កម្ពុជា​គ្រោង​ចាក់​វ៉ាក់សាំង​ចិន​ ​ឱ្យ​ក្មេង​អាយុ​ពី​១២​-​១៧​ឆ្នាំ​ ​ទោះ​អង្គការសុខភាព​ពិភពលោក​មិន​ទទួលស្គាល់

ដោយ មួង ណារ៉េត
2021-07-28
Share
កម្ពុជា​គ្រោង​ចាក់​វ៉ាក់សាំង​ចិន​ ​ឱ្យ​ក្មេង​អាយុ​ពី​១២​-​១៧​ឆ្នាំ​ ​ទោះ​អង្គការសុខភាព​ពិភពលោក​មិន​ទទួលស្គាល់ គ្រូពេទ្យកម្ពុជាបង្ហាញវ៉ាក់សាំងចិន ដែលកម្ពុជាត្រៀមចាក់ឱ្យ​កុមារ និងយុវវ័យ អាយុចាប់ពី ១២ ដល់ ១៧ឆ្នាំ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក SPM

​ក្រសួង​សុខាភិបាល​​គ្រោង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​​ចិន​ស៊ីណូវ៉ាក់ (​Sinovac) ​សម្រាប់​ក្មេង​អាយុ​ចាប់ពី​ ​១២​-​១៧​ឆ្នាំ​ ​ទោះ​គ្មាន​ការ​ទទួលស្គាល់​ពី​អង្គការសុខភាព​ពិភព​លោក​ (​WHO​) ​សម្រាប់​វ័យ​នេះ​នៅឡើយ​។​ ​ក្នុងពេលជាមួយគ្នា​នេះ​ ​ក្រសួង​ក៍បាន​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ​នាំចូល​និង​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-​១៩ ផងដែរ​។​

បើ​តាម​ការ​អះអាង​របស់​​​ក្រសួងសុខាភិបាល​ ​ឲ្យ​ស្រប​ទៅ​នឹង ​«យុទ្ធសាស្រ្ត​ផ្ការីក​» របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ា​ក់ (​Sin​o​v​a​c) ​ដល់​កុមារ​ ​និង​យុវវ័យ​នេះ​ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១​ ​ខែ​​សីហា​ ​សម្រាប់​អ្នក​នៅ​ខេត្ត​ក្រុង​ចំនួន​៤ មុនគេ​ ​ដោយ​ផ្តើម​ចេញពី​ក្រុងភ្នំពេញ​ ​ខេត្ត​កណ្តាល​ ​ព្រះសីហនុ ​និង​​កោះកុង​។​

ប៉ុន្តែ​​កុមារ​​និង​យុវវ័យ​ ​ដែល​ត្រូវ​បាន​ចាក់វ៉ាក់សាំង​នេះ​មុនគេ​ ​គឺ​ត្រូវតែ​ជា​កូនចៅ​មន្រ្តី​រាជការ​ថ្នាក់​ជាតិ​ ​ពោល​គឺកូន​ឥស្សរជន​ដែល​មាន​តួនាទី​ជា​ឧបនាយក​រដ្ឋ​មន្រ្តី ​កូនចៅ​អ្នកឧកញ៉ា​ ​និង​កូនចៅ​មន្រ្តី​ទូត​ជាដើម​។

វិទ្យុអាស៊ីសេរី​ ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ្នកស្រី​ ​ឱ​ ​វណ្ណឌីន​ ​ជុំវិញ​ការកំណត់​អាទិភាព​ឲ្យ​កូន​ឧកញ៉ា​ ​មហា​ម​ន្រ្តី ​បាន​ទទួល​វ៉ាក់សាំង​នេះ​មុន​កូនចៅ​ប្រជាពលរដ្ឋ​សាមញ្ញ​​នៅឡើយ​ទេ​។

ប៉ុន្តែ​កន្លងមក​លោកនាយក​រដ្ឋមន្រ្តី ​ហ៊ុន​ ​សែន​ ​តាំងពី​អង្គការសុខភាព​ពិភពលោក​ (​WHO​) មិនទាន់​ទទួលស្គាល់​វ៉ាក់សាំង​ចិន​មក​ម្ល៉េះ​ ​លោក​ធ្លាប់​បញ្ជា​ឲ្យ​មន្រ្តី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ ​និង​ជួរ​កងទ័ព​ ​រួម​ទាំង​កូនៗ​របស់​លោក​ផង​ ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ចិន​នេះ​មុនគេ​ ​រួចហើយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាង​ឱឡារិក​ ​អាច​​ដើម្បី​ជា​សារ​បង្ហាញ​ថា ​ពួកគាត់​គាំទ្រ​វ៉ាក់សាំង​ចិន​ ​ទោះបី​ពលរដ្ឋ​មួយ​ចំនួន​ ​បារម្ភ​ពី​គុណភាព​ ​និង​ប្រសិទ្ធ​ភាព​របស់​វា​ក៏ដោយ​។​

លើក​នេះ​ក៏​មិន​ខុស​ពីលើ​ក​មុន​ៗ​ដែរ​ ​ក្រសួងសុខាភិបាល​កំណត់​កូន​អ្នកធំ​ ​និង​អ្នកមាន​ ​ដែល​មាន​អាយុ​ចាប់ពី​ ​១​២​-​១​៧ ​ឆ្នាំ​ ​ឲ្យ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់ (​Sinovac) ​ដែល​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​មិនទាន់​ទទួលស្គាល់​ឲ្យ​ប្រើប្រាស់​សម្រាប់​វ័យ​នេះ​នៅឡើយ​។​

អង្គការសុខភាព​ពិភពលោក​ (​WHO​) ​កាលពីដើម​ខែ​មិថុនា​ ​បាន​ទទួលស្គាល់​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់ ​ឲ្យ​ប្រើប្រាស់​សម្រាប់​គ្រា​បន្ទាន់​ ​ប៉ុន្តែ​នៅ​ក្នុង​អនុសាសន៍​របស់​ក្រុមប្រឹក្សា​ជំនាញ​របស់​អង្គការ​នេះ​ ​វ៉ាក់សាំង​នេះ​អាច​ប្រើ​បាន​​សម្រាប់​តែ​មនុស្ស​ដែល​មាន​វ័យ​ចាប់​ ​១៨​ ​ឆ្នាំ​ឡើង​ទៅ​តែប៉ុណ្ណោះ​។​

រហូត​មកដល់ពេលនេះ​ ​មិនទាន់​មាន​របាយការណ៍​ណាមួយ​ ​ដែល​បង្ហាញ​ថា​ ក្រុមហ៊ុន​ចិន​ដែល​រក​ឃើញ​វ៉ាក់សាំង​ស៊ីណូវ៉ាក់នេះ​ ​ដាក់ពាក្យ​សុំ​ឲ្យ​អង្គការសុខភាព​ពិភពលោក​ ​ទទួលស្គាល់​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ​សម្រាប់​ចាក់​កុមារ​ ​និង​​យុវវ័យ​អាយុ​ចាប់ពី​ ​១២​-​១៧​ឆ្នាំ​នោះ​ទេ​។​

វិទ្យុអាស៊ីសេរី​ ​នៅ​មិនទាន់​បានការ​ឆ្លើយតប​ពី​អង្គការសុខភាព​ពិភពលោក​​ជុំវិញ​រឿង​នេះ​ ​នៅឡើយ​ដែរ​។​ ​ប៉ុន្តែ​​កន្លងមក​អង្គការ​ពិភពលោក​មួយ​នេះ​ ​ធ្លាប់​បញ្ជាក់​​ថា​ ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​អ្វី​នៅ​ក្នុង​ប្រទេស​សា​ម៉ី​ណាមួយ​ ​គឺ​អាស្រ័យ​លើ​អាជ្ញាធរ​សុខាភិបាល​ជាតិ​នៃ​ប្រទេស​នោះ​ ​ជា​អ្នក​សម្រេច​។

ទោះបីជា​អង្គការសុខភាព​ពិភពលោក​ ​បាន​ទទួលស្គាល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-​១៩​ ​ប្រាំ​មុខ​ ​រួម​មាន​ ហ្វៃហ្ស៊ើរ​ អែនបៃអូអិនថិក ​(Pfizer and BioNTech) ​ម៉ូដឺនណា ​(Moderna) ​ចនសុន​អែន​ចនសុន​ (Johnson & Johnson) ​និង​អាស្រ្តាហ្ស៊េណេកា (AstraZeneca) របស់អង់គ្លេស និង​ស៊ីណូហ្វាម (Sinopharm) ​និងស៊ីណូវ៉ាក់ (Sinovac) ​សម្រាប់​ចាក់​មនុស្ស​ដែល​មាន​វ័យ​ចាប់ពី​អាយុ​ ​១៨​ឆ្នាំ​ឡើង​ទៅ​ ​លើកលែងតែ​វ៉ាក់សាំង​ ហ្វៃហ្ស៊ើ អែនបៃអូអិនថិក ដែល​អា​ចចាក់​មនុស្ស​ចាប់ពី​អាយុ​ ​១៦​ឆ្នាំ​ឡើង​ទៅ​ ​អង្គការ​នេះ​នៅ​មិនទាន់​ទទួលស្គាល់​វ៉ាក់សាំង​ណាមួយ​ ​ដែល​អាចចាក់​លើកុមារ​ ​ឬ​យុវវ័យ​ ​ចាប់ពី​អាយុ​ ​១២​ឆ្នាំ​ឡើង​នោះ​នៅឡើយ​ទេ​។​

ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​រដ្ឋបាល​ឱសថ​និង​ចំណីអាហារ​របស់​សហរដ្ឋអាមេរិក​ (​FDA) ​បាន​ទទួលស្គាល់​ ​និង​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ ហ្វៃហ្ស៊ើរ​ អែនបៃអូអិនថិក ​សម្រាប់​កុមារ​អាយុ​ចាប់ពី​ ​១២​-​១៦​ឆ្នាំ​ ​នៅ​ទឹកដី​អាមេរិក​។​ ​សហភាព​អឺរ៉ុប​ ​ក៏​ទទួលស្គាល់​ ​និង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ ​ចាក់​វ៉ាក់សាំង​ ហ្វៃហ្ស៊ើរ អែនបៃអូអែនថិក​ ​សម្រាប់​កុមារ​ ​និង​យុវវ័យ​ក្នុង​វ័យ​នេះ​ដែរ​។​

គិត​មក​ត្រឹម​ថ្ងៃ​ទី​​២៧​ ​ខែ​​កក្កដា​ ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​បាន​សម្រុក​ចាក់​វ៉ាក់សាំង​​ដល់​ពល​រដ្ឋកម្ពុជា​ ​បាន​ជិត​ ​៧​លាន​នាក់​ហើយ​ ​ក្នុងចំណោម​គម្រោង​ចាក់​ ​១​០​លាន​នាក់។ ក្នុង​នោះ​ ​ពលរដ្ឋ​ចំនួន​ជិត​ ​៤,៦​លាន​​នាក់​បាន​ចាក់​ពីរ​ដូស​។​

រហូត​មកដល់ពេលនេះ​ ​គ្មាន​របាយការណ៍​ ឬ​ការសិក្សា​ណាមួយ​របស់​​​ក្រសួងសុខាភិបាល​កម្ពុជា​ ​អំពី​ប្រសិទ្ធ​ភាព​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-​១៩​ ​នៅ​កម្ពុជា​នោះ​ទេ​។​

ទោះ​ជា​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ ​៧០​ភាគរយ​ទៅ​ហើយ​ក្តី​ ​ក៏​អត្រា​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​-​១៩​ ​និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ ​នៅតែ​មាន​ចំនួន​ច្រើន​ដដែល។​ ​ជាមធ្យម​មាន​មនុស្ស​ប្រមាណ​ ​៨៥០​​នាក់​ឆ្លង​ជំងឺ​នេះ​រៀងរាល់ថ្ងៃ​។​ ​អ្នក​ស្លាប់​ ​មាន​ជាមធ្យម​ ​២៥​នាក់​ក្នុងមួយថ្ងៃ​។​ ​អត្រា​នៃ​ករណី​ចម្លង​ជំងឺ​នេះ​ពីក្រៅ​ប្រទេស​ ​ក៏​កើន​ឡើង​ខ្លាំង​ដែរ​ ​ដោយ​ក្នុងមួយថ្ងៃ​ជាមធ្យម​ ​មាន​ករណី​ថ្មី​ពីក្រៅ​ប្រទេស​នេះ​ចំនួន​ ​២​៤​៥​នាក់​។​ ​ក្នុងចំណោម​នៃ​ករណី​នាំចូល​ពីក្រៅ​នេះ​ ​មាន​​មនុស្សជា​ច្រើន​ ​ឆ្លង​មេរោគ​បំប្លែង​ថ្មី​ ​ឈ្មោះ​ ​ដែលតា​ (​Delta​)​។​

ក្នុង​ស្ថានភាព​ដែល​នៅតែ​អាក្រក់​បែប​នេះ​ ​មន្រ្តី​តំណាង​អង្គការសុខភាពភិពលោក​នៅ​កម្ពុជា​អ្នកស្រី​ ​លី​ ​អៃ​ឡែ​ន​ (​L​i​ ​Ail​an​) ​ថា​ កម្ពុជា​ប្រឈម​បញ្ហា​ ​៥​យ៉ាង​ដែល​លំបាក​​ខ្លាំង​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​-​១៩​ ​គឺ​ទី​១​.​ ​បញ្ហា​មេរោគ​បំប្លែង​ថ្មី​ ​ទី​២​. ​ការ​ចម្លង​ក្នុង​សហគមន៍​ដែល​មើលមិនឃើញ​ ​ទី​៣​. ​ការ​នឿយណាយ​ ​និង​ភាព​ព្រងើយកន្តើយ​នឹង​ជំងឺ​នេះ​ ​ទី៤​. ​ការ​មិន​គោរព​ឲ្យបាន​ខ្ជាប់ខ្ជួន​តាម​វិធានការ​រដ្ឋបាល​ ​និង​សុខាភិបាល​ ​និង​ទី​៥​.​ ​គឺ​កា​រអាង​លើ​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល