រដ្ឋាភិបាល​កាត់​ដី​គម្រប​ព្រៃឈើ​នៅ​ខេត្ត​ព្រះសីហនុ​ជិត​៣០​ហិកតារ​ឲ្យ​ប្រពន្ធ​លោក នេត សាវឿន

ដោយ ជាតិ ចំណាន
2023.12.03
រដ្ឋាភិបាល​កាត់​ដី​គម្រប​ព្រៃឈើ​នៅ​ខេត្ត​ព្រះសីហនុ​ជិត​៣០​ហិកតារ​ឲ្យ​ប្រពន្ធ​លោក នេត សាវឿន លោក នេត សាវឿន និង​ភរិយា ព្រមទាំងកូនស្រីរបស់លោក។
Posted on Instagram by Vichhuna in November 2018.

ដី​គម្រប​ព្រៃឈើ ជាច្រើន​កន្លែង​ត្រូវ​បាន លោក ហ៊ុន សែន កាត់​ដី​ព្រៃ​ទាំងអស់​នោះ​ចែក​គ្នា​បន្តបន្ទាប់ ជាក់ស្ដែង​កាល​ពី​ថ្ងៃទី​១២ ខែ​កក្កដា លោក ហ៊ុន សែន បាន​កាត់​ដី​ព្រៃ​ជិត​៣០​ហិកតារ​បន្ថែម​ទៀត ឲ្យ​ទៅ​ប្រពន្ធ​របស់​លោក នេត សាវឿន គឺ​លោកស្រី ហ៊ុន គឹមឡេង ដើម្បី​ធ្វើជា​កម្មសិទ្ធិឯកជន ។ ក្រុម​អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ យល់​ឃើញ​ថា ដី​គម្រប​ព្រៃឈើ​នឹង​បន្ត​បាត់បង់​បន្ថែម​ទៀត ហើយ​គោល​នយោបាយ​ការពារ​ធនធានធម្មជាតិ​របស់​រដ្ឋាភិបាល​នឹង​រង​បរាជ័យ។

រដ្ឋាភិបាល​បាន​កាត់​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២​ជិត​៣០​ហិកតារ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឲ្យ​ទៅ​ក្មួយ​ស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន គឺ​លោកស្រី ហ៊ុន គឹមឡេង ធ្វើជា​កម្មសិទ្ធិឯកជន ។ នេះ​បើ​យោង​តាម​សៀវភៅ​រាជកិច្ច ដែល​បាន​ចេញ​ផ្សាយ​កាល​នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា។

យុវជន​ម្នាក់​ដែល​តែងតែ​ចុះ​ល្បាត​ព្រៃ​ជា​ញឹកញាប់​នៅ​តំបន់​ការពារ​ធម្មជាតិ គឺ​កញ្ញា ស្រ៊ន់ ស្រីល័ក្ខ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២ ខែ​ធ្នូ ថា កញ្ញា​សោកស្ដាយ​ដែល​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ការពារ និង​ថែរក្សា​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ពីព្រោះ​រដ្ឋាភិបាល​នៅ​តែ​បន្ត​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃ​នៅ​តាម​តំបន់​ការពារ​ទាំងនោះ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​បក្សពួក​សែស្រឡាយ​របស់​អ្នក​កាន់អំណាច​សព្វថ្ងៃ។

កញ្ញា ស្រ៊ន់ ស្រីល័ក្ខ៖ «ស្នើ​ទៅ​រដ្ឋាភិបាល​សូម​ឱ្យ​លោក​មាន​ការ​ពិចារណា​ឡើងវិញ​ចំពោះ​ការ​ផ្ដល់​សិទ្ធិ​ក្នុង​ការ​ឱ្យ​ក្រុមហ៊ុន​ឯកជន​កាន់​កាប់​ឬក៏​មាន​សិទ្ធិ​ក្នុង​ការ​ទន្ទ្រាន​ដី​ព្រៃ​ហ្នឹង​ដោយសារ​ខ្ញុំ​មើល​ឃើញ​ថា ព្រៃឈើ​របស់​យើង​គឺ​ត្រូវ​បាន​បាត់បង់​ហើយ អ៊ីចឹង​នៅ​ពេល​ដែល​បាត់បង់​អស់​ហើយ​ថា តើ​កូនចៅ​ជំនាន់​ក្រោយ​បាន​អ្វី​ទៀត»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ផៃ ប៊ុនឈឿន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ នៅ​ថ្ងៃទី​២ ខែ​ធ្នូ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត យល់ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បញ្ឈប់​ក្នុង​ការ​ផ្ដល់​ដី​សាធារណៈ​ឬ​ដី​គម្រប​ព្រៃឈើ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​អ្នក​មាន​អំណាច ។ លោក​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​នឹង​ជួប​វិបត្តិ​បរិស្ថាន​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ខាងមុខ ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​បន្ត​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ក៏ដូចជា​ការ​កាត់​ឆ្វៀល​ដី​ព្រៃ​បែងចែក​គ្នា​តាម​អំពើ​ចិត្ត​បែប​នេះ។

លោក វណ្ណ សុផាត៖ «អ៊ីចឹង​វា​អត់​មាន​ស្អី​ថា យើង​ថា ជោគជ័យ​ម៉េច​ហ្នឹង​អត់​មានជោគ​ជ័យ​អ្វី​ទេ​រាល់ថ្ងៃ​លោក​ឃើញ​ទាំងអស់គ្នា​អ៊ីចឹង ហើយ​បើសិន​ជា​មាន​ការងារ​ហ្នឹង​បន្ត​ទៀត​ទៅ ខ្ញុំ​ថា​អ្នក​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​ជាងគេ​នោះ រដ្ឋ​យើង​ហ្នឹងហើយ​ទី​១ អ៊ីចឹង​ខ្ញុំ​គិត​ថា រាជរដ្ឋាភិបាល​ហ្នឹង​គួរតែ​ធ្វើ​ម៉េច​ដើម្បី​អនុវត្ត​គោលនយោបាយ​ក្នុង​ការ​ទប់ស្កាត់​ការប្រើប្រាស់​ធនធាន​នៅ​ខាងក្នុង​ឱ្យ​បាន​ជាប់ ហើយ​ឱ្យ​បាន​មាន​ប្រសិទ្ធភាព​អ៊ីចឹង​ទៅ»

នេះ​មិនមែន​ជា​លើក​ទីមួយ​នោះ​ទេ ដែល​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន កាត់​ដី​ព្រៃ​ឬ​តំបន់​ការពារ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​និង​បក្សពួកសែស្រឡាយ​នៅក្នុង​ជួរ​រដ្ឋាភិបាល ។ កាលពី​ខែមិថុនា រដ្ឋាភិបាល នៃ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏បាន​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត​១​ពាន់​ហិកតារ​ឲ្យ​ទៅ​ក្រុមហ៊ុន C99អ៊ិនធឺណេសិនណល អ៊ីនវេសមិន (ខេមបូឌៀ) ខូអិលធីឌី (C99 INTERNATIONAL INVESTMENT (CAMBODIA) CO., LTD.) និង​កាត់​ដី​ព្រៃ​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ជិត ១​ពាន់​ហិកតារ​ឲ្យ​ទៅ​ក្រុមហ៊ុន​កូនលោក យឹម ឆៃលី ដែល​ជា​ដន្លង​របស់​លោក ដោយ​អះអាង​ថា ដើម្បី​ធ្វើការ​អភិវឌ្ឍ។ នៅក្នុង​ខែកក្កដា លោក ហ៊ុន សែន ក៏បាន​ចុះហត្ថលេខា​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជិត ៥​រយ​(៤៨៦.៨៦)​ហិកតារ​បន្ថែម​ទៀត ស្ថិត​នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ឲ្យ​ទៅ​ក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ Iiខូអិលធីឌី ផង​ដែរ។ ក្រៅ​តែ​ពី​ខេត្ត​ព្រះសីហនុ​ហើយ​នោះ រដ្ឋាភិបាល​មួយ​នេះ ក៏បាន​កាត់​ដី​ព្រៃ និង​ដី​សាធារណៈ​របស់​រដ្ឋ​ជាច្រើន​ខេត្ត​ទៀត ចែក​ឲ្យ​ទៅ ក្រុម​បក្សពួក​របស់​លោក មាន​ដូចជា​ខេត្ត​កែប កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ និង​ខេត្ត​មណ្ឌលគិរី ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។