លោក ហ៊ុន សែន ស្នើ​ឱ្យ​ឡាវ​គាំទ្រ​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន

ដោយ មាន ឫទ្ធិ
2024.04.23
លោក ហ៊ុន សែន ស្នើ​ឱ្យ​ឡាវ​គាំទ្រ​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន លោក ហ៊ុន សែន (ស្ដាំ) ប្រធាន​ព្រឹទ្ធសភា ជួប​ប្រធាន​រដ្ឋ​ឡាវ លោក ថងលុន ស៊ីសូលីត (Thongloun Sisoulith) នា​វិមានព្រឹទ្ធសភា នៅថ្ងៃទី២៣ មេសា ២០២៤។
រូប៖ តេឡេក្រាមលោក ហ៊ុន សែន

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើ​ឱ្យ​ប្រធាន​រដ្ឋ​ឡាវ លោក ថងលុន ស៊ីសូលីត (Thongloun Sisoulith) គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​។ លោក ហ៊ុន សែន ស្នើ​យ៉ាង​ដូច្នេះ​នៅក្នុង​ជំនួប​មួយ​នៅ​វិមាន​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៣ ខែមេសា ក្នុង​ឱកាសលោក ថងលុន ស៊ីសូលីត កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែ​មេសា នៅ​កម្ពុជា។

លោក ហ៊ុន សែន អះអាង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook) របស់​លោក​ថា លោក​បាន​ស្នើសុំ​ប្រធាន​រដ្ឋ​ឡាវ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​របស់​កម្ពុជា ពីព្រោះ​ព្រែកជីក​នេះ​មិន​ប៉ះពាល់​ដល់​បរិស្ថាន ឬ​លំហូរ​ចរន្តទឹក​នោះទេ​។ លោក ហ៊ុន សែន អះអាង​បន្ត​ថា ប្រធាន​រដ្ឋ​ឡាវ​បាន​គាំទ្រ​ចំពោះ​គម្រោង​នេះ។

នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​កម្ពុជា​ចាប់ផ្តើម​ស្វែងរក​ការ​គាំទ្រ​លើ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​ពី​សមាជិក​របស់​គណៈកម្មការ​ទន្លេមេគង្គ (MRC)​។ ក្រៅពី​ឡាវ គេ​នៅ​មិនទាន់​ដឹង​ថា ប្រទេស​សមាជិក MRC ដទៃទៀត ដូចជា ថៃ មីយ៉ាន់ម៉ា ឬ​ភូមា និង​វៀតណាម ប្រកាន់​ជំហរ​ផ្លូវការ​យ៉ាងណា​ចំពោះ​គម្រោង​ព្រែកជីក​ហ្វូណន​នេះ​នៅឡើយ​ទេ​។ កម្ពុជា​អះអាង​ថា ខ្លួន​បាន​ជូនដំណឹង​រួចរាល់​ហើយ​ទៅ​គណៈកម្មការ​ទន្លេមេគង្គ​ជុំវិញ​គម្រោង​សាងសង់​ព្រែកជីក​នេះ។

ទោះជា​យ៉ាងណា កន្លង​ទៅ​ទាំង​វៀតណាម និង​ទាំង​សហរដ្ឋអាមេរិក បាន​លើកឡើង​ពី​កង្វល់​របស់​ខ្លួន​ដែល​ថា ព្រែកជីក​នេះ​អាច​ជួយ​សម្រួល​ឱ្យ​មាន​វត្តមាន​យោធា​ចិន​ចូលក្នុង​ទឹកដី​កម្ពុជា​កាន់តែ​ជ្រៅ​តាម​ឈូង​សមុទ្រ​ថៃ​។ ប្រទេស​ទាំងពីរ​ជំរុញ​ឱ្យ​កម្ពុជា​បង្ហាញ​តម្លាភាព និង​ធ្វើការ​ឱ្យ​បាន​ដិតដល់​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ​ជុំវិញ​រឿងរ៉ាវ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​នេះ។

កម្ពុជា​គ្រោង​នឹង​ដំណើរការ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ប្រវែង ១៨០​គីឡូម៉ែត្រ នៅ​ចុងឆ្នាំ​២០២៤ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៨ ដោយ​ចំណាយ​អស់​ថវិកា​ប្រមាណ ១​ពាន់​៧​រយ​លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។