កម្ពុជាច្រានចោលសេចក្ដីថ្លែងការណ៍ អ.ស.ប ជុំវិញការយាយីអ្នកការពារសិទ្ធិមនុស្ស

ដោយ ជី វិតា
2024.04.21
កម្ពុជាច្រានចោលសេចក្ដីថ្លែងការណ៍ អ.ស.ប ជុំវិញការយាយីអ្នកការពារសិទ្ធិមនុស្ស លោក អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ថ្លែងសារនៅក្នុងសម័យប្រជុំលើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។
រូបភាព៖ ហ្វេសប៊ុកស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ

តំណាង​រដ្ឋាភិបាល​កម្ពុជា​នៅ​អង្គការ​សហ​ប្រជាជាតិ ច្រានចោល​សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​ដែល​ថា រដ្ឋាភិបាល​កម្ពុជា​យាយី និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​បដិសេធ​មិន​ទទួល​យក​ការ​ពិត​របស់​រដ្ឋាភិបាល​នេះ​មិនមែន​ជា​ដំណោះស្រាយ​សមរម្យ​នោះ​ទេ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ចាត់​ទុក​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ​សហប្រជាជាតិ​មិន​ឆ្លុះបញ្ចាំង​ពី​ការ​អនុវត្ត​សិទ្ធិ​នៅ​កម្ពុជា និង​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​មួយ​ចំនួន​កេង​ចំណេញ​នយោបាយ។

តំណាង​កម្ពុជា​នៅ​អង្គការ​សហ​ប្រជាជាតិ លោក អ៊ិន តារា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពីថ្ងៃទី២០ ខែមេសា បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ចោទប្រកាន់​ថា រដ្ឋាភិបាល​កម្ពុជា រំលោភបំពាន​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ សិទ្ធិ​បង្កើត​សមាគម និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ តំណាង​កម្ពុជា​រូប​នេះ​អះអាង​ថា ការ​ចាប់​ខ្លួន ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ដាក់​ពន្ធនាគារ​គឺជា​ការ​អនុវត្ត​ច្បាប់​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ឡើយ។ ក្រៅ​ពី​នេះ​កម្ពុជា​បាន​ចោទ មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ​ថា វាយ​តម្លៃ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិន​ស្របតាម​វិជ្ជាជីវៈ និង​មិន​យុត្តិធម៌។

ប្រតិកម្ម​របស់​តំណាង​កម្ពុជា​នៅ​អង្គការ​សហ​ប្រជាជាតិ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អង្គការ​សហប្រជាជាតិ កាលពីថ្ងៃទី១៩ ខែ​មេសា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បង្ហាញ​ពី​ការ​យាយី ការ​ផ្ដន្ទាទោស​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​សង្គម​ស៊ីវិល។

សេចក្ដីថ្លែង​ការណ៍​នោះ​បង្ហាញ​ថា កម្ពុជា​បាន​បំពាន​លើ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ការ​បង្កើត​សមាគម និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ដែល​ផ្ទុយ​ពី​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR) ដែល​បញ្ហា​នេះ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អ្នក​ធ្វើ​ការងារ​សិទ្ធិ​មនុស្ស និង​រារាំង​ពលរដ្ឋ​មិន​ឱ្យ​ចូលរួម​ឈឺ​ឆ្អាល​ពី​បញ្ហា​សង្គម។ ថ្មីៗ​នេះ​កម្ពុជា បាន​ចាប់ខ្លួន និង​កោះ​ហៅ​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស និង​មន្ត្រី​សង្គម​ស៊ីវិល​នៅ​ពេល​ពួកគេ​អនុវត្ត​សិទ្ធិ​សេរីភាព ក្នុង​នោះ​រួម​មាន​ទាំង​ការ​ចាប់​ខ្លួន​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ កាលពីថ្ងៃទី០៥ ខែ​មេសា ពី​បទ «​ញុះញង់​ឱ្យ​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក ស្រ៊ាង ចិន្តា ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី២១ ខែ​មេសា​។

ទោះ​ជា​យ៉ាង​ណា​ដោយ​ចុះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក របស់​លោក​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ដោយ​លោក​អះអាង​ថា អ្នក​តាំង​ខ្លួន​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​មិន​ដែល​លើក​យក​ដែន​កំណត់ និង​ការ​ទទួល​ខុសត្រូវ​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ​មក​និយាយ​ឡើយ ពោល​គឺ​ពួកគេ​និយាយ​តែ​ពី​សិទ្ធិ​សេរីភាព​គ្មាន​ព្រំដែន​។​លោក ប៉ែន បូណា ចាត់​ទុក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​នោះ​មាន​ចេតនា​កេង​ចំណេញ​នយោបាយ និង​បម្រើ​ឱ្យ​របៀបវារៈ​នយោបាយ​ដែល​លាក់​នៅ​ពី​ក្រោយ។

