អ្នក​ជំងឺ​​កូវីដ​១១​នាក់​​ទៀត​​បាន​​ស្លាប់ និង​​ឆ្លង​ថ្មី​ជិត ៧រយ​នាក់

ដោយ ខែ សុណង
2021-09-16
Share
អ្នក​ជំងឺ​​កូវីដ​១១​នាក់​​ទៀត​​បាន​​ស្លាប់ និង​​ឆ្លង​ថ្មី​ជិត ៧រយ​នាក់ គ្រូពេទ្យខេត្តបន្ទាយមានជ័យបានយកសាកសពរបស់ជនរងគ្រោះដែលស្លាប់ដោយសារជំងឺកូវីដ១៩ទៅបូជានៅជើងភ្នំមួយកន្លែង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។
រូប៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ។

អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១១នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​កើន​ឡើង​ដល់​ ២ពាន់ ចិតសិប​ប្រាំបី​នាក់​ហើយ(២.០៧៨)។ ចំពោះ​ករណី​​ឆ្លង​​ថ្មី​វិញ មាន​ជិត ៧រយ​នាក់(៦៩៣) នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ជាង ១រយ​នាក់ (១១២) ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៦​ ខែកញ្ញា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង១សែន​នាក់​(១០២.១៣៦)​ ក្នុង​​នោះ​​អ្នក​ជា​សះស្បើយ​មាន​ជាង៩ម៉ឺន​នាក់ (៩៥.៨១០)។

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី១៥ ខែកញ្ញា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជិត ៩លាន ៨សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​បញ្ជាក់​ថា ចាក់​វ៉ាក់សាំង​បាន​ជាង ១លាន ៧សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​​ត្រូវ​ចាក់​សរុប​ជិត ២លាន​នាក់។

ជាមួយ​គ្នា​នេះ ក្រសួង​សុខាភិបាល​ប្រកាស​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​ដែល​មាន​អាយុ​ពី ៦ឆ្នាំ​ដល់ ១១ឆ្នាំ នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១៧ ខែកញ្ញា សម្រាប់​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ព្រះសីហនុ និង​ខេត្ត​កោះកុង ស្រប​ពេល​ខេត្ត​ទាំង ២១​ផ្សេង​ទៀត ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃទី១៨ ខែកញ្ញា​តទៅ។

ទោះ​ជា​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ច្រើន និង​ដាក់​ផែន​ការ​ចាក់​ជូន​កុមារ​បន្ត​ទៀត​ក្តី ក៏​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ។ តួលេខ​អ្នក​ឆ្លង​ថ្មី​ដែល​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ជា​រៀងរាល់​ថ្ងៃ គឺ​ជាង ៦រយនាក់ ខណៈ​អ្នក​ស្លាប់​វិញ​មាន​ចន្លោះ​ពី ១០ នាក់​ទៅ ២០ នាក់​ក្នុង​មួយ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល