ពលរដ្ឋ​រស់​នៅ​បាត់ដំបង​បារម្ភ​ពី​សុខភាព​ដោយ​ការ​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​មន្ទីរ​ពេទ្យ​ខេត្ត​ចូល​ស្ទឹង​សង្កែ

ដោយ ឡេង ម៉ាលី
2023.02.02
Share on WhatsApp
Share on WhatsApp
ពលរដ្ឋ​រស់​នៅ​បាត់ដំបង​បារម្ភ​ពី​សុខភាព​ដោយ​ការ​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​មន្ទីរ​ពេទ្យ​ខេត្ត​ចូល​ស្ទឹង​សង្កែ ​ស្ទឹង​សង្កែ ត្រង់​ចំណុច​​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាលពីឆ្នាំ​២០១៦។
RFA File

ប្រជាពលរដ្ឋ​ភាគ​ច្រើន ដែល​រស់​នៅ​តាម​ដង​ស្ទឹង​សង្កែ​ខេត្ត​បាត់ដំបង បារម្ភ​ពី​សុខ​ភាព​ដោយ​សារ​តែ​ការ​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​មន្ទីរ​ពេទ្យ​ខេត្ត​ចូល​ស្ទឹង​សង្កែ ដោយ​គ្មាន​ការ​ចម្រោះ​ឱ្យ​បាន​ត្រឹម​ត្រូវ។ សកម្មជន​បរិស្ថាន​និង​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ពាក់​ព័ន្ធ​គួរ​តែ​ដោះ​ស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់។

ប្រជា​ពលរដ្ឋ​ និង​សកម្មជន​បរិស្ថាន​លើក​ឡើង​ថា បញ្ហា​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សង្កែ​ខេត្ត​បាត់ដំបង​ប៉ះពាល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ ដែល​ធ្វើ​កសិកម្ម​ និង​ការ​នេសាទ​ត្រី​នៅ​ទី​នោះ​ជា​ញឹក​ញាប់។ ពួក​គេ​បារម្ភ​ថា​ បើ​សិន​ជា​អាជ្ញាធរ​មិន​បញ្ឈប់​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​ទេ​នោះ​ ធ្វើ​ឱ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​យក​ទឹក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ដូច​ជា ការ​ស្រោច​ស្រព​ដំណាំ និង​ការ​ចិញ្ចឹម​ជ្រូក មាន់​ទា ជា​ដើម។

ពលរដ្ឋ​រស់​នៅ​ភូមិ​រំចេក១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង លោក កែវ យឿន ដែល​មាន​ផ្ទះ​មិន​ឆ្ងាយ​ពី​ស្ទឹង​សង្កែ​នោះ​ទេ លោក​តែង​តែ​ប្រើ​ប្រាស់​ទឹក​ស្ទឹង​មួយ​នេះ​ជា​ប្រចាំ ប៉ុន្តែ​លោក​មិន​សូវ​ចាប់​អារម្មណ៍​ពី​ផល​ប៉ះពាល់​លើ​ការ​បង្ហូរ​ទឹក​លូ​ចេញ​ពី​មន្ទីរ​ពេទ្យ​នោះ​ទេ ដោយ​សារ​តែ​មិន​យល់​ដឹង​ពី​ផល​ប៉ះពាល់។ ទោះ​យ៉ាង​ណា​ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​រៀបចំ​ចម្រោះ​ទឹក​ស្អុយ​ឱ្យ​បាន​ត្រឹម​ត្រូវ​មុន​ការ​បង្ហូរ​ចូល​ស្ទឹង ដោយ​មិន​គួរ​ឱ្យ​មាន​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​ការ​ចម្រោះ​នោះ​ទេ។

លោក កែវ យឿន៖ «មិន​ដឹង​ថា​ម៉េច​ទេ ប៉ុន្តែ​ចង់​ឱ្យ (អាជ្ញាធរ) រក​កន្លែង​ណា​បង្វែរ​ទិស ទៅ​កន្លែង​ណា​ដែល​ឱ្យ​បាន​ល្អ​ទៅ​[ការ​បង្ហូរ​ទឹក​ល្អ​ទៅ​កន្លែង»

