នគរបាលខេត្តបាត់ដំបងថា បន្តស្រាវជ្រាវករណីហិង្សាមកលើពលរដ្ឋខ្មែរ-អូស្ត្រាលីម្នាក់ដែលរិះគន់រដ្ឋាភិបាល
2024.04.18
ស្នងការនគរបាលខេត្តបាត់ដំបងថា សមត្ថកិច្ចនៅមិនទាន់ចាប់ជនល្មើសមួយក្រុមដែលបានវាយអ្នកគាំទ្រគណបក្សប្រឆាំង និងជាអ្នកបញ្ចេញមតិលើបណ្ដាញសង្គមដ៏សកម្មម្នាក់គឺលោក សាន ប៊ុនឆាយ ឱ្យបែកក្បាល កាលពីថ្ងៃទី១០ ខែមេសា នៅឡើយទេ។
ស្នងការនគរបាលខេត្តបាត់ដំបង លោក សាត គឹមសាន ថា សមត្ថកិច្ចជំនាញក្រុងបាត់ដំបងនៅតែបន្តស្រាវជ្រាវ ហើយលោកក៏មិនទាន់អាចកំណត់ពេលជាក់លាក់ដើម្បីចាប់ជនល្មើសបាននោះដែរ។ លោក សាត គឹមសាន បន្តថា ម្ចាស់ពាក្យបណ្ដឹងក៏មិនបានសហការ និងផ្ដល់ព័ត៌មានបន្ថែមដល់សមត្ថកិច្ចនោះដែរ។
លោក សាត គឹមសាន៖ «មួយថ្ងៃពីរសួរៗ ខ្ញុំប្រាប់ហើយថាកំពុងតែបើកការអង្កេត វាមិនអាចការអង្កេតភ្លាមបានភ្លាមនោះទេ អ៊ីចឹងវាត្រូវប្រើពេលវេលា ទីពីរសាមីខ្លួនដែលរងគ្រោះ គាត់អត់បាននៅផ្ដល់ចម្លើយឱ្យខ្ញុំច្បាស់លាស់ គាត់មានតែពាក្យបណ្ដឹង ឥឡូវខ្ញុំកំពុងតែដុតដៃដុតជើងលើការងារហ្នឹងហើយ ទុកពេលឱ្យខ្ញុំស្រាវជ្រាវសិន»។
ទោះជាយ៉ាងណា អង្គការចលនាខ្មែរប្រជាធិបតេយ្យ(KMD) ដែលមានមូលដ្ឋាននៅក្រៅប្រទេសកាលពីថ្ងៃទី១៥ ខែមេសា បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសទៅលើប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃមកលើ លោក សាន ប៊ុនឆាយ ក្នុងពេលលោកទៅជួបក្រុមគ្រួសារអំឡុងចូលឆ្នាំថ្មី គឺជាអំពើឃោរឃៅ និងបង្ហាញពីភាពកំសាករបស់រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត មកលើពលរដ្ឋដែលគ្រាន់តែមានមតិផ្ទុយពីខ្លួន។
អង្គការចលនាខ្មែរប្រជាធិបតេយ្យ ក៏បានស្នើដល់អង្គការសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិថ្កោលទោស និងទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតឱ្យបានឆាប់រហ័ស និងតម្លាភាពដើម្បីផ្ដល់យុត្តិធម៌ដល់ លោក សាន ប៊ុនឆាយ។
ពលរដ្ឋខ្មែរ-អូស្ត្រាលី លោក សាន ប៊ុនឆាយ ត្រូវបានជនមិនស្គាល់មុខមួយក្រុមបានព្រួតគ្នាប្រើអំពើហិង្សាលើរូបលោកទាំងកម្រោលនៅកណ្តាលក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្ដាលឱ្យលោកមានស្នាមរបួសស្ទើរពេញដងខ្លួន និងស្នាមរបួសក្បាលដេរ ៨ថ្នេរ។ លោក សាន ប៊ុនឆាយ គឺជាអតីតសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច និងអ្នកគាំទ្រគណបក្សប្រឆាំង ជាពិសេសលោក សម រង្ស៊ី។ លោកក៏សកម្មក្នុងការសរសេរបញ្ចេញមតិតាមបណ្ដាញសង្គមក្នុងបំណងរិះគន់ស្ថាបនាទៅលើការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។