អង្គការ​អន្តរជាតិ​ផ្នែក​សិទ្ធិពលរដ្ឋ​​ថា កម្ពុជា​ជា​ប្រទេស​កៀបសង្កត់​សិទ្ធិ​សេរីភាព​កាន់​តែ​ធ្ងន់ធ្ងរ

ដោយ ទីន ហ្សាការីយ៉ា
2024.12.05
អង្គការ​អន្តរជាតិ​ផ្នែក​សិទ្ធិពលរដ្ឋ​​ថា កម្ពុជា​ជា​ប្រទេស​កៀបសង្កត់​សិទ្ធិ​សេរីភាព​កាន់​តែ​ធ្ងន់ធ្ងរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅ​មហាសន្និបាត​អង្គការ​​​សហប្រជាជាតិ​ នៅទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ កញ្ញា ២០២៣។
AP

បណ្ដាញ​អង្គការ​អន្តរជាតិ​ឃ្លាំមើល​សិទ្ធិពលរដ្ឋ​ ហៅ​កាត់​ថា​ (CIVICUS) បាន​ចេញ​របាយការណ៍​ស្ដីពី​​ អំពី​អំណាច​របស់​ពលរដ្ឋ​នៅ​ប្រទេស​ចំនួន​១៩៨​ រួម​ទាំង​កម្ពុជា​ផង​នៅ​ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្រោម​ ការ​វាយ​ប្រហារ។ របាយការណ៍​ពិនិត្យ​ឃើញ​ថា លំហ​សេរីភាព​នៅ​កម្ពុជា​កាន់​តែ​ធ្លាក់​ចុះ​និង​កៀប​សង្កត់​ធ្ងន់ធ្ងរ។

បណ្ដាញ​អង្គការ​អន្តរជាតិ​ឃ្លាំមើល​សិទ្ធិពលរដ្ឋ​បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ទី៣ ធ្នូ បាន​លើក​បាន​លើក​ឡើង​ថា​ នៅឆ្នាំ២០២៤​នេះ រដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​របស់​ត្រកូល​ហ៊ុន​ គាប​សង្កត់​លំហ​សេរីភាព​ពលរដ្ឋ​ អង្គការ​សង្គម​ស៊ីវិល​ ឬ​អ្នក​ការពារ​សិទ្ធិមនុស្ស​ ​សកម្មជន​សង្គម​និង​នយោបាយ​ធ្ងន់ធ្ងរ និង​គួរ​ឱ្យ​ព្រួយ​បារម្ភ។

របាយការណ៍​របស់ CIVICUS ស្ដីពី​ អំណាច​របស់​ពលរដ្ឋ​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​ដោយ​រដ្ឋាភិបាល​​បាន​ដាក់​ពិន្ទុ​កម្ពុជា ២៧ពិន្ទុ​ (២៧ពិន្ទុ​លើ១០០) ក្នុងចំណោម​ប្រទេស​ដែល​បិទ​លំហ​សិទ្ធិ​សេរីភាព​អាក្រក់​ជាងគេ។ កម្ពុជា​នៅ​លើ​ប្រទេស​ប៉ាគីស្ថាន​ (Pakistan) តែមួយ​ពិន្ទុ និង​នៅ​លើ​ប្រទេស​បង់ក្លាដេស​(Bangladesh ពិន្ទុ២៤) ដែល​របប​ផ្ដាច់​ការ ​បង់ក្លាដេស​នេះ​ ​​ទើប​តែ​ដួល​រលំ​កាល​ពី​ពេល​ថ្មីៗ​នេះ​ តែ ៣ពិន្ទុ​តែប៉ុណ្ណោះ។ ការ​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ទៅ​ក្នុង​ចំណោម​ប្រទេស​ដែល​អាក្រក់​ខាង​បិទ​​សិទ្ធិ​សេរីភាព​នេះ ដោយ​ក្នុង​របាយការណ៍​នេះ​ រៀបរាប់​លម្អិត​ ទាក់​ទង​នឹង​រដ្ឋាភិបាល​ ដឹក​នាំ​ដោយ​ត្រកូល​ហ៊ុន​ នៅ​ឆ្នាំ​២០២៤ បាន​ដាក់​គោល​ដៅ​កៀប​សង្កត់ និង​ប្រើ​ប្រាស់​ច្បាប់ ឬ​តុលាការ​ជា​ឧបករណ៍​ផ្ដាច់​មុខ​របស់​ខ្លួន​ ដើម្បី​កាត់​ទោស​អ្នក​ការពារ​សិទ្ធិមនុស្ស​ អង្គការ​សង្គម​ស៊ីវិល​ សកម្មជន​សង្គម​និង​សកម្មជន​នយោបាយ​ជាដើម។

របាយ​ការណ៍​ដដែល​បាន​លើក​ពី​ករណី​ជាក់ស្ដែង​ជាច្រើន​​ដូចជា​ ករណី​ រដ្ឋាភិបាល​ប្ដឹង​លោក សឹង សែនករុណា អតីត​អ្នក​ការពារ​សិទ្ធិមនុស្ស​អាដហុក ពី​បទ​បរិហារកេរ្តិ៍​ដោយ​ហេតុផល​នយោបាយ។​ ករណី​ចាប់​ខ្លួន​និង​កាត់​ទោស​លោក កើត សារ៉ាយ អតីត​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន៤​ឆ្នាំ​ ពី​បទ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ «មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម»ការ​ចាប់​ឃុំខ្លួន​លោក​ កើត សារ៉ាយ នេះ បន្ទាប់​ពី​លោក​បាន​ទៅ​ជួប​អ្នកភូមិ​នៅ​ខែត្រ​ព្រះ​វិហារ​ ក្រោយ​ពី​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​ដីធ្លី។ ក្រៅពី​នេះ​ គឺ​ក្រុម​យុវជន អង្គការ​មាតា​ធម្មជាតិ និង​សហគមន៍​ដីធ្លី​នៅ​ខែត្រ​កោះកុង​ជាដើម។

អនុ​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​និង​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា លំហ​សេរីភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​យ៉ាប់យ៉ឺន។ លោក​បន្ថែម​ថា​ ឆ្នាំ​២០២៤នេះ​ រដ្ឋាភិបាល​បាន​ចាប់ខ្លួន​អ្នករិះគន់​ជាបន្តបន្ទាប់។ ក្រៅ​ពី​ការ​ចាប់​ខ្លួន​មនុស្ស​នៅ​ក្នុងស្រុក​ រដ្ឋាភិបាល​ក៏​ចាប់​ខ្លួន​ពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​យក​មក​ដាក់គុក​នៅ​កម្ពុជា​ដែរ។

លោក យិន ម៉េងលី៖ «លំហូរ​សេរីភាព​នេះ​យើង​មិន​អាច​និយាយ​បាន​ទូលំ​ទូលាយ​ទេ​ ដូចជា​រឿង​នយោបាយ​ព្រំដែន​ យើង​អត់​ហ៊ាន​និយាយ​ទេ​។ ពលរដ្ឋ​បាន​ត្រឹម​ខ្សឹបខ្សៀវ​គ្នា​តែប៉ុណ្ណោះ។ ប៉ុន្តែ​បើ​ប្រធានបទ​និយាយ​សរសើរ​ពី​រដ្ឋាភិបាល​ ពី​ការ​អភិវឌ្ឍន៍​យើង​អាច​និយាយ​បាន​ដោយ​សេរី»

បន្ថែម​ពី​នេះ​ទៀត​ អង្គការ CIVICUS បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ថា​ ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​ក្រៅរដ្ឋាភិបាល រដ្ឋាភិបាល​នៅតែ​បន្ត​ប្រើ​ច្បាប់​នេះ​ ជា​អាវុធ​ ដើម្បី​បំបិទមាត់​អង្គការ​សង្គម​ស៊ីវិល​ ជាក់ស្ដែង​ដូចជា ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​កាល​ពេល​ថ្មី​ៗ​នេះ​ថា​ នឹង​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ប្រតិបត្តិការ​របស់​អង្គការ​សង់ត្រាល់ (CENTRAL) និង​ការ​ប្រើប្រាស់​មូលនិធិ​បរទេស​ជាដើម។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា​ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នេះ​ មិន​ត្រឹម​តែ​ពលរដ្ឋ​សកម្មជន​ដីធ្លី​ សកម្មជន​នយោបាយ​ជួប​ការ​លំបាក​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ការ​ជួបជុំ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​អ្នក​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​ក៏​ត្រូវ​បង្ខំចិត្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ខ្លួន​ឯង​ដែរ។

លោក យិន ម៉េងលី៖ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ យើង​ធ្វើ​ការ​ដោយ​ដោយ​ផ្អែក​លើ​លក្ខន្តិកៈ​ ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ​។ យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។ ប៉ុន្តែ​អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​បញ្ហា​ចម្បង​ គឺ​តុលាការ​ប្រើប្រាស់​បទ​ចោទ​បី​សំខាន់​ ក្នុង​ការ​ចោទ​ប្រកាន់​គឺ​បទ បរិហារកេរ្តិ៍ ញុះញង់ និង​វឹកវរ​​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ជាដើម»

