ប្រវត្តិខ្មែរបាត់បង់ខេត្តចំនួន២ទៅយួនក្នុងរាជ្យព្រះបាទសត្ថាធិរាជ (ភាគ៥២)
2015.07.28
ជម្លោះដណ្ដើមអំណាចគ្នា និងមិនទុកចិត្តគ្នាក្នុងជួរអ្នកកាន់អំណាចខ្មែរ បានធ្វើឲ្យក្រុមម្ខាងៗរត់ទៅពឹងប្រទេសជិតខាងឲ្យជួយអន្តរាគមន៍។ ម្ខាងទៅពឹងយួន និងម្ខាងទៀតទៅពឹងសៀម។ ទឹកដីខ្មែរ ក៏កាន់តែរួមតូចទៅៗ ដោយបាត់បង់ទៅលើប្រទេសជាអ្នកជួយធ្វើសង្គ្រាមហែកហួរគ្នាឯងនៅកម្ពុជា នេះ។
នៅក្នុងរាជ្យព្រះបាទសត្ថាធិរាជ ដែលគ្រងរាជ្យចន្លោះឆ្នាំ១៧២៩ និងឆ្នាំ១៧៣៧ ខ្មែរត្រូវបាត់បង់ខេត្តពីរ គឺខេត្តលង់ហោ ដែលយួន ហៅវិញឡុង និងខេត្តមេស ដែលយួន ហៅមីថ ក្រោយពីយួន ចុះមកជួយធ្វើសង្គ្រាមនៅប្រទេសខ្មែរ។
គ. ២៨-២ ព្រះរាជឱង្ការព្រះសត្ថាធិរាជ (ឆ្នាំ១៧២៩-ឆ្នាំ១៧៣៧ រាជ្យលើកទី២)
ក្រោយពីសម្ដេចព្រះកែវហ្វាអង្គអឹម បញ្ចប់រាជ្យទី៣ ដ៏ខ្លីរបស់ព្រះអង្គដោយដាក់រាជ្យ ហើយបង្វែររាជ្យសម្បត្តិនោះឲ្យទៅព្រះសត្ថាធិរាជ ជារាជបុត្រវិញនោះ ព្រះសត្ថាទី២ ក៏ទ្រង់ឡើងសោយរាជ្យជាលើកទី២ នៅរាជធានីឧដុង្គ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះបរមរាជារាមាធិបតី។ ទ្រង់លើកព្រះក្សត្រីស្រីសុជាតា ជាព្រះអគ្គមហេសី។ ឯព្រះកែវហ្វា ជាព្រះបិតាទ្រង់គង់ក្នុងនាទីជាឧបយោរាជ។
ក្នុងរាជ្យទី២ របស់ព្រះអង្គនេះ នៅឆ្នាំ១៧៣០ ពួកលាវ នៅប្រសូត្រ ខេត្តស្វាយទាប តាំងស្ម័គ្របក្ខពួកលើកខ្លួនជាអ្នកមានបុណ្យកជាទ័ព លើកទៅច្បាំងបឹងយួន ដល់ស្រុកព្រៃនគរ ហើយកាប់សម្លាប់យួន អស់ជាច្រើន។ ព្រះរាជាទ្រង់ជ្រាបដំណឹងនេះ ក៏បញ្ជាឲ្យកងទ័ពព្រះអង្គនាំពលទាហានប្រមាណ ១ម៉ឺននាក់ វាយបង្ក្រាបចលនាលាវ បះបោរនោះបានស្ងប់ស្ងាត់ទៅវិញ។
ដោយយកលេសសងសឹកនឹងចលនាលាវ បះបោរវាយយួន នេះ មួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៧៣១ ស្ដេចយួន បានបញ្ជូនទ័ពយួន ឲ្យចូលមកលុកលុយប្រទេសកម្ពុជា វាយសម្រុកឡើងមកជិតដល់រាជធានី។ ព្រះសត្ថាទី២ ក៏ទ្រង់ភៀសព្រះអង្គទៅគង់នៅពាមក្រែង ខេត្តស្រីសឈរ ហើយកេណ្ឌទ័ពបានយ៉ាងច្រើន រួចចាត់មេទ័ពឲ្យនាំទ័ពមកសន្ធប់គ្នានៅកោះខ្សាច់កណ្ដាល បានជួបទ័ពយួន នៅចតុមុខ ហើយវាយទ័ពយួន នោះ ឲ្យបរាជ័យដកថយទៅវិញអស់ទៅ។
មួយឆ្នាំក្រោយមកទៀត គឺឆ្នាំ១៧៣២ ស្ដេចយួនអណ្ណាមកុក បានបញ្ជូនទ័ពច្រើនជាងលើកមុន គឺប្រមាណ ២ម៉ឺននាក់ ឲ្យមកលុកលុយប្រទេសកម្ពុជា។ យួន វាយយកបានខេត្តតាមមាត់ទន្លេជាច្រើន។
