ប្រជា​សហគមន៍​ខេត្ត​ព្រះវិហារ តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ឯកជន​មួយ​ឈូស​ព្រៃ​សហគមន៍​ជីអោក​អស់​ជាង ១០០ហិកតារ

ដោយ ឡេង ម៉ាលី
2022.11.03
Share on WhatsApp
Share on WhatsApp
ប្រជា​សហគមន៍​ខេត្ត​ព្រះវិហារ តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ឯកជន​មួយ​ឈូស​ព្រៃ​សហគមន៍​ជីអោក​អស់​ជាង ១០០ហិកតារ
រូបពីពលរដ្ឋ

ពលរដ្ឋ​ជា​ច្រើន​នាក់ ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី៣ វិច្ឆិកា បាន​លើក​គ្នា​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ឯកជន​មួយ កំពុង​យក​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ ឈូស​ឆាយ​ផ្ដួល​ដើម​ឈើ​ធំៗ ឋិត​ក្នុង​តំបន់​ព្រៃ​សហគមន៍​ជីអោក ដែល​ពួក​គាត់​អាស្រ័យផល។ ប្រជា​សហគមន៍​ខ្លះ ត្រូវ​បាន​អាជ្ញាធរ និង​ក្រុមហ៊ុន​គំរាម​ចាប់​ដាក់​គុក ប្រសិន​នាំ​គ្នា​តវ៉ា​ប្រឆាំង​ការ​ឈូស​ឆាយ​នេះ។

ពលរដ្ឋ​រាប់រយគ្រួសាររស់នៅ​ភូមិ​ជីអោក ឃុំ​រមណីយ ស្រុក​រវៀង សោកស្តាយ ដើមឈើធំៗ ដែល​ជា​អត្តសញ្ញាណ​ភូមិកំណើត​របស់​ពួក​គាត់ និងជា​​ប្រភព​អនុផល​ព្រៃឈើយ៉ាងសំខាន់​របស់អ្នកភូមិ​​កំពុង​ទទួលរង​ការ​ឈូស​ឆាយ​កម្ទេច​ឱ្យ​ក្លាយ​ជា​វាល​រហោឋាន

ប្រជា​សហគមន៍​ថា មក​ទល់​ពេល​នេះ ក្រុមហ៊ុន សាន់ តាណា  (SANTANA AGRO PRODUCTS CO., LTD) ជា​របស់ អភិបាលរង​ខេត្ត​ព្រះវិហារ លោក អ៊ុក គឹមសាន ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ នៅតែ​បន្ត​យក​គ្រឿង​ចក្រ​ជិត ១០គ្រឿង ពង្រាយ​ឈូស​ឆាយ​កម្ទេច​ព្រៃ​អស់​ជាង ១០០ហិកតារ នៅ​រយៈ​ពេល​ជាង ៣ សប្ដាហ៍​ចុង​ក្រោយ​នេះ។

សមាជិក​សហគមន៍​ជីអោក លោក ជិន ឡូត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣ វិច្ឆិកា​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​គំរាម​ចាប់​ពលរដ្ឋ​ដាក់គុក ប្រសិន​បើ​នាំ​គ្នា​តវ៉ា​ប្រឆាំង​ការ​ឈូស​ឆាយ​នេះ ហើយ​មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​ប្រមាណ​ជាង ២០នាក់​ប៉ុណ្ណោះ បន្ត​តវ៉ា​ឃាត់​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន។ លោក​ថា មក​ទល់​ពេល​នេះ ក្រុមហ៊ុន​នៅ​តែ​សម្រុក​ឈូស​ឆាយ​ព្រៃ​សហគមន៍​ទាំង​យប់/ថ្ងៃ​ ដោយ​មិន​ទាន់​បាន​ដោះស្រាយ​ជាមួយ​សហគមន៍​នៅ​ឡើយ​ទេ។

លោក​បន្ថែម​ថា ក្រុមហ៊ុន​គ្រោង​នឹង​ឈូស​ឆាយ​ព្រៃ​ស្រោង​ជាង ៣រយ​ហិកតារ (៣២៤) ដែល​តំបន់​នោះ អ្នកភូមិ​ខំ​ថែរក្សា​ជាង ២០ឆ្នាំ​មក​ហើយ៖

