ជនភៀសខ្លួននយោបាយនៅថៃបារម្ភពីសុវត្ថិភាព ក្រោយលោក ហ៊ុន ម៉ាណែត ជួបមេដឹកនាំថៃ
2024.02.09

មន្ត្រីគណបក្សប្រឆាំង និងសង្គមស៊ីវិលបារម្ភថា ក្រោយពីជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) អាជ្ញាធរនឹងបន្តធ្វើទុក្ខបុកម្នេញដល់សកម្មជន ឬជនភៀសខ្លួននៅប្រទេសថៃ។ ការលើកឡើងនេះ ក្រោយពីនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ លើកឡើងក្នុងសន្និសីទសារព័ត៌មានថា ប្រទេសទាំងពីរ នឹងមិនឲ្យបុគ្គល ឬក្រុមណាយកប្រទេសខ្លួនជាទីតាំងធ្វើការប្រឆាំងជាមួយនឹងប្រទេសមួយទៀតហើយ។
ប្រធានគណៈប្រតិបត្តិគណបក្សភ្លើងទៀន ប្រចាំខេត្តប៉ៃលិន លោក ខឹម មុន្នីកុសល ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ កុម្ភៈ ថា រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រើកិច្ចប្រជុំជាមួយរដ្ឋាភិបាលថៃ ដើម្បីធ្វើទុក្ខបុកម្នេញដល់សកម្មជនសង្គម និងនយោបាយនៅប្រទេសថៃ។ លោកថា មកទល់នឹងពេលនេះ អាជ្ញាធរថៃ ស្លៀកពាក់ស៊ីវិលមួយចំនួន នៅតែបន្តតាមឃ្លាំមើលលោក។ លោកបន្ថែមថា ការព្យាយាមបំបិទសំឡេងអ្នកមាននិន្នាការផ្ទុយពីរដ្ឋាភិបាលនេះ គឺជាការទាញប្រទេសកម្ពុជាឲ្យធ្លាក់ក្នុងរបបដឹកនាំបែបកុម្មុយនីស្តផ្ដាច់ការ។
លោក ខឹម មុន្នីកុសល៖ «កុម្មុយនីស្តគេមិនចូលចិត្តឲ្យមានការសម្ដែងមតិ គេមិនចូលចិត្តឲ្យមានមតិជំទាស់ទេ ហើយពួកគេមិនគួរព្រួយបារម្ភទេ ពីព្រោះពួកយើងនៅប្រទេសថៃ នៅអីនេះ យើងគោរពច្បាប់ថៃបានខ្ជាប់ខ្ជួនណាស់ យើងមិនមានពាក្យថា យកទឹកដីប្រទេសមួយទៅធ្វើអីមួយទាល់តែយើងមានចលនា មានជារចនាសម្ព័ន្ធ របៀបប្រដាប់អាវុធ ហិង្សាអីអាហ្នឹងវាជាគ្រោះថ្នាក់។ អានេះគ្រាន់តែជាសិទ្ធិនយោបាយ ក្នុងការបញ្ចេញមតិរបស់ពលរដ្ឋយល់ឃើញអំពីការដឹកនាំ វាមិនទទួលបានការគោរពសិទ្ធិមនុស្ស»។
![]()
ប្រធានគណៈប្រតិបត្តិគណបក្សភ្លើងទៀន ប្រចាំខេត្តប៉ៃលិន លោក ខឹម មុន្នីកុសល (ខាងស្ដាំជាប់ព្រះសង្ឃ) ថតជាមួយពលករ និងជនភៀសខ្លួន កាលពីថ្ងៃទី១៥ តុលា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ខឹម មុន្នីកុសល
ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងបាងកក ប្រទេសថៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃទី៧ កុម្ភៈ បានជជែកពីទាក់ទងកិច្ចសហប្រតិបត្តិការទ្វេភាគីវិស័យនយោបាយ ទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាព្រំដែន ព្រមទាំងលើកឡើងពីការមិនផ្ដល់ទីតាំងឲ្យបុគ្គល ឬក្រុមណាប្រើប្រាស់ទឹកដីប្រទេសខ្លួន ដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត។ លើសពីនេះ លោក ហ៊ុន ម៉ាណែត ក៏ថែមទាំងអរគុណដល់រដ្ឋាភិបាលថៃដែរ ដែលបានចាប់ខ្លួន និងរារាំងមិនឲ្យសកម្មជនបក្សប្រឆាំងប្រើប្រាស់ទឹកដីថៃ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។
មន្ត្រីគម្រោង នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស នៃអង្គការសង់ត្រាល់ (CENTRAL) លោក លឹង សុផុន មានប្រសាសន៍ថា នៅរយៈពេលចុងក្រោយនេះ មានការធ្វើទុក្ខបុកម្នេញលើសកម្មជនសង្គម និងសកម្មជននយោបាយបក្សប្រឆាំង ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ដោយការគំរាមកំហែង ការប្រើប្រាស់ហិង្សា និងការចាប់ខ្លួនជាដើម។
លោក លឹង សុផុន៖ «ព្រួយបារម្ភហ្នឹង ព្រួយបារម្ភក្នុងការធ្វើការ ដែលជាលក្ខណៈសង្គមស៊ីវិលដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ បានយល់ដឹងបន្ថែមនូវអ្វី ដែលពួកគាត់មិនទាន់បានដឹង។ អ៊ីចឹងក៏ព្រួយបារម្ភដែរខ្លាចដូចជា យើងធ្វើអ្វីបន្តិចក៏គេចាប់ គេគំរាមកំហែង ។ កន្លងមកខ្ញុំឃើញគេ គំរាមកំហែងច្រើនទាក់ទងទៅបងប្អូនខ្មែរយើង ដែលគាត់នៅថៃ ហើយគាត់បញ្ចេញមតិ បញ្ចេញយោបល់តាមហ្វេសប៊ុក (Facebook) តាមផេក (Page) របស់ពួកគាត់ហ្នឹងលើកឡើងពីបញ្ហាស្ថានភាពនយោបាយនៅស្រុកខ្មែរអីហ្នឹងក៏មានការគំរាមកំហែងតាមហ្វេសប៊ុកអីចឹងហាបាទ ឃើញមានច្រើន»។
នៅមុន និងអំឡុងពេល លោក ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅប្រទេសថៃ សមត្ថកិច្ចថៃ បានចាប់ខ្លួនជនភៀសខ្លួនខ្មែរ និងពលករខ្មែរ ដែលគាំទ្រគណបក្សប្រឆាំងជាបន្តបន្ទាប់។ គិតមកដល់នឹងពេលនេះ ពលករខ្មែរ ជនភៀសខ្លួន ប្រពន្ធ និងកូនៗរបស់ជនភៀសខ្លួនចំនួន ១៧នាក់ កំពុងជាប់ឃុំនៅពន្ធនាគារប្រទេសថៃ។
ទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានស្រង់សម្ដីមន្ត្រីប៉ូលិសជាន់ខ្ពស់ថៃថា ជនភៀសខ្លួន ដែលកំពុងជាប់ឃុំទាំងនោះ នឹងបញ្ជូនទៅប្រទេសទី៣ ដោយមិនបញ្ជូនត្រឡប់ទៅកម្ពុជាវិញនោះទេ បន្ទាប់ពីមានការលើកឡើងដោយក្រុមមន្ត្រីសិទ្ធិមនុស្សអំពីការព្រួយបារម្ភនៅសុវត្ថិភាពរបស់ជនភៀសខ្លួនខ្មែរទាំងនោះ៕