កម្មករ​ក្រុមហ៊ុន​ម៉ាឃលឡូជីស្ទិច​កំពុង​សម្រុក​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ខេត្ត​ព្រះ​វិហារ

ដោយ នៅ វណ្ណារិន
2023.03.02
កម្មករ​ក្រុមហ៊ុន​ម៉ាឃលឡូជីស្ទិច​កំពុង​សម្រុក​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ខេត្ត​ព្រះ​វិហារ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់។
Photo: RFA

ប្រជា​សហគមន៍​តំបន់​ព្រៃឡង់​សោក​ស្តាយ​ដែល​អាជ្ញាធរ​មិន​បាន​ចាត់​វិធានការ​បង្ក្រាប​ការ​បំផ្លាញ​ព្រៃ​ខុស​ច្បាប់​ការ​លើក​ឡើង​នេះ​ ក្រោយ​ដែល​កម្មករ​ក្រុមហ៊ុន​ ម៉ាឃលឡូជីស្ទីច (MACLELOGISTIC (CAMBODIA) Co.,Ltd) បាន​កាប់​ដើមឈើ​ជា​ច្រើន​ដើម ដោយ​ពុំ​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ចុះ​អន្តរាគមន៍ និង​ទប់ស្កាត់​ឡើយ។

ការ​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​ដោយ​សារ​តែ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ប្រជា​សហគមន៍​ការពារ​តំបន់​ព្រៃឡង់​ដែល​គ្នា​ប្រមាណ​ជា​ជាង ១០នាក់​បាន​ចុះ​សិក្សា​ស្រាវ​ជ្រាវ ​​ក្នុង​តំបន់​ព្រៃឡង់​បាន​ឃើញ​កម្មករ​រាប់​រយ​នាក់​រួម​ទាំង​រណា​យន្ត ​គោយន្ត​ផង​ដែរ​បាន​កំពុង​ពង្រាយ​កម្លាំង​ពាស​ពេញ​ព្រៃ។ ​កម្មករ​ទាំងនោះ​បាន​លើកឡើង​ថា​ ពួកគេ​ទទួល​បាន​ការ​ការពារ​ពី​សំណាក់​ក្រុមហ៊ុន 

«គេ​បាន​ប្រាប់​ដែរ​បង! គេ​ប្រាប់​ថា​បើ​សិន​ជា​ជួប​ចាំ​គេ​​អ្នក​ដោះ​ស្រាយ​ឲ្យ​ ​ហើយ​ប្អូន​មក​នេះ​មិន​មែន​មានតែ​រទេះ​បី​នេះ​មក​ជ្រៅ​ជា​គេ​នោះ​ទេ​ ​បង​ទៅ​មើល​មិន​ខ្វះ​ទេ​រាប់​សិប​គ្រឿង​ ​យើង​មិន​អាច​រាប​អស់​ទេ​បង​ ​រទេះ៥០​ទៅ​៦០​មែន​ ​តែ​គេ​ទៅ​បែក​គ្នា ​ម៉ា​ចន្លោះ​ ម៉ា​ចន្លោះ​អ៊ីចឹង​ទៅ»

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ជា​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះ​វិហារ​លោក ខេម សុឃី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មាន​ការ​សោក​ស្តាយ​ដែល​មន្ត្រី​អនុវត្តន៍​ច្បាប់​មិន​បាន​ចាត់​វិធានការ​ទៅ​លើ​ក្រុម​ឈ្មួញ​ដែល​រក​ស៊ី​ឈើ​ខុស​ច្បាប់ លោក​បន្ថែម​ថា មន្ត្រី​អភិរក្ស​នៅ​តំបន់​នោះ​ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ ទប់​ស្គាល់​បទ​ល្មើស​ព្រៃឈើ​នោះ​ទេ ថែម​ទាំង​បាន​ព្យាយាម​រារាំង​ក្រុម​អ្នកការពារ​ មិន​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​ព្រៃឡង់​ ដែល​កំពុង​តែ​រង​ទទួល​ការ​កាប់​ផ្ដួល​រំលំ។

លោក​បន្ត​ថា ឈើ​ដែល​កម្មករ​ក្រុម​ហ៊ុន​កាប់​នោះ​ មាន​មុខកាត់​ចាប់​ពី ៣តឹក​ឡើង​ទៅ​ ​ហើយ​ត្រូវ​បាន​​កាប់​ផ្តួល​រំលំ​នៅ​ត្រង់​ចំណុច​ ជាំរិទ្ធ ប្រាសាទ​គោល​ វាល​ចាល័យ​ និង​បុស្បូវ​ ហើយ​ភាគច្រើន​ជា​ប្រភេទ​ដើម​ឈើ​ឈ្លេច និង​សុក្រំ ដែល​ជា​តម្រូវការ​របស់​ក្រុម​ហ៊ុន។ លោក ខេម សុឃី ថា​ក្រុម​សកម្មជន​នឹង​ស្នើ​រដ្ឋាភិបាល​ឲ្យ​មាន​វិធាន​ការ​តឹងរ៉ឹង​លើ​ការ​កាប់​ព្រៃ​ឈើ​នេះ។

