ស្ថានទូត​វៀតណាម​ថ្លែង​សារ​ឱ្យ​ប្រជាជន​ខ្មែរ​ដឹងគុណ​វៀតណាម​កៀក ទិវា ៧ មករា

ដោយ ខែ សុណង
2021.01.06
ស្ថានទូត​វៀតណាម​ថ្លែង​សារ​ឱ្យ​ប្រជាជន​ខ្មែរ​ដឹងគុណ​វៀតណាម​កៀក ទិវា ៧ មករា ស្ថានទូតវៀតណាម​នៅ​ភ្នំពេញ និង​ផ្ទាំងផ្សព្វផ្សាយ​អំពី​ខួប​​លើក​ទី៤២ នៃ​ជ័យ​ជម្នះ​របស់​កងទ័ពវៀតណាម​ និង​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដួលរំលំ​របប​ខ្មែរក្រហម កាល​ពី​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ២០២១។
រូប៖ ស្ថានទូត​វៀតណាម និង​​ហ្វេសប៊ុក​សាខា​សកម្មជន​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ

ស្ថានទូតវៀតណាមប្រចាំកម្ពុជាបានថ្លែងសារ រំឭក​ឱ្យ​ប្រជាជនខ្មែរដឹងគុណវៀតណាម នៅកៀកខួបទី ៤២ឆ្នាំ នៃថ្ងៃ ៧ មករា។ ពលរដ្ឋ និងក្រុមនិស្សិតខ្មែរមួយចំនួន ចាត់ទុកថ្ងៃ ៧ មករានេះ ជាថ្ងៃដែលប្រទេសវៀតណាមលើកកងទ័ពឈ្លានពានប្រទេសកម្ពុជា និងបំពានច្បាប់​អន្តរជាតិ។

ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ​ក្នុង​ទំព័រ​ហ្វេ​ស​បុក​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី៥ ធ្នូ បង្ហាញ​ពី​គុណសម្បត្តិ​វៀតណាម​ជា​ច្រើន​មក​លើ​កម្ពុជា នៅ​រយៈ​ពេល ៤២ឆ្នាំ​កន្លងទៅ​នេះ។ ស្ថានទូត​អះអាង​ថា កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម បាន​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩ ដើម្បី​រំដោះ​ពលរដ្ឋ​ខ្មែរ​ឱ្យ​មាន​សេរីភាព។

ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ និស្សិត​បញ្ញវន្ត និង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ពួក​គេ​ចាត់​ទុក​ទង្វើ​របស់​វៀតណាម​ថា មិន​បាន​ជួយ​កម្ពុជា​ដោយ​ស្មោះត្រង់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វៀតណាម​បាន​បញ្ជូន​កងទ័ព​ដាក់​អាណានិគម​ខ្មែរ​រយៈ​ពេល ១០ឆ្នាំ ក្នុង​ទសវត្សរ៍​ទី៨០ និង​បាន​បង្កើត​សន្ធិសញ្ញា​ខុស​ច្បាប់​មួយ​ចំនួន បំណង​រំលោភ​ទឹកដី​កម្ពុជា​តាម​ព្រំដែន កាត់​ឆ្វៀល​យក​កោះត្រល់ និង​ចង្កោម​កោះ​ក្រចក​សេះ តាម​រយៈ​កិច្ចព្រមព្រៀង​ខុសច្បាប់​នានា ស្ដីពី​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញា​ព្រំដែន​ទឹក​ប្រវត្តិសាស្ត្រ​ ​ឆ្នាំ១៩៨២។

