ជន​ជាតិ​ដើម​កួយ រិះគន់​ការគ្រោង​វិនិយោគ​ព្រៃ​សហគមន៍​ភូមិជីអោក ទៅឱ្យ​ក្រុមហ៊ុន​ឯកជន

ដោយ សន ចាន់រដ្ឋា
2021-10-13
Share
ជន​ជាតិ​ដើម​កួយ រិះគន់​ការគ្រោង​វិនិយោគ​ព្រៃ​សហគមន៍​ភូមិជីអោក ទៅឱ្យ​ក្រុមហ៊ុន​ឯកជន ព្រៃឈើ​សហគមន៍​នៅ​​តំបន់​ការពារ​ធម្មជាតិ​ជីអោក​បឹង​ព្រៃ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ត្រូវ​បានគេ​ឈូសឆាយ និង​ផ្ដួល​រំលំ កាល​ពី​ថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ២០២១។
រូប៖ ពីវឌីអូក្នុងហ្វេសប៊ុក

ជន​ជាតិ​ដើម​កួយ​រាប់​រយ​គ្រួសារ រស់​នៅ​ខេត្តព្រះវិហារ មិន​ពេញ​ចិត្ត​ចំពោះ​គម្រោង​ជួល​ព្រៃ​សហគមន៍​មួយ​ផ្នែក​ធំ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​សាន់ តាណា (SANTANA AGRO PRODUCTS CO., LTD) របស់​ឧកញ៉ា អ៊ុក គឹមសាន នោះ​ទេ ព្រោះ​បង្ក​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​ព្រៃស្រោង និង​ជម្រក​សត្វព្រៃ​នៅ​តំបន់​នោះ។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​មន្ត្រី​បរិស្ថាន​បាន​ជូន​ដំណឹង​ប្រាប់​ពលរដ្ឋ​ថា​ អាជ្ញាធរ​មាន​ផែនការ​ជួល​ដី​ព្រៃ​សហគមន៍​ភូមិ​ជីអោក វិនិយោគ​ឱ្យ​ក្រុមហ៊ុន​នេះ ដើម្បី​កាប់​ឈើ​ធ្វើ​អាជីវកម្ម។

ពលរដ្ឋ​ជាង ៣០០គ្រួសារ​ភាគ​ច្រើន​ជា​ជនជាតិ​ដើម​កួយ រស់នៅ​ភូមិ​ជីអោក ឃុំ​រមណីយ ស្រុក​រវៀង ព្រួយ​បារម្ភ​ខ្លាច​ហិនហោច​ព្រៃ​សហគមន៍​ភូមិ​ជីអោក មាន​ព្រៃស្រោង ពាក់​កណ្ដាល​ស្រោង និង​ដើមឈើ​កម្រ​ជិត​ផុត​ពូជ​ជា​ច្រើន​កំពុង​ប្រឈម​រលាយ​ហិនហោច​ទាំង​ស្រុង ប្រសិនបើ​អាជ្ញាធរ​មិន​បញ្ឈប់​គម្រោង​វិនិយោគ​ដី​ព្រៃ​សហគមន៍​ឱ្យ​ក្រុមហ៊ុន សាន់ តាណា (SANTANA AGRO PRODUCTS CO., LTD) នោះ​ទេ។ អ្នកភូមិ​បន្ត​ថា នៅ​រយៈ​ពេល ៣សប្ដាហ៍​ចុង​ក្រោយ​នេះ ដើម​ឈើ​ធំៗ មុខ​កាត់ ៣តឹក​ឡើង​ទៅ​រាប់​ពាន់​ដើម ត្រូវ​បាន​ជន​ល្មើស​លួច​កាប់ ក្នុង​តំបន់​ព្រៃ​សហគមន៍​នេះ ដោយ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​មួយ​នេះ។

សមាជិក​សហគមន៍​ភូមិ​ជីអោក លោក ជុំ ជីន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ តុលា​ថា សមាជិក​គណៈកម្មការ​សហគមន៍​មួយ​ចំនួន​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុមហ៊ុន និង​មន្ត្រី​បរិស្ថាន វិនិយោគ​ព្រៃ​សហគមន៍​នៅ​តំបន់​នោះ ដើម្បី​កាប់​ឈើ​ធំៗ ធ្វើ​អាជីវកម្ម។ លើស​ពី​នេះ ក្រុមហ៊ុន និង​អាជ្ញាធរ មិន​ទាន់​បង្ហាញ​ប្លង់​វិនិយោគ​ព្រៃ​នៅ​តំបន់​ណា​ឱ្យ​ច្បាស់លាស់​នោះ​ទេ ស្រាប់​តែ​មាន​សកម្មភាព​អារ​រំលំ​ឈើ​ធំៗ អស់​រាប់​ពាន់​ដើម​ ក្នុង​ព្រៃ​សហគមន៍។ លោក​មើល​ឃើញ​ថា មហិច្ឆតា​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ ចង់​កាប់​ដើម​ឈើ​ធំៗ មាន​តម្លៃ​ប៉ះពាល់​កន្លែង​អាស្រ័យផល ព្រៃឈើ​យ៉ាង​សំខាន់​របស់​អ្នកភូមិ៖ « វាយ​ព្រៃ​សម្រេច​តែ​គ្នា​គេ ហើយ​វាយ​ព្រៃ​ចំ​ព្រៃ​ធំ​ទៀត ពលរដ្ឋ​ព្រួយ​បារម្ភ​ខ្លាច​អស់​ព្រៃ​ធំៗ ហ្នឹង​ណា»

