ពេទ្យឆ្មបស្រុកឈូកត្រូវបានប្ដឹងទាក់ទងការស្លាប់ម្ដាយនិងកូនពេលឆ្លងទន្លេ
2015.04.05
លោកគ្រូម្នាក់បានប្ដឹងពេទ្យឆ្មបស្រុកឈូក ឲ្យទទួលខុសត្រូវចំពោះប្រពន្ធរបស់គាត់ ដែលស្លាប់ទាំងម្ដាយទាំងកូនពេលឆ្លងទន្លេនៅក្នុងមន្ទីរពេទ្យនេះ ដើម្បីរកយុត្តិធម៌។ ក៏ប៉ុន្តែលោកអធិការប៉ូលិសស្រុកឈូក ឆ្លើយថា លោកមិនបានទទួលពាក្យបណ្ដឹងរឿងនេះទេ។
លោក យឿង ភឿន អាយុ ៣១ឆ្នាំ ជាគ្រូបង្រៀននៅស្រុកឈូក ខេត្តកំពត អះអាងថា ប្រពន្ធរបស់លោកដែលជាអ្នកគ្រូបង្រៀនដែរនោះ ឈ្មោះ គង់ វណ្ណាត អាយុ ២៨ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកឈូក កាលពីថ្ងៃទី១២ មីនា ឆ្នាំ២០១៥ នៅពេលសម្រាលកូនដំបូង។
លោកគ្រូអ្នកគ្រូទាំងពីរនាក់ប្ដីប្រពន្ធរស់នៅភូមិត្រពាំងតាសេក ឃុំបានាវ ស្រុកឈូក ខេត្តកំពត។
លោកគ្រូ យឿង ភឿន បានចោទប្រកាន់អ្នកគ្រូពេទ្យឆ្មបនៅមន្ទីរពេទ្យនោះថា មិនមានជំនាញពេទ្យផ្នែកសម្ភពត្រឹមត្រូវ ហើយបណ្ដោយឲ្យប្រពន្ធគាត់ហូរឈាមស្លាប់យ៉ាងវេទនាទាំងម្ដាយ និងកូនង៉ែត៖ «ដល់ពេលសម្រាលហ្នឹង សម្រាលតាមធម្មជាតិអត់បានទេ គាត់បានយកកន្ត្រៃកាត់ទ្វារមាសប្រពន្ធខ្ញុំ កាត់ហើយនៅតែសម្រាលមិនបានទៀត ពេទ្យហ្នឹងក៏យកប្រដាប់បូមកូនចេញមក ពេលបូមកូនមក កូនហ្នឹងខូចបាត់ហើយ។ ក្រោយពេលបូមមានពេទ្យម្នាក់ក្មេង គាត់បានយកដៃគាត់ហ្នឹងលូកក្នុងទ្វារមាសប្រពន្ធខ្ញុំ ទាញយកសុកចេញមក ដល់ពេលទាញមកគាត់ថា ទាញមកដាច់រញ៉េរញ៉ៃអស់ហើយ គាត់អត់ចេះទេ។ ដល់ពេលអ្នកគ្រូពេទ្យនៅបានាវហ្នឹង គាត់ឆ្លើយថា ធ្វើអីអ៊ីចឹង? មើលទុកអញធ្វើម្ដង។ ដល់ពេលអ្នកគ្រូពេទ្យហ្នឹងទៅធ្វើ ខ្ញុំឃើញគាត់យកកន្ត្រៃទៅកាត់ប៉ិតៗ កាត់សុកចេញមក ដល់ពេលក្រោយពីកាត់ហ្នឹង ប្រពន្ធខ្ញុំហូរឈាមរហូតដល់ពេលហូរឈាមរហូតអ៊ីចឹង អ្នកគ្រូពេទ្យហ្នឹងស្លន់ស្លោៗ។ ខ្ញុំថាបើមិនកើតទេ បញ្ជូនប្រពន្ធខ្ញុំទៅកំពត ម៉េចក៏នៅដើររ៉េរ៉អ៊ីចឹង? គាតថា ចាំដុកទ័រមកសិន ខ្ញុំតេទៅដុកទ័រប្រចាំការហ្នឹងគេអត់មកទេ»។
ទន្ទឹមពេលនេះដែរ លោកក៏បានស្ដីបន្ទោសក្រុមគ្រូពេទ្យឆ្មបនៅមណ្ឌលសុខភាពឃុំបានាវ ស្រុកឈូក ដែរថា បានទុកប្រពន្ធគាត់ឲ្យឈឺធ្ងន់ តាំងពីព្រឹករហូតដល់យប់ ទើបបញ្ជូនបន្តទៅមន្ទីរពេទ្យស្រុកឈូក។
នៅពេលឡានពេទ្យដឹកប្រពន្ធរបស់លោកទៅមន្ទីរពេទ្យ ស្រុកឈូក លោក យឿង ភឿន បានទទូចសុំឲ្យលោកគ្រូពេទ្យដឹកទៅមន្ទីរពេទ្យបង្អែកខេត្តកំពត តែម្ដង ដោយសង្ឃឹមថា នៅមន្ទីរពេទ្យខេត្តអាចមានគ្រូពេទ្យជំនាញជួយសង្គ្រោះជីវិតប្រពន្ធលោកបានទាន់ពេល។ ក៏ប៉ុន្តែលោកថា ការទាមទាររបស់គាត់ត្រូវគ្រូពេទ្យបដិសេធរហូតទាល់តែប្រពន្ធគាត់ធ្ងន់ធ្ងរ ទើបគ្រូពេទ្យនៅទីនោះ ព្រមបញ្ជូនទៅពេទ្យខេត្ត តែប្រពន្ធគាត់បានដាច់ខ្យល់ស្លាប់នៅតាមផ្លូវបាត់ទៅហើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង ប្រធានមណ្ឌលសុខភាពឃុំបានាវ និងប្រធានមន្ទីរពេទ្យបង្អែកស្រុកឈូក បាននៅថ្ងៃទី៥ មេសា ដើម្បីសុំការឆ្លើយតបចំពោះការចោទប្រកាន់នេះ។
ចំណែកអធិការស្រុកឈូក លោក សំរិទ្ធ សីលាវិបុល ឆ្លើយថា លោកក៏មិនបានទទួលពាក្យបណ្ដឹងពី លោក យឿង ភឿន ដែរ។
ជារឿយៗ គេតែងតែឮសេចក្ដីរាយការណ៍អំពីម្ដាយ ឬទារកស្លាប់ពេលសម្រាលកូននៅតាមគ្លីនិកឯកជន និងនៅតាមមណ្ឌលសុខភាពមួយចំនួននៅតាមខេត្ត ខណៈដែលរដ្ឋាភិបាលប្រកាសថា ខ្លួនកំពុងប្រឹងប្រែងបង្កើនគុណភាពសេវាសុខាភិបាលសាធារណៈឲ្យបានដល់មូលដ្ឋានភូមិឃុំ៕