មន្ត្រីស្ថានទូតគំរាមកំហែងមន្ត្រីសង្គមស៊ីវិលការពារសិទ្ធិពលករនៅប្រទេសថៃ
2023.03.24

មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ រងការចោទប្រកាន់ថា គំរាមកំហែងបង្កគ្រោះថ្នាក់ដល់ជីវិតលើមន្ត្រីសង្គមស៊ីវិលការពារសិទ្ធិពលករនៅប្រទេសនេះ។ ទោះយ៉ាងណា មន្ត្រីស្ថានទូត ឆ្លើយតបថានេះជាការចោទប្រកាន់ដែលគ្មានភស្តុតាង។
មន្ត្រីផ្នែកការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន ឱ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី១៨ ខែមីនាថា ពេលនេះសុវត្ថិភាពរបស់លោកកំពុងរងការគំរាមកំហែង។ លោកបន្តថា ចាប់តាំងពីដើមឆ្នាំ២០២៣ នេះ មានមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានគំរាមកំហែងលោកផ្ទាល់មុខផង និយាយតាមទូរស័ព្ទផង និងផ្ដាំផ្ញើតាមក្រុមពលករផងឱ្យលោកប្រយ័ត្នខ្លួន។ លោកឱ្យដឹងទៀងថា មន្ត្រីស្ថានទូតមិនសប្បាយចិត្តនឹងការបំពេញការការងាររបស់លោកទេ ព្រោះសកម្មភាពជួយការពារសិទ្ធិពលករទាំងនោះ បានធ្វើឱ្យប៉ះពាល់ប្រយោជន៍មន្ត្រីស្ថានទូត និងសកម្មភាពខ្លះទៀតជាការបង្ហាញឱ្យឃើញពី ភាពអសកម្មរបស់ស្ថានទូតក្នុងការជួយការពារសិទ្ធិ និងប្រយោជន៍របស់ពលករ។
លោក លឹង សុផុន៖ «នៅពេលខាងមន្ត្រីស្ថានទូតខាងអនុព័ន្ធគាត់បានខល (ហៅទូរស័ព្ទ) មកខ្ញុំហើយសួរនាំគំរាមបែបលក្ខណៈការងារអ៊ីចឹងណា ធ្វើម៉េចផ្ដល់ព័ត៌មានទៅគេផងហើយនៅពេលយើងចុះទៅណាមកណាសូមឱ្យគេដឹងផង គេគំរាមខ្ញុំនេះខ្ញុំមានការភ័យខ្លាចដែរ ព្រោះទៅណាមកណាក៏គេដឹង គេលឺគេមានបណ្ដាញ»។
អ្នកការពារសិទ្ធិពលកររូបនេះឱ្យដឹងទៀតថា កាលពីខែកុម្ភៈ មន្ត្រីអនុព័ន្ធទទួលបន្ទុកផ្នែកពលករម្នាក់ បានព្រមានលោកប្រយ័ត្នខ្លួន ប្រយ័ត្នកូនអត់ឪហៅហ្នឹងគេ។ លោកដឹងទៀតថា មន្ត្រីស្ថានទូតបានព្យាយាមហៅលោកជាច្រើនលើកឱ្យលោកទៅជួបពួកគេនៅស្ថានទូតដើម្បីជជែករឿងការងារ តែលោកតែងតែប្រកែករហូត។ ទោះយ៉ាងណាលោកថា ដោយការមានហៅដដែលបែបនេះ ញឹកពេក លោកបានទៅចូលស្ថានទូត តាមការអញ្ជើញ។ លោកថា នៅពេលនោះមន្ត្រីជាន់ខ្ពស់ស្ថានទូតម្នាក់បានប្រដៅលោកឱ្យលោកធ្វើការងារឱ្យបានត្រឹមត្រូវ ហើយកុំធ្វើអ្វី រំលងស្ថានទូត។
លោក លឹង សុផុន៖ «ក្នុងការនិយាយរបស់គេលក្ខណៈគេប្រើពាក្យសំដីក្មួយទៅធំមិនឱ្យមានឪហៅអីចឹងណា កាលណានិយាយអ៊ីចឹងដូចប្រមាថមើលងាយឬក៏ប្រមាថដល់អាយុជីវិតរបស់ខ្ញុំ»។
