អាកាសធាតុ​ក្ដៅ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​សត្វ​របស់​កសិករ​មួយ​ចំនួន

ដោយ ហ៊ុំ ចំរើន
2024.04.23

បញ្ហា​អាកាសធាតុ​កាន់តែ​ក្ដៅ នៅក្នុង​រដូវប្រាំង​ឆ្នាំនេះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការរស់នៅ និង​មុខរបរ​ចិញ្ចឹម​សត្វ​របស់​ប្រជាកសិករ​មួយ​ចំនួន។ កសិករ​ស្នើ​ដល់​រដ្ឋាភិបាល បង្កើត​គោល​នយោបាយ​ជួយ​សង្គ្រោះ​កសិករ ដែល​រងគ្រោះ និង​គិតគូរ​បង្កើន​ប្រព័ន្ធ​ធារាសាស្ត្រ ដើម្បី​សង្គ្រោះ​ពួកគាត់​ពី​ភាព​ក្ដៅ​ហួតហែង និង​គ្រោះ​រាំងស្ងួត​ក្នុង​រដូវប្រាំង​នេះ និង​ឆ្នាំ​បន្ទាប់។

សីតុណ្ហភាព ក្ដៅ​ហួតហែង​នា​រដូវប្រាំង​ក្នុងឆ្នាំនេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ពិបាក​រស់នៅ​នោះ​ទេ ថែមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​សត្វ​របស់​កសិករ​ទៀត។

នៅ​តាម​តំបន់​វាលស្រែ សួនច្បារ​ដំណាំ និង​កន្លែង​ចិញ្ចឹមសត្វ​មួយ​ចំនួន របស់​កសិករ​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ ប្រែជា​ក្ដៅ​ដី​ប្រេះ​បែក​ក្រហែង រុក្ខជាតិ​ក្រៀម​ស្វិត​ក្រញង់ ចំណែក​នៅ​តាម​ថ្លុក ស្រះ និង​អណ្ដូង​មួយចំនួន រីង​ទឹកជា​បន្តបន្ទាប់។ អម​ជាមួយ​ទិដ្ឋភាព​ទាំងនេះ កសិករ​មាន​ទឹកមុខ​ក្រៀមក្រោះ មិន​ខុសពី​រុក្ខជាតិ ដែល​ដាច់​ទឹក​យូរ​នោះ​ទេ។ ពួកគាត់​ពិបាក​ចិត្ត ដោយសារតែ​ភាព​ក្ដៅ​ហួតហែង​ទាំងនេះ បាន​បំផ្លាញ​មុខរបរ​ចិញ្ចឹមសត្វ​របស់​ពួកគាត់។

កសិករ​ចិញ្ចឹម​ទា​ឃ្វាល​តាម​វាលស្រែ​ជាង ២​ពាន់​ក្បាល នៅ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង លោក ហ៊ួន សំនៀង រៀបរាប់​ថា អាកាសធាតុ​ឡើង​កម្ដៅ​ចន្លោះ​ពី​៣៩ ទៅ ៤២​អង្សាសេ បាន​បណ្ដាល​ឱ្យ​ទឹក​នៅ​តាម​បឹងបួ ប្រឡាយ រីង​ខះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ទា​ខ្វះ​ចំណី និង​អាក់​ពង។ លោក​ត្អូញត្អែរ​ថា កាល​ពីដើម​រដូវប្រាំង​ចាប់​ពី​ខែវិច្ឆិកា លោក​អាច​ប្រមូល​ពង​ទា​បាន​ប្រហែល​ជាង ២​ពាន់​គ្រាប់​ក្នុង​មួយថ្ងៃ ប៉ុន្តែ ចាប់តាំងពី​ដើមខែ​មេសា នៅ​ពេល​ដែល​អាកាសធាតុ​កាន់តែ​ក្ដៅ​ទៅ ទា​របស់​លោក​គ្មាន​ពង​នោះ​ទេ។

លោក ហ៊ួន សំនៀង៖ «ជាង​កន្លះ​ខែ​ហើយ ជិត​មួយ​ខែ​ហើយ គ្មាន​ទឹកភ្លៀង​។ ឥឡូវ​គាំង​អស់​ហើយ ពង​ទា​ថោក​ដូច​ព្រលិត​។ អាកាសធាតុ​ក្ដៅ ខែ​នេះ​គ្មាន​ទឹក និង​ក្ដាម​ខ្យង​ឱ្យ​ទា​ស៊ី​ទេ។ អ្នក​ចិញ្ចឹម​ទា កំពុង​ក្រពុលមុខ​ដូចគ្នា​។ ចំណាយ​គ្រប់យ៉ាង រត់​ធនាគារ​មិន​រួច​ទេ»

លោក ហ៊ួន សំនៀង រអ៊ូរទាំ​ទៀត​ថា ស្រប​ពេល​ដែល​ទា​គ្មាន​ពង​ទៅ​ហើយ​នោះ លោក​បាន​សម្រេច​ចិត្ត​លក់​មេ​ទា​ឡាយឡុង ត្រឹមតែ ៦​ពាន់​រៀល​ក្នុង​មួយ​ក្បាល ដើម្បី​សម្រាល​បន្ទុក​ការ​ចំណាយ ប៉ុន្តែ នៅតែ​គ្មាន​អ្នកទិញ ដែល​បញ្ហា​នេះ ធ្វើ​ឱ្យ​លោក​ប្រឈម​នឹង​ការ​ក្ស័យធន ព្រោះ​គ្មាន​ពង​ទា​លក់​ហើយ​ត្រូវ​ចំណាយ​ប្រាក់​ដឹក​ទា ទៅ​រក​កន្លែង​ផ្សេងទៀត ដើម្បី​រក​កន្លែង​ដែល​មាន​ចំណី និង​ទឹក​សម្រាប់​សត្វ​ទា។

រដូវប្រាំង​នៅ​ប្រទេស​កម្ពុជា គឺ​ចាប់ពី​ខែ​វិច្ឆិកា ដល់​ខែមេសា ដោយ​ខែ​មីនា និង​ខែមេសា គឺជា​ពេល​ដែល​ក្ដៅ​បំផុត ដែល​កំណត់ត្រា​បង្ហាញ​ថា កម្ដៅ​ឡើង​ដល់ ៤០​អង្សា​សេ។ ប៉ុន្តែ​រដូវប្រាំង​ឆ្នាំនេះ ហាក់​អូស​បន្លាយ​រយៈពេល និង​ខ្សត់​ភ្លៀង​កក់ខែ​ជាង​ឆ្នាំមុន។

នៅ​រដូវប្រាំង​ចុងខែ​ចេត្រ ដ៏​ហួតហែង​នេះ មិន​ត្រឹមតែ​បង្ក​ការ​លំបាក​ដល់​កសិករ​ចិញ្ចឹម​ទា ដែល​ជា​អម្បូរ​សត្វ​បក្សី មានខ្លួន​តូច​នោះ​ទេ សូម្បីតែ​ថនិកសត្វ ដែល​មាន​ខ្លួន​ធំ​មួយ​ចំនួន ក៏​មិន​អាច​ទប់ទល់​នឹង​កម្ដៅ​ព្រះអាទិត្យ នេះ​បាន​ឡើយ។

កសិករ​ចិញ្ចឹម​គោ នៅ​ឃុំ​រាំងកេសី ស្រុក​សង្កែ លោក នៅ រ៉ាត់ ប្រាប់​ថា អាកាសធាតុ​ក្ដៅ នៅ​ឆ្នាំនេះ បាន​ធ្វើ​ឱ្យ​គោ​របស់​លោក​ចុះ​ស្គម និង​ពិបាក​ក្នុង​ការ​ឃ្វាល។ គង្វាលគោ​នៅ​តំបន់​វាលស្រែ​ដាច់ស្រយាល​រូប​នេះ និយាយ​បន្ត​ថា បញ្ហា​ពិបាក ក្នុង​ការ​មើលថែ​គោ នៅ​រដូវប្រាំង​ឆ្នាំនេះ គឺ​ការ​កៀងគោ ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ដើម្បី​រក​កន្លែង​មាន​ស្មៅ និង​ទឹក​គ្រប់គ្រាន់ និង​ការ​ងូតទឹក​ឱ្យ​គោ​ជាច្រើន​ដង។

លោក នៅ រ៉ាត់៖ «អ្នក​ដែល​ចិញ្ចឹម​គោ​នៅផ្ទះ មានតែ​ដាក់​ចំបើង​ឱ្យ​ស៊ី​រហូត ហើយ​ចង​នៅ​ក្រោម​ម្លប់ វា​អត់​សូវ​មាន​ខ្យល់ នៅ​វាល​នេះ​អាកាសធាតុ​ល្ហល្ហេវ សម្បូរ​ស្មៅ​ស៊ី ប៉ុន្តែ​វា​ក្ដៅ​បន្តិច»

មិន​ខុសពី​កសិករ​នៅ​ខេត្ត​បាត់ដំបង​នោះ​ទេ កសិករ​ចិញ្ចឹម​គោ​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ លោក ស៊ុន វិចិត្រ ត្អូញត្អែរ​ថា រដូវប្រាំង​ឆ្នាំ​នេះ កាន់តែ​ខ្សត់​ស្មៅ​ជាង​ឆ្នាំមុន ដោយ​វាលស្រែ​ខ្លះ មានតែ​ដីក្រហម​ទទេ ដែល​ធ្វើ​ឱ្យ​គោ​របស់​លោក​ស៊ី​ស្មៅ​រហូត​ដល់​គល់​នៅ​ជាប់​ដី។ លោក​បន្ត​ថា សភាព​គោ​របស់​លោក​នៅ​ពេល​នេះ មានតែ​ស្បែក​ដណ្ដប់​ឆ្អឹង ហើយ​ចួន​ពេលខ្លះ ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង និង​មិនបាន​ផឹកទឹក​គ្រប់គ្រាន់ គោ​ទាំងនោះ បែក​ពពុះមាត់ និង​ហៀ​ទឹកភ្នែក​ទៀត​ផង។

លោក ស៊ុន វិចត្រ៖ «ដាក់​បា​អត់​ជាប់​ទេ ក្ដៅ​ខ្លាំង​ណាស់​អត់​ជាប់​ទេ​គោ។ បាន​លាង​ទឹក​ជួយ​យោង ៧​គោ​លាង​ទាំងអស់​។ ក្ដៅ​ខ្លាំង​ណាស់ ឆ្នាំនេះ គោ​ឡើងសាច់​យា​ជាង​ឆ្នាំមុន ឆ្នាំមុនៗ គោ​សាច់​ជាង​ឆ្នាំនេះ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បាត​ដំបង លោក ឈឹម វជិរា និង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ ខែ​មេសា។

ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញ​សេចក្ដី​ជូនដំណឹង កាលពី​ថ្ងៃទី​២ ខែ​មីនា ស្ដីពី​ការ​ព្យាករណ៍​អាកាសធាតុ​លើក​ទី​២ ចាប់ពី​ខែ​មីនា ដល់​ខែ​ឧសភា ថា សីតុណ្ហភាព​នៅ​រដូវប្រាំង​ឆ្នាំ​២០២៤ នឹង​កើនឡើង ហើយ​មិន​សូវ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​នៅ​រដូវវស្សា​ឡើយ​។ បើ​តាម​ការ​ព្យាករណ៍​ដដែល​នេះ ឱ្យ​ដឹង​ទៀត​ថា ចាប់​ពី​ថ្ងៃ​ទី៣ ដល់​ថ្ងៃ​ទី៥ ខែ​មេសា កម្ពុជា​នឹង​គ្របដណ្ដប់​ដោយ​សម្ពាធ​ទាប ដែល​នឹង​ធ្វើ​ឱ្យ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​ចន្លោះ​ពី​២៦​អង្សា​សេ ទៅ ៣៦​អង្សា​សេ​។ ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​ពី ២៣​អង្សា​សេ ទៅ ៣៧​អង្សា​សេ​។ ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​ចន្លោះ​ពី ២៥​អង្សា​សេ ដល់​៣៥​អង្សា​សេ និង​អាច​មាន​ភ្លៀង​ធ្លាក់​លើ​ផ្ទៃដី​ប្រមាណ ៥​ភាគរយ រីឯ​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា រួមមាន បាត់ដំបង បន្ទាយមានជ័យ និង​ភាគ​ឦសាន​មាន​ខេត្តស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី មាន​កម្ដៅ​កើនឡើង​ដល់ ៤០ ទៅ ៤១​អង្សា​សេ។

ទីប្រឹក្សា អង្គការ​សាមគ្គីភាព​កសិករ​កម្ពុ​ជា លោក ឌី គន្ធា មាន​ប្រសាសន៍​ថា ក្រសួង​ពាក់ព័ន្ធ​គួរ​ចុះ​ស្រង់​ស្ថិតិ​ចំនួន​កសិករ ដែល​រង​ផល​ប៉ះពាល់ ឬ​ខាតបង់​ដោយសារ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដើម្បី​ស្នើ​ទៅ​រដ្ឋាភិបាល ឱ្យ​បង្កើត​គោលនយោបាយ និង​បញ្ចេញ​បញ្ចប់​ថវិកាជាតិ ជួយ​ដល់​កសិករ។

លោក ឌី គន្ធា៖ «រដ្ឋាភិបាល​ក៏​ត្រូវ​ប្រើប្រាស់​កញ្ចប់​ថវិកា​ជាតិ ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ​ស្ដីពី​ការ​លើកកម្ពស់​សន្តិសុខ​ស្បៀង​កម្ពុជា សម្រាប់​គាំទ្រ​ទៅលើ​គ្រួសារ​កសិករ​រងគ្រោះ​ហ្នឹង អាកាសធាតុ គ្រោះ​រាំងស្ងួត ក្ដៅ​អ៊ីចឹង​ទៅ ធ្វើ​ឱ្យ​សត្វ​របស់​គាត់​ប្រឈមមុខ​នឹង​ជំងឺឆ្លង ប៉ះពាល់​ដល់​មុខរបរ​របស់​គាត់ មិនអាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ ប៉ះពាល់​ដល់​ចំណូល​របស់​គាត់ ប៉ះពាល់​ដល់​ការ​ទូទាត់​បំណុល ឬ​ការប្រាក់​ជូន​ធនាគារ តាមរយៈ​មុខរបរ​របស់​គាត់»

បើ​តាម​ការ​ព្យាករណ៍រ​បស់​អង្គការ​ឧតុនិយម​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ​កាល​ពី​ដើម​ឆ្នាំ បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២៤ នេះ ពិភពលោក​នឹង​រង​កម្ដៅ​ក្ដៅ​ជាង​ឆ្នាំ​២០២៣ ដែល​ជា​ការ​បំបែក​កំណត់ត្រា​អាច​ឈាន​ទៅ​រក​បាតុភូត​អាកាសធាតុ អែល នីណូ ដែល​បង្ក​ឱ្យ​មាន​ភាព​ក្ដៅ​ហួតហែង គ្រោះ​រាំងស្ងួត និង​មាន​សីតុណ្ហភាព​ចន្លោះ​ពី​៤០ ទៅ ៤២​អង្សាសេ។

យ៉ាងណា​ក៏ដោយ​ចុះ កសិករ​ស្នើ​ឱ្យ​រដ្ឋាភិបាល គួរ​ស្រង់​យក​បទពិសោធន៍ អំពី​គ្រោះ​ទុរភិក្ស​ពេល​នេះ ធ្វើ​ជា​មេរៀន ដើម្បី​រក​វិធី​ទប់ស្កាត់​កុំឱ្យ​បង្ក​ផល​ប៉ះពាល់ ទៅលើ​កសិករ​បន្ត​ទៀត ជាមួយ​គ្នា​នេះ ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល គួរតែ​កែ​លម្អ​គោលនយោបាយ​ទឹក និង​សិក្សា​ពី​បច្ចេកទេស ការ​បង្កើត​ស្រះ និង​ភ្លៀង​សិប្បនិម្មិត ដូច​ប្រទេសជិតខាង ដើម្បី​ជួយ​ដល់​កសិករ និង​កុំឱ្យ​ពួកគាត់​ធ្វើ​កសិកម្ម​ប្រវាស់​មេឃ​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។