ពលរដ្ឋថា ព្រៃ​សហគមន៍​ភូមិ​ពូគង់ និង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា បន្ត​រង​ការ​កាប់​ទៅ​លក់​​នៅ​វៀតណាម

ដោយ ជីវិតា
2024.09.30
ពលរដ្ឋថា ព្រៃ​សហគមន៍​ភូមិ​ពូគង់ និង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា បន្ត​រង​ការ​កាប់​ទៅ​លក់​​នៅ​វៀតណាម រូបភាព​ដើម​ឈើ​ឈ្លីក​ដែល​ពលរដ្ឋ និង​សកម្មជន​បរិស្ថាន រក​ឃើញ​បន្ទាប់​ពី​ត្រូវ​គេ​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​កែវសីមា កាល​ពី​ថ្ងៃទី២១ ខែ​កញ្ញា ឆ្នាំ២០២៤។
រូប៖ ពលរដ្ឋផ្ដល់ឲ្យ

ព្រៃ​សហគមន៍​ភូមិ​ពូគង់ និង​ព្រៃ​គម្រោង​រ៉េដបូក (Redd+) នៃ​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ខេត្ត​មណ្ឌលគីរី នៅ​តែ​បន្ត​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​ដឹក​ជញ្ជូន​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​សេរី តាម​ច្រក​របៀង​នៃ​ស្រុក​កែវសីមា ដោយ​មិន​ទាន់​ឃើញ​មន្ត្រី​ជំនាញ​នៅ​តំបន់​នោះ​ចុះ​ទប់ស្កាត់​នៅ​ឡើយ​ទេ។ មន្ត្រី​សង្គម​ស៊ី​វិល ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​ទាំង​អស់​នេះ​ជា​បន្ទាន់។

ព្រៃ​សហគមន៍​ភូមិ​ពូគង់ និង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ស្ថិត​នៅ​ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគីរី នៅ​តែ​មាន​ក្រុម​ឈ្មួញ​លួច​កាប់ និង​ដឹក​ជញ្ជូន​ឈើ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ជា​រៀង​រាល់​ថ្ងៃ ដោយ​មិន​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តំបន់​នោះ​ចុះ​ទប់ស្កាត់ និង​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​នោះ​ទេ។ អ្នក​ភូមិ​សង្ស័យ​ថា​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តំបន់​នោះ ជា​អ្នក​បើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ​ទាំង​នោះ​ចូល​កាប់​ឈើ និង​ដឹក​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។

តំណាង​សហគមន៍​ជនជាតិ​ភាគ​តិច​ព្នង​នៅ​ភូមិ​ពូគង់ លោក ទ្រៀម ធើម ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ថា បទល្មើស​ព្រៃឈើ​កំពុង​កើត​មាន​ឡើង​កាន់​តែ​ច្រើន​នៅ​ក្នុង​ព្រៃ​សហគមន៍ និង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ហើយ​មិន​ទាន់​ឃើញ​មន្ត្រី​ជំនាញ​នៅ​តំបន់​នោះ​ចុះ​ទប់ស្កាត់​នោះ​ទេ បើ​ទោះ​បី​ជនល្មើស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ឆ្លង​កាត់​មុខ​ទីស្នាក់ការ​បរិស្ថាន​យ៉ាង​ណា​ក្ដី។ លោក​បន្ថែម​ថា ក្រុម​ជនល្មើស​បាន​ប្រើប្រាស់​ម៉ូតូ​កែច្នៃ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ក្នុង​ព្រៃ និង​មាន​ឡាន​កែច្នៃ​ចាំ​ដឹក​បន្ត​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ជា​រៀង​រាល់​យប់។

លោក ទ្រៀម ធើម៖ «គេ​កាប់​យក​ទៅ​លក់​នឹង​ហើយ តាម​ផ្លូវ​ទើប​ធ្វើ​ថ្មី​ក៏​មាន ទៅ​តាម​ផ្លូវ​ឃុំ​ស្រែ​ឈូក​ក៏​មាន អ្នក​លក់​នឹង​គេ​មាន​ថៅកែ​គេ​នឹង​ណា ថៅកែ​ឈ្មួញ​គេ​យក​ចេញ​ទៅ​ក្រៅ ខ្ញុំ​មិន​ដឹង​តម្លៃ​ប៉ុន្មាន​ទេ ឈើ​គ្រឿង​ផង ឈើ​ឃ្លុំ​ផង ក្ដារ​ផង ក្នុង​ព្រៃ​សហគមន៍​ក៏​កាប់​ព្រៃ​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន​ក៏​កាប់ តំបន់​ការពារ​រ៉េដបូក​ក៏​កាប់»

អ្នក​កាប់​ឈើ​ម្នាក់ សុំ​មិន​បង្ហាញ​ឈ្មោះ និង​សំឡេង ឲ្យ​ដឹង​ថា ដោយសារ​កត្តា​ជីវភាព​និង​មិន​មាន​ការងារ​ធ្វើ ទើប​ធ្វើ​ឲ្យ​លោក​ស្រី សម្រេច​ចិត្ត​ចូល​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​បែប​នេះ។ លោកស្រី​ថា លោកស្រី​លក់​ឈើ​ឲ្យ​ឈ្មួញ​កណ្ដាល ក្នុង​១​ម៉ែត្រ​គីប​តម្លៃ ៤០​ម៉ឺន​រៀល ហើយ​ក្រុម​ឈ្មួញ​កណ្ដាល​ដឹក​បន្ត​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ លោកស្រី​បន្ថែម​ថា នៅ​ពេល​ដែល​ជួប​សមត្ថកិច្ច លោកស្រី​ឲ្យ​លុយ​ទៅ​សមត្ថកិច្ច​រួច​ដឹក​ឈើ​បន្ត​ទៅ​ទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ឌិន ប៊ុនធឿន បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​មណ្ឌលគីរី លោក ប៊ី វ៉ាន់នី យល់​ឃើញ​ថា រដ្ឋាភិបាល​ត្រូវ​បង្កើត​ក្រុម​អធិការកិច្ច​មួយ ដើម្បី​ចុះ​សិក្សាស្រាវជ្រាវ​ទៅ​លើ​មន្ត្រី​ជំនាញ​រូប​ណា​ដែល​ជាប់​ពាក់ព័ន្ធ បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស​កើត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​បែប​នេះ ហើយ​ត្រូវ​ដាក់​ទោស​ទណ្ឌ​ឲ្យ​បាន​តឹងរ៉ឹង ទើប​ការ​ទប់ស្កាត់ និង​ការពារ​ព្រៃឈើ​មាន​ប្រសិទ្ធភាព។

លោក ប៊ី វ៉ាន់នី៖ «អ៊ីចឹង​យើង​ស្នើ​សុំ​ឲ្យ​ពិនិត្យ​ឡើង​វិញ ចំពោះ​តួនាទី​របស់​មន្ត្រី​មូលដ្ឋាន ដែល​នៅ​បន្ត​ឲ្យ​មាន​បទល្មើស​ព្រៃ​ឈើ​កើត​ឡើង ដោយ​មិន​មាន​ឆន្ទៈ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ តើ​គាត់​មាន​ហេតុផល​អ្វី​គាត់​មិន​ព្រម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ហើយ​បន្ត​ឲ្យ​បទល្មើស​កើត​មាន​នៅ​ក្នុង​តំបន់​អភិរក្ស​ដដែលៗ​បែប​នេះ»

រដ្ឋាភិបាល​ចាស់​បាន​ប្រកាស​ពី​ការ​ពង្រីក​ទំហំ​ផ្ទៃ​ដី​ដែន​ជម្រក​សត្វ​ព្រៃកែវសីមា ពី​ជាង ២៩​ម៉ឺន​ហិកតារ (២៩២.៦៩០) ទៅ​ជាង​ ៣១​ម៉ឺន (៣១៧.៤៥៦) ហិកតារ ។ បើ​ទោះបី​ពង្រីក​ផ្ទៃ​ដី​យ៉ាង​ណា​ក្ដី ក៏​តំបន់​ការពារ​មួយ​នេះ នៅ​តែ​រង​ការ​កាប់​យក​ឈើ​មាន​តម្លៃ និង​មាន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ពី​សំណាក់​ក្រុម​ឈ្មួញ​យ៉ាង​អនាធិបតេយ្យ។

ច្បាប់​ស្ដី​ពី​ព្រៃឈើ និង​ច្បាប់​ស្ដី​ពី​តំបន់​ការពារ​ធម្មជាតិ កំណត់​ថា ការ​កាប់​គាស់ រុករាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ គឺ​ជា​បទល្មើស​ឧក្រិដ្ឋ​ដែល​ជន​ប្រព្រឹត្ត​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ដល់ ១០ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ​១៥០លាន​រៀល។ ចំណែក មន្ត្រី​ពាក់ព័ន្ធ​ធ្វេសប្រហែស ឬ​មិន​គោរព​ច្បាប់​នេះ ត្រូវ​ទទួល​វិន័យ​រដ្ឋបាល និង​ត្រូវ​ចោទ​ប្រកាន់​ចំពោះ​មុខ​តុលាការ ហើយ​បើ​មន្ត្រី​ទាំង​នោះ​សម​គំនិត  ត្រូវ​ផ្ដន្ទាទោស​ដូច​ជន​ប្រព្រឹត្ត​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។