លោក ជុំ ជីន បន្ថែម​ថា ព្រៃ​សហគមន៍​ភូមិ​ជីអោក​ភាគច្រើន​សំបូរ​ដោយ​ព្រៃស្រោង និង​មាន​ដើមឈើ​កម្រ​ជិត​ផុត​ពូជ​ជា​ច្រើន រួម​មាន ធ្នង់ សុក្រំ កកោះ គគីរ ផ្ចឹក និង​ឈើទាល​ជាដើម ដែល​អ្នកភូមិ​រួមគ្នា​ថែទាំ​ជាច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថា បំណង​រួម​របស់​ពួក​លោក​ចង់​ទុក​ព្រៃ​នេះ​ឱ្យ​គង់វង្ស ដើម្បី​ជា​ជម្រក​សត្វព្រៃ និង​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ។ បន្ថែម​ពី​នេះ​ពលរដ្ឋ​អាច​រក​ចំណូល​តាម​រយៈ​វិស័យ​ទេសចរណ៍ ដូច្នេះ​មន្ត្រី​បរិស្ថាន​មិន​គួរ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​បំផ្លិចបំផ្លាញ​ព្រៃ​ឈើ​ទាំង​នេះ​ទេ៖ «បើ​វិនិយោគ​មិន​ដឹង​ថា ​ឈូស​ឆាយ​តំបន់​ត្រង់​ណា​បើ​គ្មាន​ផែនទី​ អត់​មាន​ចុច​ត្រង់​ណា? ​រេចរឹល​ផង​។ ពលរដ្ឋ​មិន​ដឹង​កន្លែង​ណា​ឈូស​ឆាយ ​ខាង​ក្រុមហ៊ុន​ទៅ​វាយ​ព្រៃ​កន្លែង​ណា ​បើ​វាយ​កន្លែង​វាល​ ខ្លាច​ប៉ះពាល់​ដី​ចម្ការ​ពលរដ្ឋ»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​បឹង​ពែរ លោក ទូច សុភី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៣ តុលា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​លើក។ ចំណែក ​ម្ចាស់​ក្រុមហ៊ុន សាន់ តាណា គឺ​ឧកញ៉ា អ៊ុក គឹមសាន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

ដោយ​ឡែក ប្រធាន​មន្ទីរ​បរិស្ថាន​ ខេត្ត​ព្រះវិហារ លោក សុង ចាន់សុជាតិ វិញ លោក​ប្រាប់​វិទ្យុ​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា លោក​សុំ​មិន​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ភូមិ​ថា កន្លង​ទៅ​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ លោក ទូច សុភី និង​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ លោក មាស ញឹម បាន​ប្រាប់​ពលរដ្ឋ​ជិត ១០០នាក់ ក្នុង​ទីស្នាក់ការ​សហគមន៍​ថា អាជ្ញាធរ​នឹង​វិនិយោគ​ព្រៃ​សហគមន៍​ភូមិ​ជីកអោក នៅ​តំបន់​រេចរឹល​ឱ្យ​ក្រុមហ៊ុន សាន់ តាណា (SANTANA AGRO PRODUCTS CO., LTD)។ អ្នក​ភូមិ​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ថា ជា​ល្បិច ដើម្បី​កាប់​ឈើ​លក់​ប៉ុណ្ណោះ ព្រោះ​ព្រៃ​សហគមន៍​នេះ គ្មាន​កន្លែង​រេចរឹល​នោះ​ទេ គឺ​មាន​តែង​ព្រៃស្រោង ពាក់​កណ្ដាល​ស្រោង និង​ដី​ចម្ការ​បែប​ប្រពៃណី​របស់​ជន​ជាតិ​ដើម​កួយ។ ម្ចាស់​ក្រុមហ៊ុន សាន់ តាណា គឺ​ឧកញ៉ា អ៊ុក គឹមសាន ធ្លាប់​មាន​រឿង​អាស្រូវ​ជាច្រើន ​ទាក់ទង​នឹង​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​ខេត្ត​ព្រះវិហារ ​និង​ខេត្ត​ស្ទឹងត្រែង។

