លោក ហ៊ុន ម៉ានី ស្នើឲ្យនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដកប្រធានមន្ទីរបរិស្ថានចំនួន៤ ខេត្ត នៅជុំវិញតំបន់ព្រៃឡង់
2025.01.15
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថានចំនួន ៤ខេត្ត នៅជុំវិញតំបន់ព្រៃឡង់ ដោយឲ្យមន្ត្រីទាំងនោះ ទៅបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថានវិញ។ បណ្ដាញសហគមន៍ថា ការផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថានថ្មីនេះ មិនមែនជាដំណោះស្រាយល្អក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់ឡើយ។
ក្រោយប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល រកឃើញបទល្មើសព្រៃឈើជាច្រើនករណី នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់កន្លងមក រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថានទាំង ៤ខេត្តនៅជុំវិញតំបន់ព្រៃឡង់ ក្នុងនោះមាន ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងក្រចេះ។
តាមលិខិតរបស់ក្រសួងមុខងារសាធារណៈ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដែលវិទ្យុអាស៊ីសេរីទទួលបាននៅថ្ងៃទី១៥ ខែមករា ឲ្យដឹងថា ប្រធានមន្ទីរបរិស្ថានខេត្តចំនួន៤នោះ រួមមាន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា ត្រូវផ្ទេរឲ្យទៅលោក អោង ប៊ុនធឿន ប្រធានមន្ទីរខេត្តព្រះវិហារលោក សុង ច័ន្ទសុជាតិ ត្រូវផ្ទេរឲ្យទៅលោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោកស្រេង ជាហេង ត្រូវផ្ទេរឲ្យទៅលោក អ៊ិន ប៉ូលី និងប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោក ឆាយ ឌួងសាវុធ ត្រូវផ្ទេរឲ្យទៅលោក គា ប៊ូ ។ ចំណែកឯអតីតប្រធានមន្ទីរបរិស្ថានទាំង៤ខេត្តនេះ ត្រូវទៅបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថានវិញ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ និងអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា បានទេ នៅថ្ងៃទី១៥ ខែមករា។
ទោះជាយ៉ាងណា បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ខេម សុឃី ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១៥ ខែមករាថា លោកសាទរចំពោះការផ្លាស់ប្ដូរមន្ត្រីអសកម្មក្នុងការការពារព្រៃឈើ។ ប៉ុន្តែលោកថា ដើម្បីការពារដែនជម្រកសត្វព្រៃព្រៃឡង់ឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធត្រូវតែបើកចិត្តឲ្យទូលាយ អនុញ្ញាតឲ្យបណ្ដាញសហគមន៍ព្រៃឡង់បានចូលរួមល្បាតព្រៃឡើងវិញ។ លោកថា ប្រសិនបើរដ្ឋាភិបាលមិនអនុញ្ញាតនោះទេ បទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់បន្តកើតមានដដែល។ លោកបន្ថែមថា រដ្ឋាភិបាលត្រូវតែងតាំងមន្ត្រីរូបណាដែលមានឆន្ទៈពិតប្រាកដក្នុងការការពារធនធានធម្មជាតិ និងមិនប្រព្រឹត្តអំពើពុករលួយ បណ្ដែតបណ្ដោយឲ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសព្រៃឈើនៅក្នុងតំបន់អភិរក្សមួយនេះ។
លោក ខេម សុឃី៖ «សង្ឃឹមថាប្រធានមន្ទីរបរិស្ថានថ្មី ជាមនុស្សដែលមានឆន្ទៈខ្ពស់ហើយស្ដាប់ច្រើន ចិត្តទូលាយ បើកឱកាសឲ្យសហគមន៍ ឬក៏ប្រជាពលរដ្ឋ ដែលចូលអ្នកស្រឡាញ់នូវធនធានធម្មជាតិ ចូលរួមនៅក្នុងការការពារសម្បត្តិជាតិទាំងអស់នេះទើបនៅគង់វង្សបាន និងរឹតបន្តឹងនូវផ្លូវច្បាប់ចំពោះមន្ត្រីដែលប្រព្រឹត្តខុសនូវកិច្ចការងាររបស់ខ្លួន ដែលមិនអនុវត្តនូវច្បាប់ឲ្យបានត្រឹមត្រូវ និងប្រព្រឹត្តអំពើពុករលួយ»។
ស្រដៀងគ្នានេះដែរ សកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា លើកឡើងថា គ្មានអ្វីចំឡែកនោះទេដែលរដ្ឋាភិបាលត្រូវផ្លាស់ប្ដូរមន្ត្រីនៅថ្នាក់ក្រោម ប៉ុន្តែលោកថាដើម្បីការពារធនធានធម្មជាតិឲ្យបានគង់វង្ស រដ្ឋាភិបាលត្រូវលុបបំបាត់អំពើពុករលួយ ស្វែងរកអ្នកជាប់ពាក់ព័ន្ធបណ្ដែតបណ្ដោយឲ្យមានបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់កន្លងទៅយកមកផ្ដន្ទាទោសឲ្យបានតឹងរ៉ឹង។ លោកបន្ថែមថា រដ្ឋាភិបាលត្រូវអនុញ្ញាតឲ្យបណ្ដាញសហគមន៍នៅជុំវិញតំបន់ព្រៃឡង់ បានចូលល្បាតព្រៃដោយសេរីឡើងវិញ ដើម្បីជួយទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព ពីព្រោះកន្លងទៅក្រសួងបរិស្ថានតែងតែរអ៊ូរទាំថា ដោយសារមិនមានមន្ត្រីបរិស្ថានរបស់ខ្លួនគ្រប់គ្រាន់ ទើបការទប់ស្កាត់បទល្មើសព្រៃឈើមិនមានប្រសិទ្ធភាព។
លោក ម៉ា ចិត្រា៖ «សហគមន៍មូលដ្ឋានឲ្យគាត់មានចំណែកចូលរួមការការពារ ទើបអាចទប់ស្កាត់បាន ចំណុចសំខាន់មួយទៀត គឺត្រូវតែហ៊ានក្នុងការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងមន្ត្រីដែលគាត់ប្រព្រឹត្តអំពើពុករលួយនៅក្នុងតំបន់ព្រៃឡង់ ប្រសិនបើរដ្ឋាភិបាល និងមន្ត្រីឧទ្យានុរក្សគ្មានឆន្ទៈក្នុងការការពារទេ ទោះបីដាក់មន្ត្រីរាប់ពាន់រាប់ម៉ឺននាក់ទៅការពារទៀតក៏ព្រៃឈើមួយនេះនៅតែអស់ដដែល»។
កន្លងទៅសកម្មជនបរិស្ថាន អង្គការស៊ីវិលជាតិ និងអន្តរជាតិ រកឃើញថា ដែនជម្រកសត្វព្រៃព្រៃឡង់តែងតែរងការកាប់ឈើធ្វើអាជីវកម្ម និងកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅជុំវិញតំបន់នោះយ៉ាងអនាធិបតេយ្យ។
ក្រៅពីស្នើឲ្យមានការផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថាន នៅជុំវិញតំបន់ព្រៃឡង់ទាំង៤ខេត្តហើយនោះ លោក ហ៊ុន ម៉ានី ក៏បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តែងតាំងលោក ហាល់ វិបុល ជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និង លោក អេង រស្មី ជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។