ប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធ និង​បង្ការ​ជំងឺឆ្លង (CDC) អាមេរិក ប្ដេជ្ញា​បន្ត​ជួយ​ដល់​កម្ពុជា

ដោយ ម៉ៅ សុធានី
2024.02.09
ប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធ និង​បង្ការ​ជំងឺឆ្លង (CDC) អាមេរិក ប្ដេជ្ញា​បន្ត​ជួយ​ដល់​កម្ពុជា (ពីឆ្វេង) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrict Murphy) ​នាយិកា​នៃ​មជ្ឈមណ្ឌល​ប្រយុទ្ធ និង​បង្ការ​ជំងឺឆ្លង (CDC) របស់​សហរដ្ឋអាមេរិកអ្នកស្រី​វេជ្ជបណ្ឌិត ម៉ែនឌី កូហ៊ែន (Mandy K. Cohen) ជួប​​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា កាល​ពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ២០២៤។
Photo Courtesy of Mandy K. Cohen, MD, MP

មជ្ឈមណ្ឌល​ប្រយុទ្ធ​និង​បង្ការ​ជំងឺឆ្លង (CDC) របស់​សហរដ្ឋអាមេរិក ប្តេជ្ញា​បន្ត​ជួយ​ដល់​ក្រសួងសុខាភិបាល លើ​កម្មវិធី​សុខភាព​សាធារណៈ និង​ផែនការ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឲ្យ​អស់​នៅក្នុង​ឆ្នាំ ២០២៥ ខាងមុខ។

ការ​ប្តេជ្ញា​នេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា និង​អ្នកស្រី​វេជ្ជបណ្ឌិត ម៉ែនឌី កូហ៊ែន (Mandy K. Cohen) នាយិកា​នៃ​មជ្ឈមណ្ឌល​ប្រយុទ្ធ និង​បង្ការ​ជំងឺឆ្លង (CDC) របស់​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី​៧ ខែ​កុម្ភៈ កន្លង​មក​នេះ។

ក្នុង​ជំនួប​នេះ​ដែរ អ្នកស្រី​វេជ្ជបណ្ឌិត ម៉ែនឌី កូហ៊ែន ក៏បាន​រម្លឹក​ពី​កិច្ចសហការ​ជា​ដៃគូ​រវាង​សហរដ្ឋអាមេរិក​និង​កម្ពុជា អស់​រយៈពេល ២២ ឆ្នាំ​មក​ហើយ។ អ្នកស្រី​បន្ត​ថា កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​របស់ CDC អាមេរិក បាន​ជួយ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ របេង គ្រុនចាញ់ ផ្ដាសាយ និង​ជំងឺ​ឆ្កែឆ្កួត។ រដ្ឋាភិបាល​អាមេរិក តាមរយៈ​មជ្ឈមណ្ឌល CDC និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដទៃទៀត​ផ្នែក​សុខភាព បាន​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឆ្លើយ​តប​ប​ភ្លាមៗ និង​មាន​ប្រសិទ្ធភាព​បំផុត ចំពោះ​ការ​ផ្ទុះឡើង​នៃ​ជំងឺ Covid-19

ប្រធាន​វិទ្យាស្ថាន​ជីវសាស្ត្រ វេជ្ជសាស្ត្រ និង​កសិកម្ម​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក នុត សម្បត្តិ លើកឡើង​ថា «សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ខ្លាំង​លើ​ការស្រាវជ្រាវ​ជំងឺ​ឆ្លង និង​មានបទពិសោធន៍​ច្រើន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង ដូច្នេះ​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​នេះ នឹង​អាច​រួម​ចំណែក​ពង្រឹង​សមត្ថភាព និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​សុខាភិបាល។

ក្នុង​ដំណើរ​ទស្សនកិច្ច ២​ថ្ងៃ ចាប់​ពី​ថ្ងៃទី៧ និង ៨​កុម្ភៈ អ្នកស្រី​វេជ្ជបណ្ឌិត បាន​ទៅ​ទស្សនា​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពិសោធន៍​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ មជ្ឈមណ្ឌល CDC កម្ពុជា សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង ព្រមទាំង​ទៅ​មើល​កន្លែង​លក់​សត្វ​បក្សី​រស់ នៅ​ផ្សារ​អូរឫស្សី​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។