កាល​ពី​ឆ្នាំ២០២០ យុវជន​ស្ម័គ្រ​ចិត្ត​ស្រលាញ់​បរិស្ថាន និង​ព្រះសង្ឃ​នៃ​ចលនា​មាតា​ធម្ម​ជាតិ​ធ្លាប់​រិះគន់​ថា ការ​បង្ហូរ​ទឹក​កខ្វក់​ចេញ​ពី​មន្ទីរ​ពេទ្យ​ចូល​ស្ទឹង​សង្កែ​ខេត្ត​បាត់ដំបង​នេះ​ មិន​បាន​ឆ្លង​កាត់​ការ​ចម្រោះ​ត្រឹម​ត្រូវ​នោះ​ទេ។ សកម្មជន​បរិស្ថាន​ថា បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​​ធ្ងន់ធ្ងរ។ បើ​ទោះ​បី​ជា​ យុវជន​ទាំងនេះ បាន​លើក​ឡើង​អស់​រយៈ​ពេល ៤ឆ្នាំ​មក​ហើយ​ក្ដី ក៏​មិន​ឃើញ​មាន​អាជ្ញាធរ​ដោះ​ស្រាយ​បញ្ហា​នេះ​នៅ​ឡើយ។

គេ​សង្កេត​ឃើញ​ថា​ ក្រោយ​ពី​មាន​ការ​រិះគន់​ពី​ពលរដ្ឋ​មក​លើ​អាជ្ញាធរ និង​អ្នក​គ្រប់​គ្រង់​មន្ទីរ​ពេទ្យ​ខេត្ត​ជុំ​វិញ​ ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​កន្លង​ទៅ បច្ចុប្បន្ន​ខាង​មន្ទីរ​ពេទ្យ​បាន​ឈប់​បង្ហូរ​ទឹក​លូ​នៅ​ពេល​ថ្ងៃ​ ប៉ុន្តែ​បែរ​ជា​បង្ហូរ​នៅ​ពេល​យប់​វិញ​ម្ដង។ បញ្ហា​ទឹក​ស្អុយ​ដែល​ពោរពេញ​ដោយ​មេ​រោគ​នេះ​ មាន​ទាំង​ក្លិន​ស្អុយ​ខ្លាំង​ ហើយ​សម្បូរ​ដោយ​សំរាម​ប្លាស្ទិក​អណ្ដែត​តាម​ស្ទឹង ដែល​ធ្វើ​ឱ្យ​ត្រី​មក​ស៊ី​កាក់​សំណល់​ទាំង​នោះ​ ស្រប​ពេល​ដែល​ពលរដ្ឋ​មួយ​ចំនួន​នាំ​គ្នា​នេសាទ​ត្រី​នៅ​ទី​នោះ​យក​ទៅ​បរិភោគ​ប្រចាំ​ថ្ងៃ ហើយ​គេ​បារម្ភ​ថា​ ប្រជាពលរដ្ឋ​ដែល​បរិភោគ​ត្រី​ទាំង​នោះ​នឹង​ប៉ះពាល់​សុខភាព។

ពលរដ្ឋ​ម្នាក់​ទៀត លោក វ៉ាន់ ប៊ុនធឿន រស់​នៅ​ភូមិ​រំចេក១ សង្កាត់​រតនៈ ថ្លែង​ថា កន្លង​ទៅ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​នេះ​បាន​ស្នើ​ឱ្យ​អាជ្ញាធរ និង​អ្នក​គ្រប់​គ្រង់​មន្ទីរ​ពេទ្យ​បញ្ឈប់​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​មន្ទីរ​ពេទ្យ​ចូល​ស្ទឹង​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​មិន​ដោះ​ស្រាយ​នោះ​ទេ។ លោក​ថា បច្ចុប្បន្ន​ពលរដ្ឋ រួម​នឹង​រូប​លោក ដែល​រស់​នៅ​ជាប់​នឹង​ដង​ស្ទឹង​សង្កែ​មិន​សូវ​ហ៊ាន​ប្រើ​ប្រាស់​ទឹក​ស្ទឹង​ដូច​មុន​ទេ ព្រោះ​ទឹក​មិន​ស្អាត ដូច្នេះ​លោក​ប្រើ​ប្រាស់​ទឹក​សម្រាប់​តែ​ស្រោច​ដំណាំ និង​ចិញ្ចឹម​ជ្រូក​ជា​ដើម។

លោក វ៉ាន់ ប៊ុនធឿន៖ «ព្រួយ​បារម្ភ​ដែរ​ព្រោះ​រឿង​នេះ​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​យើង​ដែល​បង​ប្អូន​យើង​រស់​នៅ​ក្រោម​មន្ទីរ​ពេទ្យ [ក្បែរ] ខ្លាច​លោ​គាត់​ខូច​សុខ​ភាព​ដោយ​សារ​តែ​គាត់​បង្ហូរ [កាក់​សំណល់​ពី​ពេទ្យ] មិន​ដឹង​ថា ទឹក​អី​ខ្លះ ប៉ុន្តែ​ដឹង​ថា​ទឹក​មិន​ល្អ។ បើ​អាច​សម្រួល​បាន​ ចង់​ឱ្យ​អាជ្ញាធរ​គាត់​មាន​កន្លែង​ណា​បង្ហូរ​ទៅ​អាង​ស្ទះ​កន្លែង​ណា​ផ្សេង​ក្រៅ​ពី​បង្ហូរ​ចូល​ក្នុង​ស្ទឹង​សង្កែ»

ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ដែល​រស់​នៅ​ជុំ​វិញ​ស្ទឹង​មួយ​នេះ កំពុង​ប្រើ​ប្រាស់​ទឹក​ស្ទឹង ដើម្បី​ស្រោច​ស្រព​ បន្លែ ហើយ​ពួក​គាត់​យក​បន្លែ​ទាំង​នោះ​ទៅ​លក់​នៅ​ទី​ផ្សារ ដូច​ជា​បន្ថែ​ត្រកួន ត្រសក់ ម្ទេស និង​ស្ពៃ​ជា​ដើម។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង​អភិបាល​ខេត្ត​បាត់ដំបង​ លោក សុខ លូ និង​អនុប្រធាន​មន្ទីរ​សុខាភិបាល​ លោក ស៊ូ សានិត ដើម្បី​បកស្រាយ​ជុំ​វិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល។

ដោយ​ឡែក ជំទប់​ទី២ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​លោក សុខ សុភ័ក្ដិ បាន​អះអាង​ថា ប្រជាកសិករ​រាប់​ម៉ឺន​គ្រួសារ​នៅ​ក្នុង​ស្រុក​ឯកភ្នំ ពឹង​អាស្រ័យ​លើ​ទឹក​ស្ទឹង​សង្កែ​ទាំង​ស្រុង​សម្រាប់​ធ្វើ​កសិកម្ម ទាំង​រដូវ​ប្រាំង និង​វស្សា ស្ទើរ​តែ​មិន​មាន​ទឹក​គ្រប់​គ្រាន់​យក​មក​ប្រើ​ប្រាស់​។ ដូច្នេះ​លោក​បារម្ភ​ពី​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សង្កែ​នេះ​ អាច​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​នៅ​ខាង​ក្រោម​ដង​ស្ទឹង។

លោក សុខ សុភ័ក្ដិ៖ «ខ្ញុំ​បារម្ភ​លូ​ទឹក​ស្អុយ​បង្ហូរ​មក​ស្ទឹង​សង្កែ​ហ្នឹង​ ដោយ​សារ​តែ​នៅ​ស្ទឹង​សង្កែ​ហ្នឹង​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​អាស្រ័យ​ផល​ ហើយ​ប្រើ​ប្រាស់​នៅ​ហ្នឹង​។ ពី​មុន​ឮ​សូរ​ថា​បង្វែង​ទៅ​ខាង​ណេះ​ ខាង​ណោះ​ម្ដង​ទៅ​ហើយ ប៉ុន្តែ​អាការ​បង្វែង​នោះ​ហាក់​ដូច​គ្មាន​ប្រសិទ្ធភាព​អ្វី​ទេ។ ឃើញ​តែ​ហូរ​មក​តែ​ស្ទឹង​សង្កែ​ដដែល​ ហូរ​តាម​លូ អ៊ីចឹង​ហើយ​សូម​សំណូមពរ​រដ្ឋបាល​ខេត្ត ឬ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ជា​ពិសេស​ក្រសួង​បរិស្ថាន​មេត្តា​ពិនិត្យ​ឡើង​វិញ​ដើម្បី​ជួយ​ដល់​សុខុមាលភាព​ប្រជា​ពលរដ្ឋ»

នៅ​ក្នុង​វីដេអូ​ខ្លី​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ​បាន​បង្ហាញ​កាល​ឆ្នាំ២០២០ ថា ទឹក​លូ​ដែល​ចេញ​ពី​មន្ទីរ​ពេទ្យ​នេះ ពួក​គេ​បាន​យក​ទៅ​ធ្វើ​ពិសោធន៍​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដែល​លទ្ធផល​បង្ហាញ​ថា មាន​បាក់តេរី និង​មេ​រោគ​ជា​ច្រើន ហើយ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ផង​នោះ​ទឹក​នេះ​បាន​ហូរ​ទៅ​កាន់​ស្រែ​ចម្ការ​ដែល​ជា​កត្តា បង្ក​ហានិភ័យ​ដល់​ប្រជាកសិករ​នៅ​ទី​នោះ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី សង្កេត​ឃើញ​ថា បញ្ហា​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សង្កែ​នេះ មាន​មក​ជា​យូរ​ហើយ ប៉ុន្តែ​អាជ្ញាធរ​មិន​មាន​វិធានការ​ដោះ​ស្រាយ​នោះ​ទេ លោក​ទទូច​ឱ្យ​អាជ្ញាធរ​គួរ​តែ​ទប់​ស្កាត់ ដោយ​បណ្ដោះ​ទឹក​ស្អុយ​ទាំង​នោះ​ទៅ​កន្លែង​ចម្រោះ និង​កន្លែង​មាន​សុវត្ថិភាព​ដែល​មិន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ និង​តំបន់​ទេសចរណ៍​តាម​ដង​ស្ទឹង។

លោក យិន ម៉េងលី៖ «កាល​ណា​បើ​មាន​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់ ហើយ​បើ​សិន​ជា​ក្លាយ​ជា​មាន​ជំងឺ​ដង្កាត់​អ្វី​មួយ​ឡើង វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​គាត់​ ព្រោះ​គាត់​ត្រូវ​ចំណាយ​លុយ​ទិញ​ថ្នាំ​ពេទ្យ ចំណាយ​លុយ​ទៅ​ពេទ្យ ហ្នឹង​ធ្វើ​ឱ្យ​កាន់​តែ​ជីវភាព​របស់​គាត់​ប្រឈម​មួយ​កម្រិត​ទៀត។ អ៊ីចឹង​អាជ្ញាធរ​គប្បី​តែ​ធ្វើ​ការ​រំដោះ​ទឹក​ហ្នឹង​វិញ បង្វែរ​ទឹក​ស្អុយ ទឹក​ស្អុយ​ដែល​ហូរ​ចូល​ស្ទឹង​សង្កែ ទៅ​រក​មុខ​ទឹក​ផ្សេង ទៅ​រក​វាល់​ស្រែ​ផ្សេង​ទៀត»

ចំណែក​សកម្មជន​បរិស្ថាន​នៃ​ចលនា​មេត្តា​ធម្មជាតិ ដែល​ធ្លាប់​ចេញ​វីដេអូ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ទប់​ស្កាត​ការ​បង្ហូរ​ទឹក​លូ​ចេញ​ពី​មន្ទីរ​ពេទ្យ​កាល​ឆ្នាំ២០២០ លោក លី ចាន់ដារ៉ាវុធ មាន​ប្រសាសន៍​ថា បញ្ហា​នេះ​មិន​ពិបាក​ទប់​ស្កាត់​នោះ​ទេ បើ​សិន​ជា​អាជ្ញាធរ​ពាក់​ព័ន្ធ​ចង់​ដោះ​ស្រាយ។ លោក​កត់​សម្គាល់​ថា ការ​ដែល​ដោះ​ស្រាយ​មិន​ចេញ​ដោយ​សារ​អាជ្ញាធរ​គ្មាន​ឆន្ទៈ​ដោះ​ស្រាយ និង​កិបកេង​ប្រវ័ញ្ច​លុយ​រដ្ឋ​ទៅ​ប្រើ​ប្រាស់​ខុស​គោល​ដៅ។

លោក លី ចាន់ដារ៉ាវុធ៖ «ទី១ ខ្ញុំ​អាច​និយាយ​ថា ជា​កត្តា​ឆន្ទៈ ដែល​យើង​មិន​ដែល​ឃើញ​គេ​មាន​ឆន្ទៈ​ក្នុង​សាង​សង់​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អុយ​មួយ​ដែល​វា​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ចម្រោះ​ទឹក​ហ្នឹង​ ហើយ​មិន​មែន​តែ​ខេត្ត​បាត់ដំបង​ទេ​ខេត្ត​ផ្សេងៗ ក៏​មាន​ដែរ។ ទី២ ខ្ញុំ​យល់​ថា អាច​មក​ពី​កត្តា​អំពើ​ពុករលួយ​ដែរ​ ខ្ញុំ​ឃើញ​ថា​ការ​ចាយ​ថវិកា​កន្លង​មក​ យើង​ឆ្ងល់​ដែរ​នៅ​ពេល​ទម្លាក់​ថវិកា​រាប់ ម៉ឺន​ដុល្លារ​ទៅ​តាម​ខេត្ត​នីមួយៗ ហ្នឹង ប៉ុន្តែ​យើង​ឃើញ​ថា មិន​មាន​ការ​សាង​សង់​ប្រព័ន្ធ​ចម្រោះ​ទឹក បើ​ទោះ​បី​ជា​ខេត្ត​មួយ​ចំនួន​ដែល​ជា​ខេត្ត​ទេសចរណ៍​ទទួល​បាន​ចំណូល​រាប់​លាន់​ដុល្លារ​ពី​ទេសចរណ៍​ក៏​ដោយ ទឹក​ស្អុយ​ទៅ​តែ​បង្ហូរ​ចូល​ទន្លេ ចូល​សមុទ្រ និង​ស្ទឹង»

នៅ​ថ្ងៃ​ទី២៤ ខែ​មករា កន្លង​ទៅ​នេះ អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ដីពី «ភាព​ជោគជ័យ​ក្នុង​រយៈ​ពេល​ឆ្នាំ​កន្លង​មក របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​» ហើយ​ក្នុង​នោះ​បាន​បង្ហាញ​ថា ខេត្ត​មួយ​នេះ​បាន​ជាប់​ក្នុង​បញ្ជី «បណ្ដាញ​ទី​ក្រុង​ឆ្លាត​អាស៊ាន» ដែល​មាន​សណ្ដាប់​ធ្នាប់​ទី​ក្រុង​ល្អ​ ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍ ហើយ​មាន​ផែន​ការ​រៀប​ចំ​ទី​លាន​ចាក់​សំរាម​ដែល​មាន​ផ្ទៃ​ដី​២០,៨ហិតការ ដើម្បី​គ្រប់​គ្រង​សំរាម​ឱ្យ​បាន​ល្អ​នៅ​ពេល​អនាគត។ ប៉ុន្តែ​អាជ្ញាធរ​ហាក់​មិន​ឃើញ​មាន​ផែនការ​រៀបចំ​ការ​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​ទី​ក្រុង​ឱ្យ​បាន​ត្រឹម​នោះ​ទេ។

ប្រជាពលរដ្ឋ និង​សកម្មជន​បរិស្ថាន​អះអាង​ស្រដៀង​គ្នា​ថា បញ្ហា​ទឹក​ស្អុយ​ ឬ​ការ​បង្ហូរ​ទឹក​លូ​ដោយ​គ្មាន​ការ​ចម្រោះ​ឱ្យ​បាន​ត្រឹម​ត្រូវ​នេះ​បាន​កើត​ឡើង​គ្រប់​ទី​កន្លែង ជា​ពិសេស​តំបន់​ទេសចរណ៍​ដែល​មាន​សមុទ្រ ទន្លេ និង​ស្ទឹង​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ការពារ​បរិស្ថាន​ស្អាត ដើម្បី​សុខុមាលភាព​ពលរដ្ឋ និង​រក្សា​ទីក្រុង​ស្អាត​ដើម្បី​ទទួល​ប្រាក់​ចំណូល​តាម​រយៈ​វិស័យ​ទេសចរណ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។