ព្រះរាជាទ្រង់ភៀសព្រះអង្គទៅគង់នៅពាមក្របៅ ខេត្តអាសន្ទុក រួចកេណ្ឌទ័ព និងបញ្ជូនមកវាយយួន ត្រង់ព្រែកមួយជិតកៀនស្វាយ ដែលបានជាប់ឈ្មោះជាព្រែកយួន រហូតមកដល់សព្វថ្ងៃនេះ។ ទ័ពយួន ទទួលបរាជ័យយ៉ាងដំណំ ហើយដកថយចុះទៅក្រោមវិញ។
លើកនេះពិតមែនតែយួន ទទួលបរាជ័យមែន ប៉ុន្តែយួន បានដកថយទៅបោះបន្ទាយជាប់នៅក្នុងខេត្តខ្មែរពីរ គឺខេត្តលង់ហោ ដែលយួន ហៅវិញឡុង និងខេត្តមេស ដែលយួន ហៅមីថ ហើយខេត្តទាំងពីរនេះ ត្រូវយួន រឹបយកដាច់ជាសម្បត្តិរបស់គេតាំងពីពេលនោះមក។
ក្រោយពីពេលដែលទ័ពយួន ដកថយចុះទៅក្រោមវិញហើយ ព្រះសត្ថាធិរាជ ក៏ទ្រង់នាំព្រះរាជវង្សានុវង្ស និងបរិពារ យាងចេញពីខេត្តអាសន្ទុក តែមិនយាងត្រឡប់ទៅឧដុង្គ ទេ ទ្រង់ប្ដូរមកគង់នៅបន្ទាយលង្វែក វិញ។
នៅឆ្នាំ១៧៣៦ ព្រះកែវហ្វាអង្គអឹម ជាព្រះបិតាដែលទ្រង់គង់ជាឧបយោរាជនោះ ទ្រង់សោយទិវង្គត។ ព្រះសត្ថាធិរាជ ទ្រង់ធ្វើបុណ្យសុន្ទរ៍ទានតាមរាជប្រវេណី ហើយដង្ហែព្រះអដ្ឋិធាតុព្រះកែវហ្វា ជាព្រះបិតាយកទៅបញ្ចុះក្នុងព្រះចេតិយត្រៃត្រិង្ស លើភ្នំព្រះរាជទ្រព្យឧដុង្គមានជ័យ។ ចំណែកខាងព្រះស្រីធម្មរាជា ដែលបានទៅពឹងសៀម ឲ្យមកជួយវាយដណ្ដើមរាជ្យសម្បត្តិពីព្រះកែវហ្វាអង្គអឹម ពីលើកមុន តែត្រូវសៀម ប្រែក្រឡាស់ចិត្តជាគាំទ្រព្រះកែវហ្វាអង្គអឹម វិញ ដោយស្ដេចអង្គនេះព្រមដាក់នគរខ្មែរជាចំណុះសៀម ហើយបង្ខំនាំព្រះធម្មរាជា ត្រឡប់ទៅប្រទេសសៀម វិញនោះ កាលបើបានជ្រាបដំណឹងថា ព្រះកែវហ្វាអង្គអឹម ទ្រង់ចូលទិវង្គតហើយ ព្រះអង្គក៏ទ្រង់ចាត់ព្រះអង្គអឹម ជារាជបុត្រដែលទ្រង់បានប្រទានព្រះនាមជាព្រះស្រីធម្មរាជ ដូចព្រះអង្គជាបិតាដែរ ឲ្យធ្វើដំណើរទៅដល់ស្រុកនាងរង ខេត្តនគររាជសីមា ហើយធ្វើព្រះរាជសារទៅចងស្ពានមេត្រីជាមួយនឹងព្រះសត្ថាធិរាជ ក្នុងបំណងបានវិលត្រឡប់មករួមរស់ជួបជុំព្រះញាតិវង្សក្នុងប្រទេសកម្ពុជា វិញ ប៉ុន្តែត្រូវព្រះរាជឱង្ការព្រះសត្ថាធិរាជ បដិសេធពុំយល់ព្រម។
