មជ្ឈមណ្ឌលវេជ្ជសាស្ដ្រកូរ៉េ Hebron ផ្តល់ការវះកាត់ក្រអូមមាត់ឬមាត់ឆែបដោយឥតគិតថ្លៃ
2023.02.04

មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Hebron (HMC) នៃប្រទេសកូរ៉េខាងត្បូង សហការជាមួយក្រុមវេជ្ជបណ្ឌិតពីប្រទេសកាណាដា ផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺបបូរមាត់ឆែប ក្រអូមមាត់ និងបញ្ហាស្លាកស្នាមផ្សេងៗ ដោយឥតគិតថ្លៃ។
ការផ្តល់សេវាព្យាបាលនេះ ធ្វើឡើងចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ដល់ថ្ងៃទី៩ កុម្ភៈ នៅមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Hebron (HMC) ស្ថិតនៅផ្ទះលេខ ១០២ ផ្លូវ៦៨ខេ រាជធានីភ្នំពេញ។ អ្នកជំងឺត្រូវទាក់ទងដោយផ្ទាល់ មកមជ្ឈមណ្ឌលដែលមានលេខទូរស័ព្ទ ០២៣ ៦៣ ៣៦ ១១៩ និងផ្ដល់ព័ត៌មានត្រួសៗ រួមមាន អាយុ ភេទ រូបថតបបូរមាត់ឆែប ក្រអូមមាត់ ឬដំបៅរលាកស្លាកស្នាមផ្សេងៗ។
មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Hebron (HMC) បានបង្កើតឡើងកាលពីឆ្នាំ២០០៧ ដោយលោកវេជ្ជបណ្ឌិតវ៉ូយុង គឹម (Woojung Kim) ដែលបានផ្ដល់ការព្យាបាលដោយឥតគិតថ្លៃដល់អ្នកជំងឺខ្មែរ ប្រមាណជាង ៥ម៉ឺននាក់ និងវះកាត់រាប់ពាន់នាក់ក្នុង ១ឆ្នាំៗ។
ថ្មីៗនេះ ស្ត្រីទី១និងជាភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី គិម គៀនហ៊ី (Kin Keon Hee) បានជួយឧបត្ថម្ភដល់កុមារខ្មែរម្នាក់ ឈ្មោះ ឱក រដ្ឋា វ័យ១៤ ឆ្នាំ ដែលមានជំងឺបេះដូងពីកំណើត ដើម្បីទៅវះកាត់បេះដូង នៅទីក្រុងសេអ៊ូល ទទួលបានជោគជ័យ និងត្រូវវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងពេលឆាប់ៗខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។