ទោះ​ជា​យ៉ាង​ណា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា នេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ដែល​មន្ត្រី​រដ្ឋាភិបាល​តែង​ច្រានចោល​ការ​លើកឡើង​របស់​អង្គការ​សហ​ប្រជាជាតិ។ លោក​សង្កេត​ឃើញ​ថា  សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​សិទ្ធិ​ការងារ និង​សកម្មជន​នយោបាយ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ចាប់​ខ្លួន​នៅ​ពេល​ពួកគេ​អនុវត្ត​សិទ្ធិ​សេរីភាព​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផង និង​មាន​ចែង​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ផង។

លោក នី សុខា​៖ «​រឿង​ទាំងអស់​នេះ​ខ្ញុំ​គិត​ថា​ទាំង​ការ​ចាប់​ខ្លួន លោក កើត សារ៉ាយ ទាំង​ការ​ចាប់​ខ្លួន​សកម្មជន​ដទៃ​ៗ​ទៀត មាន​សកម្មជន​សិទ្ធិមនុស្ស មាន​សកម្មជន​សហជីព​ដូចជា កញ្ញា ឈឹម ស៊ីថរ កញ្ញា សេង ធារី ក៏​ដូចជា​សកម្មជន​នយោបាយ​មួយ​ចំនួន​ទៀត​។ ខ្ញុំ​គិត​ថា​រឿង​នេះ​គេ​បាន​ដឹង​អស់​ហើយ ហើយ​បើ​ព្យាយាម​នៅ​ក្នុង​ការ​លាក់បាំង បើ​យើង​ព្យាយាម​នៅ​ក្នុង​ការ​លើក​បញ្ហា​ហ្នឹង​ឆ្លើយតប​ចេះ​ចុះ​ខ្ញុំ​គិត​ថា​មិនមែន​ជា​ដំណោះស្រាយ​មួយ​ដែល​ល្អ​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​ទេ»

ការ​បដិសេធ​សេចក្ដីថ្លែង​ការណ៍​របស់​អ្នក​ជំនាញ​ជាតិ អន្តរជាតិ និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​នេះ បាន​ក្លាយ​ជា​ទម្លាប់​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទៅ​ហើយ។ ប៉ុន្តែ​ជាក់ស្ដែង​គេ​តែង​សង្កេត​ឃើញ អាជ្ញាធរ​បាន​តាម​យាយី និង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ដែល​តវ៉ា​ដោយ​សន្តិវិធី​ឥត​ស្រាកស្រាន្ត​ដូចជា​ករណី​ក្រុម​កូដករ​ណាហ្គាវើលដ៍ និង​ពលរដ្ឋ​រង​ការ​រំលោភ​យក​ដីធ្លី​នៅ​បឹង​តាមោក នៅ​ពេល​ពួកគាត់​ចេញ​តវ៉ា​រក​ដំណោះស្រាយ​សន្តិវិធី ។ លើស​ពី​នេះ នៅ​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ​លើ​សកម្មជន​នយោបាយ សង្គម​ស៊ីវិល អ្នកការពារ​បរិស្ថាន និង​អ្នក​បញ្ចេញ​មតិ​រិះគន់​អាជ្ញាធរ ព្រម​ទាំង​ការ​បង្ក្រាប និង​បិទ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ជាដើម។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​រាប់​សិប​នាក់​ត្រូវ​បាន​ជន​បិទ​មុខ​លប​វាយ​ឱ្យ​របួសធ្ងន់​នៅ​ទី​សាធារណៈ ទាំង​កណ្ដាល​ថ្ងៃ ហើយ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​អសមត្ថភាព​ក្នុង​ការ​ចាប់​ខ្លួន​ពួក​អ្នក​ដៃ​ដល់​ទាំង​នោះ​សូម្បី​តែ​ម្នាក់។

អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថ្មី ថា​គួរតែ​អនុវត្ត​មាគ៌ា​នយោបាយ​ឱ្យ​ខុស​ពី​អតីតកាល និង​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស។ ជាង​នេះ​ទៅ​ទៀត​ពួកគេ​ក៏​បាន​ស្នើ​ឱ្យ​កម្ពុជា​លុប​ចោល​ឬ​កែប្រែ ច្បាប់​ជាតិ​មួយ​ចំនួន  ជាពិសេស​ចំណុច​នៅ​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ហើយ​ងាក​មក​ចូលរួម​សន្ទនា​ជាមួយ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ដោយ​គោរព​ភាព​ចម្រុះ​នៃ​ការ​បញ្ចេញ​មតិ និង​ធានា​ដល់​ការ​អនុវត្ត​សិទ្ធ​ស្រប​តាម​ច្បាប់​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។