ពលរដ្ឋ​​រស់នៅ​តាម​ដង​ស្ទឹង​សង្កែ​ប្រឈម​នឹង​បញ្ហា​សុខភាព​ដោយសារ​ប្រើប្រាស់​ទឹក​មិន​ស្អាត

ដោយ សេក បណ្ឌិត
2023.02.18
Share on WhatsApp
Share on WhatsApp
ពលរដ្ឋ​​រស់នៅ​តាម​ដង​ស្ទឹង​សង្កែ​ប្រឈម​នឹង​បញ្ហា​សុខភាព​ដោយសារ​ប្រើប្រាស់​ទឹក​មិន​ស្អាត ទិដ្ឋភាព​ជ្រាំង​ស្ទឹងសង្កែ ស្ថិត​នៅ​ភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្ត​បាត់ដំបង កាលពីថ្ងៃទី១៥ កុម្ភៈ ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ដងស្ទឹង​សង្កែ ដែល​ធ្លាប់​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល មាន​ទឹក​ថ្លាយង់ ប៉ុន្តែ​ពេលនេះ​បាន​ប្រែក្លាយ​ជា​កខ្វក់ និង​រង​ការ​បំពុល បណ្ដាល​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​តាម​មាត់​ច្រាំង ប្រឈម​នឹង​បញ្ហា​សុខភាព។
ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ស្ទឹង​សង្កែ ក្នុង​ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ រហូត​ដល់​តំបន់​ទន្លេសាប​ ខេត្ត​បាត់ដំបង មាន​បញ្ហា​សុខភាព​ជាប្រចាំ​ដែល​បណ្ដាលមកពី​ការយកទឹក​កខ្វក់​នៅ​ក្នុង​ស្ទឹង​​មក​ប្រើប្រចាំថ្ងៃ ខណៈ​នៅ​តំបន់​ទាំងនោះ​ពុំ​ទាន់​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ឡើយ។

ពលរដ្ឋ​នៅ​ភូមិ​បាក់រទេះ ឃុំ​ព្រែកហ្លួង លោកស្រី ជុំ រួម ប្រាប់​វិទ្យុ​អាស៊ីសេរី​ឱ្យ​ដឹង​ថា សមាជិក​គ្រួសារ​លោកស្រី​តែង​មាន​បញ្ហា​រមាស់​ស្បែក ឈឺពោះ ​រាករូស​ជា​ញឹកញាប់ ដោយសារ​ការប្រើប្រាស់​ទឹក​ស្ទឹង​សម្រាប់​ងូត និង​ទទួល​ទាន ទោះបី​លោកស្រី​បាន​ដាំ​ទឹក​នោះ​ឆ្អិន​យ៉ាងណាក្ដី។ លោកស្រី​ថា​ បញ្ហា​ទាំងនេះ​ច្រើន​កើតមានឡើង​នៅ​រដូវប្រាំង និង​កាន់តែ​យ៉ាប់​ជាង​មុន បន្ទាប់ពី​មានការ​កសាង​ទំនប់ទឹក​សាលា​តាអន ដែល​រារាំង​ចរន្ត​ទឹកហូរ​បណ្ដាល​ឱ្យ​ទឹក​ក្នុង​ស្ទឹង​កាន់តែ​កខ្វក់។ លោកស្រី​បន្ត​ថា នៅ​ពេល​ឈឺ​ម្ដងៗ លោកស្រី​តែង​ទៅ​មន្ទីរពេទ្យ​ឯកជន ឬ​ពេទ្យ​ស្រុក និង​ពេលខ្លះ​ត្រូវ​ឡើង​ទៅពេទ្យ​បង្អែក​ខេត្ត​បាត់​ដំបង​នៅ​ពេល​មាន​សភាព​ធ្ងន់ធ្ងរ។

លោកស្រី ជុំ រួម៖ «បើ​ខ្ញុំ​វិញ​ចង់ងាប់​ទៅវិញ​ហើយ​ឈឺ​ហ្នឹង និយាយ​ថា ប្ដី​គេ​លែង​ចង់​មើល​ហើយ។ រាគ​ផង​អី​ផង​ទៅ បើ​ខ្ញុំ​វិញ​(ឈឺ)​ខ្លាំង គ្រុន​រាល់តែថ្ងៃ ក្អក! ​បើ​ចៅ​វិញ​ងាក​ៗ ​រលាក​បំពង់ក​រលាក​សួត​ៗ។ ទៅពេទ្យ ជួស​តែ​ឈាម​មើល អាណិត​ចៅ»