លោក លឹង សុផុន ជាមន្ត្រីសង្គមស៊ីវិលការពារសិទ្ធិពលករនៅទេសថៃ ដែលបំពេញការងារនេះតែម្នាក់ឯងជិត១០ឆ្នាំមកហើយ។ សកម្មភាពជួយការពារសិទ្ធិពលករនេះពេលខ្លះលោកចុះឃ្លាំមើលការបញ្ឈប់ពលករខ្មែរពីការងាររបស់ថៅកែ ជួយផ្ដល់ជំនួយផ្នែកច្បាប់ដល់ពលករ ជូនពលករទៅស្ថានទូតដើម្បីស្វែងរកការអន្តរាគមន៍ពីស្ថានទូត និងពេលខ្លះទៀត ករណីពលករស្លាប់នៅប្រទេសថៃ គឺលោកត្រូវសម្របសម្រួលជាមួយសមត្ថកិច្ចថៃ និងមន្ត្រីស្ថានទូតកម្ពុជាដើម្បីទាមទារឱ្យផ្ដល់ថវិកានៃការបាត់បង់ជីវិតពលករពីរដ្ឋាភិបាលថៃ។
ទាក់ទងការចោទប្រកាន់នេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក ហ៊ុន សារឿន បានទេនៅថ្ងៃទី១៨ ខែមីនា។ ចំណែកអនុព័ន្ធផ្នែកការងារនៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក ឈឹម វិបុល ឆ្លើយតបយ៉ាងខ្លីដោយទាមទារឱ្យបង្ហាញភស្តុតាង និងបានលើកឡើងថា ការចោទប្រកាន់នេះមិនមែនជាការពិតទេ។ ទោះយ៉ាងណានៅពេលមានបញ្ជាក់ថា មន្ត្រីសិទ្ធិមនុស្សមានភស្តុតាងមកបញ្ជាក់ទាក់ទងការគំរាមកំហែងនេះ មន្ត្រីស្ថានទូតរូបនេះបានបិទទូរស័ព្ទដោយប្រាប់ថា ជាប់រវល់។
លោក ឈឹម វិបុល៖ «បាទចង់ជម្រាបបងអ៊ីចេះជាទូទៅណាបងនេះជាការនិយាយរបស់គាត់តែសំខាន់គាត់មានភស្តុតាងអត់ សំខាន់ទៅលើភស្តុតាង»។
បើទោះជាពីមន្ត្រីស្ថានទូតឆ្លើយតបបែបក្ដី តែអ្នកឃ្លាំមើលសង្កេតឃើញថា ក្នុងឆ្នាំបោះឆ្នោតបើទោះជាច្បាប់កម្ពុជាមិនទាន់អាចឱ្យពលករខ្មែរអាចបោះឆ្នោតនៅប្រទេសរបស់ពួកគេរស់នៅ និងធ្វើការក្ដី តែស្ថានទូតកម្ពុជាប្រទេសថៃកំពុងរៀបចំផែនការទិញទឹកចិត្តតំណាងពលករដើម្បីឲ្យកៀរគរពលករទៅគាំទ្របក្សកាន់អំណាច។ ដោយឡែកចំពោះមន្ត្រីបក្សប្រឆាំងដែលរិះគន់ស្ថានទូត តែងតែត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅប្រទេសកម្ពុជាវិញ។ កន្លងមក នៅពេលអ្នកធ្វើការជាមួយពលកររូបណាដែលមានបណ្ដាញពលករច្រើន រួមក្រុមមេការសំណង់ អ្នកនាំពលករធ្វើការងារនៅប្រទេសថៃ និងសូម្បីអ្នកលក់ឡេតាមអនឡាញ(Online) នៅប្រទេសថៃ ជាដើម ក៏ត្រូវបានស្ថានទូតអូសទាញអ្នកទាំងនោះឱ្យឈប់រិះគន់ស្ថានទូត ឬបក្សកាន់អំណាច និងអូសទាញអ្នកទាំងនោះចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះដែរ មន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ លោក លី រតនារស្មី ដែលធ្លាប់រិះគន់ រដ្ឋាភិបាល លោក ហ៊ុន សែន និងរិះគន់ភាពអសកម្មរបស់មន្ត្រីស្ថានទូតខ្មែរ ក៏ត្រូវគណបក្សកាន់អំណាចអូសទាញឱ្យធ្វើសកម្មភាពបម្រើគណបក្សប្រជាជនកម្ពុជាវិញ។
