រដ្ឋាភិបាលកម្ពុជា និងយូនីសេហ្វ ខិតខំពន្លឿនការប្រឹងប្រែងដើម្បីបញ្ចប់ភាពស្គមស្គាំងរបស់កុមារ
2022.10.19
រដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ (UNICEF) ប្ដេជ្ញាពន្លឿនការប្រឹងប្រែងដើម្បីបញ្ចប់ភាពស្គមស្គាំងរបស់កុមារនៅកម្ពុជា ឲ្យបានពាក់កណ្តាលត្រឹមឆ្នាំ២០២៥។ បញ្ហាស្គមស្គាំងរបស់កុមារកាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឲ្យរដ្ឋាភិបាលចាំបាច់ត្រូវពិនិត្យ និងដោះស្រាយជាបន្ទាន់។
សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៨ ខែតុលា ឲ្យដឹងថា ទោះបីជាមានវឌ្ឍនភាពក្នុងការកាត់បន្ថយភាពក្រិសក្រិនតាំងពីឆ្នាំ២០១៤ ក៏ដោយ ក៏ភាពស្គមស្គាំងរបស់កុមារនៅតែមិនមានភាពល្អប្រសើរនោះឡើយ គឺនៅមានកម្រិត ១០% បើយោងតាមលទ្ធផលបឋមនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១។ ផលប៉ះពាល់ធ្ងន់ធ្ងរដល់កុមារទាំងនោះ បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ វិបត្តិនៅអ៊ុយក្រែន និងអតិផរណាឬការឡើងថ្លៃទំនិញសព្វសារពើ។
កុមារមានបញ្ហាស្គមស្គាំង បណ្តាលមកពីបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ អាចមានហានីភ័យខ្ពស់រហូតដល់បាត់បង់ជីវិត ដល់ទៅ ១១ ដង ច្រើនជាងកុមារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ និងជារឿយៗកុមារស្គមស្គាំងទាំងនោះ រងផលវិបាកពេញមួយជីវិតរបស់ពួកគេ។
ថ្លែងក្នុងសិក្ខាសាលាក្រោមប្រធានបទ «ធ្វើការរួមគ្នាដើម្បីបញ្ចប់ភាពស្គមស្គាំងរបស់កុមារ» ប្រធានស្តីទីយូនីសេហ្វប្រចាំកម្ពុជា លោកបណ្ឌិត អានៀរបាន ឆាតឺរជី (Dr. Anirban Chatterjee) សង្កត់ធ្ងន់ថា សិទ្ធិទទួលបានការធំលូតលាស់ និងអភិវឌ្ឍន៍ គឺជាសិទ្ធិមូលដ្ឋានរបស់កុមារ។ លោកបន្តថា ចាប់ពីមានជំងឺរាតត្បាតសកលកូវីដ១៩មក កុមារប្រឈមផលវិបាកជាច្រើនរួមមាន កង្វះអាហារូបត្ថម្ភ សមត្ថភាពការសិក្សា និងផលប៉ះពាល់ដល់អនាគតរបស់កុមារ។
សិក្ខាសាលានេះ មានគោលដៅពន្លឿនវឌ្ឍនភាពរបស់កម្ពុជា តាមរយៈការវិនិយោគបន្ថែម ពីរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងបេសកកម្មរួមគ្នា ដើម្បីបញ្ចប់ភាពស្គមស្គាំងរបស់កុមារ ដែលត្រូវការថវិកាបន្ថែម ចំនួនជាង ១៧លានដុល្លារ អាមេរិក (១៧,២)។
ការអង្កេតស្រាវជ្រាវមួយនៅកម្ពុជា ដែលធ្វើឡើងដោយយូនីសេហ្វ កម្មវិធីស្បៀងអាហារពិភពលោក និងដៃគូផ្សេងទៀតបង្ហាញថា ចាប់ពីខែសីហា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១ គេបានរកឃើញថា កុមារម្នាក់ក្នុងចំណោម ៣ នាក់ មានបញ្ហាក្រិសក្រិន និងម្នាក់ក្នុងចំណោម ១០ នាក់ ស្គមស្គាំង ហើយកុមារអាយុក្រោម ៥ ឆ្នាំ ត្រឹមតែ ៣៥% ប៉ុណ្ណោះ ដែលទទួលទានអាហារក្នុងកម្រិតអប្បបរមា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។