អាជ្ញាធរ​កម្ពុជា​ជួយសង្គ្រោះ​ពលរដ្ឋ ៧៨​នាក់ ដែល​ចាញ់​បោក​មេខ្យល់​ទៅ​ធ្វើ​ការ​នៅ​អារ៉ាប់ប៊ីសាអូឌីត

ដោយ សុជីវី
2024.04.19
អាជ្ញាធរ​កម្ពុជា​ជួយសង្គ្រោះ​ពលរដ្ឋ ៧៨​នាក់ ដែល​ចាញ់​បោក​មេខ្យល់​ទៅ​ធ្វើ​ការ​នៅ​អារ៉ាប់ប៊ីសាអូឌីត ស្ត្រីខ្មែរដែល​ចាញ់បោក​មេខ្យល់​នាំទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត (Saudi Arabia) ចេញវីដេអូ​លើហ្វេសប៊ុកអំពាវនាវរកការសង្គ្រោះ​មកកម្ពុជាវិញ កាលពីថ្ងៃទី១៨ មេសា ២០២៤។
រូប៖ ហ្វេសប៊ុក Ry Single

អាជ្ញាធរ​កម្ពុជា​ជួយសង្គ្រោះ​ពលរដ្ឋ​ចំនួន ៧៨​នាក់ ដែល​ចាញ់បោក​មេខ្យល់​នាំទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត (Saudi Arabia)

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​កាល​ពី​យប់​ថ្ងៃទី​១៨ ខែមេសា​ថា ក្រសួង​នេះ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រួម​ជាមួយ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត បាន​សហការ​រក​ឃើញ​ទីតាំង​អ្នក​ដែល​ចាញ់បោក​មេខ្យល់​ទាំង ៧៨​នាក់ នៅ​ក្រុង​ចំនួន ៣​ផ្សេងគ្នា​។ ក្នុង​នោះ​មាន​ចំនួន ៥១​នាក់ កំពុង​ស្ថិតនៅ​ទីក្រុង​ជេដាស (Jeddah) ចំនួន ១៥​នាក់ នៅ​រាជធានី​រីយ៉ាដ (Riyadh) និង ១២​នាក់ នៅ​ទីក្រុង ដាម៉ាម (Dammam) នៃ​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​រៀបចំ​សំបុត្រ​យន្តហោះ​ឱ្យ​ពួកគេ ដែល​នឹង​អាច​ត្រឡប់​មក​កម្ពុជា​វិញ ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែ​មេសា​នេះ។

ការ​ជួយ​សង្គ្រោះ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ស្ត្រី​មួយ​ក្រុម​បាន​ថត​វីដេអូ​ខ្លី​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយសង្គ្រោះ​ពួកគេ​ពី​ទីក្រុង ជេដាស នៃ​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត ដោយ​បញ្ជាក់​ថា ពួកគេ​ត្រូវ​គេ​ធ្វើបាប បង្ខាំង​ទុក បង្អ​ត់អាហារ និង​ដកហូត​ទូរស័ព្ទ​។ ប្រភព​ដដែល​ឱ្យ​ដឹង​ថា ពួកគេ​ត្រូវ​នាំ​ទៅ ដើម្បី​ធ្វើ​ការ​ជា​អ្នក​សម្អាត តាមរយៈ​ក្រុមហ៊ុន​ឈ្មោះ ហ្វាទីម៉ា មេនផៅវើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។