សមាជិកក្រុមការងារ ១០០រាត្រី លោក ឃីម សុខុម សង្កេត​ឃើញថា ក្រោយពីកងទ័ពវៀតណាម បាន​ផ្ដួល​រំលំរបបខ្មែរ​ក្រហម នៅឆ្នាំ១៩៧៩ វៀតណាម បានបញ្ជូនពលរដ្ឋរបស់ខ្លួនជា​ច្រើន ចូលមករស់នៅខុស​ច្បាប់ ក្នុងប្រទេសកម្ពុជា។ លោកថា ពលរដ្ឋខ្លះចាត់ទុកថ្ងៃ ៧ មករា ជាការ​ឈ្លានពានទឹក​ដីកម្ពុជា ដោយកងទ័ពវៀតណាម៖ «ប្រសិនជាការចូលមករំដោះ​ ​ប្រទេសកម្ពុជា​ ​ដោយសុចរិតដោយស្មោះត្រង់មែន​ ​អ៊ីចឹងវៀតណាមអត់ទាមទារពីកម្ពុជាវិញ​ ​មានពីការបញ្ចូលពលរដ្ឋវៀតណាម​ ​មករស់នៅកម្ពុជា។ ទាមទារ​ឱ្យ បែន សុវណ្ណ ធ្វើខ ប៉ុន្មាន ដែលវៀតណាមទាមទារហ្នឹងទេ។ បើសិនជាការជួយហ្នឹងទៀត​សោត ប្រកប​ដោយសប្បុរសមែន វាមិនមែនជាទាមទារចំណុចសំខាន់ៗ ដើម្បីបំផ្លាញជាតិកម្ពុជាទេ»

អ្នកសិក្សាផ្នែកច្បាប់ កញ្ញា ហឿ ស្រីនិ យល់​ថា គណបក្ស​ប្រជាជនកម្ពុជា បានរើសយកថ្ងៃទី៧ មករា ជាខួបបុណ្យជាតិជារៀងរាល់ឆ្នាំ​ ​មិនឆ្លុះបញ្ចាំងពីស្មារតីឆន្ទៈនយោបាយរួម​ ​និងឯកភាពផ្ទៃក្នុងជាតិនោះទេ។ កញ្ញាថា ការសម្រេចឯកតោ​ភាគី​ ​របស់បក្សកាន់​អំណាចបែបនេះ មិនផ្តល់ផលចម្រើនដល់សង្គមជាតិនោះទេ។ ផ្ទុយ​ទៅ​វិញ វៀតណាម​ ​នៅមានល្បិចឈ្លានពានទឹកកម្ពុជាគ្រប់រូបភាព៖ «លើរឿង ៧ មករាហ្នឹង ចំណុចសំខាន់ ត្រូវសិក្សាឱ្យ​ជ្រៅ ឬ​ក៏យល់ពីចំណុចស្នូលសំខាន់ហ្មងគឺទៅ​លើ​របប ប៉ុល ពត។ សួរថា មូលហេតុអីដែលរដ្ឋាភិបាលយើង​មិនឱ្យ​តុលាការឯករាជ្យ​អន្តរជាតិ ម្ត៉េច​ក៏​យក​មកកាត់​ក្នុងប្រទេសកម្ពុជាខ្លួន​ឯង? ដែលគ្រាន់តែវា​កាត់ខ្សែ​ស្រឡាយអន្តរជាតិបន្តិចបន្តួច​គ្រាន់តែវា កាត់ខ្សែ​ស្រឡាយអន្តរជាតិបន្តិចបន្តួច។ អ៊ីចឹងសួរសួរថា ឃាតកពិតប្រាកជានរណាគេ

អាស៊ីសេរីបានព្យាយាមទាក់ទង​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ ​លោក​ ​សុខ​ ​សាន​ ​និង​ ​លោក ឈឹម ផលវរុន ដើម្បីសុំការបំភ្លឺរឿងនេះ តែ​ទូរស័ព្ទ​ហៅចូលច្រើនដង​ ​គ្មានអ្នកទទួល​ ​នៅថ្ងៃទី៦ មករា។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា​ ​លោក​ ​ផៃ​ ​ស៊ីផា​ ​ក៏មិនទាន់អាចសុំការឆ្លើយតបបានដែរ ព្រោះ​ទូរស័ព្ទ​ហៅចូល​ ​គ្មានអ្នកលើ​ ​នៅថ្ងៃដដែលនេះ។ ទោះ​បី​ជាយ៉ាង​ណា កូនរបស់លោកនាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានបង្ហោះសារ ទំព័រហ្វេសប៊ុក Facebook របស់ខ្លួនថា ថ្ងៃ​ទី៧ ខែមករា ជាថ្ងៃកំណើតទីពីរ​ ​របស់ប្រជាជាតិកម្ពុជា ហើយក្នុងនាមជាអ្នកបន្ត​វេន ត្រូវតែចងចាំនូវទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ដាស់ស្មារតី កុំ​ឱ្យ​ដើរជាន់ដាន​ប្រវត្តិសាស្ត្រ​ច្រំដែលទៀត។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃទី៦ មករានេះ ក៏​បានជំរុញ​ឱ្យ​រដ្ឋាភិបាល ត្រូវលុប​ចោល​ទិវាបុណ្យ​ជាតិថ្ងៃទី៧ មករា ហើយជំនួសមក​វិញ ទិវាបុណ្យ​ជាតិកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។ ចលនានិស្សិត ចាត់ទុកថ្ងៃ  មករា ជាថ្ងៃដែលប្រទេសវៀតណាមលើកកងទ័ពប្រមាណ ២០ម៉ឺននាក់ ឈ្លានពានប្រទេសកម្ពុជា រំលោភច្បាប់​អន្តរជាតិ​ ​

ប្រធានក្រុមប្រឹក្សា​ភិ​បាល ចលនានិស្សិត ដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាតង្កេត​ឃើញថា កងទ័ពវៀតណាមបានដាក់អាណានិគម ក្នុងប្រទេសកម្ពុជា រយៈ ១០ឆ្នាំ និងបង្ខំ​ឱ្យ​កម្ពុជាចុះហត្ថលេខាទទួលស្គាល់សន្ធិសញ្ញាខុសច្បាប់ជា​ច្រើន ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់កោះត្រល់ បាត់ទឹកដីតាមព្រំដែន និងចង្កោមកោះក្រចកសេះជា​ដើម។ លោកថា រដ្ឋាភិបាលត្រូវ​តែប្រកាសមោឃភាព​សន្ធិសញ្ញាព្រំដែនទាំង​អស់ក្នុងទសវត្សរ៍ទី៨០ នៅគ្រាដែលកម្ពុជា​នៅ​ក្រោម​ការ​គ្រប់គ្រងដោយកងទ័ពវៀតណាម៖ «របបក្រុងភ្នំពេញ​ដឹកនាំដោយ ហ៊ុន សែន ហេង សំរិន និង ជា ស៊ីម ជំនាន់ហ្នឹងថា យួនយកកងទ័ពប្រទេសវៀតណាមមក​ត្រួតត្រាប្រទេសកម្ពុជា ហើយឈ្លានពានកម្ពុជា​ហើយបង្ខំឱ្យ​លោក ហ៊ុន សែន ជំនាន់ហ្នឹង​ចុះ​សន្ធិសញ្ញា ដែលមិនស្រប​នឹងគោលការណ៍អន្តរជាតិ​ព្រោះក្នុងឯកសារ​ប្រទេសណាក៏​ដោយ​ត្រួតត្រាលើគេ ហើយបង្ខំឱ្យ​គេ ចុះ​ហត្ថលេខា​លើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា វាផ្ទុយនឹងច្បាប់​អន្តរជាតិហើយ»

មន្ត្រីជាន់ខ្ពស់គណបក្ស​ប្រជាជនកម្ពុជា បានប្រាប់កាសែតក្នុងស្រុកថា ទិវា  មករា ឆ្នាំ២០២១ នេះ គណបក្សកាន់​អំណាច ពុំ​បានរៀបចំអង្គ​មិទ្ទិ​ឱ្យ​បានធំ​ដុំដូច​សព្វ​ដងនោះទេ ដោយសារតែការរីករាលដាលជំងឺ​កូវីដ១៩ ដែលបន្តពីឆ្នាំមុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។