ក្រសួង​ការ​បទេស និង​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌ ដែល​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​លោក លី យ៉ុងផាត់

ដោយ សេក បណ្ឌិត
2024.09.13
ក្រសួង​ការ​បទេស និង​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌ ដែល​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​លោក លី យ៉ុងផាត់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ថ្លែងសន្ទរកថា​ក្នុងសន្និបាត​​លើក​ទី១ នៃ​សមាគម​ឧកញ៉ា​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកសមាគមឧកញ៉ាកម្ពុជា

ក្រសួង​ការ​បរទេស​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌ ដែល​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ជំនួញ និង​ជា​សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុងផាត់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ ហើយ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​វិភាគ​ថា រដ្ឋាភិបាល​គួរតែ​ងាក​មក​ស៊ើប​អង្កេត​លើ​ករណី​នេះ​ឱ្យ​មាន​តម្លាភាព ដើម្បី​បង្ហាញ​ទៅ​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ថា រដ្ឋាភិបាល​ហ៊ាន​អនុវត្ត​ច្បាប់​ទៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន ប្រសិនបើ​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ។

ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍ នៅ​ថ្ងៃ​ទី១៣ ខែកញ្ញា ថា ក្រសួង​ការ​បរទេស​សោកស្ដាយ ចំពោះ​ការ​សម្រេច​ចិត្ត ដោយ​អយុត្តិធម៌​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក ទៅ​លើ​សមាជិក​ព្រឹទ្ធសភា គឺ​លោក លី យ៉ុងផាត់ និង​ក្រុមហ៊ុន​របស់​លោក។

ក្រសួង​ការ​បរទេស​ថា វិធានការ​របស់ ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង ដោយ​ផ្អែក​លើ​របាយការណ៍ ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​បង្ហាញ​ឱ្យ​ឃើញ​អំពី​ចេតនា​នយោបាយ និង​ផ្ទុយ​ទាំង​ស្រុង​អំពី​ស្មារតី នៃ​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ត្រូវ បាន​បញ្ជាក់​យ៉ាង​ច្បាស់ ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡយ ជេ អូស្ទីន (Lloyd J. Austin) ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ខែមិថុនា​កន្លង​ទៅ។

ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ នៅ​ថ្ងៃ​ដដែល​នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា ខកចិត្ត និង​សោក​ស្ដាយ​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​ដឹង​ថា ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​លោក លី យ៉ុងផាត់ ដែល​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​ឱ្យ​ដឹង​ថា ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ទ្រព្យ​សម្បត្តិ​ជា​គ្រឹះស្ថាន​អាជីវកម្ម​ចំនួន៤ របស់​លោក លី យ៉ុងផាត់ ដោយ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​អំពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បច្ចេកវិទ្យា (Cyber Crime)។ គណបក្ស​ប្រជាជន ក៏​បាន​ឆ្លើយ​តប ៤ចំណុច​ ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​នេះ ដោយ​ទី១ គឺ​ជា​ការ​រំលោភ​បំពាន​លើ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​ឯករាជ្យ​មួយ ដែល​ពុំ​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ឡើយ។

ចំណែក​ទី២ ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក លី យ៉ុងផាត់ ដែល​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ទី​បី​ការ​ដាក់​ទណ្ឌកម្ម​នេះ រំលោភ​បំពាន​លើ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​លក្ខណៈ​ពេញលេញ​ជា​រដ្ឋ​មួយ​ឯករាជ្យ និង​ចុង​ក្រោយ គណបក្ស​ប្រជាជន​កម្ពុជា​ស្នើ​ដល់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ពិចារណា​ឡើង​វិញ លើ​ករណី​ដ៏​អយុត្តិធម៌​នេះ ព្រមទាំង​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក លី យ៉ុងផាត់។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក លី យ៉ុងផាត់ ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៣ កញ្ញា។

ប្រតិកម្ម​របស់​ក្រសួង​ការ​បរទេស និង​គណបក្ស​ប្រជាជន​នេះ គឺ​ក្រោយ​ពេល​ដែល ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១២ ខែកញ្ញា​នេះ សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​លើ​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក​ចំនួន៥ រួមមាន ក្រុមហ៊ុន L.Y.P Group រមណីយដ្ឋាន​អូស្មាច់ (O-Smach Resort) សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel) រមណីយដ្ឋាន​កោះកុង (Koh Kong Resort) និង​សណ្ឋាគារ​ភ្នំពេញ។ ក្រសួង​រតនាគារ​ជាតិ​អាមេរិក លើក​ហេតុផល​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​ដោយសារ​តែ​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ​គ្រីបតូ។ លោក លី យ៉ុងផាត់ គឺ​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ជាអ្នកប្រមូល និង​កាន់កាប់​ហិប​លុយ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​នេះ។ លោក​ទទួល​បាន​គោរមងារ​ខ្ពស់​បំផុត​ជា​លោក​អ្នកឧកញ៉ា ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា។ លោក​មាន​រហស្សនាម​ថា ជា «ស្ដេចត្រាញ់​​កោះកុង» និង​មាន​ឈ្មោះ​ដើម ផាត់ ស៊ុផាផា (Phat Suphapha) មាន​សញ្ជាតិ​ខ្មែរ-ថៃ។

ជុំវិញ​ករណី​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី នេះ​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ទៅ​កាន់​បុគ្គល​ណា​មួយ ដែល​ត្រូវ​បាន​រក​ឃើញ​ថា ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ និង​បទ​ឧក្រិដ្ឋ ហើយ​លោក​ថា ករណី​នេះ ក៏​មិន​មែន​ជា​រឿង​ថ្មី​ដែរ ដែល​រដ្ឋាភិបាល​បដិសេធ ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន។

ទោះ​ជា​យ៉ាង​ណា ក្ដី លោក សេង វ៉ាន់លី ថា រដ្ឋាភិបាល​មិន​គួរ​ច្រាន​ចោល​ភ្លាមៗ ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ទេ ហើយ​រដ្ឋាភិបាល​គួរ​ងាក​មក​ស៊ើប​អង្កេត​ឱ្យ​មាន​តម្លាភាព ដើម្បី​បង្ហាញ​ទៅ​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ថា រដ្ឋាភិបាល​ហ៊ាន​អនុវត្ត​ច្បាប់​ទៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន ប្រសិនបើ​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ។

លោក សេង វ៉ាន់លី៖ «ការ​ចោទ​ប្រកាន់​នេះ អត់​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន តែ​ទោះ​ជា​យ៉ាង​ណា​មិញ ដើម្បី​បង្ហាញ​ពី​គណនីភាព តម្លាភាព ហើយ​និង​នីតិរដ្ឋ រដ្ឋាភិបាល​គួរតែ​បើក​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់ ព្រោះ​ការ​ឆ្លើយ​តប​បែប​នេះ ដោយ​គ្មាន​មូលដ្ឋាន និង​សំអាង​ច្បាស់លាស់ គឺ​កាន់តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា អាច​ពាក់ព័ន្ធ​នឹង​ការ​គប់គិត ឬ​ក៏​ជា​ការ​គេចវេះ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល ដែល​បាន​ប្រព្រឹត្ត​អំពើ»

គិត​មក​ទល់​ពេល​នេះ មន្ត្រី​ជាន់​ខ្ពស់ និង​មេ​ឈ្មួញ​គ្រាក់ៗ នៃ​រដ្ឋាភិបាល​របស់​ត្រកូល “ហ៊ុន" សរុប ៥នាក់​ហើយ ដែល​បាន​ទទួល​រង​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​ពី​សហរដ្ឋ​អាមេរិក។ អ្នក​ទាំង​នោះ រួមមាន នាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ និង​នាយ​ឧត្ដមនាវី ទៀ វិញ និង​គ្រួសារ​របស់​ពួក​គាត់ ព្រមទាំង លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់ លោក ហ៊ុន សែន។ លោក គន់ គីម ដែល​ជា​អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​លោក ទ្រី ភាព ដែល​ជា​ឈ្មួញ​ឈើ​ល្បី​ឈ្មោះ ក៏​កំពុង​ទទួល​រង​ទណ្ឌកម្ម​ដូច​គ្នា​នេះ ពី​សហរដ្ឋ​អាមេរិក​ដែរ។ ទន្ទឹម​នឹង​នេះ សហរដ្ឋ​អាមេរិក ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​ចិន ឈ្មោះ UDG ដែល​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ខ្នាត​យក្ស នៅ​តំបន់​តារាសាគរ​ក្នុង​ខេត្តកោះកុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។