លោក ខេម សុឃី៖ «ពួក​ខ្ញុំ​នឹង​ធ្វើ​អ្វីមួយ​ដើម្បី​បញ្ជាក់​ថា ​ពួក​ខ្ញុំ​មិន​រា​ថយ​ទេ​ ​ដើម្បី​ការពារ​ព្រៃ​ ​រក្សា​ព្រៃ​ឲ្យ​នៅ​បាន​គង់វង្ស​ គឺ​ធ្វើ​យុទ្ធនា​ការ​មួយ ​ដើម្បី​បំបាត់​បទ​ល្មើស ​ធ្វើ​ការ​ហែក​ញត្តិ ​និង​ធ្វើអ្វី​ដល់​ក្រ​សួង​ពាក់​ព័ន្ធ ​ជា​ពិសេស​នោះ​គឺ​ថ្នាក់​ជាតិ​ ​ឲ្យ​បាន​ជ្រាប់​ពី​ការ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់»

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា និង​តំណាង​ក្រុម​ហ៊ុន​ម៉ាឃលឡូជីស្ទីច (MACLE LOGISTIC CAMBODIA) បាន​ទេ

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ កាល​ពីថ្ងៃទី២៦ ខែ​មិថុនា​ ឆ្នាំ២០២០ បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ធ្វើ​ការ​កាប់​ ប្រមូលផល​អនុផល​ព្រៃ​ឈើ​ក្នុង​អនុតំបន់ II អនុតំបន់ III និង​អនុ​តំបន់ IV នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ ក្រុមហ៊ុន ភី អ៊ិន ធី ខូ អិលធីឌី ។ បើ​ក្នុង​ករណី ការ​ប្រមូល​ផល​អនុផល​ព្រៃឈើ​របស់​ក្រុមហ៊ុន​ ខាង​លើ​នេះ​ ធ្វើ​មិន​ត្រឹម​ត្រូវ​ទៅ​តាម​គោលការណ៍​អនុញ្ញាត និង​ច្បាប់​ស្តីពី​ព្រៃ​ឈើ​នោះ ​​រដ្ឋ​បាល​ព្រៃឈើ​ នឹង​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន។

មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN)លោក អូត ឡាទីន ចាត់​ទុក​បទល្មើស​ព្រៃ​ឈើ​ជា​កំហុស​ដ៏​ធំ​មួយ​របស់​មន្ត្រី​ឧទ្យានុរក្ស​ និង​អាជ្ញាធរ​អនុវត្ត​ច្បាប់​ ដែល​បិទ​ភ្នែក​ធ្វើ​មិន​ដឹង​មិន​ឮ ​ចំពោះ​វិនាសកម្ម​ព្រៃ​ឈើ​ទាំង​នេះ។ លោក​បន្ត​ថា រូប​លោក​និង​អ្នក​ដែល​ស្រឡាញ់​ព្រៃ​ឈើ​ គ្រោង​ធ្វើ​កម្មវិធី​មួយ​ចំនួន​ ដើម្បី​បង្ហាញ​ពី​ក្តី​បារម្ភ​នៃ​ការ​បាត់បង់​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់

លោក អួត ឡាទីន៖ «ក្នុង​នាម​ជា​យុវជន​កម្ពុជា​យើង​ពិត​ជា​សោកស្ដាយ​មែនទែន​ នៅ​ក្នុង​តំបន់​ការពារ​មួយ​ទាំងមូល​ ដែល​មាន​ច្បាប់​ការពារ​ហើយ ​នៅ​តែ​មាន​បទល្មើស​ចូល​មក​ប្រព្រឹត្តិ​យ៉ាង​រលូន»

នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ​ដែល​ប្រជា​សហគមន៍ និង​សកម្មជន​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់​ពីសំណាក់​ក្រុមហ៊ុន​ម៉ាឃល ឡូជីស្ទីក ( MACLE ​LOGISTIC)​ខណៈ​មន្រ្តី​អាជ្ញាធរ​មិន​បាន​អើពើ និង​ទប់ស្កាត់​បទ​ល្មើស​ទាំង​នេះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។