អ្នក​ជំនាញ​ និង​សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​មិន​គួរ​ប្រថុយ​ចាក់​វ៉ាក់សាំង​ឲ្យ​ក្មេង​អាយុ ៦ឆ្នាំ​ដល់ ១១ឆ្នាំ​មុន​ការ​សម្រេច​របស់ WHO ឡើយ

ដោយ សុជីវី
2021-09-16
Share
អ្នក​ជំនាញ​ និង​សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​មិន​គួរ​ប្រថុយ​ចាក់​វ៉ាក់សាំង​ឲ្យ​ក្មេង​អាយុ ៦ឆ្នាំ​ដល់ ១១ឆ្នាំ​មុន​ការ​សម្រេច​របស់ WHO ឡើយ (ឆ្វេង) លោក លឹម សួរ ឱសថការី​ខ្មែរ​អូស្រ្តាលី និង (ស្ដាំ) កុមារ​កម្ពុជា​កំពុង​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។
រូប៖ ហ្វេសប៊ុកលោក លឹម សួរ និង AFPTV

អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ ​និង​មន្ត្រី​សង្គម​ស៊ីវិល ​លើកឡើង​ថា​ រដ្ឋាភិបាល​មិន​គួរ​ពន្លឿន​ចាក់​វ៉ាក់សាំង​ឲ្យ​កុមារ​អាយុ ៦ឆ្នាំ​ដល់ ១១ឆ្នាំ មុន​ការ​សម្រេច​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) នោះ​ទេ ព្រោះ​ជា​ការ​ផ្សង​គ្រោះ​ថ្នាក់ ​ហើយ​នាំឲ្យ​មាន​ការ​រិះគន់​ថា​ កម្ពុជា​ ជា​កន្លែង​សាកល្បង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន។ ការ​លើក​ឡើង​នេះ​ បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ របស់​ក្រុមហ៊ុន​ចិន​ឲ្យ​ក្មេង​អាយុ​ចាប់ពី ៦ឆ្នាំ​ដល់​១១ឆ្នាំ​ចាប់ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា ​ខណៈ​មិនទាន់​មាន​ការ​អនុញ្ញាត​ដោយ​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឡើយ។

អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ និង​មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​ថា ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ពិចារណា​រង់ចាំ​ការ​អនុញ្ញាត​ជា​ផ្លូវការ​ពី​អង្គការ​សុខភាព​ពិភពលោក​ជា​មុន​សិន ​មុននឹង​សម្រេច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ របស់​ក្រុមហ៊ុន​ចិន​ដល់​កុមារ​អាយុ​ចន្លោះ​ពី ៦ឆ្នាំ​ដល់ ១១ឆ្នាំ ដើម្បី​ធានា​អំពី​សុវត្ថិភាព។

ឱសថការី​ខ្មែរ​អូស្រ្តាលី លោក លឹម សួរ ថ្លែង​ថា មក​ទល់​ពេល​នេះ ប្រទេស​នានា​លើ​ពិភពលោក ​​រួមាន​សហរដ្ឋអាមេរិក ​សហភាព​អឺរ៉ុប ​និង​អូស្ត្រាលី​ជាដើម ​ទើប​សម្រេច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ដល់​ក្មេង​អាយុ​ចាប់ពី ១២ឆ្នាំ​ឡើង ប៉ុន្តែ​សម្រាប់​ក្មេង​អាយុ​ក្រោម ១២ឆ្នាំ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​នៅឡើយ។ ប៉ុន្តែ​លោក ​ឲ្យ​ដឹង​ថា ​ប្រទេស​ចិន​ បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់​នូវ​សាំង​ប្រភេទ​ស៊ីណូវ៉ាក់ ​(Sinovac)សម្រាប់​​ក្មេង​អាយុ​ចាប់ពី​៣ឆ្នាំដល់១៧​ឆ្នាំ​ តាំងពី​ខែមិថុនា ​ហើយ​ចិន​បាន​អះអាង​ថា មាន​ប្រសិទ្ធិ​ភាព​ និង​សុវត្ថិភាព​សម្រាប់​កុមារ។ ទោះ​ជា​យ៉ាង​ណា ​ឱសថការី​រូប​នេះ​ យល់ថា ​រដ្ឋាភិបាល​កម្ពុជា​ គួរតែ​សិក្សា​លម្អិត​បន្ថែម​ទៀត​អំពី​ហានិភ័យ​ និង​រង់ចាំ​ការ​អនុញ្ញាត​ជា​ផ្លូវការ​ពី​អង្គការ​សុខភាព​ពិភព​លោក​ជា​មុន​សិន ​ដើម្បី​កុំឲ្យ​មាន​ប៉ះពាល់​សម្រាប់​កុមារ៖ «ក្នុង​ទស្សនៈ​ប្រទេស​លោក​ខាងលិច​ និង​អូស្ត្រាលី​នេះ គេ​គិត​ផ្សេង ​ដូច​ខ្ញុំ​មាន​ប្រសាសន៍​ចឹង​ បើ​អត់មាន​ហានិភ័យ​អីទេ ​គេ​អត់​ទាន់​ប្រញាប់​ទេ។ដូច្នេះ​ប្រសិនបើ​ប្រទេស​យើង​ អត់​ទាន់​មាន​ហានិភ័យ​ឬ​ប្រជាជន​ក្មេងៗ​យើង​មិន ទាន់​មាន​បញ្ហា​នៅឡើយ​ យើង​អាច​ពន្យារ​ពេល​បន្តិច​ យើង​ចង់​មើល​លទ្ធផល​ពេញ លេញ​ចេញ​ពី​អង្គការ​សហប្រជាជាតិ តែ​បើ​យើង​មាន​ហានិភ័យ​ហើយ​ដោយ​ក្មេងៗ​ឆ្លង ច្រើន​ពេក​ដូច​នៅ​ប្រទេស​ចិន​នៅ​វូហាន (Wuhan) ក៏​អាច​ប្រញាប់​ចាក់​បន្ទាន់​បាន»

លោក លឹម សួរ យល់ថា ​បើ​ទោះ​បី​ជា​កុមារ​មិនទាន់​ចាក់​វ៉ាក់សាំង​ក៏​ដោយ ក៏​រដ្ឋាភិបាល​ អាច​បើក​សាលារៀន​បាន​ដែរ ដោយ​គ្រាន់តែ​ណែនាំ​តាម​សាលារៀន​ឲ្យ​អនុវត្ត​វិធាន​ការ​បង្ការ​មួយ​ចំនួន ដូចជា ពាក់​ម៉ាស់ រក្សា​គម្លាត​ និង​ការ​លាង​សម្អាត​ដៃ។​​

«ចំពោះ​ការ​បើក​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ គេ​នៅតែ​បើក ​ដដែល តែ​ពាក់​ម៉ាស់ ព្រោះ​វា​មិនទាន់​ឆ្លង​ណាស់​ណា ​គេ​មិន​ទាន់​ចាក់​នៅឡើយ ទេ។ ឥឡូវនេះ ​គេ​ចាប់​ផ្ដើម​ចាក់ ១២ឆ្នាំ​ឡើង​ទៅ។ គេ​មិន​ទាន់​ឲ្យ​ចាក់​ក្រោម ១២ឆ្នាំ ព្រោះ​គេ​យល់​ថា ក្មេងៗ វា​មិន​ឆ្លង​ច្រើន​ដូច​មនុស្ស​ចាស់​ម្ល៉ោះ​ហើយ​ការសិក្សា​នៅតែ ទៅ​សិក្សា​ដដែល។ ក្មេង​អាយុ​ក្រោម ១២ឆ្នាំ​គេ​មិន​ឲ្យ​ពាក់​ម៉ាស់ ក៏​មិន​អី​ដែរ ព្រោះ​គេ​យល់ថា ក្មេង​អាយុ​ក្រោម ១២ឆ្នាំ មាន​ប្រព័ន្ធ​ការពារ​ខ្លាំង​ជាង​មនុស្ស​ចាស់ៗ ដែល​គេ​មិន​ព្រួយ​បារម្ភ​ប៉ុន្មាន​ទេ»

ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​សុខាភិបាល​បែបនេះ គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី១៥ កញ្ញា បាន​សម្រេច​ប្រើប្រាស់​វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) ​របស់​ក្រុមហ៊ុន​ចិន សម្រាប់​ចាក់​ក្មេង​ អាយុ​ចន្លោះ ៦ឆ្នាំ​ដល់ ១១ឆ្នាំ នៅ​ទូទាំង​ប្រទេស​ប្រមាណ ១លាន ៨សែន​នាក់ ដើម្បី​ឈាន ទៅ​បើក​សាលា​បឋមសិក្សា​ឡើង​វិញ។ ការប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន​ដល់​កុមារ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ប្រមុខ​ការ​ទូត​របស់​ចិន លោក វ៉ាង យី (Wang Yi) មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១២ ខែកញ្ញា។

អាស៊ី​សេរី ​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ដើម្បី​បក​ស្រាយ​អំពី​រឿង​នេះ​បាន​ទេ។ ប៉ុន្តែ​ក្រសួង​សុខាភិបាល ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន ជូន​ដល់​កុមារ ដែល​មាន​អាយុ​ចាប់​ពី ៦ឆ្នាំ ដល់ ១១ឆ្នាំ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល ខេត្ត​ព្រះសីហនុ ​និង​ខេត្តកោះកុង នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៧ ខែកញ្ញា​ ខណៈ២១​ខេត្ត​ផ្សេង​ទៀត ​នឹង​ត្រូវ​ចាប់​ផ្ដើម​ពី​​ថ្ងៃ​ទី១៨​ ខែកញ្ញា។ 

ទាក់ទង​នឹង​ករណី​ចាក់​វ៉ាក់សាំង​ដល់​កុមារ ដើម្បី​ឈាន​ទៅ​បើក​សាលា​បឋមសិក្សា​ឡើង​វិញ​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា ​លោក រស់ សុវាចា ថ្លែង​យ៉ាង​ខ្លី​ថា ក្រសួង​អប់រំ​ គាំទ្រ​និង​អនុវត្ត​តាម​ការសម្រេច​ចិត្ត​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ប៉ុន្តែ​លោក​មិន​បក​ស្រាយ​អំពី​ភាព​ចាំបាច់​ ឬ​អត្ថប្រយោជន៍ និង​ហានិភ័យ ចំពោះ​កុមារ​ដែល​ចាក់​វ៉ាក់សាំង​បន្ទាន់​នោះ​ទេ។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ​លើក​ឡើង​ថា ការ​គិតគូរ​រឿង​ផ្តល់​វ៉ាក់សាំង​សម្រាប់​កុមារ ដើម្បី​បើក​សាលារៀន​ឡើង​វិញ គឺ​ជា​រឿង​ល្អ។ ប៉ុន្តែ​លោក ​ក៏​ព្រួយ​បារម្ភ​ដែរ​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​កុមារ ព្រោះ​កន្លង​មក គេ​ហាក់​មិន​សូវ​មាន​ព័ត៌មាន​ទូលំទូលាយ​អំពី​ការ​ធ្វើ​តេស្ត​សាកល្បង​វ៉ាក់សាំង​ចិន​លើ​កុមារ​នោះ​ទេ។ លោក ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ព័ត៌មាន​ជា​សាធារណៈ​ឲ្យបាន​ច្បាស់លាស់​អំពី​សុវត្ថិភាព​ និង​ផល​ប៉ះពាល់ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ ព្រួយ​បារម្ភ និង​រិះគន់​ជុំវិញ​រឿង​នេះ៖ «ប្រសិនបើ​ការ​ចាក់​នេះ ​មាន​លទ្ធផល​ល្អ​នឹង​មិន​មាន​ការ រិះគន់​អី​ទេ តែ​បើ​វា​ផ្តល់​ផល​អវិជ្ជមាន​ច្រើន អា​ហ្នឹង​វា​អាច​មាន​ការរិះគន់​ដល់​ផ្នែក​វេជ្ជសាស្ត្រ​ និង​ការសម្រេច​ចិត្ត​របស់​យើង​ដែរ។ នេះ​ជា​រឿង​មួយ​សំខាន់​ណាស់​បាទ។ ជុំវិញ​បញ្ហា​នេះ ការ​ចាក់​ឲ្យ​ក្មេង​នេះ វា​មិន​ទាន់​ជា​ការ​ប្រញាប់​ពេក​ដែរ​ដោយសារ​ថា ​កម្រិត​នៃ​ការ​ឆ្លង​ និង​ផល​ប៉ះពាល់​កូវីដ-១៩ វា​មាន​កម្រិត​ទាប​ដែរ ហើយ​ដែល​មិន​មែន​ជា​ក្រុម​ប្រឈម​ខ្លាំង​នោះ​ទេ»

រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​មិន​រាថយ​ក្នុង​ការ​ទទួល​យក​វ៉ាក់សាំង​ចិន ដើម្បី​ចាក់​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ទេ ក្រោម​ហេតុផល​ការពារ​អាយុ​ជីវិត​ប្រជាពលរដ្ឋ ​ទោះបី​មាន​មតិ​រិះគន់​អំពី​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​ចិន​ក្ដី។ ក្រៅពី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​មាន​អាយុ​ចាប់​ពី ៦ឆ្នាំ​ហើយ​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​កំពុង​ពិចារណា​ចាក់​វ៉ាក់សាំង​ដល់​កុមារ​មាន​អាយុ​ចន្លោះ​ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ​ដូច​នៅ​ប្រទេស​ចិន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល