តុលាការ​ក្រុង​ភ្នំពេញ​ផ្អាក​សវនាការ​អ្នក​ជាប់​ឃុំ ២សប្ដាហ៍ ខណៈ​អាជ្ញាធរ​បិទ​បរិវេណ​ពន្ធនាគារ​ព្រៃ​ស ផ្អាក​ឲ្យ​សាច់​ញាតិ​ចូល​សួរ​សុខ​ទុក្ខ

ដោយ ទីន ហ្សាការីយ៉ា
2020.11.30
តុលាការ​ក្រុង​ភ្នំពេញ​ផ្អាក​សវនាការ​អ្នក​ជាប់​ឃុំ ២សប្ដាហ៍ ខណៈ​អាជ្ញាធរ​បិទ​បរិវេណ​ពន្ធនាគារ​ព្រៃ​ស ផ្អាក​ឲ្យ​សាច់​ញាតិ​ចូល​សួរ​សុខ​ទុក្ខ នគរបាលសម្រួល​ចរាចរណ៍នៅ​មុខ​សាលាដំបូង​រាជ​ធាវី​ភ្នំពេញ ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

សាលា​ដំបូង​​រាជធានី​​ភ្នំពេញ សម្រេច​ផ្អាក​សវនាការ ចំពោះ​អ្នក​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ប៉េហ្ស៊ី​ (PJ)​ និង​ពន្ធនាគារ​ព្រៃ​ស ឬ​ហៅ​ថា មណ្ឌល​អប់រំ​កែប្រែ​ទី១ និង​ទី២ រយៈ​ពេល ២សប្ដាហ៍ ​ដោយ​សារ​ឆ្មាំ​ពន្ធនាគារ កំពុង​​​​​តម្រូវ​ឲ្យ​​ធ្វើ​ចត្តាឡីស័ក ១៤ថ្ងៃ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​បាន​បិទ​បរិវេណ​ពន្ធនាគារ​ព្រៃ​ស​ និង​ផ្អាក​ ឲ្យ​សាច់​ញាតិ​ចូល​សួរ​សុខ​ទុក្ខ ឬ​ផ្ញើ​ម្ហូប​អាហារ​ចូល​ក្នុង​ពន្ធនាគារ នៅ​​កំឡុង​ពេល​​ ឆ្មាំ​ពន្ធនាគារ​ កំពុង​ធ្វើ​ចត្តាឡីស័ក។

ការសម្រេច​ផ្អាក​សវនាការ ចំពោះ​អ្នក​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ទាំង៣ នៅ​រាជធានី​ភ្នំពេញ​ជា​បណ្ដោះអាសន្ន​ចាប់​ពី​ថ្ងៃ​ទី៣០ ដល់​ថ្ងៃ​ទី១៤ ខែធ្នូ​នេះ គឺ​បន្ទាប់​ពី​ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក ឆែម សាវុធ និង​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ-១៩ ហើយ​មន្ត្រី​ជាន់​ខ្ពស់​ពន្ធនាគារ​រូប​នេះ ធ្លាប់​បាន​ចុះ​ទៅ​បំពេញ​ការងារ និង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស​មួយ​ចំនួន​ផង​ដែរ។

សាច់​ញាតិ ​របស់​អ្នក​ទោស​នយោបាយ កំពុង​​ជាប់​ឃុំ ក្នុង​​ពន្ធនាគារ​ព្រៃ​ស ឬ ​ម១ ឲ្យ​ដឹង​ថា មន្ត្រី​ពន្ធនាគារ​​បាន​​បិទ​ទ្វារ​របង​ពន្ធនាគារ​ទាំង​ស្រុង ហើយ​មិន​ទទួល​យក​ម្ហូប​អាហារ ឬ​សម្ភារៈ​ចូល​ខាង​ក្នុង​ទេ និង​បាន​​​​ប្រាប់​ឲ្យ​សាច់​ញាតិ​ផ្អាក​ចូល​សួរ​សុខ​ទុក្ខ មួយ​រយៈ រហូត​ដល់​មាន​ការ​បើក​ពន្ធនាគារ​ឡើងវិញ​។