ក្រោយពីព្រះស្រីធម្មរាជា ទ្រង់ប្រើព្រះរាជបុត្រមកសុំចងស្ពានមេត្រីពុំបានសម្រេចមកនោះ ព្រះសត្ថាធិរាជ ជាស្ដេចផែនដី ទ្រង់កើតក្តីសង្ស័យលើរូបព្រះក្សត្រីស្រីសុជាតា ព្រះអគ្គមហេសីរបស់ព្រះអង្គ ដែលត្រូវជាប្អូនស្រីព្រះធម្មរាជា ព្រមទាំងក្សត្របីអង្គទៀត គឺឧទ័យរាជាអង្គសូ (ព្រះរាជបុត្រព្រះអង្គទង) ស្រីជ័យជេដ្ឋអង្គស្ងួន និងអង្គច័ន្ទ (បុត្រព្រះស្រីធម្មរាជា) ដោយទ្រង់រំពឹងគិតថា បើព្រះស្រីធម្មរាជា ចង់ដណ្ដើមរាជ្យព្រះអង្គនោះ ពួកក្សត្រទាំងអស់នេះនឹងក្លាយជាកម្លាំងរនុកក្នុងក្បត់ព្រះអង្គ ចូលខាងព្រះស្រីធម្មរាជា មិនខាន។
គិតដូច្នោះហើយ ព្រះអង្គក៏រកលេសធ្វើគត់ក្សត្រទាំង ៤អង្គនោះ ដោយទ្រង់រៀបគម្រោងបញ្ជាទ័ពឲ្យចូលវាយលុកធ្វើគត់ស្ដេចទាំង ៤អង្គនៅក្នុងក្រុងលង្វែក ក្នុងពេលដែលព្រះអង្គធ្វើកលឧបាយជាចេញដំណើរពីក្រុងលង្វែក ទៅក្រសាលនៅភ្នំពេញ ដូចជាមិនដឹងរឿងអ្វីសោះ។ ប៉ុន្តែកលល្បិចនេះ ត្រូវក្សត្រទាំង ៤អង្គដឹងមុន ហើយបញ្ចុះបញ្ចូលរាស្ត្រនៅលង្វែកបង្កបានជាទ័ពយ៉ាងធំ ច្បាំងនឹងទ័ពព្រះសត្ថាធិរាជ ជាស្ដេចផែនដី ហើយទទួលបានជោគជ័យវាយបំបែកទ័ពព្រះសត្ថា ឲ្យរត់ខ្ចាត់ខ្ចាយអស់។
ព្រះសត្ថា ទ្រង់ជ្រាបថា ទ័ពព្រះអង្គទទួលបរាជ័យហើយ ក៏នាំបរិពារភៀសព្រះអង្គទៅស្រុកយួន ដើម្បីពឹងសុំទ័ពយួន យកមកច្បាំងសាជាថ្មី ប៉ុន្តែគាប់ជួនពេលនោះ ស្រុកយួន កើតទុរ្ភិក្ស ស្ដេចយួន មិនបានបញ្ជូនទ័ពមកជួយទេ គ្រាន់តែបានទទួលព្រះសត្ថាធិរាជ ឲ្យជ្រកកោននៅស្រុកយួន នោះទៅ។
ចំណែកក្សត្រទាំង ៤អង្គវិញ កាលបើបានឈ្នះសង្គ្រាមហើយ ក៏រៀបកម្លាំងយ៉ាងមាំចាំស្ទាក់ផ្លូវព្រះសត្ថាធិរាជ មិនឲ្យវិលត្រឡប់ពីស្រុកយួន មកវិញបាន ហើយទ្រង់បញ្ជូនដំណឹងជ័យជម្នះនេះទៅព្រះស្រីធម្មរាជាអង្គអឹម ជាបុត្រា ដែលកំពុងតែវាយសង្កត់យកខេត្តបានមួយចំនួន ហើយបោះទីតាំងនៅខេត្តមហានគរវត្តនោះ សុំឲ្យព្រះអង្គថ្វាយដំណឹងនេះទៅព្រះស្រីធម្មរាជា ជាបិតា ដែលគង់នៅឯស្រុកសៀម និងព្រះអង្គទង សុំឲ្យព្រះអង្គយាងត្រឡប់មកនគរកម្ពុជា វិញ។
ស្ដេចសៀម ក៏យល់ព្រម ហើយចាត់ទ័ពដង្ហែព្រះស្រីធម្មរាជា តាមជើងទឹកមកចុះនៅខេត្តកំពត រួចទៅគង់នៅភ្នំជើងកញ្ចុំខេត្តទ្រាំង។ ឯព្រះអង្គទង ជាព្រះអនុជទ្រង់នាំទ័ពតាមជើងគោកមកជួបនឹងព្រះស្រីធម្មរាជាអង្គអឹម ជាក្មួយ នៅខេត្តមហានគរវត្ត ហើយនៅរេហ៍ពលសេនាមកជួបជុំគ្នានៅកោះសំរោងសែន។
ទីបំផុត ព្រះក្សត្រីស្រីសុជាតា និងព្រះរាជវង្សានុវង្ស បានយាងដង្ហែក្សត្រទាំងអស់មកជួបជុំគ្នានៅរាជធានីឧដុង្គ ហើយទ្រង់ថ្វាយរាជ្យសម្បត្តិទៅព្រះស្រីធម្មរាជា ឲ្យឡើងសោយរាជ្យសម្បត្តិជាថ្មីពីឆ្នាំ១៧៣៨ នៃគ.ស នោះទៅ៕