តុលាការ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នកសារព័ត៌មាន​ឯករាជ្យ​លោក ម៉ិច ដារ៉ា

ដោយ ខាន់ លក្ខិណា
2024.10.19
តុលាការ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នកសារព័ត៌មាន​ឯករាជ្យ​លោក ម៉ិច ដារ៉ា លោក មុិច ដារ៉ា ​អ្នក​សារព័ត៌មាន​ឯករាជ្យ​ ដែល​ជាប់​ឃុំក្នុង​ពន្ធនាគារ។
រូប៖ ហ្វេសប៊ុកលោក ម៉ិច ដារ៉ា

សាលាដំបូង​រាជធានី​ភ្នំពេញ ច្រានចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​សារព័ត៌មាន​ឯករាជ្យ​លោក មុិច ដារ៉ា ទោះបី​ជា​លោក​កំពុង​មាន​បញ្ហា​សុខ​ភាព​ក៏​ដោយ។ សង្គម​ស៊ីវិល​សោកស្ដាយ ហើយ​ថា ការ​បន្ត​ឃុំ​ខ្លួន​លោក ម៉ិច ដារ៉ា នេះ នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រង​ការ​រិះគន់​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ។

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ម៉ិច ដារ៉ា គឺ​លោក រឹម បូរ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៩ ខែតុលា​ថា លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​កូន​ក្ដី​ទៀត ទាក់ទង​នឹង​ការ​ បដិសេធ ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី១៨ ខែតុលា។

លោក រឹម បូរ៉ា៖ «ខ្ញុំ​អត់​ដឹង​ថា គាត់​លើក​ហេតុ​អី ដោយសារ​តែ​គាត់​ព្យាយាម​ស្នើ​សុំ​ដីកា​សម្រេច​គាត់​អត់​ឱ្យ  គាត់​ឱ្យ​តែ​លិខិត​ជូន​ដំណឹង​មួយ​សន្លឹក​មក។ អា​ហ្នឹង​អ៊ីចឹង មិន​ដឹង​គាត់​សំអាង​លើ​អី​ខាង​ចៅក្រម​ស៊ើបសួរ»

ឯក​អគ្គរាជ​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​លោក ដឺរិក យីប (Derek Yip) បាន បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម អិច (X) កាល​ពី​ថ្ងៃ​ទី១៨ ខែតុលា ថា ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន ម៉ាណែត ថ្មីៗ នេះ លោក​បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​ការ​អភិវឌ្ឍ ពាណិជ្ជកម្ម ការ​វិនិយោគ សិទ្ធិមនុស្ស សន្តិសុខ ក្នុង​តំបន់ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ និង​ការ​ផ្លាស់​ប្តូរ​ថាមពល។

រីឯ​ជំនួប​ជាមួយ​ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី វិញ ឯក​អគ្គរាជ​ទូត​អូស្ត្រាលី ស្នើ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ នយោបាយ​ដោយ​សេរី សង្គម​ស៊ីវិល​ចម្រុះ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​មាន​សារ​សំខាន់ ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។

ស្ថានទូត​អូស្ត្រាលី​សរសេរ​លើ​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី១៨ ខែតុលា ថា ក្នុង​ជំនួប​នោះ លោក ដឺរិក យីប ក៏​បាន​លើក​ពី​កង្វល់​លើ​លំហ​ពលរដ្ឋ​កាន់​តែ​រួម​តូច ការ​ចាប់​ពិរុទ្ធ ការ​គាប​សង្កត់​ឆ្លង​ដែន និង​ការ​ចាប់​ខ្លួន​អ្នកកាសែត លោក ម៉ិច ដារ៉ា។

កាលពីថ្ងៃទី១ ខែតុលា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក ម៉ិច ដារ៉ា ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​មាត្រា ៤៩៤ និង៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ចំពោះ​ការ​បង្ហោះ​រូប​ភាព​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក។

ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​លោក ម៉ិច ដារ៉ា នេះ ធ្វើ​ឡើង​ក្រោយ​ពីរ​សប្ដាហ៍ ដែល​ សហរដ្ឋ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​លោក លី យ៉ុងផាត់ និង​ សម្ព័ន្ធ​អាជីវកម្ម​របស់​លោក ពាក់ព័ន្ធ​នឹង​អំពើ​ជួញ​ដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ​គ្រីបតូ (Cryptocurrency)

ការ​ខិត​ខំ​របស់​លោក​ចំពោះ​ការ​រាយការណ៍​ពី​ការ​ជួយ​ដូរ​មនុស្ស​ត្រូវ​បាន ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ផ្ដល់​ពាន ម្ចាស់​ពាន​រង្វាន់ គឺ «ជា​វីរ​បុរស​របាយការណ៍​ពី​ការ​ជួញ​ដូរ​មនុស្ស​ឆ្នាំ២០២៣ (2023 Trafficking in Persons Report Hero)

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (LICAHDO) លោក អំ សំអាត សោកស្ដាយ​ចំពោះ​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ  ដែល​មិន​អនុញ្ញាត​ឱ្យ​លោក ម៉ិច ដារ៉ា នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ខណៈ​លោក ម៉ិច ដារ៉ា កំពុង​មាន​បញ្ហា​សុខ​ភាព​ផ្លូវ​កាយ​និង​ផ្លូវ ចិត្ត។ លោក​ថា ការ​ចាប់ និង​ឃុំ​ខ្លួន​លោក ម៉ិច ដារ៉ា នេះ មិន​បាន​ចំណេញ​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ បន្ថែម​ទៀត។

លោក អំ សំអាត៖«បញ្ហា​សុខ​ភាព​ផ្លូវ​កាយ​ផ្លូវ​ចិត្ត​របស់​លោក ម៉ិច ដារ៉ា គាត់​មាន​តាំង​ពី​មិន​ទាន់​ជាប់​ពន្ធនាគារ​ទៀត។ ការ​ជាប់​ពន្ធនាគារ​នេះ​បន្ថែម​ឱ្យ​សុខ​ភាព​ផ្លូវ​កាយ​ផ្លូវ​ចិត្ត​របស់​គាត់​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៅ​ទៀត។ បើ​យើង​និយាយ​អំពី​លក្ខខណ្ឌ​នៃ​ការ​ស្នើ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ហ្នឹង គួរ​ណា​សម​ហេតុ​ផល​ក្នុង​ការ​អនុញ្ញាត​តាម​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ»

ក្រោយ​ពី​មាន​ការ​ចាប់ និង​ឃុំ​ខ្លួន​នេះ សហគមន៍​ជាតិ​និង​អន្តរជាតិ បាន​ថ្កោល​ទោស​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ដោយ​គ្មាន​លក្ខខណ្ឌ។

អ្នក​ឃ្លាំមើល​បារម្ភ​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​អះអាង​ថា ការ​ចាប់​ខ្លួន​ លោក ម៉ិច ដារ៉ា ព្រមទាំង​សកម្មជន​សង្គម  និង​អ្នក​នយោបាយ  គឺ​ជា​ការ​អនុវត្ត​ ច្បាប់​ដ៏​ត្រឹម​ត្រូវ ដោយ​ពុំ​ខ្វល់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស នឹង​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ លោក​សេរី បន្ត​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​មក​លើ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។