ជនជាតិ​ដើម​សួយ​នៅ​ខេត្តកំពង់ស្ពឺ​ជាង ៣០០គ្រួសារ ត្អូញ​អំពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ធ្ងន់ធ្ងរ ដោយសារ​បាត់​ព្រៃ​សហគមន៍

ដោយ សេក បណ្ឌិត
2024.09.12
ជនជាតិ​ដើម​សួយ​នៅ​ខេត្តកំពង់ស្ពឺ​ជាង ៣០០គ្រួសារ ត្អូញ​អំពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ធ្ងន់ធ្ងរ ដោយសារ​បាត់​ព្រៃ​សហគមន៍ (រូបថត​ឯកសារ) ទិដ្ឋភាព​ជនជាតិ​ដើម​ភាគ​តិច​សួយ ខេត្តកំពង់ស្ពឺ​ធ្វើ​ពិធី​បុណ្យភូមិ កាល​ពី​ខែកញ្ញា ឆ្នាំ២០២៣។
រូបពីពលរដ្ឋសហគមន៍សួយ

ជនជាតិ​ដើម​ភាគតិច​សួយ​ជាង ៣០០គ្រួសារ​ រស់​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ត្អូញត្អែរ​អំពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ធ្ងន់ធ្ងរ ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​របស់​ពួក​គាត់​ធ្លាក់​ខ្លួន​ក្រីក្រ​ ដោយសារ​បាត់បង់​ព្រៃឈើ និង​មិន​អាច​ចូល​ទៅ​អាស្រ័យផល​ ក្នុង​តំបន់​ព្រៃ​សមូហភាព​សហគមន៍​ភ្នំវិហារ។

ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​នោះ រស់​នៅ​ភូមិ​ជំនាប់ និង​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទប​ ស្រុក​ឱរ៉ាល់ ព្រមាន​លើក​គ្នា​តវ៉ា ដើម្បី​តស៊ូ​មតិ​ជា​ថ្មី​ទៀត​ ប្រសិន​បើ​អាជ្ញាធរ​នៅតែ​ពន្យារ​ពេល មិន​ចុះ​បញ្ជី​ដី​សមូហភាព​ភ្នំ​វិហារ​ ដែល​ជា​តំបន់​ប្រវត្តិ​សាស្ត្រ​ជនជាតិ​ដើម​សួយ​តាំង​ពី​បុរាណ​កាល​មក។

ប្រជា​សហគមន៍​អះអាង​ថា ការ​ពន្យារ​ពេល​មិន​ចុះ​បញ្ជី​ដី​សមូហភាព​ជិត ១០ឆ្នាំ​កន្លង​ទៅ​នេះ ផ្ដល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​ឯកជន និង​បុគ្គល​មាន​លុយ​មាន​អំណាច​ចូល​ទៅ​ឈូស​ឆាយ កាប់​ទន្ទ្រាន​ព្រៃឈើ និង​រំលោភ​យក​ដី​ព្រៃ​សហគមន៍​ជា​បន្ត​បន្ទាប់​ ប៉ះពាល់​ដល់​ប្រភព​ចំណូល​របស់​សហគមន៍។

សមាជិក​សហគមន៍​លោក ទូច ខ្លុំ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១២ កញ្ញា​ថា ពេលនេះ​អ្នក​ភូមិ​មិន​អាច​ចូល​ទៅ​អាស្រ័យ​ផល ក្នុង​ដី​សហគមន៍​ភ្នំវិហារ​បាន​ទេ ព្រោះ​អាជ្ញាធរ​រារាំង ធ្វើ​ឱ្យ​ពួក​គាត់​ជួប​ការ​លំបាក គ្មាន​ព្រៃ​អាស្រ័យផល និង​ខ្វះខាត​ដី​បង្ក​បង្កើន​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​ថា អ្នកភូមិ​ភាគច្រើន​ធ្លាក់​ខ្លួន​ក្រីក្រ​តោក​យ៉ាក ដោយសារ​បាត់បង់​ដី​ចម្ការ​វិល​ជុំ​ និង​ដើម​ឈើ​ធំៗ ដែល​ពួកគាត់​មាន​ទម្លាប់​ពឹង​ផ្អែក​លើ​ធនធាន​ធម្មជាតិ​ បែប​ប្រពៃណី។

លោក ទូច ខ្លុំ៖ «មាន​ក៏​មាន​តែ​ម្ដុំ​ហ្នឹង ប៉ុន្តែ​ដល់​គេ​យក​អស់​ទៅ​យើង​វិល​ជុំ​អ៊ីចឹង​យក​ម៉េច​កើត។ ព្រោះ​បំណង​របស់​គាត់​គាត់​ចង់​តែ​ទុក​ព្រៃឈើ​ឲ្យ​កូន​ចៅ​មើល​ ប៉ុន្តែ​គេ​កាប់​អស់​អញ្ចឹង​គឺ​គាត់​ពិបាក​ចិត្ត​ហួស​ពី​ការ​ស្មាន​នឹង​និយាយ​ទៅ​ម្នាក់ៗ»

ដី​ព្រៃ​សមូហភាព​សហគមន៍​ភ្នំវិហារ​មាន​ផ្ទៃ​ដី​ជាង ១ពាន់ ៦រយ​ហិកតារ (.៦៦០) ឋិត​ក្នុង​ភូមិ​ចំនួន២ គឺ​ភូមិ​ជំនាប់ និង​ភូមិដំបង​វេញ ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ ដែល​អ្នកភូមិ​បាន​ស្នើ​សុំ​ចុះ​បញ្ជី​សមូហភាព​កាល​ពី​ឆ្នាំ២០១៦ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ​អាជ្ញាធរ​មិន​ទាន់​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ។

អ្នកភូមិ​ថា ព្រៃស្រោង​នៅ​តំបន់​នោះ​មួយ​ផ្នែក​ធំ​ ត្រូវ​បាន​រដ្ឋាភិបាល​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន និង​បុគ្គល​មាន​លុយ​មាន​អំណាច​ជា​ច្រើន​រាប់​ម៉ឺន​ហិកតារ​ ធ្វើ​ឱ្យ​បាត់បង់​កន្លែង​រក​អនុផល​ព្រៃឈើ​របស់​ជនជាតិ​ដើម​ភាគ​តិច​សួយ​ជា​បន្ត​បន្ទាប់។

តំណាង​សហគមន៍ លោកស្រី កែប អឹម ថ្លែង​ថា ជនជាតិ​ដើម​ភាគ​តិច​សួយ​មាន​ទម្លាប់​រក​អនុផល​ព្រៃឈើ រួមមាន រក​ផ្សិត រក​ថ្នាំ​បុរាណ រកអុស និង​បេះ​បន្លែ​ផ្លែឈើ តាំង​ពី​បុរាណ​កាល​មក ក៏​ប៉ុន្តែ​មុខ​របរ​ទាំង​នេះ កំពុង​ប្រឈម​បាត់​បង់​ទាំង​ស្រុង ដោយសារ​តែ​ខ្សត់​ព្រៃ​ស្រោង។

លោក​ស្រី​ថា ពេល​នេះ ជន​ជាតិ​ដើម​សួយ ២ភូមិ ភាគ​ច្រើន​ខ្វះខាត​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត។

លោកស្រី កែប អឹម៖ «ចាស៎ ខ្វះ បើ​គេ​ប្រុង​កាត់​យក​អស់​ហើយ ព្រោះ​ចម្ការ​ពី​ដើម​របស់​ខ្ញុំ ធ្វើ​វិល​ជុំ​ហ្នឹង លី យ៉ុងផាត់ គេ​យក​អស់​ហើយ។ អត់​មាន​ទេ! អត់​ទទេ​គត់​ហ្មង! ដូច​ខ្ញុំ​អី​អត់​អា​លីង​ហ្មង​វេទនា​ខ្លាំង​អត់​ដី​នៅ ណា​មួយ​ម៉ែ​ចាស់​ហើយ​អត់​មាន​ដី​នៅ​ទើប​ឲ្យ​ខ្ញុំ​ចេះ​តែ​ស្នើ​ទៅ​ថ្នាក់​លើ​ទៅ​ក្រែង​បាន​ដាំ​ស្រូវ​ខ្លះ»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១២ កញ្ញា ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ក៏​ប៉ុន្តែ មេឃុំ​សង្កែ​សាទប លោក ណន សារុន ប្រាប់​វិទ្យុ​អាស៊ី​ថា ថ្មីៗ នេះ ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ចុះ​មក​ កំណត់​អត្ត​សញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច​សួយ​រួច​ហើយ ដើម្បី​បំពេញ​លក្ខ​ខណ្ឌ​ចុះ​បញ្ជី​ដី​សមូហភាព​សហគមន៍​ភ្នំវិហារ។

លោក​បន្ថែម​ថា ព្រៃឈើ​នៅ​តំបន់​នោះ ហ៊ុមព័ទ្ធ​ដោយ​តំបន់​ភ្នំ ហើយ​អាជ្ញាធរ​ និង​ក្រុមហ៊ុន​ឯកជន កំពុង​ប្រឹងប្រែង​ការពារ​ព្រៃឈើ​បន្សល់​ចុង​ក្រោយ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ មិន​អនុញ្ញាត​ឱ្យ​មាន​ការ​កាប់​ទន្ទ្រាន​ឡើយ។

លោក ណន សារុន៖ «បើ​អត់​កាន់​កាប់ ហើយ​ត្រូវ ក៏​វា​ដោះ​ល្អ ហើយ​ដើម​ឈើ​ធំៗ ឥឡូវ ត្រូវ​គេ​កាប់​អស់ បើ​ក្រុមហ៊ុន​មិន​ជួយ​ការពារ យើង​យើង​ជួយ​ការពារ ខ្ញុំ​មិន​គាំទ្រ​តាំង​ពី​នយោបាយ​របស់​ឃុំ​មក​ម៉្លេះ។ ប៉ុន្តែ គ្រាន់​ថា ដី​យើង​មិន​ទាន់​បាន​ចុះ​បញ្ជី​ជា​ផ្លូវការ»

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សង្កេត​ឃើញ​ថា អំពើ​ពុក​រលួយ ធ្វើ​ឱ្យ​អាជ្ញាធរ​ខិល​ខូច​មួយ​ចំនួន យក​លេស​ដោះសា ដើម្បី​ពន្យារ​ពេល​ចុះ​បញ្ជី​ដី​សមូហភាព ធ្វើ​ឱ្យ​ប្រជា​សហគមន៍​ជួប​ការ​លំបាក​ច្រើន ផ្នែក​ជីវភាព និង​ការ​បាត់បង់​ទំហំ​ព្រៃឈើ។

លោក ប៉ែន ប៊ុណ្ណា៍៖ «បើ​និយាយ​មែន​ទែន​ទៅ វា​ជា​កំហុស​មួយ​របស់​អាជ្ញាធរ ដែល​មិន​បាន​ការពារ​ព្រៃឈើ ដែល​ក្នុង​នោះ​បង្កប់​អំពើ​ពុក​រលួយ ដែល​ធ្វើ​ឲ្យ​មាន​ការ​កាប់​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ មក​ទល់​ពេល​នេះ ទោះ​បី​មាន​ការ​កែ​ត្រូវ​ទម្រង់​រដ្ឋាភិបាល​ថ្មី ក៏​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​បាត់បង់​ព្រៃឈើ អត់​ទាន់​ដាក់​បន្ទុក​ទៅ​លើ​មន្ត្រី​យុត្តិធម៌​ណា​ម្នាក់​ច្បាស់​ទេ»

ប្រជា​សហគមន៍​បន្ថែម​ថា ព្រៃ​អភិរក្ស​នេះ ជា​ជង្រុក​អនុផល​ព្រៃឈើ​សំបូរ​បែប​របស់​ជនជាតិ​ដើម​សួយ និង​ជា​កន្លែង​គោរព​បូជា​អារក្ស​អ្នកតា​ភ្នំ ដោយ​មាន​ទឹក​អូរ​ធម្មជាតិ​សំបូរ​ត្រី ទឹក​ផុស​ចេញ​ពី​ល្អាង​ភ្នំ និង​ព្រៃ​ជំនឿ ដែល​អ្នក​ស្រុក​ធ្វើ​ពិធី​សែន​ព្រេន​ជា​រៀង​រាល់​ឆ្នាំ។

ពួកគាត់​ទទូច​ឱ្យ​រដ្ឋាភិបាល បោះ​បង្គោល​ព្រំ​ដី កំណត់​ដី​សមូហភាព​សហគមន៍​ភ្នំវិហារ ដើម្បី​ទប់ស្កាត់​ការ​លួច​ឈូស​ឆាយ និង​កាប់​ទន្ទ្រាន​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន ព្រម​ទាំង​អ្នក​មាន​លុយ​មាន​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។