សកម្មជនព្រៃឡង់ខេត្តស្ទឹងត្រែងចាត់ទុកសេចក្តីសម្រេចសាលាឧទ្ធរណ៍ត្បូងឃ្មុំក្នុងវិវាទជាមួយមន្ត្រីបរិស្ថានជារឿងអយុត្តិធម៌
2024.04.06
(រូបឯកសារ) លោក អ៊ុក ម៉ៅ ជាជនជាតិកួយ នៅភូមិឆ្នាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ផ្ដល់សម្ភាសន៍ដល់វិទ្យុអាស៊ីសេរី អំពីបញ្ហាព្រៃឈើ នៅតំបន់ឡង់ កាលពីចុងឆ្នាំ២០១៦។
សកម្មជនការពារព្រៃឡង់ខេត្តស្ទឹងត្រែងចាត់ទុកសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំក្នុងរឿងវិវាទជាមួយប្រធានមន្ទីរបរិស្ថានខេត្តនេះ គឺលោក ស្រេង ជាហេង ជារឿងអយុត្តិធម៌ និងបើកផ្លូវឱ្យមន្ត្រីខិលខូចមួយចំនួនប្រព្រឹត្តកំហុសដដែលៗមិនអនុវត្តច្បាប់ព្រៃឈើ។
សកម្មជនការពារព្រៃឡង់ខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ មេសាថា លោកនឹងប្តឹងទាស់ទៅតុលាការកំពូលនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ បន្ទាប់ពីសាលាឧទ្ធរណ៍ត្បូងឃ្មុំសម្រេចឱ្យលោកចាញ់ក្តីក្នុងសំណុំរឿង ដែលប្រធានមន្ទីរបរិស្ថាន លោក ស្រេង ជាហេង ប្រើល្បិចប្តឹងលោកដើម្បីគំរាមឱ្យលោកឈប់រិះគន់អាជ្ញាធរ មិនអនុវត្តច្បាប់ព្រៃឈើ។
លោករំពឹងថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ក្នុងសំណុំរឿងនេះ ព្រោះលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។
លោក អ៊ុក ម៉ៅ៖ «ផ្តាំផ្ញើទៅតុលាការផង បើកាត់ទោសពលរដ្ឋណាមួយ ពិនិត្យដល់ទីតាំងផង មិនដឹងកាត់ទោសឱ្យគេជាប់គុកច្រវាក់។ ខ្ញុំមិនបានប្រព្រឹត្តផង បែរជាកាត់ទោសខ្ញុំជាប់។ មានតែប្រធានមន្ទីរបរិស្ថាន ស្រេង ជាហេង ការពារព្រៃ ព្រៃកាន់តែអស់។ ឱ្យតែអ្នកការពារព្រៃជាប់គុកច្រវាក់ វាស្រណុក បំផ្លាញព្រៃដោយស្រួល»។
កាលពីថ្ងៃទី៥ ខែមេសា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ពេជ្រ ចិន្តា បានប្រកាសសាលដីកា សម្រេចឱ្យ លោក អ៊ុក ម៉ៅ ចាញ់ក្តី ហើយចាត់ទុកសាលក្រមរបស់សាលាដំបូងខេត្តស្ទឹងត្រែងចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ជាសាលក្រមបានការ។
កាលពីខែកញ្ញា ឆ្នាំ២០២៣ ប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តស្ទឹងត្រែង លោក ផុន វណ្ណា បានសម្រេចឱ្យសកម្មជនការពារព្រៃឈើរូបនេះ ជាប់ពន្ធនាគារ៥ ឆ្នាំ ពីបទកាប់គាស់រុករានដីព្រៃមកធ្វើជាកម្មសិទ្ធិ ដែលប្រព្រឹត្តឡើងក្នុងភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោក អ៊ុក ម៉ៅ បកស្រាយថា ដីដែលមន្ត្រីបរិស្ថានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅចំណុចអូរចំរាស់ ពុំមែនជាដីកម្មសិទ្ធិរបស់លោកនោះទេ គឺជាដីរបស់ឈ្មោះ វែន វុទ្ធី និងឈ្មោះ វ៉ន ថា។
លោកថា កន្លងទៅមន្ត្រីបរិស្ថាន បានឃាត់ខ្លួនពលរដ្ឋទាំងនេះ ដែលអាស្រ័យផល នៅទីតាំងដីក្នុងតំបន់នោះ ហើយបង្ខំឱ្យបង់ប្រាក់វិន័យ ក្នុងម្នាក់ៗជិត ៨លានរៀល សរុបជិត ១៦លានរៀល ឬស្មើ ជិត ៤ពាន់ដុល្លារ (៤.០០០) ជាថ្នូរដោះលែងឱ្យរួចខ្លួន។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការអធិប្បាយរឿងនេះ ពីដើមបណ្តឹងជាប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង បាននៅឡើយទេនៅថ្ងៃទី៥ ខែមេសា។
ចំណែក ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ លោក កុល បុន ប្រាប់វិទ្យុអាស៊ីសេរីថា ដរាបណាសាលដីកាមិនទាន់សម្រេចជាស្ថាពរ លោក អ៊ុក ម៉ៅ នៅតែអាចក្រៅឃុំបានធម្មតា។
លោកបញ្ជាក់ថា សាលាឧទ្ធរណ៍បានសម្រេចក្តីដោយយុត្តិធម៌ ផ្អែកលើភាពត្រឹមត្រូវ អង្គហេតុ និងអង្គច្បាប់ ប្រសិនបើជនជាប់ចោទមិនប្រព្រឹត្តកំហុសដូចការចោទប្រកាន់ គឺគ្មានទោសឡើយ។
លោក កុល បុន៖ «ឃើញខុសខ្ញុំថា ខុសហើយ ឃើញត្រូវខ្ញុំសន្និដ្ឋានឱ្យរួច ដើម្បីរកយុត្តិធម៌ ភាគីណាក្តីឱ្យតែត្រឹមត្រូវគេសម្រេចរកយុត្តិធម៌ហើយ»។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (Adhoc) ខេត្តស្ទឹងត្រែង លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញថា សកម្មជនការពារព្រៃឈើ តែងតែប្រឈមការធ្វើទុក្ខបុកម្នេញ ដាក់ពន្ធនាគារ និងជាប់បណ្តឹងនៅតុលាការ ខណៈដែលពួកគេគ្រាន់តែប្រើសិទ្ធិក្នុងនាមជាពលរដ្ឋការពារប្រយោជន៍ជាតិស្របតាមរដ្ឋធម្មនុញ្ញ។
លោកថា អ្នកដែលបំផ្លាញព្រៃឈើ និងមន្ត្រីខិលខូចខ្លះ ដែលប្រព្រឹត្តអំពើពុករលួយ នៅតែរស់នៅក្រៅសំណាញ់ច្បាប់ ដោយគ្មានចំណាត់ការនៅឡើយទេ។
លោក ប៉ែន ប៊ុណ្ណារ៍៖ «ភាពអយុត្តិធម៌មានន័យថា គាត់ជាសកម្មជនការពារព្រៃឈើតំបន់ការពារធនធានធម្មជាតិបែរជាទទួលរង បណ្តឹងពីនគរបាលយុត្តិធម៌។ មន្ត្រីនគរបាលមិនបានអនុវត្តមានន័យថា ស្មើភាពគ្នាចំពោះមុខច្បាប់»។
សកម្មជនការពារព្រៃឈើ លោក អ៊ុក ម៉ៅ បន្ថែមថា លោកស៊ូប្តូរជីវិត មិនខ្លាចការគំរាមកំហែង តាមប្រព័ន្ធតុលាការនោះទេ ខណៈដែលព្រៃឈើក្នុងតំបន់ព្រៃឡង់ជាច្រើនពាន់ហិកតារនៅតែបាត់បង់។
មកទល់ពេលនេះសកម្មជនការពារព្រៃឡង់រូបនេះ ជាប់បណ្តឹងនៅតុលាការ ៣ សំណុំរឿងមកហើយ ដែលមន្ត្រីបរិស្ថានគឺជាដើមបណ្តឹង។
កាលពីឆ្នាំ២០២៣ សាលាឧទ្ធរណ៍ត្បូងឃ្មុំ សម្រេចដោះលែងសកម្មជនការពារព្រៃឈើ ខេត្តរតនគិរី លោក ឆន ផល្លា រួចផុតបទចោទប្រកាន់ បន្ទាប់ពីតុលាការខេត្តរតនគិរីបានឃុំខ្លួនគាត់អស់រយៈពេលជាង ២ឆ្នាំ ដោយគ្មានកំហុស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។









