សកម្មជនចង់ឃើញលោក ហ៊ុន ម៉ាណែត ឈប់ធ្វើដូចឪពុករបស់លោកដែលតែងកាត់ដីព្រៃឈើឱ្យអ្នកវិនិយោគ

ដោយ ខាន់ លក្ខិណា
2024.02.11
សកម្មជនចង់ឃើញលោក ហ៊ុន ម៉ាណែត ឈប់ធ្វើដូចឪពុករបស់លោកដែលតែងកាត់ដីព្រៃឈើឱ្យអ្នកវិនិយោគ លោក ហ៊ុន ម៉ាណែត ដើរនៅចំពោះមុខឪពុក គឺលោក ហ៊ុន សែន ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។
រូប៖ Reuters

លោក ហ៊ុន ម៉ាណែត កាត់​ដី​គម្រប​ព្រៃ​ឈើ​ខេត្ត​ព្រះសីហនុ​ទំហំ ៣១ ហិកតារ ឱ្យ​ឯកជន​ធ្វើ​ជា​កម្ម​សិទ្ធិ។ សកម្មជន​សង្គម​និង​បរិស្ថាន​សោកស្ដាយ​ដែល​នាយក​រដ្ឋមន្ត្រី​ថ្មី​ នៅ​តែ​បន្ត​កាត់​ដី​គម្រប​ព្រៃ​ឈើ​ប្រគល់​ឱ្យ​បុគ្គល​​មាន​ប្រាក់​ឬ​ក្រុមហ៊ុន​ឯកជន។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា ឆ្នាំ២០២៣ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​កាត់​ដី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ២០០២  នៅ​ខេត្ត​ព្រះសីហនុ​ទំហំ​ជាង ៣១ ហិកតារ ស្ថិត​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ  ចេញ​ពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ២០០២ ធ្វើ​អនុយោគ​ជា​ដី​ឯកជន​។

អនុក្រឹត្យ​ដដែល​ថា  ដី​ទំហំ​ជាង ៣១ ហិកតារ​នេះ លោក ហ៊ុន ម៉ាណែត កាត់​ប្រគល់​ឱ្យ​ឈ្មោះ ឡូ សុគន្ធ ធ្វើ​ជា​កម្ម​សិទ្ធិ ប៉ុន្តែ​អនុក្រឹត្យ​មិន​បាន​បញ្ជាក់​ទេ​ថា ឈ្មោះ ឡូ សុគន្ធ ជា​នរណា​នោះ​ទេ ទើប​ទទួល​បាន​ដី​គម្រប​ព្រៃឈើ​ពី​រដ្ឋាភិបាល​ថ្មី​។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​ប្រធាន​អង្គភាព​អ្នក​នាំ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃ​ទី ១០ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។

ការ​ចេញ​អនុក្រឹត្យ​កាត់​ដី​គម្រប​ព្រៃ​ឈើ​របស់​រដ្ឋ​ឱ្យ​ឯកជន​ឬ​អ្នក​មាន​ប្រាក់​នៅ​ពេល​នេះ បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត  ឡើង​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ជំនួស​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន បាន​ប្រមាណ ៣ ខែ​។

សកម្មជន​សង្គម​និង​បរិស្ថាន លោក ម៉ា ចិត្រា  ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី ១០​កុម្ភៈ​ថា ដំបូង​ឡើយ​លោក​មាន​សង្ឃឹម​លើ​រដ្ឋាភិបាល​ថ្មី ពុំ​មាន​ឃើញ​មាន​កាត់​ដី​ព្រៃ​ដូច​រដ្ឋាភិបាល​ចាស់ ប៉ុន្តែ​នៅ​ពេល​ឃើញ​ដូច្នេះ លោក​បាត់​ក្ដី​សង្ឃឹម​ទៅ​វិញ។

