អង្គការ​សង្គម​ស៊ីវិល​សុំ​សមត្ថកិច្ច​បញ្ជូន​មេ​សហជីព​លោក រ៉ុង ឈុន ទៅ​​​សម្រាក​នៅ​មន្ទីរ​ពេទ្យ​វិញ​ ក្រោយ​ការ​វះកាត់​ភ្នែក​រួច

ដោយ សន ចាន់រដ្ឋា
2021-09-18
Share
អង្គការ​សង្គម​ស៊ីវិល​សុំ​សមត្ថកិច្ច​បញ្ជូន​មេ​សហជីព​លោក រ៉ុង ឈុន ទៅ​​​សម្រាក​នៅ​មន្ទីរ​ពេទ្យ​វិញ​ ក្រោយ​ការ​វះកាត់​ភ្នែក​រួច
រូប៖ RFA និងពលរដ្ឋ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សោកស្ដាយ​ចំពោះ​​គ្រូ​ពេទ្យ និង​​​សមត្ថកិច្ច​ ដែល​មិន​​អនុញ្ញាត​ឲ្យ​​ប្រធាន​សហភាព​​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​​លោក រ៉ុង ឈុន ​បាន​សម្រាក​​ព្យាបាល​ត្រឹមត្រូវ​​នៅ​មន្ទីរ​ពេទ្យ​​​​ ក្រោយ​​ពេល​មាន​​ការ​​វះកាត់​ភ្នែក​​រួច​រាល់​។ ក្រុមសង្គម​ស៊ីវិលស្នើ​​ឲ្យ​សមត្ថកិច្ច​បញ្ជូន​លោក​ រ៉ុង ឈុន ​ទៅ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​វិញ រហូត​ដល់​មុខ​របួស​លោក​​បាន​ជា​សះ​ទាំង​ស្រុង ​សឹម​បញ្ជូន​លោក​ទៅ​ឃុំ​ខ្លួន​បន្ត​ទៀត​។

ភ្នែក​ខាង​ស្ដាំ​របស់​លោក រ៉ុង ឈុន បាន​វិវត្ត​មក​ភាព​ល្អ​ប្រសើរ​វិញ​ហើយ ក្រោយ​ការ​វះកាត់​​យក​ដុំ​ឈាម​កក​ចេញ​ពី​ក្នុង​ភ្នែក​​​​រួច​ កាល​ពី​ថ្ងៃ​ទី១៥ កញ្ញា។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ជិត​ស្និទ្ធ​នឹង​លោក រ៉ុង ឈុន ឱ្យ​ដឹង​ថា ពេល​នេះ​ភ្នែក​ខាង​ស្ដាំ​របស់​លោក​អាច​មើល​ឃើញ​ព្រិលៗ​វិញ​​​​បាន​ហើយ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ អ្នកស្រី អ៊ុក ឆាយាវី ឲ្យ​ដឹង​ថា​ គ្រូ​ពេទ្យ​បាន​ប្រើ​ពេល​វះកាត់ និង​អនុញ្ញាត​ឲ្យ​លោក រ៉ុង ឈុន ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត ឬ​ពេទ្យ​រុស្សី​បាន​មួយ​ថ្ងៃ​កាល​ពី​ថ្ងៃ​ទី១៥ កញ្ញា ដោយ​ចាប់​ពី​ព្រឹក​រហូត​ដល់​ម៉ោង​៤​ល្ងាច ទើប​ឆ្មាំ​ពន្ធនាគារ​ដឹក​លោក​ត្រឡប់​ទៅ​មន្ទីរ​ឃុំឃាំង​វិញ។ លោកស្រី​បន្ត​ថា ២ថ្ងៃ​ក្រោយ​មក គឺ​នៅ​​ថ្ងៃ​ទី​១៧ កញ្ញា​ សមត្ថកិច្ច​បាន​ដឹក​លោក​ រ៉ុង ឈុន​ មក​លាង​មុខ​របួស​វិញ នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​ដដែល។ អ្នកស្រី អ៊ុក ឆាយាវី ចង់​ឲ្យ​​គ្រូ​ពេទ្យ និង​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​លោក​ រ៉ុង ឈុន​ សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ជាជាង​ការ​ដឹក​ទៅ​វិញ​ទៅ​មក​បែប​នេះ៖ «គួរ​តែ​ទុក​ពេល​វេលា​ឲ្យ​លោកគ្រូ​ហ្នឹង​ថែ​សុខភាព​​គាត់​បន្ថែម​ទៀត​ ដោយ​អំពើ​ល្អ​របស់​អស់​លោក យើង​ទទួល​ស្គាល់​ ហើយ​យើង​ក៏​សូម​អរគុណ​​។ ប៉ុន្តែ​យើង​សំណូមពរ​យ៉ាង​ទទូច​​គឺ​ចង់​ឲ្យ​គាត់​ថែ​សុខភាព​ ព្រោះ​អ្វី​គាត់​នៅ​មាន​ជំងឺ​ច្រើន​មុន​ទៀត ដែល​ត្រូវ​ការ​ព្យាបាល»

បញ្ហា​ដុំ​ឈាម​កក​ក្នុង​ភ្នែក​ស្ដាំ​របស់​លោក រ៉ុង ឈុន បាន​វិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរ ក្រោយ​លោក​ជាប់​ឃុំ​ជាង​មួយ​ឆ្នាំ​មក​នេះ ព្រោះ​លោក​បាន​​​ខក​ខាន​​​ទៅ​ពិនិត្យ និង​ព្យាបាល​តាម​ដំណាក់​កាល​ណាត់​របស់​គ្រូ​ពេទ្យ​​​។ អ្នកស្រី អ៊ុក ឆាយ៉ាវី អះអាង​ថា លោក រ៉ុង ឈុន មាន​ជំងឺ​នេះ​កើត​ច្រើន​ឆ្នាំ​ហើយ ដោយ​សារ​​ក្រុម​សន្តិសុខ​រាជធានី​ភ្នំពេញ​គ្រវាស​​ដៃ​ត្រូវ​​ភ្នែក​របស់​លោក កាល​ពី​​លោក​ដឹកនាំ​កម្មករ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ កាល​ពី​ឆ្នាំ២០១៣។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​លោក នុត សវនា ដើម្បី​សាកសួរ​បន្ថែម​អំពី​ការ​វះកាត់​ភ្នែក​របស់​លោក រ៉ុង ឈុន នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៨ កញ្ញា។ តែ​យ៉ាង​ណា លោក​ធ្លាប់​បញ្ជាក់​ខាង​គ្រូពេទ្យ​ជា​អ្នក​សម្រេច​ចំពោះ​ព្យាបាល​ទាំង​ឡាយ។ ឯ​សមត្ថកិច្ច​ពន្ធនាគារ​ នឹង​អនុវត្ត​តាម​វេជ្ជ​បញ្ជា។ ជុំវិញ​ករណី​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​នាយក​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​លោក ងី ម៉េង បាន​ទេ​នៅ​ថ្ងៃ​ដដែល​នេះ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លោក អំ សំអាត សង្កេត​ឃើញ​ថា​​កន្លង​មក​​​​មាន​​ឧកញ៉ា​​​ជាប់​ឃុំ​ខ្លះ​ទទួល​បាន​ការ​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​បន្ទប់​ពិសេស​នៃ​មន្ទីរ​ពេទ្យ​រហូត​ដល់​​មាន​ការ​ដោះ​លែង។ លោក​យល់​ថា ចំពោះ​ករណី​លោក រ៉ុង ឈុន នេះ សមត្ថកិច្ច និង​គ្រូ​ពេទ្យ​ គួរតែ​អនុញ្ញាត​ឲ្យ​គាត់​ទទួល​បាន​ការ​​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​​រហូតជាសះស្បើយ​ដើម្បី​បញ្ចៀស​ការ​រិះគន់​ថា​​អាជ្ញាធរ​អនុវត្ត​ច្បាប់​​មាន​ស្តង់ដារ​២ រវាង​​​​អ្នក​​​ការពារ​សិទ្ធិមនុស្ស និង​អ្នក​​ដែល​​ទ្រព្យ​សម្បត្តិ ឬ​មាន​អំណាច៖ «បើ​សិន​ជា​យើង​រក​នូវ​មធ្យោបាយ ឬ​ក៏​បាន​ន័យ​ថា​ការ​ព្យាបាល​ល្អ​មួយ​​ ដែល​មាន​ការ​អនុញ្ញាត​ឲ្យ​ដូច​​ថា​ការ​ព្យាបាល​បាន​ជា​សះស្បើយ រួច​ហើយ​ចាំ​វិល​ត្រឡប់​ទៅ​វិញ អា​ហ្នឹង​ជា​រឿង​មួយ​ល្អ​ប្រសើរ»

របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ឃុំ​​លោក រ៉ុង ឈុន ក្នុង​​​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​មក​ហើយ ពាក់ព័ន្ធ​ការ​​បញ្ចេញមតិ​អំពី​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម។ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លិ សុខា ​បាន​កាត់ទោស​លោក​ឱ្យ​ជាប់ពន្ធនាគារ​អតិបរមា​​នៃ​ទោស​ក្នុង​បទ​ចោទ ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​បង្គាប់​ឱ្យ​លោក​បង់​សំណង​​​រួមគ្នា​ជាមួយ​សកម្មជន​ពីរ​នាក់​ទៀត​ចំនួន​មួយ​សែន (១សែន) ដុល្លារ​អាមេរិក​ឲ្យ​​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​។ ​តែ​​សហគមន៍​ជាតិ និង​អន្តរជាតិ​​ថ្កោលទោស​សាលក្រម​នេះ​ថា អយុត្តិធម៌ និង​ជា​ការ​​បំបិទ​​សេរីភាព​បញ្ចេញ​មតិ។

មក​ដល់ពេល​នេះ ​​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ នៅ​តែ​បន្ត​យុទ្ធនាការ​​​តាម​ហ្វេសប៊ុក (facebook) ទាមទារ​​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះ​លែង​លោក រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​វិញ ពីព្រោះ​ការ​បញ្ចេញមតិ​មិន​មែន​បទល្មើស​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល