ក្រសួងទេសចរណ៍មិនតម្រូវឲ្យទេសចរចិនធ្វើតេស្តកូវីដ១៩ ខណៈពិភពលោករឹតបន្តឹង
2023.01.07

ក្រសួងទេសចរណ៍មិនតម្រូវឲ្យអ្នកទេសចរចិនធ្វើតេស្តរកជំងឺកូវីដ១៩ (Covid-19) នោះទេ ខណៈដែលប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងសហរដ្ឋអាមេរិកផង ចាត់វិធានការតឹងរ៉ឹងតម្រូវឲ្យពួកគេធ្វើតេស្តអវិជ្ជមានជាមុនសិនមុនចូលមកប្រទេសខ្លួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមិត្តដែកថែបរបស់ចិន បានរិះគន់ចំពោះប្រទេសមួយចំនួន ដែលបានចាត់វិធានការតឹងរ៉ឹងចំពោះអ្នកទេសចរចិន។ លោកហ៊ុន សែន ថែមទាំងចាត់ទុកការរឹតបន្តឹងរបស់ប្រទេសទាំងនោះថា ជាឱកាសសម្រាប់កម្ពុជា ដែលរំពឹងថា នឹងមានចំនួនទេសចរចិនកាន់តែច្រើនមកកម្ពុជា ក្រោយពីរដ្ឋាភិបាលចិន ប្រកាសឲ្យពលរដ្ឋខ្លួនអាចចាកចេញទៅក្រៅប្រទេសបាន។ កាលពីអំឡុងឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចិនមកលេងកម្ពុជា ចំនួន ២លាន ៣សែននាក់ គិតជាទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារ ($1.8 billion)។
អង្គការសុខភាពពិភពលោក (WHO) សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត ព្រួយបារម្ភពីការរាតត្បាតជំងឺកូវីដ១៩ ឡើងវិញ ដោយសារអាជ្ញាធរចិន មិនបានបញ្ចេញព័ត៌មានច្បាស់លាស់ ពីចំនួនអ្នកឆ្លង អ្នកស្លាប់ និងប្រភេទនៃជំងឺកូវីដ១៩ បំប្លែងថ្មីនោះឡើយ។ ប្រធានអង្គការសុខភាពពិភពលោក កាលពីថ្ងៃទី ៤ ខែមករា បានអំពាវនាវឲ្យអាជ្ញាធរចិនបង្ហាញទិន្នន័យច្បាស់លាស់ និងឆាប់រហ័សជុំវិញចំនួនពលរដ្ឋចិន ដែលកំពុងទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ និងចំនួនអ្នកស្លាប់ ដើម្បីទប់ស្កាត់ការរីករាលដាលឡើងវិញ នៃប្រជាពលរដ្ឋក្នុងពិភពលោក។ បន្ថែមពីនេះ រដ្ឋាភិបាលចិនត្រូវពង្រឹងវិធានការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ក្នុងនោះរួមទាំងដូសជំរុញផង (Booster doses) សំរាប់មនុស្សចាស់។
ចំណែកនៅសហរដ្ឋអាមេរិកវិញ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងព្រួយបារម្ភពីជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ XBB.1.5 ដែលឆ្លងខ្លាំងនិងឆាប់រហ័ស ហើយអាចឆ្លងទៅមនុស្សគ្រប់ៗគ្នា បើទោះបីជាពួកគេប្រុងប្រយ័ត្ន ចាក់ថ្នាំបង្ការកូវីដ១៩ គ្រប់ដូសរួចហើយ ឬក៏ធ្លាប់កើតជំងឺកូវីដ១៩ ពីមុនក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។