សមាជិក​សភា ១០​រូប​មកពី​អឺរ៉ុប​បញ្ចប់​បេសកកម្ម ៤​ថ្ងៃ​នៅ​កម្ពុជា

ដោយ ម៉ៅ សុធានី
2024.02.10
សមាជិក​សភា ១០​រូប​មកពី​អឺរ៉ុប​បញ្ចប់​បេសកកម្ម ៤​ថ្ងៃ​នៅ​កម្ពុជា ទិដ្ឋភាពសមាជិកសភា​​ពី​ប្រទេស​ដាណឺម៉ាក (Denmark) ន័រវែស (Norway) និង​ស៊ុយអែត (Sweden) បំពេញបេសកកម្ម​​នៅ​​កម្ពុជា នៅ​ដើមខែ​កុម្ភៈ ២០២៤។
Photo Courtesy of UNICEF

សមាជិកសភា​ចំនួន​១០​រូប មក​ពី​ប្រទេស​ដាណឺម៉ាក (Denmark) ន័រវែស (Norway) និង​ស៊ុយអែត (Sweden) បាន​បញ្ចប់​បេសកកម្ម​រយៈពេល ៤​ថ្ងៃ​នៅ​កម្ពុជា ដើម្បី​ពិនិត្យមើល​កម្មវិធី​មួយ​ចំនួន​នៅ​កម្ពុជា ដែល​គាំទ្រ​ពី​បណ្តា​ប្រទេស​ទាំងនេះ​។ កម្មវិធី​ទាំងនោះ រួមមាន ក្រុមហ៊ុន​វ៉ាក់សាំង​ហ្គាវី (Gavi) ដែល​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺឆ្លង​ដល់​កុមារ កម្មវិធី​មូលនិធិ​ពិភពលោក​សំរាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ របេង និង​ជំងឺ​គ្រុនចាញ់ និង​កម្មវិធី​នានា​របស់​អង្គការ​យូនីសេហ្វ (Unicef)

សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​អង្គការ​យូនីសេហ្វ កាល​ពី​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឲ្យ​ដឹង​ថា គណៈប្រតិភូ​ទាំង​១០​រូប​នោះ ក៏​បាន​ទៅ​ពិនិត្យ​កម្មវិធី​មួយ​ចំនួន នៅ​ខេត្ត​សៀមរាប និង​នៅ​ភូមិ​បណ្តែត​ទឹក​មាត់​ខ្លា នៅ​តំបន់​ទន្លេសាប ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល និង​បញ្ហា​ប្រឈម​មួយ​ចំនួន រួម​មាន​ជំងឺឆ្លង​គ្រប់​ប្រភេទ​សំរាប់​កុមារ​។

កម្មវិធី​នេះ​ក៏​បាន​ផ្តល់​កិច្ច​គាំពារ​សុខភាព​ដល់​មាតា​និង​ទារក ដូចជា ការ​ចាក់​ថ្នាំ​បង្ការ ការ​ថែទាំ​គភ៌ នៅ​មុន និង​ក្រោយ​ពេល​សំរាល​កូន អាហារូបត្ថម្ភ ផ្សព្វផ្សាយ​ពី​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ ព្រមទាំង​ធ្វើ​តេស្ត​រក​ជំងឺ​គ្រុន​ចាញ់ នៅ​សហគមន៍​ដាច់ស្រយាល​របស់​ពួកគេ។

អង្គការ​យូនីសេហ្វ​សង្កត់ធ្ងន់​ថា ការ​ចាក់​ថ្នាំ​បង្ការ និង​ការ​អប់រំ​ពី​សុខភាព​ផ្លូវ​ភេទ គាំទ្រ​ដល់​ស្ត្រី និង​ការ​ថែទាំ​សុខភាព​ដល់​ស្ត្រី​មាន​គភ៌ បាន​ធ្វើ​ឲ្យ​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង មិន​តែ​ចំពោះ​បុគ្គល​ម្នាក់ៗ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​សំរាប់​សហគមន៍​របស់​ពួកគេ​ថែម​ទៀត​ផង។

សមាជិកសភា​ទាំង ១០​រូប​នោះ ក៏បាន​ជួប​សមាជិកសភា​កម្ពុជា មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល មន្ត្រី​អង្គការ​សហប្រជាជាតិ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដើម្បី​ជជែក​ពី​បញ្ហា​អាទិភាព​លើ​វិស័យ​សុខាភិបាល និង​តួនាទី​របស់​ភាគី​ពាក់ព័ន្ធ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព និង​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​ទាំងនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។