លោក​ថា គម្រប​ព្រៃឈើ​បើ​ការពារ​បាន ជា​ការ​ល្អ​ប្រសើរ​សម្រាប់​ប្រយោជន៍​​សង្គម​ជា​រួម ហើយ​បើ​កាល​ណា​កាត់​ដី​ព្រៃ​ឱ្យ​អ្នក​មាន​អំណាច ឬ​អ្នក​មាន​លុយ គួរ​ស្វែង​យល់​មើល​ថា តើ​រវាង​អ្នក​ដែល​មាន​លុយ​ និង​អ្នក​គ្មាន​ប្រាក់​ វា​យុត្តិធម៌​ទេ​? នៅ​ពេល​ទទួល​បាន​ដី​គម្រប​ព្រៃ​ឈើ​ជា​កម្មសិទ្ធិ​នោះ​។

លោក  ម៉ា ចិត្រា ថា កន្លងមក រដ្ឋាភិបាល​បាន​សន្យា​ថា រក្សា​គម្រប​ព្រៃឈើ​ឱ្យ​បាន ៦០ ភាគ​រយ ប៉ុន្តែ​ជាក់​ស្ដែង តើ​ការពារ​យ៉ាង​ម៉េច? បើ​ទើប​ឡើង​បាន ៣ ខែ ហើយ​គាត់​កាត់​ដី​គម្រប​ព្រៃឈើ​បាត់​ទៅ​ហើយ​នោះ? ថា​តើ​គាត់​មាន​លទ្ធភាព​ឯណា​ទៅ​រក្សា​គម្រប​ព្រៃឈើ​ឱ្យ​បាន​ ៦០ ភាគរយ​នោះ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី ត្រូវ​បញ្ឈប់​ការ​កាត់​ដី​គម្រប​ព្រៃ​ឈើ​បន្ត​ទៀត។

លោក ម៉ា ចិត្រា​៖ «​ខ្ញុំ​មិន​យល់ ហេតុ​អី ប្រទេស​យើង អភិវឌ្ឍ​របៀប​ខុស​គេ​បែប​នេះ អភិវឌ្ឍ​ដោយ​ការ​បំផ្លិចបំផ្លាញ​ធនធាន​ជាតិ​បែប​នេះ ហេតុ​អី​ក៏​យើង មិន​រក​មធ្យោបាយ​ផ្សេង ដើម្បី​អភិវឌ្ឍ ខ្ញុំ​គិត​ថា ដី​នៅ​តំបន់​ផ្សេង​ៗ អត់​មាន​ព្រៃ​ឈើ​មិន​ខ្វះ​ទេ ដី​នៅ​ទំនេរ​។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរ​ទៅ​ពិនិត្យ​ដី​ទាំង​អស់​ហ្នឹង​វិញ ហើយ​សម្បទាន​ដី​ទាំងអស់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ទៅ អា​ហ្នឹង ខ្ញុំ​គាំទ្រ ហើយ​កុំ​ទៅ​កាប់​ដី​ដែល​មាន​ព្រៃ​ឈើ​ស្រាប់ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន អា​ហ្នឹង ស្មើ​នឹង​បំផ្លាញ​ធនធាន​ធម្មជាតិ​ដែល​នឹង​កំពុង​តែ​មាន ហើយ​ខ្ញុំ​គិត​ថា វា​ជា​ការ​អាណោចអាធ័ម​ណាស់ ដែល​គាត់​ទើប​ឡើង​បាន​ ៣ខែ ហើយ​គាត់​ទៅ​កាត់​ដី​ព្រៃ​អ៊ីចឹង​»​

មុន​ពេល​ផ្ទេរ​តំណែង​នាយក​រដ្ឋមន្ត្រី​ ឱ្យ​កូន​ប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត បន្ត​វេន​នោះ អតីត​នាយក​មន្ត្រី​លោក ហ៊ុន សែន  ​កាត់​ដី​ឧទ្យាន​ជាតិ ដី​ព្រៃ ឬ​តំបន់​ការពារ ​ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ នៅ​តាម​ខេត្ត​ផ្សេងៗ បែង​ចែក​ប្រគល់​ឱ្យ​ទៅ​សែស្រឡាយ​របស់​លោក​ និង​ក្រុមហ៊ុន​ឯកជន​ព្រម​ទាំង​បក្ខពួក នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​បន្ទាប់។

កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ២០២០ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​ជាង ៤០ ហិកតារ ចេញ​ពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ប្រគល់​ឱ្យ​ទៅ​អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី ដែល​ត្រូវ​ជា​ប្អូនស្រី​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។