ពលរដ្ឋមួយចំនួនបារម្ភខ្លាចឆ្លងជំងឺអុតស្វា ក្រោយពីក្រសួងសុខាភិបាលឃាត់ខ្លួនជនបរទេសសង្ស័យឆ្លងជំងឺនេះម្នាក់
2022.07.26

ប្រជាពលរដ្ឋមួយចំនួនព្រួយបារម្ភពីសុវត្ថិភាពសមាជិកគ្រួសារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ បើសិនជំងឺអុតស្វា រីករាលដាលនៅកម្ពុជា។ ក្ដីកង្វល់របស់ប្រជាពលរដ្ឋបែបនេះ កើតឡើងបន្ទាប់ពីជនជាតិនីហ្សេរីយ៉ាម្នាក់ត្រូវបានក្រសួងសុខាភិបាលចាប់ខ្លួនដោយសង្ស័យថា បានឆ្លងជំងឺអុតស្វាអាហ្វ្រិក (Monkeypox) កំពុងស្នាក់នៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលត្រូវរឹតបន្តឹង និងទប់ស្កាត់នៅការឆ្លងដែនចេញចូលនៅតាមព្រំដែន និងយកចិត្តទុកដាក់ខ្ពស់តាមដានបញ្ហាជំងឺអុតស្វានេះ ។
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា បញ្ហាអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ាចូលកម្ពុជាឆ្លងដែនចូលមកកម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងការរស់នៅរបស់ពលរដ្ឋថែមទៀត។ ពលរដ្ឋយល់ថា វិបត្តិកូវីត១៩ ទើបធូរស្រាល ក៏ចូលដល់វិបត្តិប្រេង និងទំនិញលើទីផ្សារមានតម្លៃថ្លៃ ប្រសិនបើមានការផ្ទុះនូវជំងឺអុតស្វានេះទៀត គឺពួកគាត់ និងប្រឈមជីវភាពខ្វះខាតកាន់តែធ្ងន់ធ្ងរ។ ពួកគាត់ស្នើដល់រដ្ឋាភិបាល និងក្រសួងសុខាភិបាលមានចំណាត់ការឱ្យបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ចំពោះបញ្ហានេះ។
ពលរដ្ឋម្នាក់រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ឆៃ ថន ថ្លែង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ កក្កដាថា លោក និងគ្រួសារទើបបានងើបរួចពីទុក្ខលំបាកក្រោយពីកូវីត១៩ និងទើបមានការបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតបាន ២ខែ ឥឡូវក្រសួងសុខាភិបាលបានរកឃើញ អ្នកជំងឺអុតស្វាយ (Monkeypox) ម្នាក់នៅរាជធានីភ្នំពេញ គឺលោកព្រួយបារម្ភជាខ្លាំង។ លោកបន្តថា លោកព្រួយបារម្ភទៅលើសុវត្ថិភាពគ្រួសារផង និងបញ្ហារស់នៅប្រចាំថ្ងៃបើមានអ្វីប្រែប្រួល ដោយការឆ្លងជំងឺនេះ។
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀតរស់ជាអ្នករត់រ៉ឺម៉កនៅខេត្តកំពង់ស្ពឺ លោក ថៃ សុផាត ថ្លែងថា ក្រោយកូវីដ១៩ ប្រទេសមិនទាន់ដំណើរការស្រួល ហើយតម្លៃប្រេងសាំង និងទំនិញនៅលើទីផ្សារមានតម្លៃខ្ពស់ ធ្វើឱ្យលោក និងពលរដ្ឋដទៃទៀតជួបនូវបញ្ហាប្រឈមជីវភាពប្រចាំថ្ងៃសឹងតែគ្រប់គ្នា។ លោក ថៃ សុផាត បន្តថា លោកព្រួយបារម្ភច្រើន ព្រោះលោកប្រកបមុខរបរបែបនេះ គឺជួបជាមួយមនុស្សធ្វើដំណើរជាច្រើន និងមិនអាចកំណត់អត្តសញ្ញាណថា អ្នកណាមានជំងឺអ្វីឡើយ។ លោក បន្ថែមថា កត្តាជីវភាព គឺទោះចង់ ឬមិនចង់ ក៏ត្រូវតែធ្វើ ដើម្បីការរស់នៅប្រចាំថ្ងៃ៖ «បើសិនជាមានការផ្ទុះឡើងនូវជំងឺហ្នឹង នៅប្រទេសកម្ពុជាមែន វាជាទុក្ខកង្វល់ធំណាស់ សម្រាប់ខ្ញុំ មិនមែនតែខ្ញុំម្នាក់ទេ គឺពលរដ្ឋខ្មែរ ក៏ដូចជា កម្មករខ្មែរទាំងអស់ហ្នឹង គឺគាត់មានការលំបាកខ្លាំងណាស់។ យើងឃើញថា រយៈពេលកន្លងមក នៅក្នុងការបិទប្រទេស នៅក្នុងគ្រាមានអាសន្នដោយសារជំងឺកូវីដ១៩ ហ្នឹង គឺធ្វើឱ្យពួកខ្ញុំទាំងអស់គ្នាហ្នឹង ដែលជាកម្មករក្រៅប្រព័ន្ធ ក៏ដូចជា ពលរដ្ឋមួយចំនួនហ្នឹង ស្ទើរតែដាច់ខ្យល់ម្តងៗ ទៅហើយ ដោយសារយើងអត់អាចរកចំណូលបាន ហើយយើងត្រូវចំណាយច្រើន។ ទោះជាមិនមានការបិទប្រទេសក៏ដោយ យើងគិតថា ប្រជាពលរដ្ឋគាត់ខ្លាចក្នុងការដើរហើរ អ៊ីចឹងកម្មវិធីអ្វីផ្សេងៗ ត្រូវបានបិទ។ ដូចពីមុន សម្រាប់ខ្ញុំដែលជាកម្មករក្រៅប្រព័ន្ធ ក៏ដូចជាកម្មករទូទៅ អាចប្រឈមបញ្ហាខ្លាំង។ យើងឃើញថាឥឡូវហ្នឹង សាំងឡើងថ្លៃ ទំនិញផ្សេងៗ ក៏ឡើងថ្លៃ រាល់ថ្ងៃហ្នឹងរកសឹងតែមួយថ្ងៃ មិនគ្រប់ និងមួយថ្ងៃផង ពេលខ្លះទៅចំណាយខ្ពស់ជាងចំណូលទៀត វាធ្វើឱ្យពិបាក»។
ដោយឡែក ពលរដ្ឋដែលជាអ្នករត់កង់បីនៅខេត្តកំពត លោក មាស វាសនា ឯណោះវិញ លោក ប្រាប់វិទ្យុអាស៊ីសេរីថា លោកមានការបារម្ភខ្លាំង ព្រោះសេដ្ឋកិច្ចគ្រួសារលោកសព្វថ្ងៃ សឹងតែមិនគ្រប់សម្រាប់ការហូបចុកប្រចាំថ្ងៃទេ។ លោកបារម្ភថា ប្រសិនបើរដ្ឋាភិបាល បិទប្រទេសទៀតនឹងធ្វើឱ្យគ្រួសារលោកកាន់តែមានជីវភាពដុនដាប៖ «បាទបារម្ភខ្លាំងបង! សាំងក៏ឡើងថ្លៃ ឥឡូវ ធ្លាប់បាន ៤ម៉ឺនរៀល ៥ម៉ឺនរៀល ដល់ឥឡូវបានតែ ២ម៉ឺនរៀល ទិញម្ហូបអស់ ១ម៉ឺនរៀល ព្រួយបារម្ភខ្លាំង មិនដឹងដោះស្រាយតាមវិធីណាទេបង។ អ្នកប្រកបមុខរបរកង់បីដូចខ្ញុំហ្នឹង នៅក្រៅប្រព័ន្ធ អត់មានប្រាក់ខែ អត់មានប្រាក់អ្វី សង្ឃឹមលើជីវភាពរត់កង់បីអ៊ីចឹង ហើយដល់ពេលអុតស្វាមួយសាទៀត គេបិទមួយសារទៀត ច្បាស់ជាដាច់ខ្យល់ហើយ ឆ្នាំងបាយផ្កាប់ហើយបងអើយ។ បាទបើបិទខ្ទប់ទៀត គឺនិយាយឱ្យចំគឺ ដូចមនុស្សជាប់គុក ហើយមនុស្សអត់បាយហូបអ៊ីចឹងបង ព្រោះរាល់ថ្ងៃរកបានតក់ៗគ្រាន់ចិញ្ចឹមក្រពះ»។
ក្ដីបារម្ភរបស់ប្រជាពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលឃាត់ខ្លួនជនបរទេសម្នាក់ កាលពីថ្ងៃទី២៣ កក្កដា ដោយសង្ស័យថា ឆ្លងជំងឺអុតស្វាអាហ្វ្រិក (Monkeypox)។
រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានចេញវីឌីអូបញ្ជាក់ពីស្ថានភាពជំងឺរបស់ជនជាតិនីហ្សេរីយ៉ា (Nigeria) ថា មានសភាពធម្មតា និងទទួលបានការថែទាំ និងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ អ្នកស្រី ឱ វណ្ណឌីន អះអាងថា ចំពោះអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺចំនួន ៥ នាក់ ត្រូវបានស្នាក់នៅដាច់ដោយឡែកនៅគេហដ្ឋានរបស់ពួកគាត់។ អ្នកស្រី ឱ វណ្ណឌីន បញ្ជាក់ថា នៅពេលបុគ្គលណា ដែលមិនទាន់មានរោគសញ្ញាដូចការសង្ស័យ គឺមិនទាន់មានតម្រូវការធ្វើតេស្ត វិភាគនៅមន្ទីរពិសោធន៍ទេ និងឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ។ អ្នកស្រីបញ្ជាក់បន្ថែមថា ជំងឺអុតស្វា នេះគឺមិនឆ្លង ឆ្លងលឿនរហ័សដូច ជំងឺកូវីដ១៩ នោះទេ គឺជំងឺកូវីដឆ្លងតាមផ្លូវដង្ហើម ប៉ុន្តែជំងឺអុតស្វា អាចឆ្លងបានតាមរយៈការ ប៉ះពាល់ជាមួយអ្នកជំងឺ និងចៀសវាងប្រើប្រាស់សម្ភារៈជាមួយអ្នកជំងឺ ឬអ្នកដែលសង្ស័យឆ្លងជំងឺនេះ។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង យល់ឃើញថា លោកសោកស្ដាយ ចំពោះទង្វើរបស់ជនជាតិនីហ្សេរីយ៉ា រត់គេចពីថៃចូលមកកម្ពុជានេះ។ លោកបន្តថា ជំងឺអុតស្វា គឺជាការព្រួយបារម្ភមួយ និងត្រូវតាមដានយកចិត្តទុកដាក់ ដើម្បីផ្តល់ជាក្តីសង្ឃឹមដល់ពលរដ្ឋ ព្រោះពួកគាត់ជួបបញ្ហាកន្លងមកច្រើន ពាក់ព័ន្ធវិបត្តិកូវីដ១៩ បញ្ហាសេដ្ឋកិច្ច និងទំនិញលើទីផ្សារឡើងថ្លៃ៖ «បើសិនជាយើងមិនអាចទប់ស្កាត់បាន ធ្វើឱ្យវាមានបញ្ហា ឬក៏អាច និងរីករាលដាល អាហ្នឹង គឺជាបញ្ហាធំណាស់បាទ។ ប្រទេសកម្ពុជា គួរតែបង្កើនការគ្រប់គ្រង ការយាមកានៅតាមច្រកព្រំដែនអោយបានតឹងរ៉ឹង កុំឱ្យមានការចេញចូល ឬក៏អាចលួចចូលបានដោយខុសច្បាប់ ឬដោយប្រការណាមួយ ហើយម្យ៉ាងវិញទៀត គួរតែមានការរឹតបន្តឹងផងដែរ កុំឱ្យអាជ្ញាធរ ដែលបុគ្គលខ្លះ ដែលជ្រៀតជ្រកយកតួនាទីនោះ ដើម្បីពុករលួយនាំមនុស្សចូលហូរហែហ្នឹង គួរតែមានការចាត់វិធានការឱ្យតឹងរ៉ឹងដែរបាទ»។
កន្លងមកក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន ក្រោយពីទទួលបានដំណឹងក្រសួងសុខាភិបាលថៃ អំពីលទ្ធភាពគេចខ្លួនរបស់ជនជាតិនីហ្សេរីយ៉ា ដែលមានផ្ទុកជំងឺអុតស្វា (Monkeypox) ហើយបានឆ្លងដែនចូលមកកម្ពុជា កាលពីថ្ងៃទី២២ កក្កដា។ ក្រសួងសុខាភិបាល និងសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាឈ្មោះ អូសម៉ុង ស៊ីហាហ្ស៊ីរីម (OSMOND CHIHAZARIM) នៅខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី២៣ កក្កដា។ បច្ចុប្បន្ន អ្នកជំងឺនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយក្រសួងអំពាវអោយអ្នកពាក់ព័ន្ធជាមួយជនជាតិនីហ្សេរីយ៉ានេះ ដាក់ខ្លួនដោយឡែក និងស្វែងរកការពិនិត្យសុខភាពដែលនៅជិត ឬទាក់ទងទៅកាន់លេខ ១១៥។
កាលពីយប់ថ្ងៃទី២២ ខែកក្កដា ក្រសួងសុខាភិបាលថៃ បានប្រកាសពីការបាត់ខ្លួនអ្នកជំងឺនីហ្សេរីយ៉ា លោក អូសម៉ុង ស៊ីហាហ្ស៊ីរីម (OSMOND CHIHAZARIM) ជាអ្នកទេសចរ ហើយបានធ្វើរោគវិនិច្ឆ័យឃើញមានវិជ្ជមានវីរុសអុតស្វា (Monkeypox) ដោយគាត់មានប្រវត្តិធ្វើដំណើរនៅកោះភូកេត (Phuket) ប្រទេសថៃ។
ជនជាតិនីហ្សេរីយ៉ា អូសម៉ុង ស៊ីហាហ្ស៊ីរីម (OSMOND CHIHAZARIM) បានលួចឆ្លងដែនមកកម្ពុជា តាមព្រំដែនខេត្តស្រះកែវ។ ទោះជាយ៉ាងណាក្ដី ពលរដ្ឋ និងអង្គការសង្គមស៊ីវិលជំរុញ ដល់អាជ្ញាធរពាក់ព័ន្ធឱ្យពង្រឹងការទប់ស្កាត់ និងអង្កេតយ៉ាងតឹងរ៉ឹងនៅតាមព្រំដែន និងកន្លែងដែលអ្នកជំងឺបានឆ្លងកាត់ និងឈប់សម្រាកកំឡុងពេលឆ្លងមកកម្ពុជា ដើម្បីចៀសវាងការឆ្លងក្នុងសហគមន៍បន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។