កម្មការិនី​រោង​ចក្រ​កាត់ដេរ ឃែនធើរេន ស្នើសុំ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន

ដោយ មាន ឫទ្ធិ
2022.08.15
Share on WhatsApp
Share on WhatsApp
កម្មការិនី​រោង​ចក្រ​កាត់ដេរ ឃែនធើរេន ស្នើសុំ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., Ltd.) ជាង ៦០នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១៥ សីហា ​នាំ​គ្នា​ទៅតាមដាន​ញត្តិ ដែល​ពួក​គាត់​បាន​ដាក់​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ជាង​មួយ​ខែ​មុន។
រូបភាពពីពលរដ្ឋ

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., Ltd.) ជាង ៦០នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១៥ សីហា បាន​នាំ​គ្នា​មក​តាមដាន​ញត្តិ ដែល​បាន​ដាក់​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ជាង​មួយ​ខែ​មុន ដើម្បី​សុំ​ជួយ​អន្តរាគមន៍​ករណី​ថៅកែ​រត់​ចោល​ពួក​គាត់​ដោយ​មិន​បាន​បើក​ប្រាក់​ឈ្នួល។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ពន្លឿន​ការ​ដោះ​ស្រាយ ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ផល​ប៉ះពាល់​ធំ​ជាង​នេះ។

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., Ltd.) ប្រមាណ​ជាង ១០០នាក់ កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​រស់នៅ បន្ទាប់​ពី​បាត់បង់​ការងារ​អស់​រយៈ​ពេល ៣ខែ​មក​នេះ។ ពួក​គាត់​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ឱ្យ​ដោះ​ស្រាយ​បញ្ ហា​ដែល​ថៅកែ​រោងចក្រ​រត់​ចោល​បុគ្គលិក បន្ទាប់​ពី​បាន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន កាលពីថ្ងៃ២២ មិថុនា​កន្លង​ទៅ។

កម្មការិនី​ម្នាក់​នៃ​រោងចក្រ ឃែនធើរេន កញ្ញា ទូច ថាវី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៥ សីហាថា មក​ទល់​នឹង​ថ្ងៃ​នេះ​កញ្ញា​នៅ​មិន​ទាន់​ឃើញ​ដំណោះស្រាយ ឬ​ការ​ឆ្លើយតប​ណា​មួយ​ចេញ​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឡើយ​ទេ។ កញ្ញា​ថា បន្ទាប់​ពី​បាត់បង់​ការងារ​នៅ​ក្នុង​រោងចក្រ​ជាង ៣ខែ​មក​នេះ ជីវភាព​របស់​នាង​ក៏​ដូច​ជា​កម្មករ​ផ្សេង​ទៀត​កំពុង​ជួប​ការ​លំបាក ដោយសារ​គ្មាន​ប្រាក់កាស​ចំណាយ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដោយ​ប្រឈម​នឹង​ការ​បាត់បង់​ទីលំនៅ និង​កង្វះ​ម្ហូបអាហារ។ កញ្ញា​បន្ត​ថា ការ​ដាក់​ញត្តិ​ទៅ​កាន់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​នេះ គឺ​ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​ឱ្យ​កម្មករ​ទាំង​អស់​ទៅ តាម​ច្បាប់​ការងារ រួម​មាន ការ​បើក​ប្រាក់ឈ្នួល និង​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដើម្បី​ឱ្យ​កម្មករ​អាច​បន្ត​ជីវភាព​ក្នុង​ការ​រស់នៅ​ទម្រាំ​ស្វែងរក​ការងារ​ផ្សេង​បាន​ធ្វើ៖ «ខ្ញុំ​មក​នេះ (ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី) មក​ជម្រើស​ចុង​ក្រោយ​ហើយ ក្ដី​សង្ឃឹម​ផ្ញើ​នៅ​ហ្នឹង​ទាំង​អស់។ លើក​ហ្នឹង​មក​តឿន​ញត្តិ​ឱ្យ​រាង​លឿន​បន្តិច ព្រោះ​ពួក​ខ្ញុំ​ដូចជា​អស់​កម្លាំង​តស៊ូ​ហើយ ដាច់​បាយ​ដាច់​អី​ហើយ បើ​បី​ខែ​ហើយ​មិន​ទាន់​ដំណោះស្រាយ​អី​ចេញ​ផង កាន់តែ​យូរ​ទៅៗ។ ពួក​ខ្ញុំ​មក​ហ្នឹង គឺ​ដើម្បី​ឱ្យ​ការ​ដោះ​ស្រាយ​ហ្នឹង​ឱ្យ​វា​លឿន​បន្តិច ព្រោះ​ពួក​ខ្ញុំ​ហ្នឹង​វេទនា​ណាស់»

កាល​ពី​ខែមេសា ម្ចាស់​រោងចក្រ​ឃែនធើរេន បាន​លួច​ដឹក​សម្ភារ​ពី​ក្នុង​រោងចក្រ​ដោយ​ស្ងាត់ៗ ប៉ុន្តែ​ក្រុម​កម្មករ​បាន​ដឹង និង​លើក​គ្នា​មក​ដេក​យាម​នៅ​ខាង​មុខ​កន្លែង​នោះ​អស់​រយៈ​ពេល​ជាង ២ខែ។ ទោះ​យ៉ាង​នេះ​ក្ដី ក៏​ក្រុម​កម្មករ​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ ឬ​ចំណាត់​ការ​ណា​មួយ​ទៅ​លើ​ម្ចាស់​រោងចក្រ​នេះ ពី​រដ្ឋបាល​ខណ្ឌពោធិ៍សែនជ័យ និង​ក្រសួង​ពាក់ព័ន្ធ​នៅ​ឡើយ​នោះ​ទេ ទោះបី​ពួក​គាត់​ធ្លាប់​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ទី២៣ ឧសភា​ម្ដង​រួច​មក​ហើយ​ក៏​ដោយ។

Canteran_workers_guard_in_front_of_factory_081522_3.jpeg
កម្មករ​រោងចក្រកាត់ដេរ ឈ្មោះ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., Ltd.) នាំ​​គ្នា​បោះតង់​ដេក​យាម​នៅ​ខាង​មុខ​​រោងចក្រ​​រយៈ​ពេល​ជាង ២ខែ​មក​ហើយ ការពារ​ខ្លាច​ថៅកែ​លួច​ដឹក​សម្ភារៈ​ចេញ​អស់ ហើយ​មិន​ដោះស្រាយ​ប្រាក់​ឈ្នួល​ពួក​គាត់។ រូបពី​ពលរដ្ឋ

ប្រធាន​​សហជីព​ចលនា​កម្មករ​ប្រចាំ​រោងចក្រ ឃែនធើរេន លោកស្រី សាន់ សុផា ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ពុំ​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ​នៅ​ឡើយ​នោះ​ទេ ក្រៅតែ​ពី​មន្ត្រី​នៅ​ទីនោះ​ហៅ​តំណាង​កម្មករ​ទៅ​ជួប ដើម្បី​និយាយ​ពី​នីតិវិធី​ផ្សេងៗ តែ​ប៉ុណ្ណោះ។ លោកស្រី​បន្ត​ថា ការ​មក​តាមដាន​ញត្តិ​នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ឱ្យ​ពួក​គាត់ ដោយសារ​តែ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ជា​ជម្រើស​ចុង​ក្រោយ​របស់​ពួក​គាត់ រីឯ​ក្រសួង​ការងារ និង​ស្ថាប័ន​តុលាការ ហាក់​មិន​មាន​ដំណោះស្រាយ​ណា​មួយ​សមស្រប​សម្រាប់​ពួក​គាត់​នោះ​ទេ ក្រៅតែ​ពី​ការ​ចេញ​លិខិត​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​របស់​ពួក​គាត់។ លោកស្រី​រំពឹង​ថា ញត្តិ​ដែល​បាន​ដាក់​ទៅ​លោក ហ៊ុន សែន នេះ​នឹង​ឆាប់​មាន​ដំណោះស្រាយ​សម្រាប់​ពួក​គាត់ ដ្បិត​ក្រុម​កម្មករ​ទាំង​អស់ លែង​មាន​ជំនឿ​ចិត្ត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា ក្រសួង​ការងារ​តទៅ​ទៀត​ហើយ៖ «អ៊ីចឹង​ហើយ វា​គ្មាន​អី​ក្រៅ​តែ​ពី​មក​ខុទ្ទកាល័យ ឬ​ផ្ទះ​សម្ដេច​ទេ ឱ្យ​គាត់​ជួយ​អន្តរាគមន៍​មើល​រឿង​ហ្នឹង ដោយសារ​ខ្ញុំ​ដើរ​ច្រក​វា​ច្រើន​ហើយ បី​ខែ​ជាង​ហើយ។ អ៊ីចឹង​អត់​ចម្លែក​ទេ ដូច​ថា ខ្ញុំ​អស់​កន្លែង​ទៅ មាន​តែ​កន្លែង​ហ្នឹង​ទេ ជា​ជម្រើស​ចុង​ក្រោយ​របស់​ខ្ញុំ»

