ពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំងស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហាសំរាមនៅតាមមាត់ទន្លេ
2023.11.18
ពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំងបារម្ភពីបញ្ហាបោះចោលសំរាមយ៉ាងអនាធិបតេយ្យ នៅតាមមាត់ទន្លេសាប ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពពលរដ្ឋរស់នៅក្បែរនោះ។ សកម្មជនបរិស្ថានថា បញ្ហាសំរាមកើតមានស្ទើរតែគ្រប់កន្លែង ដោយសារតែអាជ្ញាធរពាក់ព័ន្ធពុំមានឆន្ទៈដោះស្រាយឱ្យបានត្រឹមត្រូវ។
ការទុកដាក់សំរាមពុំបានត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ពលរដ្ឋ ដែលប្រើប្រាស់ទឹកទន្លេសាបជាប្រចាំ។ គេសង្កេតឃើញថា បញ្ហាសំរាមដែលបោះចោលយ៉ាងអនាធិបតេយ្យភាគច្រើន នៅក្បែរផ្សារក្រោម ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយពុំឃើញមានអាជ្ញាធរអើពើចុះមកដោះស្រាយនោះឡើយ។
ពលរដ្ឋម្នាក់ដែលនៅក្បែរគំនរសំរាមបោះចោល ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាប់នឹងមាត់ទន្លេសាប ប្រាប់វិទ្យុអាស៊ីសេរីថា គំនរសំរាមជាច្រើនទាំងនេះ កើតឡើងដោយសារតែពលរដ្ឋបោះចោលខ្លះ និងអណ្ដែតមកពីតាមទឹកទន្លេខ្លះ។ លោកថា អស់រយៈពេលជាច្រើនឆ្នាំហើយ ពុំដែលឃើញអាជ្ញាធរចុះមកទប់ស្កាត់ ឬដោះស្រាយឱ្យបានត្រឹមត្រូវនោះទេ។
លោក ប៊ុន ឈៀវ ជាពលរដ្ឋលក់ស្មាច់នៅនឹងមាត់ទន្លេសាប។
«តាំងពីខ្ញុំមកនៅនេះ អត់ដែលឃើញអាជ្ញាធរចុះមកផង បើអ្នកដែលបើកឡានយកសំរាមតាមផ្ទះ មកយកធម្មតា ដល់ពេលអ៊ីចឹងអត់ដែលឃើញនរណាមកប្រមូលស្អាត។ ពេលមុនឃើញពង្រាយ ទើបខ្ញុំយករនាស់.ដាក់ជាគំនរៗទៅ ក្រែងលោមានឡានគេចេញទៅយើងដុតចោលទៅ។ បើកន្លែងលក់ដូរយើងមានសំរាមច្រើនគ្មាននរណាគេ មកទេ តែកន្លែងណាស្អាតគេមកកន្លែងនឹងហើយ»។
បញ្ហាសំរាមនៅតាមមាត់ទន្លេ គេសង្កេតឃើញថា ភាគច្រើនកើតឡើង ដោយសារតែពលរដ្ឋនៅលើគោក បោះចោល ពុំបានដាក់ក្នុងធុងសំរាមត្រឹមត្រូវ ចំណែកមួយផ្នែកទៀត កើតឡើង ដោយសារតែពលរដ្ឋវៀតណាម ឥស្លាម និង ពលរដ្ឋខ្មែរមួយចំនួន ដែលរស់នៅលើផ្ទះបណ្ដែតទឹកលើទន្លេសាប បោះចោលតាមតែអំពើចិត្ត។
ពលរដ្ឋម្នាក់ទៀត ជាអ្នកលក់ដូរនៅផ្សារក្រោម ហើយប្រើប្រាស់ទឹកទន្លេសម្រាប់ងូត និងដាំបាយជាប្រចាំ លើកឡើងថា ពលរដ្ឋភាគច្រើនពួកគាត់ពុំសូវយល់ដឹងពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយពួកគេពុំសូវខ្វល់ខ្វាយពីផលប៉ះពាល់បរិស្ថាននោះទេ។ លោកថា ចំណែកសំរាមទាំងនោះគេបោះចោលឱ្យហូរទៅតាមទឹក នៅពេលមានទឹកហូរខ្លាំងម្ដងៗ។