សកម្មជន​បរិស្ថាន​ធ្លាប់​ចោទ​ថា ឧកញ៉ា​រូប​នេះ ជា​មេខ្លោង​ប្រមូល​ឈើ​ខុសច្បាប់ នៅ​ស្រុក​សៀម​ប៉ាង ស្រុក​ថាឡាបរិវ៉ាត់ និង​ស្រុក​មួយ​ចំនួន របស់​ខេត្ត​ព្រះវិហារ ដឹក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ សកម្មជន​បរិស្ថាន​អះអាង​ថា កាលពី​ឆ្នាំ២០១៦ ឧកញ៉ា​រូប​នេះ បាន​ប្រើ​រថយន្ត​យីឌុប ៣០គ្រឿង ដឹក​ឈើ​ប្រណិត ពី​ស្រុក​សៀម​ប៉ាង យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស និង​កៀរគរ​ពលរដ្ឋ​ឱ្យ​ចូល​ព្រៃ​អភិរក្ស កាប់​ឈើ​លក់​ឱ្យ​ខ្លួន។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ​លោក ប៉ឹក សោភ័ណ បារម្ភ​ថា ការ​វិនិយោគ​ព្រៃ​សហគមន៍​មួយ​ផ្នែក​ឱ្យ​ក្រុមហ៊ុន​ឯកជន នឹង​បង្ក​គ្រោះថ្នាក់​ដល់​ព្រៃឈើ និង​ដីធ្លី ដែល​សហគមន៍​កំពុង​ប្រើប្រាស់។ លោក​គិត​ថា គម្រោង​វិនិយោគ​ខ្នាត​ធំ​នេះ​នឹង​បង្ក​ប៉ះពាល់​ដល់​មុខ​មាត់​រដ្ឋាភិបាល មួយ​កម្រិត​ទៀត លើ​ឆាត​អន្តរជាតិ ទាក់ទិន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដែល​ជន​ជាតិ​ដើម​ភាគ​តិច​អាស្រ័យផល៖ «រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​ឈ្មោះ​មិន​ល្អ​នៅ​ក្នុង​តំបន់​ក៏​ដូចជា​នៅ​ទូទាំង​ប្រទេស ​ជា​ប្រទេស ដែល​មាន​ការ​បំផ្លាញ​ព្រៃឈើ​ច្រើន​ជាង​គេ​ តាម​ការ​រាយការណ៍​របស់​អង្គការ​នានា។ រដ្ឋាភិបាល​គួរ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ​ហើយ​ថែរក្សា​ធនធាន​ធម្មជាតិ​ ពិសេស​ព្រៃឈើ​ទាំង​អស់​នេះ សម្រាប់​សហគមន៍ ហើយ​ក៏​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា​ផង​ដែរ​បាទ»

កាល​ពី​ដើម​ខែ​កញ្ញា កន្លង​ទៅ​ពលរដ្ឋ​ជាង ១០០នាក់ បាន​លើក​គ្នា​តវ៉ា ២ថ្ងៃ​ជាប់​គ្នា នៅ​តំបន់​ព្រៃ​សហគមន៍​ជីអោក ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន សាន់ តាណា របស់​ឧកញ៉ា អ៊ុក គឹមសាន បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ព្រៃ​សហគមន៍។ អ្នកភូមិ​ចោទ​ថា ក្រុមហ៊ុន​នេះ បាន​ប្រើ​គ្រឿងចក្រ ៥​គ្រឿង ឈូស​ផ្ដួល​រំលំ​ដើមឈើ​ធំៗ រាប់ពាន់​ដើម ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ។

ព្រៃ​សហគមន៍​ភូមិ​ជីអោក ឬ​ហៅ​ម្យ៉ាង​ទៀត​ថា សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជីអោក​បឹង​ព្រៃ គឺជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ មាន​ផ្ទៃដី ២.០៦០ហិកតារ។ ព្រៃ​សហគមន៍​នេះ​បាន​ចុះ​បញ្ជី ទទួល​ស្គាល់​ដោយ​ក្រសួង​បរិស្ថាន កាល​ពី​ឆ្នាំ២០០៣ ឋិត​ក្នុង​ភូមិ​ជីអោក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ។ ព្រៃ​ការពារ​នេះ មាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​រស់នៅ រួម​មាន សត្វ​ទន្សោង ស្វា ខ្ទីង ប្រើស ក្ងោក និង​ជ្រូកព្រៃ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល