សហគមន៍​ខេត្ត​មណ្ឌលគិរី​បារម្ភ​ពី​សុវត្ថិភាព​ដំរីព្រៃ​ជាច្រើន​ក្បាល​ប្រឈម​ខ្វះ​ទឹក​ពេល​អាកាសធាតុ​ឡើង​កំដៅ

ដោយ ប្រាជ្ញ ចេវ
2024.04.24
សហគមន៍​ខេត្ត​មណ្ឌលគិរី​បារម្ភ​ពី​សុវត្ថិភាព​ដំរីព្រៃ​ជាច្រើន​ក្បាល​ប្រឈម​ខ្វះ​ទឹក​ពេល​អាកាសធាតុ​ឡើង​កំដៅ ទិដ្ឋភាព​ដំរី​បង្ហាញ​ខ្លួន​ក្នុង​តំបន់​អភិរក្ស ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃទី១៤ មេសា ២០២៤។
រូបភាព៖ ​វីដេអូ​សហគមន៍​ផ្តល់​ឱ្យ

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ព្រួយបារម្ភ​ពី​សុវត្ថិភាព​សត្វ​ដំរីព្រៃ​ជាច្រើន​ក្បាល​កំពុង​ប្រឈម​ខ្វះ​ទឹក ក្នុង​ពេល​អាកាសធាតុ​ឡើង​កំដៅ។ ការ​លើកឡើង​នេះ ក្រោយ​ពី​ពលរដ្ឋ​ប្រទះឃើញ​សត្វ​ដំរីព្រៃ​ជាច្រើន​ក្បាល បង្ហាញខ្លួន​ក្នុង​តំបន់​ព្រៃ​អភិរក្ស​មួយ​កន្លែង ដើម្បី​ស្វែងរក​ទឹក និង​ចំណី ក្នុង​សង្កាត់​រមនា ក្រុង​សែន​មនោ​រម្យ ប៉ុន្តែ​គ្មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​វា។

សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​អង្គការ​ការពារ​សត្វ​ដំរី ចាត់ទុក​ការ​ថយចុះ​ទំហំ​ព្រៃឈើ និង​សកម្មភាព​កាប់​ទន្ទ្រានព្រៃ ក្នុង​តំបន់​ជម្រក​សត្វ​ដំរីព្រៃ នៅតែ​ជា​បញ្ហា​ប្រឈម​ដដែលៗ​គំរាមកំហែង​កាន់តែ​ធ្ងន់​ដល់​ជីវិត​សត្វ​ដំរីព្រៃ​ជាច្រើន​ក្បាល បណ្តាល​ឱ្យ​បាត់បង់​ប្រភព​ទឹក និង​ចំណី ក្នុង​ពេល​អាកាសធាតុ​កើន​កំដៅ។

ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ខេត្ត​មណ្ឌលគិរី លោកស្រី ភ្លឹក ភីរុំ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២៣ មេសា ថា ព្រៃឈើ​ជា​ជម្រក​សត្វ​ដំរីព្រៃ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​បន្ត​បាត់បង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ប៉ះពាល់​ជីវិត​សត្វ​ដំរីព្រៃ និង​សត្វព្រៃ​កម្រ​ផ្សេងៗ​ទៀត។

លោកស្រី​ថា បញ្ហា​នេះ​នៅតែ​កើត​មាន​ឡើង​ដដែលៗ រដ្ឋាភិបាល​មិន​យក​ចិត្តទុកដាក់​ដោះស្រាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ធ្វើ​ឱ្យ​សត្វព្រៃ​បន្ត​រងគ្រោះ។

លោកស្រី ភ្លឹក ភីរុំ៖ «ស៊ី​ស្មៅ​កន្លែង​ធ្លាប់​រកស៊ី​គេ​កាប់​បំផ្លាញ​អស់ មាន​រណា​យន្ត​ច្រើន ក្នុង​ព្រៃ គ្នា​ត្រូវ​រក​ទឹក​ផឹក​។ ឥលូវ​ខេត្តមណ្ឌលគិរី​ខ្វះ​ទឹក​ច្រើន បាត់បង់​ព្រៃ​ក៏​ច្រើន​ដែរ ដំរី​គ្នា​មិនដឹង​នៅ​ណា​? កន្លែង​ណា​ក៏​អស់​ព្រៃ»

ថ្មីៗ​នេះ អ្នកភូមិ​ប្រទះឃើញ​ហ្វូង​ដំរីព្រៃ​រាប់​សិប​ក្បាល​បណ្តើរ​កូន ផ្លាស់​ទី​រក​ប្រភព​ទឹក និង​ចំណី ក្នុង​ភូមិ​ត្រុំ សង្កាត់​រមនា ក្រុង​សែនមនោរម្យ ក្នុង​ពេល​អាកាសធាតុ​កើន​កំដៅ​។ ពួកគេ​បាន​ថត​វីដេអូ​បង្ហោះ តាម​បណ្ដាញ​សង្គម ទុកជា​ភស្តុតាង ស្នើ​ឱ្យ​ក្រសួង​យកចិត្តទុកដាក់​ថែរក្សា ឱ្យ​គង់វង្ស​ដើម្បី​កូន​ខ្មែរ​ជំនាន់​ក្រោយ។

អ្នក​ប្រទះឃើញ​ដំរី៖ «ហ្វូង​ដំរី​ជា​ក្រុម​ចេញ​មក​ហើយ បងប្អូន​ទាំងអស់គ្នា​ប្រយ័ត្នប្រយែង»

ជនជាតិ​ដើម​ភាគតិច​ព្នង លោក គ្រើង តុលា សង្កេត​ឃើញ​ថា ក្រសួង​បរិស្ថាន​គួរតែ​បញ្ឈប់​ការ​កាប់​ទន្ទ្រានព្រៃ​ខុសច្បាប់ ហើយ​រក្សា​ព្រៃឈើ​ឱ្យ​គង់វង្ស ជីក​ស្ដារ​ស្រះ ត្រពាំង ស្ទឹង និង​អូរ ដើម្បី​រក្សា​ទឹក​សម្រាប់​សត្វព្រៃ។

លោក គ្រើង តុលា៖ «ក្នុង​ដែន​ជម្រក​កែវ​សីមា​មែនទែន គេ​កាប់​ឈើ​រំខាន​វា ក្រុម​បរិស្ថាន​មិន​អាច​ទប់ស្កាត់​បទល្មើស ដល់ពេល​អ៊ីចឹង​វា​រត់​មក​កន្លែង​ស្ងាត់»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការអធិប្បាយ​បញ្ហា​នេះ​ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក សៅ ប៊ុនធឿន និង​អភិបាល​ខេត្ត​នេះ លោក ថង សាវុន បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​២៣ មេសា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ នាយក​អង្គការ​ការពារ​សត្វ​ដំរី (ELIE) ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​មណ្ឌលគិរី លោក ឃុន ឌីយ៉ូន ពន្យល់​ថា ប្រភព​ទឹក​កើត​មាន​ឡើង​ដោយសារ​ព្រៃឈើ ប្រសិនបើ​បាត់បង់​ព្រៃ​នឹង​ធ្វើ​ឱ្យ​ខ្វះ​ទឹក​សម្រាប់​សត្វព្រៃ ស្រប​ពេល​អាកាសធាតុ​កើន​កំដៅ សត្វ​ដំរីព្រៃ​រត់ទៅ​រក​កន្លែង​មាន​ទឹក ក្នុង​ភូមិ​របស់​អ្នកស្រុក។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​អាជ្ញាធរ​ត្រូវ​ថែរក្សា​ព្រៃ​ឱ្យ​គង់វង្ស។

លោក ឃុន ឌីយ៉ូន៖ «កាលណា​យើង​អស់​ព្រៃឈើ ខ្វះ​ទឹក ហើយ​ខ្វះ​ចំណី រដូវ​ក្តៅ វា​រត់​មក​រក​ភូមិ​។ ព្រៃឈើ​វា​ជា​ជម្រក​របស់​ដំរី វា​ជា​អាហារ និង​ទឹក​របស់​សត្វ​ដំរី វា​ជា​បរិស្ថាន កាលណា​ខ្វះ​ព្រៃឈើ​ខ្វះ​បរិស្ថាន​របស់​វា»

កាលពី​ឆ្នាំ២០២០ ក្រសួង​បរិស្ថាន​បង្ហាញ​របាយការណ៍​មួយ​ឱ្យ​ដឹង​ថា ដំរី​អាស៊ី ត្រូវ​ចាត់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ​(IUCN) ជា​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ។

ក្រសួង​ថា កម្ពុជា​មាន​សល់​ដំរី​ប្រភេទ​នេះ ចន្លោះ ពី​៤០០ ទៅ ៦០០​ក្បាល កំពុង​រស់នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​បឹង​ទន្លេសាប និង​តំបន់​ខ្ពង់រាប ក្នុង​ខេត្ត​រតនគីរី មណ្ឌលគិរី​ស្ទឹងត្រែង។ រីឯ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ខេត្ត​មណ្ឌលគិរី មាន​ប្រភេទ​ដំរី​អាស៊ី កំពុង​រស់នៅ​ជាង ១១០​ក្បាល (១១៥)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។