ក្រោយពី​អតីត​នាយករដ្ឋមន្ត្រី​ លោក ហ៊ុន សែន​ បាន​ផ្ទេរ​អំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែក ដឹកនាំ​បន្ត​ត្រកូល​ហ៊ុន​ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ជាតិ​អន្តរជាតិ​កត់​សម្គាល់​ឃើញ​ថា រដ្ឋបាល​របស់​លោក​ ហ៊ុន ម៉ាណែត នេះ​ បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​កាន់​តែ​ខ្លាំង។ សព្វ​ថ្ងៃ​នេះ សឹង​តែ​មិន​មាន​ការ​ជួប​ជុំ​សម្ដែង​មតិ​នៅ​ទី​សាធារណៈ​ហើយ​អាជ្ញាធរ​របស់​លោក ហ៊ុន ម៉ាណែត បាន​ចាប់ខ្លួន​មនុស្ស​ឥត​ខ្វល់​ពី​ការ​រិះគន់​ពី​សហគមន៍​ជាតិ​អន្តរជាតិ​ឡើយ។

ការ​រឹតត្បិត​នេះ រដ្ឋាភិបាល​ហាក់​មិន​ខ្វល់​អំពី​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ពី​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​ឡើយ។ មាត្រា​៤១​នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​មាន​សេរីភាព​ ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន​សេរីភាព ខាង​សារព័ត៌មាន សេរីភាព​ខាង​បោះ​ពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ជួប​ប្រជុំ​ជាដើម។

អ្នក​អត្ថាធិប្បាយ​នយោបាយ​ លោក គឹម សុខ មាន​ប្រសាសន៍​ថា​ ដោយ​ផ្អែក​លើ​របាយការណ៍​របស់​អង្គការ CIVICUS បាន​ដាក់​ពិន្ទុ​កម្ពុជា​អាក្រក់​ខាង​រំលោភសិទ្ធិ​មនុស្ស នៅ​លើ​ប្រទេស​បង់ក្លាដេស តែ​២ពិន្ទុនោះ គឺ​បង្ហាញ​ថា​ ស្ថានភាព​រដ្ឋាភិបាល​កម្ពុជា ក៏​ជិត​ទៅ​ដួល​រលំ​ដូច​អតីត​មេដឹកនាំ​បង់ក្លាដេស​ដែរ។

លោក គឹម សុខ៖ «កាល​ណា​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​របស់​អ្នកមាន​អំណាច​ ក្នុង​បុព្វហេតុ​ដើម្បី​តែ​ការពារ​អំណាច​ នោះ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ក៏​មិន​អាច​ទ្រាំ​បាន​ដែរ។ ប្រជា ពល​រដ្ឋ​មើល​ឃើញ​ថា វា​ជា​ការ​បំផ្លាញ​ប្រទេស​ជាតិ ហើយ​ការពារ​អំណាច​ដោយ​ក្រុម​បុគ្គល»

កាល​ពី​ខែ​តុលា ឆ្នាំ​២០២៤​នេះ បណ្ដាញ​អង្គការ​អន្តរជាតិ​ឃ្លាំមើល​សិទ្ធិ​ពល​រដ្ឋ (CIVICUS) និង​ អង្គការ​វេទិកា​អាស៊ី ដើម្បី​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ (FORUM-ASIA) បាន​ដាក់​របាយការណ៍​ទៅ​កិច្ចប្រជុំ​ដំណើរ​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់ (UPR) របស់​អង្គការ​សហប្រជាជាតិ​លើក​ទី៤៦។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ ​ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​រឹតត្បិត​លើ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​ការ​បញ្ចេញ​មតិ ចាប់​តាំង​ពី​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់ (UPR) ឆ្នាំ២០១៩មក

របាយការណ៍​ដដែល​ថា រដ្ឋាភិបាល​បាន​បរាជ័យ​ជា​បន្ត​បន្ទាប់​ក្នុង​ការ​ដោះស្រាយ​ការ​រឹត​បន្តឹង​ធានា​លើ​លំហ​សិទ្ធិពលរដ្ឋ ដូច​ដែល​បាន​សន្យា​ជាមួយ​អង្គការ​សហ​ប្រជាជាតិ។ ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ច្បាប់​រឹតត្បិត​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) ការ​រឹត​បន្តឹង​លើ​សហជីព និង​ការ​បង្ក្រាប​ក្រុម​នយោបាយ​ប្រឆាំង ដូចជា ការ​យាយី ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​​​អ្នក​សារព័ត៌មាន និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បំបិទ​សំឡេង​រិះគន់ ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត និង​រឹត​បន្តឹង​ហួសហេតុ​ទៅ​លើ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ជា​ដើម៕

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។