ប្រពន្ធ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ខេត្ត​កំពង់ធំ ​លោក ស៊ុន ធន់ គឺ លោកស្រី សេង ចាន់ថន ឲ្យ​ដឹង​ថា សាច់​ញាតិ​បាន​ទៅ​សួរ​សុខ​ទុក្ខ លោក ស៊ុន ធន់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា តែ​​អ្នក​យាម​នៅ​ខាង​មុខ​​ពន្ធនាគារ បាន​ប្រាប់​ឲ្យ​កូន​ប្រុស ​របស់ លោកស្រី យក​ម្ហូប​អាហារ និង​សម្ភារៈ ត្រលប់​មក​វិញ​ទាំង​អស់ ​ព្រោះ​ពន្ធនាគារ ត្រូវ​​បិទ​ទាំង​ស្រុង​ បន្ទាប់​ពី​មាន​ការ​ពាក់ព័ន្ធ​​​ជំងឺ​កូវីដ​១៩ (Covid-19)។ លោកស្រី ប្រាប់​ថា មក​ដល់​ពេល​នេះ ខាង​គ្រួសារ ​មិន​ដឹង​ពី​សុខ​ទុក្ខ របស់​លោក ស៊ុន ធន់ និង​ក្រុម​អ្នក​ទោស​នយោបាយ​ អ្នក​ទោស​មនសិការ​ផ្សេង​ទៀត​ទេ៖ «ខ្ញុំ​ឲ្យ​កូន​ទៅ គេ​អត់​ឲ្យ​ជួប​ទេ ហើយ​ម្ហូប​អាហារ​អ្វី​ហ្នឹង យក​ទៅ​ផ្ញើ​គាត់ ក៏​គេ​អត់​ទទួល​ដែរ។ គេ​ឲ្យ​មក​វិញ​ទាំង​អស់ ហើយ​ពន្ធនាគារ​ទាំង​មូល​ គេ​បិទ​ទាំង​ស្រុង​តែ​ម្ដង ដោយសារ​គេ​យក​មន្ត្រី​ពន្ធនាគារ​ទាំង​អស់​ហ្នឹង ​ទៅ​ធ្វើ​កោសល្យវិច័យ ហើយ​មិន​ដឹង​ថា ថ្ងៃ​ណា គេ​បើក​ទេ។ យើង​អត់​ដឹង​ថា ថ្ងៃ​ណា​គេ​បើក​ទេ។ ទៅ​ដល់​មុខ​ហ្នឹង សួរ​ទៅ មន្ត្រី​នៅ​ខាង​ក្រៅ​ គេ​ប្រាប់​មក​ អ៊ីចឹង»

ចំណែក​ប្រពន្ធ​របស់​សកម្មជន​មាតា​ធម្មជាតិ លោក ថុន រដ្ឋា គឺ លោកស្រី ប៉ាត់ រស្មី ក៏​មិន​បាន​ដឹង​ពី​សុខ​ទុក្ខ​ប្ដី និង​អ្នក​​ទោស​មនសិការ​​ផ្សេង​ទៀត​ដែរ ព្រោះ​មិន​បាន​ទទួល​សេចក្ដី​ជូន​ដំណឹង​ ឬ​ព័ត៌មាន​នានា ពី​ខាង​ពន្ធនាគារ​។ លោកស្រី ប៉ាត់ រស្មី មាន​គម្រោង​ ​ទៅ​សុំ​ចូល​​ជួប ​សួរ​សុខ​ទុក្ខ​ លោក ថុន រដ្ឋា នៅ​ថ្ងៃ​ទី​០១ ធ្នូ៖ «ស្អែក​ហ្នឹង គឺ​ខ្ញុំ និង​ម៉ាក​អា​គន្ធា គ្រោង​នឹង​ទៅ​សួរ​សុខ​ទុក្ខ​ពួកគាត់ ព្រោះ​អ្វី ខ្ញុំ​ទើប​នឹង​តេ​សួរ​គេ​ព្រឹក​មិញ​ដែរ គេ​ថា ខាង​ស្រីៗ គេ​អត់​ទាន់​​ផ្អាក​ផង​ហ្នឹង។ ព្រឹក​មិញ ខ្ញុំ​បាន​តេ​ទៅ​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ ​ម២។ អ្នក​ធ្វើ​ការ​ខាង​ម២​ហ្នឹង ខ្ញុំ​សួរ​គេ​ថា ម្ដេច​ហើយ​កូវីដ​អ៊ីចឹង គេ​មាន​ផ្អាក​ឲ្យ​ឈប់​សួរ​សុខ​ទុក្ខ​អត់។ គេ​ថា អត់​ផង​ នៅ​សួរ​សុខ​ទុក្ខ​ធម្មតា។ អា​ហ្នឹង ខាង​ស្រីៗ។ តែ​ខាង​ប្រុសៗ ខ្ញុំ​អត់​ដឹង​ផង ព្រោះ​អ្វី​ខ្ញុំ​មាន​បងប្អូន​ធ្វើ​ការ​នៅ​ក្នុង​ហ្នឹង​អ៊ីចឹង។ ខ្ញុំ​ចេះ​តែ​សួរ ​គេ»

ចំណែក​សាច់​ញាតិ​របស់​អ្នក​ទោស​មនសិការ កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ម២ ផ្នែក​ស្ត្រី ក៏​មិន​បាន​ដឹង​ពី​សុខ​ទុក្ខ​របស់​អ្នក​ជាប់​ឃុំ​ដែរ តាំង​ពី​ផ្ទុះ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ ឡើងវិញ នៅ​ប៉ុន្មាន​ថ្ងៃ​​ចុង​ក្រោយ​នេះ។

ម្ដាយ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា គឺ​លោកស្រី សាន សារ៉ន ប្រាប់​ថា លោក​ស្រី ក៏​មាន​បំណង​ ទៅ​ជួប​កូនស្រី ក្នុង​ពន្ធនាគារ ម២ ដើម្បី​សួរ​សុខ​ទុក្ខ​ដែរ នៅ​ថ្ងៃ​ទី១ ធ្នូ។ តែ​យ៉ាង​ណា លោក​ស្រី មិន​ទាន់​ដឹង​ថា ខាង​ពន្ធនាគារ​អនុញ្ញាត​ឲ្យ​ចូល​ជួប ឬ​អត់​ទេ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អគ្គនាយក​រង និង​ជា​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា បាន​ទេ នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា​ ដោយសារ លោក​មិន​លើក​ទូរស័ព្ទ។ ទោះ​ជា​យ៉ាង​ណា ក្នុង​សេចក្ដី​ជូន​ដំណឹង ​របស់​​​លេខាធិការដ្ឋាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី៣០ វិច្ឆិកា​ បាន​បញ្ជាក់​ថា ប្រធាន​ពន្ធនាគារ​ប៉េហ្ស៊ី ប្រធាន​មណ្ឌល​អប់រំ​កែប្រែ ម១ និង ម២ បាន​ស្នើសុំ​ផ្អាក​សវនាការ ​លើ​ជន​ជាប់​ឃុំ រយៈ​ពេល​២​សប្ដាហ៍ ដោយសារ​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ដល់​ពន្ធនាគារ និង​មាន​មន្ត្រី​ពន្ធនាគារ​មួយ​ចំនួន កំពុង​ធ្វើ​ចត្តាឡីស័ក។

ចំណែក​ពន្ធនាគារ​មួយ​ទៀត ដែល​អាច​ប្រឈម​ការ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ ដែរ គឺ​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ។ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​សរសេរ​លើ​ហ្វេសប៊ុក ថ្ងៃ​ទី២៩ វិច្ឆិកា​ថា មុន​ពេល​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូវីដ​១៩ អគ្គ​នាយកដ្ឋាន​ពន្ធនាគារ លោក ឆែម សាវុធ បាន​ធ្វើ​ដំណើរ​ ទៅ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ត្រួតពិនិត្យ​ដំណើរការ​ផ្ទេរ​អ្នក​ទោស ដែល​ផ្ញើ​តាម​ពន្ធនាគារ​ខេត្ត​ផ្សេង​ ក្នុង​ពេល​ទឹក​ជំនន់​ចូល​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​វិញ។ ចំណែក​ទំព័រ​ហ្វេសប៊ុក​​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក៏​បាន​ផ្សាយ​ថា លោក ឆែម សាវុធ បាន​ទៅ​ពិនិត្យ​មើល​ពន្ធនាគារ​ព្រៃ​ស ​និង​បាន​ជួប ​ជាមួយ​អ្នក​​ជាប់​ឃុំ កាល​ពី​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា។ ក្រៅពី​នេះ មន្ត្រី​ពន្ធនាគារ​ផ្សេង​ទៀត បាន​ចូល​រួម​កិច្ច​ប្រ​ជុំ​នានា ​នៅ​តាម​បណ្ដា​ខេត្ត។

កន្លង​មក ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​រីក​រាល​ដាល​វីរុស​កូវីដ១៩ និង​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា ដោយសារ​នៅ​តាម​ពន្ធនាគារ​ទាំង​អស់ នៅ​ទូទាំង​ប្រទេស សុទ្ធ​តែ​ប្រឈម​នឹង​ភាព​ចង្អៀត​ណែន​ ក្នុង​បន្ទប់​ឃុំឃាំង។ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ លោក នុត សាវនា ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា គិត​ត្រឹម​ ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ២០២០ មាន​ជន​ជាប់​ឃុំ ៣៩.៣០០​នាក់ នៅ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស។ ក្រុម​អង្គការ​​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ ធ្លាប់​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ការ​ដោះលែង​អ្នក​ទោស​ស្រាលៗ និង​ ជិត​រួច​ទោស ដើម្បី​បន្ថយ​ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ដីធ្លី នៃ​សមាគម​អាដហុក លោក នី សុខា មាន​ប្រសាសន៍​ថា ប្រសិន​បើ​ខាង​ពន្ធនាគារ អនុវត្ត​ត្រឹមត្រូវ​តាម​​​វិធានការ​ទាំង​ឡាយ​របស់​ក្រសួង​សុខាភិបាល ជា​ការ​ប្រសើរ។ ប៉ុន្តែ​យ៉ាង​ណា លោក​មិន​ចង់​ឃើញ​រូបភាព ការ​អនុវត្ត​វិធានការ​លើស​ ឬ​​តឹង​រ៉ឹង​ហួស ​ពី​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​អ្នក​ជាប់​ឃុំ ធ្ងន់ធ្ងរ​ឡើយ។

សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​អាជ្ញាធរ​ឱ្យ​អនុញ្ញាត​ដល់​សាច់ញាតិ បាន​ផ្ញើ​ម្ហូប​អាហារ និង​សម្ភារៈ​ចាំបាច់​ខ្លះ ចូល​ក្នុង​ពន្ធនាគារ។ ទោះ​ជា​យ៉ាង​ណា ក្រសួង​សុខាភិបាល​មិន​ទាន់​រក​ឃើញ​ អ្នក​ជាប់​ឃុំ​ណា​ម្នាក់​ក្នុង​ពន្ធនាគារ មាន​ឆ្លង​ជំងឺ​កូវីដ១៩ ឡើយ​ទេ គិត​ត្រឹម​ចុង​ខែ​វិច្ឆិកា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។