ពលរដ្ឋ និង​សង្គម​ស៊ីវិល រៃ​អង្គាស​ប្រាក់​ជួយ​គ្រួសារ លោក កើត សារាយ ដែល​កំពុង​ជាប់​ពន្ធនាគារ

ដោយ មាន ឫទ្ធិ
2024.04.22
ពលរដ្ឋ និង​សង្គម​ស៊ីវិល រៃ​អង្គាស​ប្រាក់​ជួយ​គ្រួសារ លោក កើត សារាយ ដែល​កំពុង​ជាប់​ពន្ធនាគារ លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ កាល​ពី​មិនទាន់ជាប់​ឃុំ​​ក្នុង​ពន្ធនាគារ។
រូប៖ ហ្វេសប៊ុក KSILA

ពលរដ្ឋ និង​សង្គម​ស៊ីវិល​មួយ​ចំនួន​អំពាវ​នាវ​ដល់​សាធារណជន​ចូល​រួម​បរិច្ចាគ និង​គាំទ្រ​ដល់​គ្រួសារ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារាយ ដែល​កំពុង​ជាប់​ពន្ធនាគារ​ ខណៈ​ដែល​ពួកគាត់​អះអាង​ថា ការ​គាំទ្រ​នេះ គឺ​ជា​ការ​ជួយ​ដល់​អ្នក​ធ្វើ​ការ​ងារ​សិទ្ធិ​មនុស្ស ដែល​បាន​លះបង់​​សិទ្ធិ​សេរីភាព​ដើម្បី​យុត្តិធម៌​សង្គម​កម្ពុជា។

សមាជិក​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​​លោក ធី ថន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ​ ថា​​ការ​រៃ​​អង្គាស​ប្រាក់​របស់​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​នេះ​គឺ​ដើម្បី​ជួយ​ទ្រទ្រង់ ប្រធាន​សមាគម​​របស់​លោក គឺ​លោក កើត សារ៉ាយ ដែល​​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ក្នុង​លក្ខខណ្ឌ​លំបាក​ និង​ថវិកា​មួយ​ផ្នែក​ទៀត​​ចូល​រួម​ចំណែក​ដល់​គ្រួសារ​ លោក កើត សារ៉ាយ ដែល​មាន​ម្ដាយ​ចាស់​ជរា។

លោក ធី ថន ឱ្យ​ដឹង​ថា​ការ​រៃ​អង្គាស​ប្រាក់​នេះ​ធ្វើ​ឡើង ក្រោយ​ពេល​​​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន លោក កើត សារ៉ាយ ប៉ុន្តែ​លោក​ថា​ប្រាក់​ទាំង​នេះ​នៅ​តែ​មាន​ចំនួន​តិច​តួច​​សម្រាប់​ជួយ​ទ្រទ្រង់​ លោក កើត សារ៉ាយ និង​គ្រួសារ​​លោក។ លោក ធី ថន អំពាវ​នាវ​ដល់​សាធារណជន​ចូល​រួម​​ផ្ដល់​ថវិកា​​គាំទ្រ​ដើម្បី​ជួយ​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស ដែល​ហ៊ាន​លះបង់​សិទ្ធិ​សេរីភាព​​ដើម្បី​ផល​ប្រយោជន៍​​ពលរដ្ឋ។

លោក ធី ថន៖ «ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​ស្រលាញ់​ជាតិ​ ស្រលាញ់​ទឹក​ដី​គួរ​ណាស់​តែ​សាមគ្គី​គ្នា​ឡើយ​ ជួយ​គ្នា​ឡើង​ក្នុង​គ្រា​មាន​អាសន្ន​ ដោយ​តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ និង​ការ​ឧបត្ថម្ភ​​ជា​ទឹក​ប្រាក់​បន្តិច​បន្តួច​ក្ដី​ក៏​ដោយ»

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ លោក កើត សារ៉ាយ​  ​ត្រូវ​បាន​​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ជា​លើក​ទីពីរ​​កាល​ពី​ថ្ងៃ​ទី​ ០៦ ខែ​មេសា​ ក្រោម​បទ​ប្រកាន់​​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ «មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម»

ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​នេះ​  ក្រោយ​ពេល​លោក​បាន​ចុះ​ទៅ​ជួប​ពលរដ្ឋ​ប្រមាណ​១រយ​នាក់​ដែល​កំពុង​រស់នៅ​លាក់​ខ្លួន​ក្នុង​ព្រៃ ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​បង្ក្រាប​ដោយ​ហិង្សា និង​បណ្ដេញ​ពួកគាត់​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ​កាល​ពី​ខែ​មីនា។ ហើយ​ក្រោយ​មក​ លោក​ ​បាន​លើក​ឡើង​បញ្ហា​នេះ​នៅ​តាម​បណ្ដាញ​សង្គម​​ និង​ផ្ដល់​​បទសម្ភាសន៍​ទៅ​​​កាន់​អ្នក​សារព័ត៌មាន​ផង។

ចំណែក​​​សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា​ ​ដែល​បាន​ផ្ដល់​ថវិកា​គាំទ្រ​​ និង​ចែក​រំលែក​​កម្មវិធី​រៃ​​អង្គាស​នៅ​តាម​បណ្ដាញ​សង្គម​​​​ឱ្យ​ដឹង​ថា​​​ពលរដ្ឋ​គ្រប់​រូប​គួរ​ចូល​រួម​ចំណែក​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​​ដូច​ជា​ករណី​ លោក​ កើត​ សារ៉ាយ។ លោក ម៉ា ចិត្រា​ ថា​សកម្មភាព​មោះមុត​​របស់​លោក​ សារ៉ាយ ដែល​បាន​ជួយ​ពលរដ្ឋ​​កន្លង​មក​នេះ​គួរ​ត្រូវ​បាន​​សរសើរ​ និង​គាំទ្រ។

លោក ម៉ា ចិត្រា៖ «យើង​និយាយ​ពី​គុណ​តម្លៃ​​​នៃ​ការ​ទាមទារ​របស់​លោក​ សារ៉ាយ​ គុណ​តម្លៃ​មួយ​ដែល​មិន​អាច​បំភ្លេច​បាន ហើយ​​មាន​ន័យ​ថា​គាត់​​ធ្វើ​​ជា​រឿង​ត្រឹម​ត្រូវ​ វា​អត់​មាន​អី​ខុស​ច្បាប់​ទេ​ គាត់​​ទៅ​ដើម្បី​ការពារ​ប្រជាជន​ទៅ ដើម្បី​ដឹង​ពី​ទុក្ខ​ប្រជាជន​វា​ជា​រឿង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​​ត្រូវ​តែ​ចូល​រួម​ធ្វើ​​ឱ្យ​លះ​ដូច​លោក កើត សារ៉ាយ​ អ៊ីចឹង»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ ពី​អ្នក​នាំ​ពាក្យ​ ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន   បាន​ទេ នៅ​ថ្ងៃ​ទី២២ ខែ​មេសា។

ពលរដ្ឋ​​ សកម្មជន​​ និង​មន្ត្រី​សង្គម​ស៊ីវិល​ បាន​​រិះ​គន់​​ ​និង​ទាម​ទារ​ឱ្យ​​រដ្ឋាភិបាល​​ដោះ​លែង​​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ លោក កើត សារ៉ាយ។ ចំណែក​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រួមមាន​ អង្គការ​សម្ព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ហៅ​កាត់​ថា ហ៊្វីដ (FIDH) អង្គការ​​បណ្ដាញ​អ្នកការពារ​​បរិស្ថាន​​អាស៊ី​បា​ស៊ី​ហ្វិ​ក​ ​(APNED) និង​​​​​អង្គការ​សហប្រជាជាតិ​ បាន​ចាត់​ទុក​​ការ​​ចាប់​ខ្លួន​ លោក កើត សារ៉ាយ ​ថា​គឺ​ជា​ការ​​បំពាន​លើ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ការ​បង្កើត​សមាគម និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ដែល​ផ្ទុយ​ពី​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។