ទាក់ទិន​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី លោក គង់ ចំរើន និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ករណី​នេះ​បាន​នៅ​ឡើយ​នោះ​ទេ នៅ​ថ្ងៃ​ទី១៥ សីហា។

កាល​ពី​ចុង​ខែមេសា ភាគី​និយោជក​នៃ​រោងចក្រ​ ឃែនធើរេន អឹភែរឹល ខេមបូឌា ប្រមាណ​ជាង១០នាក់ បាន​លាឈប់​ពី​ការងារ​ និង​បិទទ្វារ​រោងចក្រ​ទាំង​មិន​ទាន់​ដោះ​ស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​ជូន​កម្មករ។ បន្ទាប់​មក​គេ​ឃើញ​មាន​ការ​ប្រមូល​សម្ភារៈ​ពី​រោងចក្រ ឃែនធើរេន ចូល​ទៅ​ក្នុង​រោងចក្រ​មួយ​ទៀត ដែល​មាន​ឈ្មោះ​ថា ក្រុមហ៊ុន ខ្វលីធី តេក្សស្ទីល (Quality Textiles Co., Ltd.) ស្ថិត​ក្នុង​សង្កាត់​ទួល​ពង្រ​ រាជធានី​ភ្នំពេញ។ ក្រុម​កម្មករអះអាង​ថា​ រោងចក្រ​ទាំងពីរ​នេះ​មាន​ថៅកែ​គ្រប់គ្រង​តែ​មួយ ជា​ជនជាតិ​ម៉ាឡេស៊ី ឈ្មោះ CHHOONG WEIPIAU។ ប៉ុន្តែ ការ​លើក​ឡើង​នេះ ត្រូវ​បាន​ក្រសួង​ការងារ និង​មេធាវី​របស់​ក្រុមហ៊ុន​ច្រាន​ចោល​ថា មិនមែន​ជា​ការ​ពិត​នោះ​ទេ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា មាន​ប្រសាសន៍​ថា ការ​ដាក់​ញត្តិ​របស់​ក្រុម​កម្មករ ដើម្បី​ស្វែងរក​ការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជា​ការ​បង្ហាញ​ពី​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គាត់ ធ្វើ​ការ​ទាមទារ​រក​នូវ​ភាព​យុត្តិធម៌​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា ដូច​នេះ ក្នុង​នាម​ជា​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ ដែល​មាន​តួនាទី​សម្រេច​នៅ​ក្នុង​រឿង​នេះ គួរតែ​ពន្លឿន​ការងារ​របស់​ខ្លួន​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​ភាព​យុត្តិធម៌។ ទន្ទឹម​គ្នា​នេះ លោក​ថា ប្រសិនបើ​កម្មករ​នៅ​មិន​ទាន់​ទទួល​បាន​ភាព​យុត្តិធម៌ នោះ​ពួក​គេ​អាច​ប្រមូលផ្ដុំ​គ្នា​ធ្វើ​ការ​តវ៉ា​ដោយ​ស្រប​ច្បាប់​បាន​ទៀត​ផង៖ «បើសិនជា​យើង​មិន​ចង់​ឱ្យ​កម្មករ​ធ្វើ​បាតុកម្ម មិន​ចង់​ឱ្យ​កម្មករ​ធ្វើ​ប្រមូលផ្ដុំ​តវ៉ា​ទេ ខ្ញុំ​គិត​ថា អាជ្ញាធរ សមត្ថកិច្ច ជាពិសេស គឺ​ក្រសួង ដែល​ពាក់ព័ន្ធ​គួរតែ​មាន​ការ​ពន្លឿន​នូវ​ការ​ដោះ​ស្រាយ​ទាំង​អស់​ហ្នឹង ធ្វើ​យ៉ាង​ណា​យក​ចិត្ត​ទុក្ខ​ដាក់​ដោះ​ស្រាយ​ឱ្យ​បាន​ហ្មត់ចត់​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ»

យោង​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ ក្នុង​ករណី​ថៅកែ​បិទ​អាជីវកម្ម​ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​កម្មករ​គឺ​ជា​រឿង​ខុសច្បាប់។ ជាមួយ​គ្នា​នេះ ថៅកែ​ក្រុមហ៊ុន សហគ្រាស​នោះ​ត្រូវ​តែ​​ដោះ​ស្រាយ​សំណង​ជូន​កម្មករ ចំនួន ៥ចំណុច​គឺ ប្រាក់​ឈ្នួល​ចុង​ក្រោយ ប្រាក់​ជូន​​ដំណឹង ប្រាក់​ជំងឺ​ចិត្ត ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​ដំណាច់​ឆ្នាំ ដែល​នៅ​សេសសល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។