លោកស្រី សុក ស្រីជាតិ៖ «បើមនុស្សយើងកើតជំងឺនេះ ជំងឺនោះមកមិនងាប់មនុស្ស វាមានមេរោគនេះ មេរោគនោះ បើបានល្អទាំងគ្នាអ៊ីចឹង បានសុខភាពល្អទាំងគ្នាហ្នឹងហើយ វាអត់មានខុសថា ធ្វើកន្លែងនេះស្អាត កន្លែងនោះអត់ស្អាត កន្លែងនោះឈឺ កន្លែងនេះអត់ឈឺ វាឆ្លងទាំងអស់គ្នានោះឯង វាមិនមែនអត់ឯណា វាត្រូវមាន ប៉ុន្តែយើងអត់ហ៊ាននិយាយកន្លែងគេ យើងអត់ហ៊ាននិយាយទេ»។
ជុំវិញរឿងនេះ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ ខែវិច្ឆិកា ថា លោកទទួលស្គាល់ពិតជា មានករណីការចោលសំរាមនៅតាមមាត់ទន្លេសាបមែន ក៏ប៉ុន្តែ ពុំមានច្រើននោះទេ។
លោក ស៊ុន សុវណ្ណារិទ្ធ៖ «យើងកំពុងតែរៀបចំដើម្បីដឹកចេញ ហើយសំរាមនៅតាមដងទន្លេហ្នឹង ដោយសារទី១ សំរាមដែលគាត់លក់ដូរ យើងដាក់ធុងសំរាមឱ្យគាត់ហើយ តែគាត់បងប្អូនមួយចំនួនគាត់ទិញហូបហើយគាត់បោះចោល នៅពេលគាត់ឡើងស្រឡាង គាត់បោះចោល ប៉ុន្តែយើងនឹងណែនាំគាត់។ ខ្ញុំឱ្យអ្នកទទួលបន្ទុកខាងកំពង់ផែ ឱ្យពិនិត្យមើលរៀងរាល់អាទិត្យ កើបចេញ នៅពេលដែលសំរាមវានៅច្រើន វាហូរមកពីលើ ខ្យល់វាមកខែនេះសំរាមវាហូរមកពីទន្លេសាប អ៊ីចឹងវាហូរមកពីលើមកបណ្ដាឱ្យស្ទះ»។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា ប្រាប់វិទ្យុអាស៊ីសេរីថា បញ្ហាសំរាមកើតឡើងនៅតំបន់ទន្លេសាបខេត្តកំពង់ឆ្នាំងនេះ ពុំមានជារឿងថ្មីនោះទេ។ កញ្ញាថា បញ្ហានេះកើតឡើងស្នើតែគ្រប់ទីកន្លែង ហើយអាជ្ញាធរពាក់ព័ន្ធគួរតែដោះស្រាយឱ្យបានត្រឹមត្រូវ នៅចាំតែពលរដ្ឋស្នើ ឬរង់ផលប៉ះពាល់ខ្លាំងទើបដោះស្រាយ។
កញ្ញា ឡុង គន្ធា៖ «ជាពិសេសសំរាមនៅក្នុងទឹក យើងឃើញកន្លងមកមានបញ្ហាជាច្រើន។ ខ្ញុំយល់ថាអាជ្ញាធរគួរតែរៀបចំកន្លែងសម្រាប់ទុកដាក់សំរាមហ្នឹង ឱ្យបានត្រឹមត្រូវ តាមប្រភេទនៃសំរាម តាមរយៈនៃការបែងចែក ហើយក្រុមហ៊ុនដែលធ្វើការប្រមូលសំរាមទៀតសោត វាគួរតែមានក្រុមហ៊ុនច្រើន វាមិនមែនមានតែក្រុមហ៊ុន តែមួយ ឬពីរ ព្រោះថាកាលណាមានក្រុមហ៊ុនច្រើន ការប្រកួតប្រជែងគ្នា សេវាកម្មអី វាមានភាពល្អប្រសើរជាជាងក្រុមហ៊ុនមានតែមួយ»។
ពលរដ្ឋភាគច្រើននៅខេត្តកំពង់ឆ្នាំងតាមដងទន្លេ ពួកគេចង់ឃើញអាជ្ញាធរខេត្តចាត់វិធានការ ឬពិន័យជាប្រាក់ដល់ជនណាដែលបោះចោលសំរាម តាមទីសាធារណៈ និងក្នុងទឹកទន្លេឱ្យមានប្រសិទ្ធភាព ជាពិសេសពលរដ្ឋវៀតណាម ដែលរស់នៅលើផ្ទះបណ្ដែតទឹក គេតែងតែឃើញបោះចោលសំរាមតាមតែអំពើចិត្ត ធ្វើឱ្យប៉ះពាល់បរិស្ថាន និងសុខភាពពលរដ្ឋ ដែលប្រើប្រាស់ទឹកទន្លេជាប្រចាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។