កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ៧​ករណី​បន្ថែម​ដែល​ជា​ការ​ចម្លង​ចូល​សហគមន៍​ដំបូង

ដោយ ទីន ហ្សាការីយ៉ា
2020.11.29
កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ៧​ករណី​បន្ថែម​ដែល​ជា​ការ​ចម្លង​ចូល​សហគមន៍​ដំបូង អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល។
រូប​ពី​ហ្វេសប៊ុក

ក្រសួង​សុខាភិបាល​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី ៧​ករណី​ទៀត ដែល​ក្នុង​នោះ​កើត​លើ​អ្នក​ដំណើរ​ម្នាក់ ជា​ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិកាំង មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ម្នាក់ និង​សមាជិក​គ្រួសារ​របស់​លោក​ចំនួន ៥​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​២៨ វិច្ឆិកា ដែល​ជា​ករណី​ដំបូង​នៃ​ការ​ចម្លង​ចូល​សហគមន៍​។ អ្នកវិភាគ​យល់ថា ករណី​កើត​ជំងឺ​កូ​វីដ​-១៩ លើ​មន្ត្រី​រដ្ឋាភិបាល និង​សមាជិក​ក្រុម​គ្រួសារ​របស់​គាត់ ហាក់​នៅ​មាន​ភាព​ស្រពិចស្រពិល​នៅឡើយ​អំពី​ការ​ចម្លង​នេះ។

អ្នកជំងឺ​កូវីដ​-១៩ ដែល​ជា​ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិកាំង នោះ​មាន​អាយុ​ ៣១ឆ្នាំ ស្នាក់នៅ​ខេត្ត​ប៉ៃលិន ជា​អ្នកដំណើរ មកពី​សហរដ្ឋអាមេរិក ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ​-១៩ ហើយ​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​។ អ្នកដំណើរ​ទាំងអស់​សរុប​ចំនួន ៥៦​នាក់​ទៀត ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ និង​បន្ត​ដាក់​ឲ្យ​ធ្វើ​ចត្តាឡឺស័ក​នៅ​តាម​សណ្ឋាគារ និង​ស្ថានទូត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។

រីឯ​អ្នកជំងឺ​កូវីដ​-១៩ ចំនួន ៦​នាក់​ទៀត​នោះ ដែល​ជា​ករណី​ឆ្លង​ចូល​ក្នុង​សហគមន៍ គឺ​កើត​លើ​ស្ត្រីជន​ជាតិខ្មែរ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ត​សៀមរាប ដោយ​គាត់​មាន​អាការៈ​មិន​ស្រួលខ្លួន ចេញ​រោគសញ្ញា​ផ្ដាសាយ ចំនួន ​៣​ថ្ងៃ ហើយ​បាន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​ថ្ងៃ​ទី២៨ វិច្ឆិកា ហើយ​លទ្ធផល​តេស្ត​បង្ហាញ​ថា វិជ្ជមាន​ជំងឺ​កូវីដ​-១៩​។ ចំណែក​ប្តី​របស់​លោកស្រី គឺជា​ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក ឆែម សាវុធ រួម​ជាមួយ​សមាជិក​គ្រួសា​រ​ ៤​នាក់​ទៀត ក៏​ទទួល​បាន​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​ ទាំងអស់​គ្នា បន្ទាប់​ពី​គ្រូពេទ្យ​ពិនិត្យ​សំណាក​។ បច្ចុប្បន្ន​ពួកគេ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត។

ក្រោយ​រក​ឃើញ​ថា ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក ឆែម សាវុធ ផ្ទុក​ជំងឺ​កូវីដ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឱ្យ​មាន​ការ​ប្រមូលផ្តុំ​ធ្វើតេស្ត​សុខភាព និង​ធ្វើ​​ចត្តាឡឺស័ក​បន្ទាន់​សម្រាប់​អ្នក​ពាក់ព័ន្ធ​។ ក្នុង​នោះ​រួមមាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត ដែល​បាន​ប្រជុំ​ជាមួយ​លោក ឆែម សាវុធ ។ ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា គ្រូពេទ្យ​បាន​យក​សំណាក​របស់​លោក​ទៅ​ពិនិត្យ​រួចហើយ តែ​មិនទាន់​ដឹង​លទ្ធផល​នៅឡើយ​។ លោក ស ខេង ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​កន្លង​ទៅ លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ពិភាក្សា​លើ​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ ក្រសួង​យុត្តិធម៌ និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ នៅ​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​នា​ថ្ងៃ​នោះ ក៏​មាន​វត្តមាន​លោក ឆែម សាវុធ ចូលរួម​ដែរ ហើយ​គាត់​បាន​បង្ហើប​ម៉ាស់​ចេញពី​មាត់​ចំនួន ១​ដង​ ដើម្បី​មាន​មតិ​ខ្លី​មួយ និង​បន្ទាប់មក​លោក ឆែម សាវុធ ក៏​បាន​និយាយ​ទល់មុខ​ជាមួយ​លោក ស ខេង ផង​ដែរ​។ ក្រោយពី​កិច្ចប្រជុំ​នោះ លោក ឆែម សាវុធ ក៏​បាន​បន្ត​បំពេញ​ការងារ​ទៅ​ខេត្ត​មួយ​ចំនួន​ដែរ ខេត្ត​បន្ទាយមានជ័យ ដើម្បី​ត្រួតពិនិត្យ​ដំណើរការ​ផ្ទេរ​អ្នក​ទោស​ដែល​បាន​ផ្ទេរ​ចេញ​មួយ​រយៈ​ដោយសារ​ជំនន់​ទឹកភ្លៀង​កន្លងមក។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ដើម្បី​សួរនាំ​បន្ថែម​ពី​ករណី​នេះ​បានទេ នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ដោយ​ខល​ចូល​ពុំ​មាន​អ្នកទទួល​។ រហូត​មក​ពេលនេះ ក្រសួង​សុខាភិបាល មិន​ទាន់​បាន​បញ្ជាក់​ថា ក្រុម​គ្រួសារ​លោក ឆែម សាវុធ ឆ្លង​ជំងឺ​នេះ​ពី​ប្រភព​ណា​នៅ​ឡើយ​ទេ ហើយ​មកដល់ពេលនេះ ក៏​មិនទាន់​ប្រកាស​រក​ឃើញ​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់ មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​និង​ប្រយោល​ជាមួយ​អ្នកជំងឺ​ទាំងនេះ​ឡើយ។

ទោះជា​យ៉ាងណា ក្រសួងសុខាភិបាល​បាន​ចេញ​វិធានការ និង​ការណែនាំ​ជា​បន្តបន្ទាប់ ដូចជា ប្រកាស​បិទ​ផ្សាយ​អ៊ី​អន​១ នៅ​រាជធានី​ភ្នំពេញ​ជា​បណ្ដោះអាសន្ន កាលពី​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ក្រោយពី​រក​ឃើញ​ថា ប្រពន្ធ​របស់​មន្ត្រី​ពន្ធនាគារ​លោក ឆែម សាវុធ មាន​ផ្ទុក​មេរោគ​កូ​វីដ​១៩ ចូល​ទៅ​ទទួលទាន​អាហារ និង​ទិញ​អីវ៉ាន់​នៅ​ផ្សារ​អ៊ី​អន​១ នោះ​។ សាលារៀន​អន្តរទ្វីប​អាមេរិកាំង សាខា​ចាក់​អង្រែ​ក្រោម ដែល​កូនលោក ឆែម សាវុធ ទៅ​រៀន​នោះ ក៏​ត្រូវ​បាន​ក្រសួង​អប់រំ​បញ្ជា​ឱ្យ​បិទ​ជា​បណ្ដោះអាសន្ន​រយៈពេល ២​សប្ដាហ៍ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​។ សណ្ឋាគារ​ភ្នំពេញ ក៏ត្រូវ​បាន​ប្រកាស​ឲ្យ​បិទ​ផង​ដែរ ក្រោយ​ពី​អ្នកជំងឺ​ខាងលើ​បាន​ទៅ​ហាត់ប្រាណ និង​ងូតទឹក​នៅ​ទីនោះ។

ក្រសួង​សុខាភិបាល​បាន​សម្រេច​ជ្រើស​យក​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើតេស្ត​អ្នក​ដែល​ពាក់ព័ន្ធ ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​ខាងលើ រួមមាន ក្រសួងមហាផ្ទៃ​សម្រាប់​មន្ត្រីរាជការ បរិវេណ​ផ្សារ​អ៊ី​អន​១ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​សម្រាប់​គ្រូ សិស្ស និង​អាណាព្យាបាល​សាលា​អន្តរទ្វីប​អាមេរិកាំង​សាខា​ចាក់​អង្រែ និង​នៅ​ពន្ធនាគារ​ព្រៃ​ស ជាដើម។

មុន​ការប្រកាស​ការ​រក​ឃើញ​នេះ មន្ត្រី និង​សមាជិក​គ្រួសារ​មន្ត្រី​ជាន់ខ្ពស់​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ទីកន្លែង​សាធារណៈ​ដែល​មាន​មនុស្ស​ច្រើន និង​ការ​ចុះ​សកម្មភាព​ការងារ​ជាដើម ហើយ​ក្រសួង​សុខាភិបាល​មិន​ទាន់​បាន​បង្ហាញ​របាយ​ការណ៍​ច្បាស់លាស់​ពី​ការ​ចម្លង​នេះ​នៅ​ឡើយ។

កាលពីដើម​ខែ​វិច្ឆិកា​ថ្មីៗ ​នេះ រដ្ឋាភិបាល​បាន​ធ្វេសប្រហែស​ម្តង​រួចមក​ហើយ អំពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ នេះ ដោយ​លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​កម្ពុជា​មួយ​ចំនួន​ទៀត មិន​បាន​ពាក់​ម៉ាស់​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ជំនួប​រវាង​រដ្ឋ​មន្ត្រី​ការបរទេស​ហុងគ្រី លោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា បណ្ដាល​ឲ្យ​មនុស្ស​បួន​នាក់ ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពី​លោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) និង​មនុស្ស​រាប់​ពាន់​នាក់​ផ្សេងទៀត ​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣ វិច្ឆិកា ត្រូវ​ធ្វើ​ចត្តាឡឺស័ក។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លោក សន ជ័យ មាន​ប្រសាសន៍​ថា ករណី​ជំងឺ​កូ​វីដ​-១៩ លើ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​នេះ គឺ​នៅ​មាន​មន្ទិលសង្ស័យ​ច្រើន​លើ​ការអនុវត្ត​វិធានការ​ក្រសួង​សុខាភិបាល ចំពោះ​មន្ត្រី​និង​សមាជិក​គ្រួសារ​របស់​ពួកគេ​។ លោក​បន្ត​ថា ក្រសួង​គួរតែ​បង្ហាញ​នូវ​របាយការណ៍​មួយ​ឲ្យ​បាន​ច្បាស់លាស់ អំពី​ការ​ចម្លង​ជំងឺ​នេះ​ថា ជា​ការ​នាំចូល​ពី​បរទេស ឬ​ជា​ការ​ឆ្លង​ចូល​ក្នុង​សហគមន៍​ពិត​មែន​? លោក​លើកឡើង​ថា នេះ​ជា​ការ​ធ្វេស​ប្រហែល​មួយ​របស់​មន្ត្រី​រដ្ឋាភិបាល​ដែល​បង្ក​ឲ្យ​មានការ​ចម្លង​ចូល​សហគមន៍៖ «​សមាជិក​គ្រួសារ​ទាំងអស់ ជាពិសេស​លោក​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​ហ្នឹង គួរតែ​មាន​ការ​បំភ្លឺ អំពី​ករណី​របស់​ខ្លួន ដើម្បី​ឲ្យ​មហាជន​បាន​ស្ងប់ចិត្ត​។ យើង​ទាមទារ ឬក៏​យើង​តែងតែ​ស្នើ​តាំងពី​ដើមទី​មក​ថា មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ហ្នឹង​ចាំបាច់​ត្រូវតែ​សម្ដែង​នូវ​ភាពជា​គំរូ​ដល់​គេ​ដល់​ឯង ក៏ប៉ុន្តែ​ក្នុង​ករណី​មួយ​នេះ គឺ​ទុក​រហូតដល់​ទៅ​មាន​ការ​ឆ្លង​រហូត​ដល់​ទៅ​សមាជិក​គ្រួសារ​ដទៃ​ទៀត​។ នោះ​មិនទាន់​រាប់ទាំង អ្នក​ដែល​គេ​មិន​ទាន់​រក​ឃើញ​ហើយ​ជា​អ្នក​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ទៅលើ​ឬក៏​ជាមួយ​នឹង​ក្រុម​គ្រួសារ​ហ្នឹង​ទៀត​ផង»

ទោះជា​យ៉ាងណាក្ដី ក្រសួង​អំពាវនាវ​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សហការ ដោយ​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ នៅ​ទីតាំង​ខាងលើ និង​នៅ​តាម​មណ្ឌល​ខេត្ត ដូចជា​ខេត្ត​សៀមរាប ខេត្ត​ស្ទឹងត្រែង ខេត្ត​មណ្ឌលគិរី និង​ខេត្ត​បន្ទាយមានជ័យ​ជាដើម ត្រូវ​ទៅ​ធ្វើ​តេស្ត​ជា​ចាំបាច់ និង​ត្រូវ​ធ្វើ​ចត្តាឡឺស័ក​នៅ​មណ្ឌល និង​ផ្ទះ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​។ លើស​ពី​នោះ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​សុខាភិបាល​កំពុង​រុករក​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​មក​ធ្វើ​ចត្តាឡឺស័ក​ផង​ដែរ។

គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៣១៥​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន ៣០១​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ១៤​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។