ពលរដ្ឋ​ខេត្ត​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​មួយ​ថា ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​បង្ក​ផល​ប៉ះពាល់​ស្រែចម្ការ​ពួកគេ

ដោយ នៅ វណ្ណារិន
2023.12.07
ពលរដ្ឋ​ខេត្ត​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​មួយ​ថា ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​បង្ក​ផល​ប៉ះពាល់​ស្រែចម្ការ​ពួកគេ ផែនទីរួម​នៃ​តំបន់សម្បទាន​ស្វែងរុករក​រ៉ែ ដែលត្រូវប្រកាសបើកឱ្យដាក់​ពាក្យសុំជាសាធារណៈ កាលពីថ្ងៃទី១០ មករា ២០២០។
រូប៖ ក្រសួងរ៉ែ និងថាមពល

ប្រជាពលរដ្ឋ​ចំនួន​ពីរ​ឃុំ​នៅ​ស្រុក​ជ័យសែន ខេត្តព្រះវិហារ​បាន​ចោទ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​មួយ​ដែល​ពលរដ្ឋ​មិន​ស្គាល់​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ពួកគេ។ រីឯ​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា សកម្មភាព​របស់​ក្រុមហ៊ុន​មិន​បាន​បង្ក​ផល​ប៉ះពាល់​ដីស្រែ​ចម្ការ​ពលរដ្ឋ​នោះ​ទេ។

ប្រជាពលរដ្ឋ​ចំនួន​ពីរ​ឃុំ​គឺ​ឃុំ​ច្រាច់ និង​ឃុំ​ធ្មា​ស្ថិតនៅ​ស្រុក​ជ័យសែន ខេត្តព្រះវិហារ អះអាង​ថា មាន​ក្រុមហ៊ុន​មួយ​ដែល​លាក់បាំង​ឈ្មោះ​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ដីស្រែ​ចម្ការ​របស់​អ្នកភូមិ​ជា​ជនជាតិ​ដើម​ភាគតិច​កួយ​ជាច្រើន​ហិកតារ។ ពួកគេ​បន្ត​ថា ក្រុមហ៊ុន​មួយ​នេះ​មិន​ព្រម​បង្ហាញ​ឯកសារ​ស្របច្បាប់​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​នោះ​ទេ បើ​ទោះ​បី​ប្រជាពលរដ្ឋ​ទាមទារ​មើល​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​យ៉ាងណាក្ដី។

រ៉ែដែក1.jpg
ផែនទីទីតាំង​គូរអរដោណេ តំបន់​សម្បទាន​រ៉ែ សម្រាប់​ផ្ដល់​អាជ្ញាប័ណ្ណ​ស្វែងរុករកនៅ​តំបន់​ភ្នំច្រាច ស្រុកឆែប និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ កាលពីថ្ងៃទី១០ មករា ២០២០។ រូប៖ ក្រសួងរ៉ែ និងថាមពល

បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ ដែល​រស់នៅ​ឃុំ​ធ្មា លោក ស្រី ថី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ថា ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​កំពុង​រអ៊ូរទាំ​អំពី​ក្រុមហ៊ុន​ជីក​រ៉ែ​ដែក​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​ដីចម្ការ ស្វាយចន្ទី​ដំឡូង​និង​ស្វាយ​ជាដើម​។ លោក​បន្ត​ថា ពលរដ្ឋ​នៅ​តំបន់​នោះ​មិន​ហ៊ាន​ថតរូប និង​ផ្សព្វផ្សាយ​ដំណឹង​នេះ​ចេញទៅ​ខាងក្រៅ​នោះ​ទេ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​ធ្លាប់​គំរាមកំហែង​ចាប់​ដាក់គុក បើ​ពលរដ្ឋ​រូប​ណា​ហ៊ាន​ថតរូប​ក្រុមហ៊ុន​មួយ​នេះ​ថែម​ទៀត​ផង។ លោក​ព្រួយបារម្ភ​ថា ពលរដ្ឋ​នៅ​តំបន់​របស់​លោក​និង​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​នេះ​ទៀត​នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​សម្រុក​ធ្វើ​សកម្មភាព​អាជីវកម្ម​រ៉ែ​ពេញលេញ​នោះ ហើយ​ទឹកអូរ​ធម្មជាតិ​នៅ​ក្បែរ​នោះ​ក៏​មិន​អាច​ប្រើប្រាស់​បាន​ទៀត​នោះ​ទេ ពីព្រោះ​ពួកគេ​បង្ហូរទឹក​កខ្វក់​ចូល។

លោក ស្រី ថី៖ «យើង​ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​មិនមែន​ឱ្យ​បង្កើត​ទៀត​ទេ​ចង់ឱ្យ​បញ្ឈប់​បណ្ដោយ​លុប​អាជ្ញាប័ណ្ណ​ហ្នឹង​ចោល ហើយ​ដក​ក្រុមហ៊ុន​នឹង​ចេញ បើ​មិន​អ៊ី​ចុះ​ទេ ប្រជាពលរដ្ឋ​យើង​រងគ្រោះ​បំផុត ហើយ​ទី​១​បាត់បង់​ដំណាំ​ដាំ​ដុះ ដែល​គាត់​ដាំ​បាន ទី​២​បើសិនណា​ក្រុមហ៊ុន​នៅ​កន្លែង​នោះ​បង្ហូរ​កាក​សំណល់​ពី​ការ​ចម្រាញ់​រ៉ែ ហ្នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ឬ​ក៏​សត្វ​ដែល​រស់នៅ​ទីនោះ​ដែរ»

លោក ស្រី ថី បន្ថែម​ទៀត​ថា កម្មករ​ក្រុមហ៊ុន​បាន​អះអាង​ថា ទំហំ​ផ្ទៃដី​ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​នេះ​មាន​ចំនួន​ ២​ម៉ឺន​ហិកតារ ក្រៅ​ពី​ប៉ះពាល់​ដី​របស់​ពលរដ្ឋ​ហើយ​នោះ ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ថែម​ទៀត។

ជុំវិញ​រឿង​នេះ​មេឃុំ​ធ្មា​លោក យ៉ែម គឹម ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ដោយ​លោក​សំអាង​ថា​ក្រុមហ៊ុន​នេះ​មិន​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ឡើយ ហើយ​បច្ចុប្បន្ន​ពលរដ្ឋ​នៅ​ឃុំ​ធ្មា មិន​ទាន់​ប៉ះពាល់​នោះ​ទេ។

លោក យ៉ែម គឹម៖ «ហើយ​គេ​កំពុង​ធ្វើ​សព្វថ្ងៃ​នៅ​ស្រុក​ឆែប​ទេ អត់​មាន​ស្រុក​ជ័យសែន​ទេ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​នៅ​ធ្មា​គាត់​ទៅ​អាស្រ័យ​ផល នៅ​ដី​គាត់​នៅ​ស្រុក​ឆែប​ដឹង​ដោយសារ​គេ​នៅ​ធ្វើ​នៅ​ស្រុក​នោះ​ឡើយ​មិន​ទាន់​ប៉ះពាល់​ប្រជាពលរដ្ឋ​ខ្ញុំ​ទេ»

បើ​ទោះបី​អាជ្ញាធរ​និយាយ​ការពារ​ក្រុមហ៊ុន​មួយ​នេះ​ក្ដី ក៏​ប្រជាពលរដ្ឋ​ទាំងពីរ​ឃុំ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បញ្ឈប់​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​នេះ​ចោល និង​ដកហូត​អាជ្ញាប័ណ្ណ​មកវិញ ពី​ព្រោះ​ក្រុមហ៊ុន​មួយ​នេះ​មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​និង​មិន​មាន​សំណង​ដល់​ប្រជា​ពលរដ្ឋ​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​លោក អ៊ឹង ឌីប៉ូឡា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។ ចំណែក​អភិបាលខេត្ត​ព្រះវិហារ​លោក គឹម រិទ្ធី និង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ព្រះវិហារ លោក ស៊ុន ច័ន្ទរក្សា ក៏​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន យល់​ឃើញ​ថា កន្លង​ទៅ​មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មួយ​ចំនួន​ធំ មិន​បាន​សិក្សា​វាយតម្លៃ​អំពី​ប៉ះពាល់​និង​គ្រប់គ្រង​សារធាតុ​គីមី​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ហើយ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​កម្មករ និង​ប៉ះពាល់​ជីវចម្រុះ​ព្រមទាំង​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ​ថែមទៀត។ លោក​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចុះ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ប្រសិនបើ​ក្រុមហ៊ុន​មួយ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ពិតមែន​រដ្ឋាភិបាល​ត្រូវតែ​បញ្ឈប់​អាជីវកម្ម និង​ដាក់​ទោស​ទណ្ឌ​ទៅ​តាម​ច្បាប់។

លោក អូត ឡាទីន៖ «រដ្ឋាភិបាល​គួរតែ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ហ្នឹង​ធ្វើការ​ទទួលខុសត្រូវ​ទៅ​លើ​បញ្ហា​ប្រឈម​ដែល​កើតមាន​ខ្ញុំ​យល់ថា​បើសិនជា​រក​ឃើញ​ថា ក្រុមហ៊ុន​អនុវត្ត​ខុសពី​កិច្ចសន្យា​រវាង​ក្រុមហ៊ុន និង​ភាគី​រដ្ឋាភិបាល​រដ្ឋាភិបាល​គួរតែ​បញ្ចប់​កុងត្រា​ហើយ​បញ្ឈប់​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ធ្វើ​ប្រតិបត្តិការ​តែម្ដង»

កាលពី​ថ្ងៃ​២១ ខែ​វិច្ឆិការដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​លោក​កែវ រតនៈ​លើកឡើងថា រដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​បានសម្រេច​មិន​ចេញ​អាជ្ញា​បណ្ណែ​ធនធាន​រ៉ែ​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់​ឱ្យ​ក្រុមហ៊ុន​ឯកជន​បន្ថែម​ទៀត​នោះ​ទេ។

ទោះ​យ៉ាងណា​អង្គការ​អន្តរជាតិ​ឈ្មោះ Bruno Manser Fonds ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស (Switzerland) បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​អាជ្ញា​បណ្ណែ​ក្រុមហ៊ុន​រ៉ែ ហើយ​ហាមឃាត់​គម្រោង​អាជីវកម្ម​រ៉ែ​ធំៗ​នៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់។ អង្គការ​អន្តរជាតិ​មួយ​នេះ​រក​ឃើញ​ថា ការជីក​យក​រ៉ែ​មាស​ការ​កាប់​ឈើ​ខុសច្បាប់​ការ​ជីក​យក​រ៉ែ​ថ្មកំបោរ​ការ​អភិវឌ្ឍ​ខ្សែ​បញ្ជូន និង​ការ​បរបាញ់ បាន​បង្ក​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ព្រៃឈើ និង​ជីវិត​រស់នៅ​របស់​ប្រជាជន​នៅក្នុង​តំបន់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។