ចំណែក មន្ត្រីសហជីពដែលធ្លាប់ជួយការពារសិទ្ធិពលករនៅប្រទេសថៃ ក៏ត្រូវបានបក្សកាន់អំណាចអូសទាញឱ្យបម្រើសកម្មភាពរបស់ពួកគេវិញ។ ដោយឡែក អ្នករិះគន់រដ្ឋាភិបាល លោក ហ៊ុន សែន និងអ្នករិះគន់ថា ស្ថានទូតកម្ពុជាប្រចាំទេសថៃយ៉ាងហោចណាស់៥នាក់ត្រូវសមត្ថកិច្ចកម្ពុជា សហការជាមួយអាជ្ញាធរថៃ ចាប់បញ្ជូនខ្លួនពួកគេយកទៅឃុំខ្លួននៅប្រទេសកម្ពុជាវិញបើទោះជាអ្នកទាំងនោះជាជនភៀសផ្នែកនយោបាយ និងមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិនៅប្រទេសថៃក្ដី។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត សង្កេតឃើញថា កន្លងមកអ្នកការពារសិទ្ធិពលករមួយចំនួន រងការគំរាមកំហែងពីជនអនាមិក ដែលបញ្ហាមិនគួរកើតឡើងឡើយ។ លោក អំ សំអាត យល់ថា បើទោះជាមន្ត្រីសង្គមស៊ីវិលនៅក្រៅប្រទេស និងមន្ត្រីស្ថានទូតក្ដី ពួកគាត់គឺសុទ្ធតែអ្នកបំពេញការងារដើម្បីជួយការពារសិទ្ធិពលករដូចគ្នា។ លោក អំ សំអាត លើកឡើងទៀតថា គួរបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកជួយការពារសិទ្ធិពលករ ហើយភាគីពាក់ព័ន្ធគួរធ្វើការងារជាមួយគ្នាដើម្បីប្រយោជន៍ពលករ និងសិទ្ធិពលករ។
លោក អំ សំអាត៖ «បញ្ហាអ្នកការពារសិទ្ធិពលករ ឬពលករដែលរងគ្រោះហើយត្រូវការអ្នកការពារអ្នកជួយមិនគួរត្រូវទទួលរងការគំរាមកំហែងទេ គួរណាបញ្ឈប់ទៅរាល់ការគំរាមកំហែងទាំងឡាយណាហើយរួមគ្នាដើម្បីការពារផលប្រយោជន៍របស់ពលករឱ្យមានសិទ្ធិសេរីភាព ហើយការពារទៅតាមផ្លូវច្បាប់និងការពារសិទ្ធិរបស់គេ»។
មន្ត្រីផ្នែកការពារសិទ្ធពលករចំណាកស្រុក លោក លឹង សុផុន ឱ្យដឹងដែរថា ទន្ទឹមការព្រមានមកលើរូបលោក ក៏មានមន្ត្រីស្ថានទូតព្យាយាមអូសទាញលោកឱ្យឈប់ធ្វើការងារមន្ត្រីសង្គមស៊ីវិល ដោយប្ដូរទៅធ្វើការងារនៅស្ថានទូត និងចូលរួមធ្វើសកម្មភាពបម្រើគណបក្សប្រជាជនកម្ពុជាវិញ។ ទោះជាបែបនេះក្ដី ក៏អ្នកការពារសិទ្ធិពលកររូបនេះថា លោកមិនជ្រួលជ្រើមតាមអូសទាញដែរ ព្រោះលោកយល់ថា ការងារជាអ្នកការពារសិទ្ធិពលករនេះជាការដែលលោកស្រលាញ់ចេញពីបេះដូង ត្បិតលោកអាចជួយពលករដែលត្រូវថៅកែរំលោភបំពានបានច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។