WHO ជំរុញ​ឱ្យ​មាន​វិធានការ​បន្ទាន់ ក្រោយ​មាន​ករណី​កុមារ​ស្លាប់​ដោយសារ​ថ្នាំ​ស៊ីរ៉ូ​ក្អក

ដោយ យ៉ង ចាន់តារា
2023.01.24
Share on WhatsApp
Share on WhatsApp
WHO ជំរុញ​ឱ្យ​មាន​វិធានការ​បន្ទាន់ ក្រោយ​មាន​ករណី​កុមារ​ស្លាប់​ដោយសារ​ថ្នាំ​ស៊ីរ៉ូ​ក្អក ប្រភេទ​ថ្នាំ​ស៊ីរ៉ូ​ក្អក​សម្រាប់​កុមារ។
RFA

អង្គការ​សុខភាព​ពិភពលោក​អំពាវនាវ​ដល់​​ប្រទេស​ជា​សមាជិក​ចំនួន ១៩៤ ឱ្យ​ដាក់​ចេញ​នូវ​វិធានការ​ជាក់លាក់ និង​ជាបន្ទាន់ ដើម្បី​ការពារ​កុមារ​ពី​ឱសថ​ដែល​មាន​ផ្ទុក​ជាតិ​ពុល។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ផ្ទុះ​ករណី​ស្លាប់​កុមារ​ជាច្រើន​នាក់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ទឹក​ស៊ីរ៉ូ​បំបាត់​ក្អក (Cough Syrup) កាល​ពី​ឆ្នាំ​មុន។

អង្គការ​សុខភាព​ពិភព​លោក​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី២៣ មករា ថា ក្នុង​ឆ្នាំ ២០២២ កុមារ​លើស​ពី ៣០០​នាក់ ដែល​ភាគ​ច្រើន​មាន​អាយុ​ក្រោម ៥​ឆ្នាំ នៅ​ក្នុង​ប្រទេស​ហ្កាំបៀ (Gambia) ឥណ្ឌូណេស៊ី (Indonesia) និង​អ៊ូបេគីស្ថាន (Uzbekistan) បាន​ស្លាប់​ដោយសារ​របួស​តម្រងនោម​ស្រួចស្រាល់។ ករណី​ទាំងនោះ​ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ឱសថ​បំបាត់​ក្អក ដែល​មាន​ផ្ទុក​សារធាតុ ឌីធីលីន ហ្ក្លាយខុល (Diethylene Glycol) និង​អេធីលីន ហ្ក្លាយខុល (Ethylene Glycol)។ សារធាតុ​ទាំងនេះ ជា​សារធាតុ​គីមី​ពុល​ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​សារធាតុ​រំលាយ​ក្នុង​ឧស្សាហកម្ម និង​ភ្នាក់ងារ​ប្រឆាំង​នឹង​កំណក ដែល​អាច​បណ្ដាល​ឱ្យ​ស្លាប់​បាន​សូម្បី​តែ​ក្នុង​បរិមាណ​តិចតួច។

អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) ថា ប្រទេស​កម្ពុជា ហ្វីលីពីន (Philippines) ទីម័រខាងកើត (Timor Leste) និង​សេណេហ្គាល់ (Senegal) អាច​រង​ផល​ប៉ះពាល់​ខ្លាំង ពីព្រោះ​ប្រទេស​ទាំងនេះ​ប្រហែលជា​មាន​លក់​ថ្នាំ​ប្រភេទ​នេះ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ដើម្បី​សាកសួរ​រឿង​បាន​ទេ កាល​ពី​យប់​ថ្ងៃ​ទី ២៤ មករា។

កាលពី​ខែ​តុលា ឆ្នាំ ២០២២ និង​ដើម​ខែ​មករា​នេះ អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជូន​សារ​ដាស់តឿន​អំពី​ផលិតផល​ជាក់លាក់ ដោយ​ស្នើសុំ​ឱ្យ​បញ្ឈប់​ការ​ចរាចរណ៍​ថ្នាំ​បំបាត់​ក្អក​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឥណ្ឌា មេដិន ហ្វាម៉ាស៊ូធីខល (Maiden Pharmaceuticals) និង​ក្រុមហ៊ុន ម៊ែរីយ៉ុន បាយអូថិក (Marion Biotech) ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​ករណី​ស្លាប់​កុមារ​នៅ​ក្នុង​ប្រទេស​ហ្កាំបៀ និង​អ៊ូបេគីស្ថាន។។។។ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ដដែល​នេះ​ក៏​ធ្លាប់​បាន​ចេញ​សារ​ព្រមាន​ម្ដង​រួច​មក​ហើយ​ដែរ​កាល​ពី​ឆ្នាំ​មុន ចំពោះ​ថ្នាំ​បំបាត់​ក្អក​មួយ​ចំនួន ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​ចំនួន ៤ (PT Yarindo Farmatama, PT Universal Pharmaceutical, PT Konimex និង PT AFI Pharma)។

ដោយសារ​ហេតុការណ៍​ទាំងនេះ​មិនមែន​ជា​ករណី​ដាច់​តែ​ឯង អង្គការ​សុខភាព​ពិភពលោក​អំពាវនាវ​ដល់​ភាគី​សំខាន់ៗ​ដែល​ជាប់​ទាក់ទង​នៅ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម ឱ្យ​ជួយ​សម្របសម្រួល និង​ចាត់វិធានការ​ភ្លាមៗ ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ករណី​ស្លាប់​កុមារ​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។