ទឹកជ្រៅ​ដែល​មាន​ស្រាប់​ជាដើម។

លោក ប្រាយអ៊ិន អាយល័រ នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson Center «កម្ពុជា​មាន​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​កំពត ​ទៅ​ខេត្ត​ព្រះសីហនុ ​រួច​ស្រាប់​ហើយ ហើយ​ក៏​មាន​រៀបចំ​គម្រោង​សម្រាប់​ធ្វើ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​អាច​ជួយ​សម្រួល​ដល់​គោលបំណង​នេះ​ដែរ...។ ដូចគ្នា​នេះ​ដែរ​ គេ​ក៏​អាច​ដឹកជញ្ជូន​តាម​ផ្លូវ​ល្បឿន​លឿន​បាន​ដែរ។ ព្រែកជីក​នេះ​មាន​ផល​ប៉ះពាល់​បរិស្ថាន​ច្រើន​ជាង​គម្រោង​ទាំងនេះ​ ហើយ​ទំនងជា​នឹង​បន្ថែម​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅលើ​ទន្លេ​មេគង្គ​ទាក់ទង​នឹង​ដំណើរការ​ផែនការ​លំហូរ​ទឹក​ទន្លេ»

លោក ឯម សុវណ្ណារ៉ា អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ៖ «ខ្ញុំ​គ្រាន់តែ​ថា​គួរតែ​បង្ហាញ​គម្រោង​នេះ​ជា​សាធារណៈ​ឱ្យ​ប្រជាពលរដ្ឋ​ស៊ីជម្រៅ​ជាង​នេះ​បន្តិច កុំ​ឱ្យ​មាន​ការ​លើកឡើង​យល់​ច្រឡំ​អី​ផ្សេង។ ប៉ុន្តែ ទស្សនៈ​ខ្ញុំ​ៗ​នៅតែ​តម្លៃ​ទៅលើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់ ឧទាហរណ៍​ថា​ផែ​ទឹកជ្រៅ យើង​អាច​ជីក​ឱ្យ​ជ្រៅ​ជាង​ហ្នឹង​ទៅ ឱ្យ​កប៉ាល់​ធំៗ​ចូល​មក ពុំ​ចាំបាច់​ទាមទារ​កប៉ាល់​ផ្ទេរ អាហ្នឹង​វា​ចាំបាច់​ជាង​យើង​កសាង​ព្រែកជីក​នេះ​ទៅ​ទៀត»

កម្ពុជា​គ្រោង​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​នេះ​នៅ​ចុងឆ្នាំ​២០២៤។ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​ឈ្មោះ China Road and Bridge Corporation (CRBC) ធ្វើ​ការសិក្សា​លើ​គម្រោង​នេះ។ ពិធី​ចុះ​ហត្ថលេខា​នេះ ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ ហ៊ុន ម៉ាណែត ជា​លើក​ដំបូង​កាលពី​ពាក់​កណ្តាល​ខែតុលា ឆ្នាំ២០២៣ ទៅ​កាន់​ប្រទេស​ចិន​ក្រោយ​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។ លោក ហ៊ុន ម៉ាណែត បាន​បដិសេធ​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ខ្ចី​លុយ​ចិន​យក​មក​សាងសង់​គម្រោង​នេះ​ឡើយ។

Funan3.jpeg
រូបគំនូរ​​បង្ហាញ​ពី​ផ្នែក​មួយ​នៃ​ព្រែកជីក​ហ្វូណនតេជោ​ដែលគ្រោង​នឹង​សាងសង់​នៅ​​​កម្ពុជា​នៅ​ចុងឆ្នាំ​២០២៤។ (រូបភាព៖ ទំព័រ​ហ្វេសប៊ុក (Facebook) ក្រសួងសាធារណការ និងដឹកជញ្ជូន)

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី«សម្តេច​តេជោ​បាន​បញ្ជាក់​រួច​ទៅ​ហើយ​ថា គម្រោង​នេះ​មិនមែន​គម្រោង​ឥណទាន​ខ្ចី​ថវិកា​គេ​មក​ធ្វើ​ទេ។ គឺ​ជា​គម្រោង​ឯកជន​តាម​រូបភាព​ BOT បានន័យ​ថា សាងសង់ ធ្វើ​អាជីវកម្ម ហើយ​ផ្ទេរ។ ក្រុមហ៊ុន​ដែល​សុំ​សិទ្ធិ​វិនិយោគ​នេះ គាត់​ទទួល​ខុសត្រូវ​នៅក្នុង​ការទៅរក​ខ្ចី​លុយ​គេ​មក យក​មក​ចំណាយ​សាងសង់​ទាំងអស់ ហើយ​យើង​រដ្ឋាភិបាល​ដោយសារ​យើង​អត់​ចេញ​លុយ គេ​យក​លុយ​មក​ធ្វើ​យើង​អនុញ្ញាត​ឱ្យ​គេ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​មួយ​រយៈ​ចុះ»

ទោះយ៉ាងណា អ្នក​អត្ថាធិប្បាយ​នយោបាយ​ព្រមាន​ថា ការ​បើក​ដៃ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​នេះ នឹង​រឹត​តែ​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ខាតបង់​ខ្លាំង។

លោក គឹម សុខ អ្នក​អត្ថាធិប្បាយ​នយោបាយ៖ «មែនទែន​បើ​ទោះបី​ជា​ឯកជន​ចេញ​មុខ​ខ្ចី ក៏​វា​មានន័យ​ស្មើនឹង​ប្រទេស​កម្ពុជា​ជា​អ្នក​ជំពាក់​ដដែល ពីព្រោះ​ពេល​ឯកជន​ចេញ​មុខ​ខ្ចី គឺ​ឯកជន​ជា​អ្នកគ្រប់គ្រង​យក​ប្រយោជន៍​ពី​ព្រែកជីក​ហ្នឹង មិនមែន​រដ្ឋាភិបាល​យក​ប្រយោជន៍​ពី​ព្រែកជីក​ហ្នឹង មិនមែន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ប្រយោជន៍​ពី​ព្រែកជីក​ហ្នឹង​ទេ។ មានន័យ​ថា​ត្រូវ​សង​ឯកជន​ហ្នឹង សង​ទៅ​ចិន​វិញ​តាម​រយៈ​ឯកជន​ហ្នឹង​ដដែល ហើយ​មែនទែន វា​ជា​រូបភាព​អាក្រក់​ជាង​រដ្ឋាភិបាល​ខ្ចី​ទៅទៀត ពីព្រោះ​កាលណា​ឱ្យ​ឯកជន​ខ្ចី​ ឯកជន​ស៊ី​មួយ​ជាន់​ហើយ មកដល់​រដ្ឋាភិបាល​ជា​អ្នក​ត្រួត​ពី​លើ រដ្ឋាភិបាល​ស៊ី​មួយ​ជាន់​ទៀត។ ដូច្នេះ យ៉ាងតិច​ស៊ី​ពីរ​ជាន់ នេះ​ខ្ញុំ​មិន​ទាន់​និយាយ​អំពី​ពួក​អ្នក​វិនិយោគ​នៅ​ជុំវិញ​ក្រុម​គ្រួសារ​អ្នកដឹកនាំ​ស៊ី​មួយ​ជាន់​ទៀត​ផង»

លោក គឹម សុខ យល់​ថា​ដើម្បី​បញ្ចៀស​ពី​ការរិះគន់​នានា កម្ពុជា​គួរ​ប្រើ​ថវិកា​ខ្លួន​ឯង ឬ​ខ្ចី​លុយ​ពី​ប្រទេស​ណា​មួយ​ដែល​ពុំ​មាន​ឥទ្ធិពល​នយោបាយ​មក​លើ​កម្ពុជា ដូចជា​ប្រទេស​ជប៉ុន (Japan) ឬ​ស្ថាប័ន​អន្តរជាតិ​ជាដើម។

ក្រៅពី​ការព្រមាន​ពី​ហានិភ័យ​ទាំងនេះ ហានិភ័យ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​សន្តិសុខ អាច​ជា​គ្រោះថ្នាក់​ដ៏​ធំធេង​សម្រាប់​កម្ពុជា។ នោះ​គឺ​ការណ៍​ដែល​ចិន​ទំនង​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បំផុស​គំនិត​ឱ្យ​សាងសង់​ព្រែក​ជីក​នេះ​ឡើង​ដើម្បី​យក​ទៅ​បម្រើ​ឱ្យ​ផលប្រយោជន៍​ផ្នែក​សន្តិសុខ​របស់​ខ្លួន​ក្នុង​ពេល​អនាគត។

លោក ប្រាយអ៊ិន អាយល័រ នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson Center៖ «ច្បាស់​ណាស់​ថា យើង​មិន​និយាយ​អំពី​នាវា​ចម្បាំង​ផ្ទុក​យន្តហោះ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ប្រភេទ​នៃ​នាវា​ល្បាត​រួមគ្នា ដែល​យើង​ឃើញ​មាន​នៅ​តាម​ទន្លេ​មេគង្គ​ខ្សែ​ទឹក​ខាង​លើ ហើយ​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​ចិន ដែល​អាច​ផ្លាស់ទី​បាន​យ៉ាង​ងាយស្រួល​តាម​ព្រែក​ជីក​នោះ។ ហេតុអ្វី​បាន​ជា​វា​ក្លាយ​ជា​រឿង​សម​ហេតុ​ផល​សម្រាប់​កម្ពុជា ឬ​ហេតុអ្វី​បាន​ជា​ចិន​ចង់​បញ្ជូន​នាវា​តាម​ទន្លេ ជា​នាវា​ល្បាត​រួមគ្នា ឬ​ជា​នាវា​កងទ័ព​ជើងទឹក​មក​កម្ពុជា? យើង​ត្រូវ​តែ​គិតគូរ​អំពី​រឿង​នេះ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ក្រឡេក​ទៅ​មើល​កិច្ចប្រជុំ​កំពូល​មេគង្គ-ឡានឆាង (Mekong-Lancang) ថ្មីៗ​នេះ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ការពិភាក្សា​ដ៏​សំខាន់​គឺ​ផ្ដោត​លើ​បញ្ហា​សន្តិសុខ​រួមគ្នា និង​ប្រតិបត្តិការ​សន្តិសុខ​រួមគ្នា។ យើង​បាន​ឃើញ​ស្រាប់​ហើយ​ថា មាន​ប៉ូលិស និង​កងកម្លាំង​សន្តិសុខ​ចិន បំពេញ​ប្រតិបត្តិការ​នៅ​កម្ពុជា ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋជន​ចិន និង​ជនជាតិ​ចិន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​នៅ​រាជធានី​ភ្នំពេញ ក្រុង​ព្រះសីហនុ និង​ទូទាំង​ប្រទេស​កម្ពុជា។ ដូច្នេះ​មាន​ការ​លើក​ទឹក​ចិត្ត ​និង​ការ​ចាប់​អារម្មណ៍​នៅ​ទីនោះ​ដើម្បី​ពង្រឹង​វត្តមាន​សន្តិសុខ​របស់​ចិន។ តើ​ការណ៍​នេះ​​អាច​ទាក់ទាញ​ឱ្យ​​មាន​ទម្រង់​ផ្សេង​ទៀត​នៃ​វត្តមាន​សន្តិសុខ​តាម​ផ្លូវ​ទឹក​ចូល​មក​កម្ពុជា​ដែរ​ឬទេ? នេះ​គឺជា​អ្វី​ដែល​គួរ​ព្រួយ​បារម្ភ​ចំពោះ​ភាគី​វៀតណាម និង​ចំពោះ​ភាគី​ថៃ។ វា​គួរតែ​ជា​ក្តី​បារម្ភ​របស់​តំបន់​នេះ»

ទំនងជា​ដោយសារ​តែ​ការ​ព្រួយបារម្ភ​មួយ​ផ្នែក​ធំ​ពី​ផល​ប៉ះពាល់​ផ្នែក​សន្តិសុខ​នេះ​ហើយ ទើបបាន​ជា​ក្រុម​មេដឹកនាំ​វៀតណាម​បាន​លើកឡើង​ពី​កង្វល់​ដោយសារ​តែ​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​នេះ​ប្រាប់​ដោយ​ផ្ទាល់​ទៅ​លោក ហ៊ុន ម៉ាណែត ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​វៀតណាម​កាលពី​ពាក់​កណ្ដាល​ខែធ្នូ ឆ្នាំ២០២៣។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី៖ «ភាគី​វៀតណាម​គាត់​បារម្ភ​ចង់បាន​ការ​ពន្យល់​បំភ្លឺ​មួយ​ចំនួន ហើយ​កម្ពុជា​ដែល​យល់​ថា​គម្រោង​នេះ​គឺជា​គម្រោង​ជន្ទល់​មួយ​នា​ពេល​ខាងមុខ​សម្រាប់​ការ​បន្ត​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ជូន​សេចក្តី​បំភ្លឺ​ទៅ​កាន់​ភាគី​វៀតណាម។ ខាង​វៀតណាម​លោក​គ្រាន់តែ​បារម្ភ​ថា​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​អាច​នឹង​ជះ​ផលវិបាក​អវិជ្ជមាន​ទៅលើ​ដង​ទន្លេ​មេគង្គ»

ទោះ​យ៉ាងណា សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នយោបាយ​សាកល​នៅ​សាកលវិទ្យាល័យ Arizona State University បណ្ឌិត អៀ សុផល មិន​ជឿ​ថា​ផល​ប៉ះពាល់​មក​លើ​ប្រព័ន្ធ​អេកូឡូស៊ី​គឺជា​កង្វល់​ចម្បង​របស់​វៀតណាម​នោះ​ឡើយ ថ្វី​បើ​លោក​ថា​វៀតណាម​មាន​ហេតុផល​សមស្រប​ដែល​ត្រូវ​ព្រួយបារម្ភ​ក៏ដោយ។ បណ្ឌិត អៀ សុផល ថា​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន វៀតណាម​អាច​នឹង​ប្រែក្លាយ​រឿង​រ៉ាវ​នៃ​ការ​សាងសង់​ព្រែកជីក​ហ្វូណន​នេះ​ទៅជា​បញ្ហា​ជម្លោះ​ទឹក​ឆ្លងដែន​ហើយ​យក​ទៅ​ប្ដឹង​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ឬ​ឈាន​ទៅ​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក៏​ថា​បាន។

Funan2.jpeg
ទូកអុំបុរស​ចំនួន​ពីរ​ឆ្លង​កាត់​ក្រោម​ស្ពាន​​មិត្តភាព​កម្ពុជា-ជប៉ុន​ ​រាជធានី​ភ្នំពេញ ​​ក្នុង​ឱកាស​បុណ្យ​អុំទូក​​កាលពី​ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៤។ ពិធី​បុណ្យអុំទូក​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា​ ធ្វើឡើង​ស្របពេល​ដែល​​​ទឹក​ទន្លេសាបចាប់ផ្តើម​ហូរ​​បញ្ច្រាស​ទិស។ (រូបភាព Luc Forsyth / Getty)

បច្ចុប្បន្ន​ មន្ត្រី​ជា​ច្រើន​ក្នុង​ជួរ​រដ្ឋាភិបាល​វៀតណាម និង​ក្រុម​អ្នក​ជំនាញ​វៀតណាម កំពុង​សិក្សា​ថា​តើ​ព្រែកជីក​ហ្វូណន​នេះ​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បម្រើ​ឱ្យ​ផលប្រយោជន៍​របស់​យោធា​ចិន​ដែរ​ឬ​ទេ។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ម្នាក់​មាន​មូលដ្ឋាន​នៅ​ប្រទេស​វៀតណាម​ ដែល​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ។ អ្នក​ជំនាញ​រូប​នោះ​ពន្យល់​ថា នាវា​យោធា​ចិន​អាច​ធ្វើ​ដំណើរ​ពី​សមុទ្រ​ចូល​មក​តាម​ព្រែកជីក​នេះ រួច​ឡើង​មក​ភ្នំពេញ មុន​នឹង​បន្ត​ធ្វើ​ដំណើរ​តាម​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ហូជីមិញ (Ho Chi Minh) ​នៃ​ប្រទេស​វៀតណាម។ អ្នក​ជំនាញ​រូប​នោះ​ព្រមាន​ថា ក្នុង​គម្រោង​ដទៃ​ទៀត​នៅ​ជុំវិញ​ពិភពលោក ចិន​តែង​ធានា​ថា កំពង់ផែ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បម្រើ​ឱ្យ «គោលដៅ​ពីរ​យ៉ាង» ដែល​មានន័យ​ថា​សម្រាប់​ផលប្រយោជន៍​ស៊ីវិល​ផង និង​ផលប្រយោជន៍​យោធា​ផង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា និង​រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី លោក តាន់ ហ្សង់ហ្វ្រង់ស័រ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ការ​លើកឡើង​ពី​សំណាក់​ក្រុម​អ្នក​ជំនាញ​ទាំង​នេះ​បាន​នៅឡើយ​ទេ។ រីឯ ស្ថានទូត​វៀតណាម និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ ក៏​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ដែរ។

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ លោក វ៉េស្លី ហូលហ្សឺរ (Wesley Holzer) ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សហរដ្ឋ​អាមេរិក «កំពុង​វិនិយោគ​យ៉ាង​ច្រើន​ទៅលើ​ការ​អភិរក្ស​ទន្លេ​មេគង្គ និង​កែលំអ​ជីវិត​ពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រាប់​លាន​នាក់​ដែល​ពឹង​ផ្អែក​លើ​ធនធាន​ធម្មជាតិ​នៃ​ទន្លេ​នេះ»

បច្ចុប្បន្ន ចិន​កំពុង​គ្រប់គ្រង​ឆ្នេរ​សមុទ្រ​កម្ពុជា​ប្រមាណ ២០% រាប់​ចាប់តាំង​ពី​តំបន់​តារាសាគរ​នៅ​ខេត្ត​កោះកុង ក្រុង​ព្រះសីហនុ​ដែល​ស្ទើរតែ​ក្លាយ​ទៅ​ជា​ទីក្រុង​ចិន មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម និង​កំពង់ផែ​ទឹកជ្រៅ​ខេត្ត​កំពត ជាដើម។

China20PercentControlKHMCoastalRegion.jpg
ក្រាហ្វិក​​ព័ត៌មានបង្ហាញ​ពីចិន​គ្រប់គ្រង​ឆ្នេរ​សមុទ្រ​កម្ពុជា​ប្រមាណ ២០%។ (ក្រាហ្វិក៖ វិទ្យុអាស៊ីសេរី)

កាលពី​ដើម​ខែធ្នូ កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា​ចំបាំង​របស់​ចិន​យ៉ាងហោចណាស់​ពីរ​គ្រឿង​ចូល​ចត​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​ជា​លើក​ដំបូង ក្រោយ​ពេល​កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​អភិវឌ្ឍ​កំពង់ផែ​នេះ​អស់​រយៈពេល​ជិត​២ឆ្នាំ។ កម្ពុជា​អះអាង​ថា​ការអនុញ្ញាត​ឱ្យ​នាវា​ចម្បាំង​របស់​ចិន​ចូល​ចត​នេះ គឺ​ដើម្បី​ត្រៀម​«ហ្វឹកហ្វឺន»​នាយ​នាវិក​កងទ័ព​ជើងទឹក​កម្ពុជា។ រូបភាព​ពី​ផ្កាយ​រណប កាល​ពី​ថ្ងៃ​ទី១៥ ខែមករា បង្ហាញ​ថា នាវា​ចម្បាំង​ទាំង​ពីរ​គ្រឿង​របស់​ចិន​នេះ​បាន​ចាកចេញ​ពី​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​ហើយ​ក្រោយ​ចូល​ចត​ជាង​១ខែ។

Funan4.jpeg
អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ធ្វើវន្ទនកិច្ច​កងនាវិក​ចិន​ក្នុង​ពេល​នាវា​​ចម្បាំង​​ចិន​ពីរគ្រឿង​ចូលចត​នៅ​កំពង់ផែ​រាម​កាលពី​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។ (រូប៖ ទំព័រហ្វេសប៊ុក​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ លោក ទៀ សីហា/AFP)

ប្រសិន​បើ​ចិន​ចូល​មក​ពាក់ព័ន្ធ​ជ្រៅ​ក្នុង​គម្រោង​ព្រែក​ជីក​ហ្វូណន​នេះ ហើយ​គម្រោង​នេះ​ជា​ផ្នែក​មួយ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI) របស់​ខ្លួន មិន​ខុស​ពី​អ្វី​ដែល​ក្រុម​អ្នក​ជំនាញ​ទាំងនេះ​បាន​ព្រមាន​នោះ​ទេ កម្ពុជា​អាច​នឹង​នាំ​ភ្លើង​ដល់​ផ្ទះ​ខ្លួន​ឯង ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង និង​តំបន់​ទាំងមូល​កាន់តែ​ព្រួយ​បារម្ភ​ខ្លាំង​ឡើងៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ជាតិ​របស់​ខ្លួន។ ទោះជា​យ៉ាងណា កម្ពុជា​នៅ​តែ​យល់​ថា ព្រែកជីក​ហ្វូណន​តេជោ​នេះ បើ​សម្រេច​បាន វា​នឹង​ជួយ​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា និង​ជួយ​ឱ្យ​កម្ពុជា​កាន់តែ​ឯករាជ្យ​ពី​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។