«ធម្មតា​យើង​ស្ដាយ​ព្រៃ គេ​ថា​ព្រៃ​រដ្ឋ ព្រៃ​រដ្ឋ​មែន តែ​បើ​ប្រគល់​ឱ្យ​ពលរដ្ឋ​អ្នក​ការពារ​ មាន​សិទ្ធិ​អី​មក​វិនិយោគ បើ​ពលរដ្ឋ​មិន​ព្រម​ផង។ ខ្ញុំ​ចង់​តវ៉ា​ដែរ តែ​ធម្មតា​ខ្លាច​គេ បើ​ចេញ​មុខ​ចុច​ឈ្មោះ​មួយ​ សុទ្ធ​តែ​អ្នក​ប្រឆាំង»

សមាជិក​សហគមន៍​ជីអោក​ម្នាក់​ទៀត ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឱ្យ​ដឹង​ថា គ្រឿង​ចក្រ ៩គ្រឿង​កំពុង​ឈូស​ឆាយ​ព្រៃ​នៅ ៤ទីតាំង​ផ្សេងៗ គ្នា ហើយ​តំបន់​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ ជា​កន្លែង​សត្វ​ព្រៃ​រស់នៅ មាន​ដើម​ឈើ​ធំៗ ដែល​ពលរដ្ឋ​អាស្រ័យផល​រួមមាន រក​ផ្សិត​ បោច​​វល្លិ ដង​ជ័រ រក​ឃ្មុំ និង​បេះ​បន្លែ​ផ្លែឈើ​ជាដើម។

លោក​ថា ប្រជា​សហគមន៍​បែក​បាក់​សាមគ្គី​ផ្ទៃក្នុង និង​ខ្លះ​ទៀត​បាន​ផ្ដិត​មេដៃ​ គាំទ្រ​ឱ្យ​ក្រុមហ៊ុន​ឈូស​ឆាយ តាម​សំណើ​របស់​អាជ្ញាធរ។ លោក​បន្ថែម​ថា មន្ត្រី​បរិស្ថាន បាន​ផ្ដល់​ឱកាស​ឱ្យ​ ពលរដ្ឋ​ណា​មាន​រណា​យន្ត អាច​ចូល​អារ​ឈើ​ក្នុង​ព្រៃ​នេះ​បាន​ដោយ​សេរី ​ដោយ​គ្រាន់​តែ​បង់​លុយ​ ឱ្យ​មន្ត្រី​ជំនាញ ប្រចាំការ​នៅ​ទីនោះ៖

«គាត់​ចូល​ទៅ​ខាង​ក្នុង​ហ្នឹង ៤ ទៅ ៥គ្រឿង​ នៅ​ជិត​ថ្នល់​មក​ខាង​ក្រុមហ៊ុន​ មេគង្គ​ហ្នឹង ៤គ្រឿង ដែល​ឈូស​ឆាយ​ជិន​ដល់​គ្នា​ហើយ។ គេ​គំរាម​បើ​នរណា​ហ៊ាន​តវ៉ា​គេ​នឹង​ចាប់​ដាក់​គុក ទើប​បង​ប្អូន​នាំ​គ្នា​ខ្លាច»

Excavator_of_SANTANA_Company_is_seen_clearing_Chi_Ork_forest_of_Rovieng_Preah_Vihear_proince_110322_001.jpg
រូបភាព​គ្រឿងចក្រ (Excavator) របស់​ក្រុមហ៊ុន​សាន់តាណា កំពុង​ឈូស​ឆាយ​ព្រៃ​សហគមន៍​ជីអោក ក្នុង​ស្រុករវៀង ខេត្តព្រះវិហារ នៅ​ថ្ងៃ​ទី៣ វិច្ឆិកា ឆ្នាំ២០២២។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​សកម្មភាព​ឈូស​ឆាយ​នេះ ពី​អ្នកនាំ​ពាក្យ​សាលាខេត្ត​ព្រះវិហា លោក យង់ គឹម​ហឿង បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី២៥ តុលា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

ចំណែក ប្រធាន​មន្ទីរ​បរិស្ថានខេត្ត​ព្រះវិហារ លោក សុង ចាន់សុជាតិ បដិសេធ​​បំភ្លឺ​រឿង​នេះ ប្រាប់​វិទ្យុអាស៊ីសេរី តាម​ទូរសព្ទ​នោះទេ។

ប្រជា​សហគមន៍​បន្ថែម​ថា ពួកគាត់​ខក​បំណង ដែល​ធ្លាប់​ស្រមៃ​ថា​ នឹង​ទុក​ព្រៃ​អភិរក្ស​បន្សល់​ចុងក្រោយ ​នៅ​តំបន់​នោះ បម្រើ​វិស័យ​ទេសចរ​ធម្មជាតិ​មិន​ចេះ​រីក​ស្ងួត ព្រោះ​ព្រៃ​នេះ​

មាន​សក្ដានុពល​ធនធាន​ធម្មជាតិ​សំបូរ​បែប​ ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​អ្នកភូមិ នៅ​កៀក​ភូមិ​ជីអោក ដែល​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ជា​ច្រើន​គ្រួសារ ​ប្រឹងប្រែង​អភិរក្ស​ជាង ២ទសវត្សរ៍​មក​ហើយ។

រីឯ​មន្ត្រី​បរិស្ថាន ​និង​អាជ្ញាធរ​ខេត្តព្រះវិហារ មិន​អើ​រាល់​ការ​អំពាវនាវ របស់​ពលរដ្ឋ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ​ចូល​ដៃ​ជើង ជាមួយ​ក្រុមហ៊ុន​ឈូស​កម្ទេច​ព្រៃ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ម្ចាស់​ក្រុមហ៊ុន សាន់ តាណា (SANTANA AGRO PRODUCTS CO., LTD) ជា​របស់ អភិបាលរង​ខេត្ត​ព្រះវិហារ គឺ​ឧកញ៉ា អ៊ុក គឹមសាន

បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៣ វិច្ឆិកា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ចាត់​ទុក​ការ​ឈូស​ឆាយ​ព្រៃ​នេះ ជា​ទង្វើ​ល្មើស​ច្បាប់ ​ព្រោះ​តំបន់​អភិរក្ស​នេះ ជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ បាន​ទទួល​ស្គាល់​ដោយ​ព្រះរាជ្យក្រឹត្យ។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ជំនាញ​ឯករាជ្យ​មួយ ដោះ​ស្រាយ​ក្ដី​កង្វល់​របស់​ពលរដ្ឋ ដែល​ចង់​ទុក​ព្រៃ​ឱ្យ​គង់វង្ស៖

«បើ​យើង​និយាយ​ជា​គោលការណ៍​ច្បាប់​ ទាល់តែ​ព្រះមហាក្សត្រ​​ឡាយ​ព្រះហស្តលេខា ឆ្វៀល​ដី​តំបន់​ហ្នឹង​ចេញ​សិន ទើប​ក្រុមហ៊ុន​មាន​សិទ្ធិ​ធ្វើ​អ្វី​មួយ​លើ​ដី​ហ្នឹង​តាម​រយះ​អាជ្ញាធរ​ ឬ អាជ្ញាធរ​អាច​ផ្ដល់​ឱ្យ»

ព្រៃ​សហគមន៍​ភូមិ​ជីអោក ឬ​ហៅ​ម្យ៉ាង​ទៀត​ថា សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជីអោក បឹងព្រៃ គឺ​ជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ បាន​ចុះ​បញ្ជី​ដោយ​ព្រះរាជក្រឹត្យ​នៅ​ឆ្នាំ ១០៩៣ ដោយ​មាន​ផ្ទៃដី​ជាង ២ពាន់​ហិកតារ (.០៦០)។ ព្រៃ​សហគមន៍​នេះ​បាន​ចុះ​បញ្ជី ទទួល​ស្គាល់​ដោយ​ក្រសួង​បរិស្ថាន កាល​ពី​ឆ្នាំ២០០៣ ឋិត​ក្នុង​ភូមិ​ជីអោក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ។

អ្នកភូមិ​ថា សកម្មភាព​ឈូស​ឆាយ​ព្រៃ​អភិរក្ស​នេះ កំពុង​បំផ្លាញ​ជម្រក​សត្វព្រៃ​ រួម​មាន សត្វ​ទន្សោង ស្វា ខ្ទីង ប្រើស ក្ងោក និង​ជ្រូកព្រៃ​ជា​ដើម។

ព្រៃ​អភិរក្ស​នេះ​មាន​ដើមឈើ​កម្រ​ជិត​ផុត​ពូជ​រួមមាន ធ្នង់ សុក្រំ កកោះ គគីរ ផ្ចឹក និង​ឈើទាល រួម​ទាំង​ដើមឈើ​ដែល​ទើប​ដុះ​លូតលាស់​ធំធាត់ ក៏​កំពុង​ប្រឈម​ការ​ឈូស​ឆាយ និង​កាប់​រំលំ ឱ្យ​ក្លាយ​ជា​វាល​រហោឋាន ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន និង​ក្រុម​អ្នក​មាន​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។