ពលរដ្ឋ និង​ព្រះសង្ឃ ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋ​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម

ដោយ ទីន ហ្សាការីយ៉ា
2024.04.24
ពលរដ្ឋ និង​ព្រះសង្ឃ ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋ​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម
រូប៖ ពីពលរដ្ឋ

អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​ការងារ​លើ​វិស័យ​ការពារ​សិទ្ធិ​មនុស្ស ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​ចំនួន៦ ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋ​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម​ទាំង ១៣អង្គ/នាក់។ ពួក​គេ​អះអាង​ថា នឹង​បន្ត​ធ្វើ​បាតុកម្ម និង​តស៊ូ​មតិ​តាម​មធ្យោបាយ​ផ្សេង​ទៀត រហូត​ដល់​មាន​ការ​ដោះ​លែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម​ទាំង​អស់។

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​ក្រោម​ចំនួន ៤ទៀត នៅ​ថ្ងៃ​ទី២៤ ខែមេសា ធ្វើ​បាតុកម្ម​ដោយ​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ និង​ព្រះសង្ឃ​ជាង ១រយ​អង្គ​នាក់ នៅ​វត្ត​សាមគ្គី​រង្សី ហៅ​វត្ត​កម្ពុជា​ក្រោម ស្ថិត​នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ និង​បន្ត​ហែ​ញត្តិ​ទៅ​កាន់​ក្រសួង​ការបរទេស ដើម្បី​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ដែល​បាន​ចាប់​ផ្សឹក​ព្រះសង្ឃ និង​ចាប់​ឃុំ​ខ្លួន​សកម្មជន​ខ្មែរ​ក្រោម។

Khmer_Krom_Demonstration_in_Cambodia_to_demand_release_of_Khmer_Krom_detainees_in_Kampuchea_Krom_042424.jpg
សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ព្រះសង្ឃ​ជាង ១រយ​អង្គ​នាក់ ធ្វើ​បាតុកម្ម​ នៅ​វត្ត​សាមគ្គី​រង្សី ហៅ​វត្ត​កម្ពុជា​ក្រោម ស្ថិត​នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ និង​បន្ត​ហែ​ញត្តិ​ទៅ​កាន់​ក្រសួង​ការបរទេស នៅ​ថ្ងៃ​ទី២៤ ខែមេសា ឆ្នាំ២០២៤ ដើម្បី​សុំ​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ដែល​បាន​ចាប់​ផ្សឹក​ព្រះសង្ឃ និង​ចាប់​ឃុំ​ខ្លួន​សកម្មជន​ខ្មែរ​ក្រោម។ រូបពីពលរដ្ឋ

និស្សិត​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កញ្ញា រៀម ស្រីពេជ្យរតនា ឱ្យ​ដឹង​ថា កញ្ញា​មក​ចូល​រួម​បាតុកម្ម​នេះ​គឺ​ដើម្បី​រួម​ចំណែក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ រើសអើង បំបិទ​សិទ្ធិ​សេរីភាព ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម។ កញ្ញា រៀម ស្រីពេជ្យរតនា ក៏​ស្នើ​ដល់​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន ម៉ាណែត ងាក​ទៅ​មើល​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​​ដែល​កំពុង​រស់​នៅ​ក្រោម​បក្ស​កុម្មុយនិស្ត​វៀតណាម។

កញ្ញា​ រៀម ស្រីពេជ្យរតនា«ហើយ​ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​មិន​ថា​អ្នក​នៅ​ក្នុង​ប្រទេស​ខ្មែរ​កណ្ដាល គឺ​ខ្មែរ​ក្រោម​ចង់​ឱ្យ​គាត់​យក​ចិត្ត​ទុក​ដាក់​ដែរ ព្រោះ​ខ្ញុំ​ជឿ​ថា វៀតណាម ជនជាតិ​របស់​គេ ក៏​មក​នៅ​ខ្មែរ​យើង​ច្រើន​ដែរ។ អ៊ីចឹង ប្រសិន​បើ​វៀតណាម​មក​នៅ​កម្ពុជា​កណ្ដាល​បាន ចុះ​ហេតុ​អី​បាន​ជា​យើង​មិន​អាច​ឱ្យ​កម្ពុជា​ក្រោម គាត់​រស់​នៅ​សុខ​ស្រួល​ដូច​ប្រជាជន​គេ​មក​រស់​នៅ​ប្រទេស​យើង​ទៅ ទាំង​ដែល​យើង​ជា​ជន​ជាតិ​ដើម​ភាគ​តិច ហើយ​គេ​ជា​ជន​ជាតិ​ភាគ​តិច​មក​រស់​នៅ​លើ​ទឹក​ដី​របស់​យើង​ទេ»

ចំណែក​ព្រះសង្ឃ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ឃ្លាំង​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ថាច់ ចក្រី មាន​ថេរ​ដីកា​ថា រដ្ឋាភិបាល​វៀតណាម​បាន​ប្រើ​អំណាច​ឃោរឃៅ​ និង​បាន​រំលោភ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ដើម្បី​បំបិទ​សំឡេង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​គ្រាន់​តែ​ចង់​រក្សា​វប្បធម៌ និង​ប្រពៃណី​របស់​ខ្លួន។ ព្រះតេជព្រះគុណ ថាច់ ចក្រី ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​គួរ​​បន្ត​ចូល​រួម​ទាមទារ​រក​យុត្តិធម៌​រហូត​ដល់​រដ្ឋាភិបាល​វៀតណាម​ដោះ​លែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម​ទាំង ១៣នាក់/អង្គ។

ព្រះតេជព្រះគុណ ថាច់ ចក្រី «ឃើញ​ថា ពីរ​ឆ្នាំ​នេះ​យួន​ធ្វើ​ទុក​បុក​ម្នេញ​យ៉ាង​ខ្លាំង សម្រាប់​បង​ប្អូន​ខ្មែរ​ក្រោម អ៊ីចឹង​ទៅ​ក្នុង​នាម​អាត្មា​ជា​ឈាម​ជ័រ​ខ្មែរ​ក្រោម​មួយ​រូប អាត្មា​មិន​សុខ​ចិត្ត​ឱ្យ​ពួក​យួន​ធ្វើ​បាប​ធ្វើ​ទុក្ខ​បុក​ម្នេញ​បង​ប្អូន​ខ្មែរ​ក្រោម​ទេ អ៊ីចឹង​អាត្មា​នៅ​នេះ​ត្រូវ​តែ​ទាមទារ​សិទ្ធិ​សេរីភាព​ឱ្យ​ពួកគាត់»

ការ​ជួប​ជុំ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ និង​ព្រះសង្ឃ​នេះ គេ​ក៏​ឃើញ​មាន​អាជ្ញាធរ​ទាំង​ក្នុង​សំលៀកបំពាក់​ជា​នគរបាល និង​ស៊ីវិល​ជា​ច្រើន​នាក់​តាម​ឃ្លាំមើល​ផង​ដែរ បើ​ទោះ​ជា​បាតុកម្ម​នេះ​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឱ្យ​ធ្វើ​ក៏​ដោយ។

ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​នៅ​កម្ពុជា និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ជា​បន្ត​បន្ទាប់​នេះ គឺ​ក្រោយ​ពី​ អាជ្ញាធរ​វៀតណាម​ខេត្ត​លង់​ហោ ដែល​វៀតណាម ហៅ​ថា ខេត្ត វិញ ឡុង (Vinh Long) កាល​ពី​ខែមីនា បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​គង់​នៅ​វត្ត​ប្រជុំ​ពល​មង្គលបូរី​ឬ​ហៅ​ថា​វត្ត​ទ្រនំ​សេក​ចំនួន ៥អង្គ រួមមាន ព្រះចៅ​អធិការ​វត្តទ្រនំសេក ព្រះភិក្ខុ ថាច់ ចន្ទតារា និង​ព្រះភិក្ខុ យឿង ខាយ និង​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន​បី​នាក់ ក្រោម​បទ​ចោទ​ប្រកាន់ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ» តាម​មាត្រា ៣៣១ និង​ពី​បទ «ការ​ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​មនុស្ស​ដោយ​ខុស​ច្បាប់» តាម​មាត្រា ១៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​វៀតណាម។

អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ព្រះ​ត្រពាំង និង​ខេត្ត​ឃ្លាំង កាល​ពី​ឆ្នាំ​មុន ក៏​បាន​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​ក្រោម ៣នាក់​រួម​មាន​លោក តោ ហ្វាងចឿង លោក ថាច់ កឿង និង​លោក យ័ញ មិញក្វាង ក្រោម​ការ​ចោទ​ប្រកាន់​តាម​មាត្រា ៣៣១ នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​វៀតណាម​នេះ​ដូច​គ្នា។ ក្នុង​ឆ្នាំ២០២៣ ដដែល អាជ្ញាធរ​វៀតណាម​បាន​ចាប់​ឃុំ​ខ្លួន សកម្មជន​ខ្មែរ​ក្រោម​ជា​ស្ត្រី​ម្នាក់​ទៀត គឺ​លោកស្រី ឌិន ធីហ្វិន រស់​នៅ​ខេត្តឃ្លាំង ក្រោម​បទ​ចោទ «មិន​អនុវត្ត​តាម​សាលក្រម​របស់​តុលាការ» ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​ធ្លី។ ពួកគេ​ត្រូវ​បាន​តុលាការ​វៀតណាម​កាត់​ទោស​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ២ ដល់ ៤ឆ្នាំ កាល​ពី​ដើម​ខែកុម្ភៈ និង​ខែមីនា។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​ស្ថាន​ទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា និង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សន្ទរី បាន​ទេ នៅ​ថ្ងៃ​ទី២៤ ខែមេសា។

ប្រធាន​ស្ដី​ទី​លេខាធិការដ្ឋាន នៃ​អង្គការ​សមាគម​ខ្មែរ​ក្រោម​ លោក គឹម ស៊ីសំណា ថ្លែង​ក្រោយ​ដង្ហែ​ញាតិ​ទៅ​ក្រសួង​ការ​បរទេស​ថា អង្គការ​ សមាគម​ខ្មែរ​ក្រោម​សោក​ស្ដាយ​ដែល​រដ្ឋាភិបាល​មិន​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ​ដូច​ការ​គ្រោង​ទុក។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក គឹម ស៊ីសំណា ថា អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​ក្រោម គ្រោង​នឹង​ធ្វើ​បាតុកម្ម និង​ដាក់​ញត្តិ ទៅ​តាម​បណ្ដា​ស្ថានទូត​ផ្សេង​ទៀត រហូត​ដល់​មាន​ការ​ដោះ​លែង​សកម្មជន​ខ្មែរ​ក្រោម។

លោក គឹម ស៊ីសំណា៖ «ប្រាកដ​ហើយ​កន្លង​មក​យើង ក៏​ធ្លាប់​ស្នើ​សំណូមពរ អំពាវនាវ​ឱ្យ​ទាំង​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ ទាំង​ពលរដ្ឋ​ខ្មែរ​យើង​ទូទៅ​ទាំង​អស់​គ្នា​ផង ពី​ព្រោះ​ពលរដ្ឋ​ខ្មែរ​ក្រោម គឺ​ឈាម​ជ័រ​ខ្មែរ​តែ​មួយ។ អ៊ីចឹង ទុក្ខ​របស់​ខ្មែរ​កម្ពុជា​ក្រោម ក៏​ជា​ទុក្ខ​របស់​ខ្មែរ​យើង​ទូទៅ​ទាំង​អស់​គ្នា»

គិត​មក​ទល់​ពេល​នេះ​ មាន​ព្រះសង្ឃ សកម្មជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន ១៣អង្គ/នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ។ ចំណែក​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​ទៀត​គឺ​ព្រះភិក្ខុ គឹម សំរិន្ទ ដែល​ជា​សកម្មជន​សង្ឃ និង​ជា​អ្នក​កសាង​រូប​សំណាក​លោក​ឧកញ៉ា សឺន គុយ តម្កល់​ទុក​នៅ​ផ្ទះ​ក្នុង​ខេត្ត​ព្រះ​ត្រពាំង កាល​ពី​ថ្ងៃ​ទី២៥ មីនា ត្រូវ​បាន​គណៈ​សង្ឃ​ខេត្ត​ក្រោម​ឥទ្ធិពល​រដ្ឋ​វៀតណាម និង​អាជ្ញាធរ​ខេត្ត បាន​ប្រកាស​មិន​ទទួល​ស្គាល់​ព្រះអង្គ​ជា​អ្នក​បួស និង​មិន​អនុញ្ញាត​ឱ្យ​វត្ត​ទាំង ១៤៣ ក្នុង​ខេត្ត​ព្រះ​ត្រពាំង​ទទួល​យក​ព្រះអង្គ​គង់​នៅ។ បច្ចុប្បន្ន ព្រះភិក្ខុ គឹម សំរិន្ទ កំពុង​គង់​នៅ​ផ្ទះ​ជា​មួយ​ញោម​ស្រី និង​សាច់ញាតិ​របស់​ព្រះអង្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។