តាម​ការ​ចុះផ្សាយ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង ស្ទឹង​សង្កែ មាន​ប្រវែង​ប្រមាណ​២៥០​គីឡូម៉ែត្រ ​មាន​ប្រភព​ទឹក​មកពី​ភ្នំ ស្ទឹង និង​អូរ​តូចៗ ​នៅ​តំបន់​ខេត្ត​ប៉ៃលិន ស្រុក​សំឡូត និង​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ​ហើយ​ហូរកាត់​ទីប្រជុំជន​ក្រុង​បាត់ដំបង ចុះទៅ​ស្រុក​ឯកភ្នំ និង​បញ្ចប់​នៅ​បឹង​ទន្លេសាប។ នៅ​រដូវប្រាំង នៅ​ប៉ែក​ខាងលើ​ខ្សែទឹក ត្រង់​ភូមិសាស្ត្រ​ស្រុក​រតនៈមណ្ឌល និង​ស្រុក​សំឡូត ​ទឹក​ស្ទឹង​សង្កែ​មាន​សភាព​ថ្លា​ស្អាត ហើយ​មកដល់​ត្រង់​ភូមិសាស្ត្រ​ស្រុក​បាណន់ ទឹក​ស្ទឹង​សង្កែ ប្រែ​មក​ពណ៌​លឿង និង​ល្អក់​បន្តិច លុះ​ហូរ​មកដល់​ក្រុង​បាត់ដំបង ទឹក​ស្ទឹង​ប្រែ​មក​ជា​ល្អក់​ខ្លាំង និង​មាន​សំរាម​នៅ​តាម​មាត់ច្រាំង។

ពលរដ្ឋ​នៅ​ភូមិ​បាក់រទេះ​ម្នាក់ទៀត គឺ​លោកស្រី​ ជឹម ស្រីរ័ត្ន​ ឱ្យ​ដឹង​ថា ទោះ​លោកស្រី​យក​ទឹក​ស្ទឹង​ទៅ​ស្តុក​ទុក​ឱ្យ​រង​ដី ហើយ​យក​ទៅ​ដាំ​បន្ថែម​ទៀត ក៏​មិន​អាច​ធ្វើ​ឱ្យ​ទឹក​មាន​សុវត្ថិភាព​សម្រាប់​ការ​ទទួលទាន​នោះ​ឡើយ។ លោកស្រី​ថា ក្រុម​គ្រួសារ​លោកស្រី​តែង​មាន​ជំងឺ​ក្អក គ្រុនក្ដៅ ​និង​រាករូស​ជាប្រចាំ ហើយ​នៅ​ពេល​មាន​សភាព​ធ្ងន់ធ្ងរ ត្រូវ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​ចំណាយ​ម្ដងៗ​អស់​ចន្លោះ​ពី​១០ម៉ឺន ​ទៅ​៨០ម៉ឺន​រៀល។ លោកស្រី​បន្ថែម​ថា កន្លងមក​ធ្លាប់​មាន​មន្ត្រី​អង្គការសង្គម​ស៊ីវិល​ចុះទៅ​ណែនាំ​ឱ្យ​ប្រើ​ធុង​ចម្រោះ​ទឹក តែ​លោកស្រី​ថា វិធី​នេះ​មិនបាន​ធ្វើ​ឱ្យ​ប្រសើរ​ជាង​មុន​នោះ​ឡើយ។

លោកស្រី​ ជឹម ស្រីរ័ត្ន៖ «មក​តាំង​ពី​ឆ្នាំមុន​តាំងពី​យូរ​ណាស់​ហើយ មាន​ធុង​ចម្រោះ​ពួក​អា​ជ្រុង អា​ដែលគេ​ធ្វើ​ចាក់សាប​ (ស៊ីម៉ងត៍) ​កាល​ហ្នឹង​ (ធ្វើ​ធុង​ចម្រោះ) ​អស់​ម្នាក់​៧ម៉ឺន មួយ​គ្រួសារ។ តែ​ដល់​ពេល​ឈប់​ប្រើ​ (ទឹក​ស្ទឹង​ធម្មតា និង​ងាក​មក​ប្រើ​ធុង​ចម្រោះ) ​ទៅ វា​ដូច​អត់មាន​ទៅមុខ​ (ប្រសើរ)​អី​ផង ធម្មតា! ​វា​នៅតែ​មាន​ជំងឺ​ដដែល»

ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បំពុល​ទឹក​នេះ​ស្ថិតនៅ​ប៉ែក​ខាងក្រោម​ស្ទឹង​សង្កែ រួម​មាន ភូមិ​បាក់រទេះ ភូមិ​បាក់អំរែក និង​ភូមិ​ដូនឥន្ទ ស្ថិត​ក្នុង​ឃុំ​ព្រែកហ្លួង ភូមិ​រាជដូនកែវ ភូមិ​អន្សងសក ភូមិ​ព្រែកត្រប់ ស្ថិត​ក្នុង​ឃុំ​ព្រែកនរិន្ទ ឃុំ​កោះជីវាំង និង​ឃុំ​ព្រៃចាស់ នៃ​ស្រុក​ឯកភ្នំ។

water_sangke021523-01.jpg
ទិដ្ឋភាព​ស្ទឹងសង្កែ ស្ថិត​នៅភូមិវត្តតាមិម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្ត​បាត់ដំបង កាលពីថ្ងៃទី១៥ កុម្ភៈ ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ចំណែក​ពលរដ្ឋ​នៅ​ភូមិ​ព្រែកត្រប់ ឃុំ​ព្រែកនរិន្ទ លោក ឡុង ស៊ុន ឱ្យ​ដឹង​ថា ដោយសារ​នៅ​តំបន់​នោះ​មិនទាន់​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើប្រាស់ លោក​ត្រូវ​បង្ខំចិត្ត​ងូត និង​បរិភោគ​ទឹក​ស្ទឹង​សង្កែ​ដែល​មាន​ភាព​កខ្វក់​រៀងរាល់​ថ្ងៃ។ លោក​បន្ត​ថា ទោះបី​បូម​ទឹក​ស្ទឹង​មក​ច្រោះ​ទុក​ឱ្យ​រង​កករ​ដី ហើយ​យក​ទៅ​ដាំ​ពុះ​យ៉ាងណា ក៏​មិន​អាច​សម្លាប់​មេរោគ​បាន​នោះ​ដែរ។ លោក​ថា ការ​បរិភោគ​ទឹក​នេះ​រាល់ថ្ងៃ បណ្ដាល​ឱ្យ​លោក​និង​ក្រុម​គ្រួសារ​តែង​មាន​ជំងឺ​រាករូស ​គ្រុនក្ដៅ​ជាប្រចាំ។

លោក ឡុង ស៊ុន៖ «ក្មេង​ក៏​ដូចតែ​គ្នា​ហ្នឹងឯង វា​ឈឺ។ ឥឡូវ​ប្រើ​ទឹក​ដាំ ពីមុន​មិនសូវ​ដាំ​ទេ តែ​យើង​ឃើញ​ដូច​ថា​ទឹក​វា​យ៉ាប់​ពេក​រឿង​អនាម័យ។ មើល! ​សុទ្ធតែ​សំរាម​សម្រោច​តាម​ដងស្ទឹង ថង់​អីៗ។ ប៉ះ​ណា​ទឹកហូរ​មក​ខៀវ​បណ្ដោយ សូម្បី​ត្រី​ក៏​រត់​ដែរ»

ស្ទឹង​សង្កែ​នៅ​ប៉ែក​ខាងក្រោម​ទំនប់​សាលាតាអន ​ជាមធ្យម​មាន​កម្ពស់​ទឹក​ប្រមាណ ១ម៉ែត្រ​កន្លះ ទៅ​២ម៉ែត្រ ​នៅ​រដូវប្រាំង និង ​១០ម៉ែត្រ ទៅ​ ១៣ម៉ែត្រ ​នៅ​រដូវវស្សា។ ចាប់​ពី​ភូមិ​បាក់រទេះ ក្នុង​ឃុំ​ព្រែកហ្លួង ទៅដល់​តំបន់​ទន្លេសាប នៅ​មិនទាន់​មាន​ទឹក​ស្អាត​ទៅ​ដល់​នៅឡើយ ដោយ​ពលរដ្ឋ​នៅ​តំបន់​នោះ​ត្រូវ​ត្រង​ទឹកភ្លៀង​ទុក​ប្រើប្រាស់​នៅ​រដូវវស្សា និង​ប្រើ​ទឹក​ស្ទឹង​សង្កែ​នៅ​រដូវប្រាំង។ ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ ច្រើន​ជួល​ឱ្យ​គេ​បូម​ទឹក​ដាក់​ពាង​ចំណុះ​ប្រហែល​ ៣រយ​លីត្រ ស្តុក​ទុក​ប្រើប្រាស់ ដោយ​ក្នុង​មួយ​ពាង​តម្លៃ​ ២ពាន់រៀល។ ចំណែក​អ្នកមាន​ជីវភាព​មធ្យម​គេ​ច្រើន​ធ្វើ​អាង​ស្ដុក​ទឹកធំៗ ​ចំណុះ​រាប់ពាន់​លីត្រ។ ដោយឡែក​ពលរដ្ឋ​មួយ​ចំនួន​ទៀត នាំគ្នា​ទៅ​ងូតទឹក និង​បោកខោអាវ​ ​ក្នុង​ស្ទឹង​ដោយ​ផ្ទាល់​តែម្ដង។

ទាក់ទិន​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង ប្រធាន​មន្ទីរ​ធនធាន​ទឹក លោក ឡុង ផល្គុន និង​អភិបាល​ក្រុង​បាត់ដំបង លោក លាង វាសនា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃ​ទី១៥ ​កុម្ភៈ ​ដោយ​លោក​កំពុង​ជាប់​ប្រជុំ។

ជុំវិញ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ទឹក​ស្ទឹង​សង្កែ​ទទួលរង​ការ​បំពុល​នេះ អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​កាល​ពី​ខែមករាថា អាច​បណ្ដាល​មក​ពី​ការ​ចិញ្ចឹម​ត្រី នៅ​ឃុំ​វត្តតាមិម ស្រុក​សង្កែ។ ប៉ុន្តែ​ពលរដ្ឋ​ជាង​ ៨០គ្រួសារ ដែល​ប្រកបមុខរបរ​ចិញ្ចឹម​ត្រី​នៅ​ឃុំ​វត្តតាមិម អះអាង​ថា ការ​ចិញ្ចឹម​ត្រី​របស់​ពួកគាត់​មិន​ធ្វើ​ឱ្យ​ទឹក​កខ្វក់​ឡើយ ហើយ​បរិស្ថាន​តាម​ដងស្ទឹង​ស្មោកគ្រោក ក៏​មិនមែន​បណ្ដាល​មក​ពី​ពលរដ្ឋ​ចិញ្ចឹម​ត្រី​ដែរ។ ទោះជា​យ៉ាងណា រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ​ ឱ្យ​ពលរដ្ឋ​បញ្ឈប់​សកម្មភាព​ចិញ្ចឹម​ត្រី តាម​ដងស្ទឹង​សង្កែ​មួយ​រយៈ ដើម្បី​ស្រាវជ្រាវ​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​ទឹក​ស្ទឹង​ទទួលរង​ការ​បំពុល។

water_sangke021523-0២.jpg
ទិដ្ឋភាព​ស្ទឹងសង្កែ ស្ថិត​នៅភូមិវត្តតាមិម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្ត​បាត់ដំបង កាលពីថ្ងៃទី១៥ កុម្ភៈ ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ផ្ទុយពី​ការ​អះអាង​របស់​រដ្ឋបាល​ខេត្ត ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ទឹក​ស្ទឹង​សង្កែ​ប្រចាំថ្ងៃ យល់ឃើញ​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ទឹក​ស្ទឹង​កខ្វក់ និង​បំពុល​បែប​នេះ ដោយសារ​ការ​បង្ហូរទឹក​លូ​កខ្វក់ ចេញពី ​ទីប្រជុំជន ​ផ្សារ សណ្ឋាគារ ​និង​កាកសំណល់​វេជ្ជសាស្ត្រ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​ចូល​ក្នុង​ស្ទឹង បូករួម​នឹង​ការ​បង្ហូរទឹក​កាកសំណល់​ចេញពី​ផ្សារ​ប្រហុក ចូល​ទៅ​ក្នុង​ស្ទឹង នៅ​ភូមិ​ព្រែកតាច្រែង​ និង​មួយផ្នែកទៀត​បណ្ដាលមកពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​ចិញ្ចឹម​សត្វ​នៅ​តាម​មាត់ច្រាំង​ បង្ហូរ​កាកសំណល់​ចូល​ក្នុង​ស្ទឹង។

អ្នក​សម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា ​មន្ត្រី​សុខាភិបាល​ខេត្ត​បាត់ដំបង ​គួរ​ចុះទៅ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​ការប្រើប្រាស់​ទឹក​កខ្វក់ និង​ផ្ដល់​ថ្នាំ​សម្លាប់​មេរោគ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់។ ទន្ទឹមគ្នា​នោះ លោក​ជំរុញ​ឱ្យ​ពលរដ្ឋ​ពិសា​ទឹកបរិសុទ្ធ និង​ប្រើប្រាស់​ទឹក​អណ្ដូង​ស្អាត​ជំនួស​វិញ។ យ៉ាងណា​លោក​ស្នើ​ឱ្យ​ពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង បញ្ឈប់​ការ​បង្ហូរទឹក​កខ្វក់ ឬ​ចោល​សម្រាម​ក្នុង​ស្ទឹង ដើម្បី​កុំ​ឱ្យ​មានការ​បំពុល​មច្ឆជាតិ និង​ពលរដ្ឋ​ដែល​រស់នៅ​ពឹងផ្អែក​លើ​ការប្រើប្រាស់​ទឹក​ស្ទឹង​សង្កែ។

លោក អ៊ិន គង់ជិត៖ «រដ្ឋបាល​ស្រុក​ឯកភ្នំ និង​មន្ត្រី​សុខាភិបាល​គួរតែ​យកចិត្តទុកដាក់​នៅ​ក្នុង​រឿង​នេះ ដើម្បី​ឱ្យ​មាន​សុខុមាលភាព​ល្អ​ទៅដល់​ប្រជាពលរដ្ឋ ព្រោះអី​ពួកគាត់​ខ្វះខាត​រកចំណូល​មិនបាន កាលណា​មាន​ជំងឺ​ដង្កាត់​អ៊ីចឹង​ទៀត អា​ហ្នឹង​វា​ប៉ះពាល់​ទៅលើ​ផល​ចំណូល​ដែល​គាត់​ត្រូវ​ចំណាយ​ទៅលើ​ការ​ទិញ​ថ្នាំ​មក​ព្យាបាល អ៊ីចឹង​វា​អាច​ប៉ះពាល់​ទៅលើ​ជីវភាព​គ្រួសារ​របស់​គាត់​ដែល​ក្រីក្រ​ដែល​រក​ចំណូល​មិន​បាន»

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​យល់ឃើញ​ស្រដៀងគ្នា​ថា កត្តា​ដែល​នាំ​ឱ្យ​មានការ​បំពុល​ទឹក​ស្ទឹង​សង្កែ គឺ​បណ្ដាលមកពី​ការ​គ្រប់គ្រង​បរិស្ថាន និង​ធនធាន​ទឹក​របស់​អាជ្ញាធរ​មិន​បាន​ល្អ បូករួម​នឹង​កង្វះខាត​ចំណេះ​ដឹង​របស់​ប្រជា​ពលរដ្ឋ ក្នុង​ការចូលរួម​ចំណែក​ថែរក្សា​បរិស្ថាន និង​អនាម័យ។ ពួកគាត់​ស្នើ​ឱ្យ​អាជ្ញាធរ ត​បណ្ដាញ​ទឹក​ស្អាត​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់ និង​បញ្ឈប់​ការ​បង្ហូរ​កាកសំណល់ រឹង រ៉ាវ ​គ្រប់​ប្រភេទ​ចូល​ទៅ​ក្នុង​ស្ទឹង​សង្កែ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។