មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​បារម្ភ​ថា រោងចក្រ​កាត់ដេរ​មួយ​ចំនួន​នៅ​កម្ពុជា​រួម​ចំណែក​បំផ្លាញ​ព្រៃឈើ

ដោយ ជាតិ ចំណាន
2021.12.06
Share on WhatsApp
Share on WhatsApp
មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​បារម្ភ​ថា រោងចក្រ​កាត់ដេរ​មួយ​ចំនួន​នៅ​កម្ពុជា​រួម​ចំណែក​បំផ្លាញ​ព្រៃឈើ រោងចក្រកាត់ដេរ​មួយ​កន្លែង​នៅ​ខេត្ត​ស្វាយរៀង​។
Photo courtesy of CUMW

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកការពារ​បរិស្ថាន ព្រួយ​បារម្ភ​អំពី​សកម្មភាព​របស់​រោង​ចក្រ​កាត់ដេរ​មួយចំនួន​នៅ​កម្ពុជា​រួមចំណែក​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​បំពុល​បរិយាកាស​។ ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ផ្នែក​បរិស្ថាន ម៉ុនហ្កាបេ (Mongabay) ចេញផ្សាយ​អត្ថបទ​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា រោងចក្រ​កាត់ដេរ​រាប់​រយ​ក្នុង​ប្រទេស​កម្ពុជា ដែល​ផលិត​សម្លៀកបំពាក់​សម្រាប់​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ​នៅ​លើ​ពិភព បាន​ប្រើប្រាស់​ព្រៃឈើ ដែល​ប្រមូល​ពី​តំបន់​ជាច្រើន ជាពិសេស​ឧទ្យានជាតិ​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ បើ​ទោះ​ខុសច្បាប់​របស់​កម្ពុជា​ក៏ដោយ ដើម្បី​ផលិត​អគ្គិសនី។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកការពារ​បរិស្ថាន​យល់ថា​ឧស្សាហកម្ម​កាត់ដេរ​ដែល​ពឹង​ផ្អែកលើ​ព្រៃឈើ​កំពុង​គំរាម​កំហែង​ដល់​ការ​ប្តេជ្ញា​រួម​របស់​សន្និសីទ​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ លើក​ទី២៦ (COP26) នា​ពេល​ថ្មីៗ​ នេះ ដើម្បី​បញ្ឈប់ និង​កែប្រែ​ឡើងវិញ​នូវ​ការ​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ និង​ការ​រេចរឹល​ដី ត្រឹម​ឆ្នាំ​២០៣០។ ពួកគេ​ថា ច្បាប់ បទបញ្ញត្តិ និង​គោលនយោបាយ​ដែល​រៀបចំឡើង ដើម្បី​មានលទ្ធភាព​ការពារ​ព្រៃឈើ ពលរដ្ឋ និង​ជនជាតិ​ដើម​ភាគតិច កំពុង​ត្រូវ​បាន​រំលោភបំពាន ដោយសារ​បទល្មើស​កាប់​ឈើ​នៅតែ​បន្ត​កើន​ឡើង។

មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៥ ខែ​ធ្នូ ថា​ផលិតផល​សម្រេច​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​មួយ​ចំនួន ដែល​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ បាន​រួម​ចំណែក​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ដោយ​យក​អុស​មក​ដុត​ផលិត​ថាមពល​អគ្គិសនី ដើម្បី​ដំណើរ​ការ​យក​ចំហាយ​ទឹក​ប្រើប្រាស់​សម្រាប់​អ៊ុត​សម្លៀកបំពាក់ ដែល​ប៉ះពាល់​ដល់​បរិស្ថាន​ជា​ខ្លាំង។ លោក​ឱ្យ​ដឹក​ថា ការប្រើប្រាស់​អុស​បាន​ធ្វើ​ឱ្យ​និយោជក ឬ​ថៅកែ​កាត់បន្ថយ​ការ​ចំណាយ​ថ្លៃដើម ហើយ​ចំណេញ​ច្រើន​ជាង​ការប្រើប្រាស់​ថាមពល​ផ្សេង​ទៀត ខណៈ​តម្លៃ​ប្រេងសាំង និង​អគ្គិសនី​កម្ពុជា​មានតម្លៃ​ថ្លៃ៖ «អ៊ុត​សម្លៀកបំពាក់​នេះ​គឺជា​ខ្សែ​សង្វាក់​ផលិតកម្ម​មួយ​ធំ​ណាស់ អ៊ីចឹង​បាន​ត្រូវការ​អុស​ដុត​ជាប្រចាំ ដើម្បី​ផលិត​នូវ​ថាមពល​ដើម្បី​យក​ចំហាយ​ទឹក​យក​ទៅ​អ៊ុតខោអាវ រោងចក្រ​ជាច្រើន​ទៀត​ប្រើប្រាស់​ថាមពល​ទាំង​អស់ហ្នឹង​។ ដើម្បី​ឱ្យ​យើង​អាច​សិក្សា​វាយតម្លៃ​ពី​ផល​ប៉ះពាល់ ត្រូវ​រក​ឱ្យ​ឃើញ​នូវ​ចរន្ត​ផ្គត់ផ្គង់​ហ្នឹង តើ​អុស​ហ្នឹង​ដឹកជញ្ជូន​ប្រភព​មក​ពី​ណា ហើយ​ឱ្យ​វា​មាន​ទំនាក់ទំនង​គ្នា»

លោក ឃុន ថារ៉ូ យល់​ថា ក្រុម​អ្នកបញ្ជា​ទិញ និង​រោងចក្រ​ផលិត​ដែល​រួមចំណែក​កាប់​បំផ្លាញ​ព្រៃឈើ​គួរ​ទទួលខុសត្រូវ ដោយ​ចាំបាច់​ត្រូវ​លុបបំបាត់ និង​ទប់ស្កាត់​ផល​ប៉ះពាល់​តាមរយៈ​អាជីវកម្ម​របស់​ខ្លួន​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​កម្ពុជា។

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ផ្នែក​បរិស្ថាន ម៉ុនហ្កាបេ (Mongabay) ចេញផ្សាយ​អត្ថបទ​ស្រាវជ្រាវ​មួយ កាលពី​ថ្ងៃទី​៣ ធ្នូ ដោយ​រក​ឃើញ​ថា ឧស្សាហកម្ម​កាត់ដេរ​កំពុង​រួមចំណែក​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ដោយសារ​រោងចក្រ​ទាំងនោះ​ពឹងផ្អែក​លើ​ឈើ​ខុសច្បាប់​ដើម្បី​ផលិត​អគ្គិសនី និង​បញ្ចេញ​ផ្សែង​ពី​ការ​ដុត​កាកសំណល់​ដែល​បំពុល​បរិស្ថាន​។ របាយការណ៍​ដដែល​រក​ឃើញ​ថា រោងចក្រ​កាត់ដេរ​ត្រូវ​បាន​ប្រើប្រាស់​ឈើ​យ៉ាងតិច​ ៥៦២​​តោន ជា​រៀងរាល់​ថ្ងៃ ដែល​ស្មើ​ផ្ទៃដី​រហូតដល់​ ១.៤១៨​ហិកតារ ដែល​ត្រូវ​បាន​គេ​ដុត​ផ្លាញ​ជា​រៀងរាល់​ឆ្នាំ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភត្ត្រា អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ និង​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) លោក ខេន លូ (Ken Loo) ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​ទេ នៅ​ថ្ងៃទី៥ ខែ​ធ្នូ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ុនហ្កាបេ ឱ្យ​ដឹង​ថា កាលពី​ខែមិថុនា និង​ខែ​កក្កដា ឆ្នាំ​២០២១ ក្រុម​អ្នកស្រាវជ្រាវ​មួយ​ក្រុម​បាន​ទៅ​ទស្សនា និង​សង្កេត​រោងចក្រ​កាត់ដេរ​រាប់​រយ​ក្នុង​ប្រទេស​កម្ពុជា ដែល​ផលិត​សម្លៀកបំពាក់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ​ដូចជា ក្រុមហ៊ុន​លីដល់ (Lidl) ក្រុមហ៊ុន​ហ្គេប (Gap) និង​ក្រុមហ៊ុន​អេច្ឆអេនអ៊ឹម (H&M)​។ ក្នុង​ចំណោម​រោងចក្រ​ប្រមាណ​៦០០ ដែល​បាន​ចុះ​បញ្ជី​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ពួកគេ​បាន​រក​ឃើញ​ថា ប្រហែល​រោច​ក្រ​១​ក្នុងចំណោម ៣​បាន​ប្រើប្រាស់​ឈើ​ព្រៃ​មួយចំនួន​ជាប្រចាំ បើ​ទោះបី​ជា​ខុសច្បាប់​ក៏ដោយ​។ ជាមួយ​គ្នា​នេះ​អុស​ត្រូវ​បាន​ប្រមូល​នៅក្នុង​តំបន់​ព្រៃឈើ​ជាច្រើន រួម​ទាំង​តំបន់​ជុំវិញ ហើយ​សូម្បីតែ​នៅក្នុង​ឧទ្យាន​ជាតិ​ដូចជា​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ផង​ដែរ។

សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​បរិស្ថាន​ក៏​ព្រួយបារម្ភ​ករណី​ការ​កាប់បំផ្លាញ​ព្រៃឈើ​ដើម្បី​បម្រើ​ប្រយោជន៍​ក្រុមហ៊ុន​ផង​ដែរ ហើយ​ពួកគេ​ចាត់​ទង្វើ​ទាំងនោះ​គឺជា​សកម្មភាព​ខុសច្បាប់​ដែល​រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​បន្ទាន់​។

មន្ត្រី​សម្របសម្រួល​គម្រោង នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន លើកឡើង​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅតែ​បន្ត​កើនឡើង ដោយសារ​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន និង​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ធូរ​រលុង​នៅឡើយ​។ លោក​សង្កេត​ឃើញ​ថា ឧស្សាហកម្ម​កាត់ដេរ ក៏​អាច​ជាប់​ព័ន្ធ​ការ​ជួញដូរ​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ការពារ ព្រោះ​របាយការណ៍​អន្តរជាតិ​នេះ​ស្រប​ទៅ​នឹង​សកម្មភាព​ចុះ​ទិញ​ឈើ​នៅ​តាម​សហគមន៍​មូលដ្ឋាន​។ លោ​កថា​សកម្មភាព​ទាំងនេះ​បាន​ផ្តល់​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ ជាពិសេស​ជនជាតិ​ដើម​ភាគតិច ដែល​រស់នៅ​អាស្រ័យ​ផល​លើ​ធនធានធម្មជាតិ និង​ការរំលោភ​យក​ដីធ្លី​ជាដើម៖ «កាតព្វកិច្ច​ធំ​របស់​រដ្ឋាភិបាល ខ្ញុំ​ជឿ​ថា ត្រូវ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ហើយ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​បើសិនជា​ក្រុមហ៊ុន​ទៅ​កាប់​ឈើ​ទៅ​ដុត​ដើម្បី​មាន​ថាមពល​អគ្គិសនី​សម្រាប់​ដំណើរការ​ក្រុមហ៊ុន​របស់​ខ្លួន ត្រូវតែ​បញ្ឈប់ ហើយ​ឱ្យ​ក្រុមហ៊ុន​ទៅ​រក​វិធី​ផ្សេង ឬក៏​មធ្យោបាយ​ផ្សេង​ដើម្បី​ដំណើរ​ក្រុមហ៊ុន​បាទ»

លោក អូត ឡាទីន ឱ្យ​ដឹង​ថា បញ្ហា​បរិស្ថាន គឺជា​ក្តី​កង្វល់​របស់​ពិភពលោក អាច​ប្រឈម​គ្រោះធម្មជាតិ ដូចជា​ទឹកជំនន់ កំដៅ ការ​បម្រែបម្រួល​អាកាសធាតុ​ជាដើម។

របាយកាណ៍ រ៉ូយ៉ាល់ ហូឡូវែយ៍ (Royal Holloway) អ្នកស្រាវជ្រាវ​នៅ​ចក្រភព​អង់គ្លេស​លើកឡើង​ថា ការ​ចូលរួម​ចំណែក​របស់​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ រួម​ជាមួយ​នឹង​ការ​បំភាយ​ឧស្ម័នកាបូនិច​ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​ជា​ខ្លាំង។ ប៉ុន្តែ​បញ្ហា​នេះ​បាន​ទទួល​ការចាប់អារម្មណ៍​តិចតួច​នៅ​ឡើយ ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​ភាគច្រើន​ត្រូវ​បាន​សន្មត​ថា ជា​ដី​សម្បទាន​ដែល​ភ្ជាប់​ទៅ​នឹង​ឈើ​ដែល​មាន​តម្លៃ​ខ្ពស់។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកការ​ពារ​បរិស្ថាន យល់ថា​របាយការណ៍​របស់​ស្ថាប័ន​អន្តរជាតិ​អាច​ជួយ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ដូចជា រដ្ឋាភិបាល អ្នកបញ្ជា​ទិញ និង​និយោជក​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​បន្ថែម​ទៀត ដើម្បី​អន្តរាគមន៍ និង​ឆ្លើយតប ហើយ​រួមចំណែក​ដោះស្រាយ​បញ្ហា និង​ទប់ស្កាត់​ការបាត់បង់​ព្រៃឈើ និង​ផល​ប៉ះពាល់​ការ​បម្រែបម្រួល​អាកាសធាតុ​សកល។

កម្ពុជា គឺ​ជា​ប្រទេស​ទី​១០ ក្នុង​ពិភពលោក​ដែល​រង​ការបាត់បង់​ព្រៃឈើ​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ឆ្នាំ​២០១៩ គឺ​រហូតដល់​ទៅជា​ង ៦​ម៉ឺន ៣​ពាន់​ហិកតារ​។ ទិន្នន័យ​ពី​ផ្កាយរណប​របស់​អឺរ៉ុប និង​អាមេរិក រក​ឃើញ​ថា មានការ​កើនឡើង​មិន​ធ្លាប់​មាន​ពីមុន​មក នូវ​ការបាត់បង់​ព្រៃឈើ​ប្រចាំឆ្នាំ​នៅ​កម្ពុជា​។ គិត​ចាប់ពី​ឆ្នាំ​២០០០ ​មក កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃឈើ​រហូតដល់​ទៅ ២៦% ស្មើនឹង ២​លាន ៣​សែន​ហិកតារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។