សង្គម​ស៊ីវិល​ស្នើ​​បញ្ឈប់​ធ្វើទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ​ចូលរួម​ធម្មយាត្រា​លើក​កម្ពស់​សិទ្ធិមនុស្ស

ដោយ ច័ន្ទ ដារ៉ូ
2023.12.20
សង្គម​ស៊ីវិល​ស្នើ​​បញ្ឈប់​ធ្វើទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ​ចូលរួម​ធម្មយាត្រា​លើក​កម្ពស់​សិទ្ធិមនុស្ស ទិដ្ឋភាពព្រះសង្ឃ និងយុវជននិមន្ត និងដើរដង្ហែធម្មយាត្រា សិទ្ធិមនុស្សមនុស្ស កាលពីថ្ងៃទី៨ ខែ​ធ្នូ ២០២៣។
រូប៖ ហ្វេសប៊ុកលោក កើត​ សារ៉ាយ

មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ឈប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ​ចូលរួម​ធម្មយាត្រា លើក​កម្ពស់​សីលធម៌​សង្គម និង​សិទ្ធិមនុស្ស ហើយ​ងាក​មក​បើក​លំហ​សេរីភាព និង​លើកទឹកចិត្ត​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​កិច្ច​ការងារ​សង្គម​វិញ​។ សំណើ​នេះ​ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​បាន​ចុះ​ស្វែងរក​ព្រះនាម​ព្រះសង្ឃ​នៅ​តាម​វត្ត​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង​និមន្ត​ចូលរួម​ការងារ​សង្គម​ដើម្បី​ប្រយោជន៍​ជាតិ​នា​ពេល​កន្លង​មក។

មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ខ្លាច​អាជ្ញាធរ ឬ​មន្ត្រី​សង្ឃ​ខេត្ត​បាត់ដំបង​ចោទប្រកាន់​បណ្តេញ​ចេញពី​វត្ត ឬ​ចាប់​ផ្សឹក​ចំពោះ​ព្រះសង្ឃ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ចូលរួម​ធ្វើ​ធម្ម​យាត្រា​ផ្សព្វផ្សាយ​អប់រំ​អំពី​សិទ្ធិមនុស្ស និង​លើកកម្ពស់​សីលធម៌​សង្គម​កន្លង​ទៅ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ ថ្លែង​ថា ព្រះសង្ឃ និង​យុវជន​ដែល​បាន​ចូលរួម​សកម្មភាព​អប់រំ​តាម​បែប​ពុទ្ធសាសនា​ដើម្បី​ផ្សព្វផ្សាយ​អំពើ​ល្អ និង​ជំរុញ​ឱ្យ​គិតគូរ​ដោះស្រាយ​រឿង​សិទ្ធិ​របស់​ពលរដ្ឋ គួរ​ទទួល​បាន​ការ​លើក​ទឹកចិត្ត តែ​អាជ្ញាធរ​បែរ​ជា​បង្កើត​រូបភាព​លង​បន្លាច​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ទៅវិញ​។ លោក​ថា​ទង្វើ​របស់​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ​ចូលរួម​កិច្ច​ការងារ​សង្គម​ម្តង​ហើយ​ម្តង​ទៀត គឺជា​រូបភាព​នយោបាយ ដោយសារតែ​អាជ្ញាធរ​មួយ​ចំនួន​មាន​ជំងឺ​ភ័យខ្លាច​នឹង​ស្រមោល​អាក្រក់​នា​ពេល​កន្លង​ទៅ។

លោក កើត សារ៉ាយ៖ «អាជ្ញាធរ​មុន​ធ្វើ​អ្វី​ត្រូវ​គិតគូរ​ឱ្យ​បាន​វែងឆ្ងាយ ពីព្រោះ​សង្គម​ជាតិ​របស់​យើង​ត្រូវការ​យុវជន​ដែល​មាន​មនសិការ មាន​ឆន្ទៈ​បម្រើ​ជាតិ ការពារ​ជាតិ ពេលនេះ​ជា​ពេល​ដែល​យើង​ត្រូវការ​បណ្តុះបណ្តាល​មនសិការ​ជាតិ បើ​មាន​អ្នក​បណ្ដុះ​ហើយ​តែ​មាន​អ្នក​មក​តាម​បំផ្លាញ​រហូត​បែបនេះ ខ្ញុំ​ថា​ជា​រឿង​មួយ​អភ័ព្វ អ៊ីចឹង​សូម​ប្រជា​ជាតិខ្មែរ​គ្រប់រូប​ត្រូវ​គិតគូរ​ឡើងវិញ​ដោយ​បញ្ឈប់​ទង្វើ​បំបាក់​ដល់​ការ​បណ្ដុះ​មនសិការ​ជាតិ ហើយ​ចូលរួម​ទាំងអស់គ្នា គិតគូរ​ពី​ជាតិ​ឱ្យ​បាន​វែងឆ្ងាយ​ទៅ​ថ្ងៃ​ខាងមុខ»

ការ​លើកឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​ដូច្នេះ​បន្ទាប់ពី​អាជ្ញាធរ​ចុះ​កំណត់​អត្តសញ្ញាណ​ព្រះសង្ឃ​នៅ​តាម​វត្ត​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង ដែល​ចូលរួម​ធម្មយាត្រា​ផ្សព្វផ្សាយ​ពី​សិទ្ធិមនុស្ស និង​លើកកម្ពស់​សីលធម៌​ចេញ​ពី​ខេត្ត​សៀមរាប ទៅ​រាជធានី​ភ្នំពេញ​រយៈពេល ៤​ថ្ងៃ​ដើម្បី​ត្រៀម​ចូលរួម​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ​នេះ​។

ព្រះសង្ឃ​គង់នៅ​វត្ត ក្នុង​ខេត្ត​បាត់ដំបង​មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៧ ខែ​ធ្នូ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ព្រះនាម ដើម្បី​រក្សា​សុវត្ថិភាព​ថា​កាលពី​ថ្ងៃទី​១៦ ខែធ្នូ អាជ្ញាធរ​មកពី​រាជធានី​ភ្នំពេញ​បាន​ជួប​ជាមួយ​ចៅអធិការ​នៅ​តាម​វត្ត​ដោយ​បង្ហាញ​រូបថត កត់​ព្រះនាម​ព្រះសង្ឃ​ចូលរួម​ធម្ម​យាត្រា​ជាមួយ​ជា​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​កាល​ថ្មីៗ​នេះ ខណៈ​អាជ្ញាធរ​មូលដ្ឋាន​ចោទ​ប្រកាន់​ថា​ព្រះសង្ឃ​ធ្វើ​សកម្មភាព​ខុសច្បាប់​ជាដើម​។ ព្រះអង្គ​បន្ត​ថា ទោះបី​មក​ទល់​ពេល​នេះ​មន្ត្រី​សង្ឃ និង​អាជ្ញាធរ​ទាំងនោះ​មិន​ទាន់​កោះហៅ​សាកសួរ ឬ​ចាត់ការ​យ៉ាង​ណា​ក្តី តែ​រឿង​នេះ​ហាក់​បំភិតបំភ័យ​បំបាក់ស្មារតី​លើ​ព្រះសង្ឃ​លែងឱ្យ​ចូលរួម​ធ្វើ​ការងារ​សម្រាប់​ប្រយោជន៍​សង្គម​បន្ត​ទៀត។

ព្រះសង្ឃ​ថ្លែង​លាក់​ព្រះនាម៖ «សូម​ជម្រាប​ជូន ប្រគេន​ដល់​ព្រះសង្ឃ បងប្អូន​ដែរ សូមកុំ​ខ្លាច​ចូលរួម​កិច្ច​ការងារ​សង្គម ពីព្រោះ​យើង​ចូលរួម​ដើម្បី​សង្គមជាតិ​របស់​យើង​រីកចម្រើន ចង់ឱ្យ​សង្គម​ប្រសើរ​ឡើង​តែ​ប៉ុណ្ណឹង​ទេ យើង​មិន​បាន​ទៅ​ប្រឆាំង​អ្នកណា​ទេ យើង​ប្រឆាំង​តែ​អំពើអាក្រក់​កើត​ឡើង​នៅក្នុង​សង្គម​តែ​ប៉ុណ្ណឹង​ទេ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​លោក សេង សុមុនី និង​អភិបាល​បាត់ដំបង​លោក សុខ លូ ដើម្បី​សាកសួរ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១៧ ខែ​ធ្នូ​។ ចំណែក​ព្រះមេគណ​ខេត្ត​នេះ​ព្រះតេជព្រះគុណ អ៊ុក មុត ក៏​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង​លោក លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា ព្រះសង្ឃ​ក៏​ដូច​ពលរដ្ឋ​ទូទៅ​ដែរ ដែល​មាន​សិទ្ធិ​សេរីភាព​ចូលរួម​ជួយ​កិច្ច​ការងារ​សង្គម​ដោយ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ​។ លោក​បន្ថែម​ថា ការងារ​របស់​ព្រះសង្ឃ​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​អប់រំ ការ​លើក​កម្ពស់​ការគោរព​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ​នៅក្នុង​សង្គម​ទាំង​ធាន​ធាន​និង​ស្មារតី​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​បញ្ឈប់​រូបភាព​បំភិតបំភ័យ​ដល់​ពលរដ្ឋ និង​ព្រះសង្ឃ​ដែល​ហ៊ាន​ចូលរួម​ធ្វើ​ការងារ​សង្គម។

លោក អ៊ិន គង់ជិត៖ «ករណីនេះ​យើង​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ រដ្ឋាភិបាល​គួរ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ ហើយ​ត្រូវ​បើក​លំហ​សេរីភាព​ឱ្យ​ព្រះសង្ឃ​បាន​ចូលរួម​ក្នុង​កិច្ច​ការងារ​សង្គម​ថែម​ទៀត​ជា​ការ​លើកស្ទួយ​នូវ​សីលធម៌​សង្គម​ដើម្បី​សុខដុមរមនា និង​រួមចំណែក​ក្នុង​ការ​កសាង​សន្តិភាព​នៅ​សង្គមជាតិ​បាទ»

ធម្ម​យាត្រា​ដោយ​ផ្សាយ​មេត្តាចិត្ត​ផ្សា​ភ្ជាប់​នឹង​សិទ្ធិមនុស្ស​រៀបចំឡើង ដោយ​មន្ត្រី​សង្គម​ស៊ីវិល យុវជន​សង្គម និង​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​មក​នេះ ដោយសារ​ពួកគេ​មើល​ឃើញ​ថា​សីលធម៌ ការ​រំលោភបំពាន​សិទ្ធិមនុស្ស និង​អំពើ​ហិង្សា​នៅតែ​បន្ត​កើតឡើង​ស្ទើរ​គ្រប់​រូបភាព​នៅក្នុង​សង្គម​ដោយ​ពុំ​មាន​ការ​ថមថយ​អ្វី​ឡើយ។

ចំណែក​ករណី​គំរាមកំហែង​ព្រះសង្ឃ​ចូល​ការងារ​សង្គម​ក៏បាន​កើត​ឡើងជា​បន្តបន្ទាប់​គួរ​ឱ្យ​ព្រួយ​បារម្ភ​។ ជាក់ស្តែង​ព្រះតេជព្រះគុណ សយ សាត ត្រូវ​បាន​ព្រះចៅអធិការ​វត្ត​បណ្តេញ​ចេញពី​វត្ត ព្រោះ​តែ​ព្រះអង្គ​ចូលរួម​ធម្ម​យាត្រា​លើកកម្ពស់​សីលធម៌​សង្គម ជាមួយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដឹកនាំ​លោក រ៉ុង ឈុន កាល​ពី​ដើម​ឆ្នាំ​២០២៣​។ ពីរ​ខែ​ក្រោយ​មក សមត្ថកិច្ច​ខេត្ត​បាត់ដំបង​បាន​ឃាត់​ព្រះ​កាយ និង​ចាប់​ផ្សឹក​ព្រះអង្គ​នៅ​ស្រុក​មោងឫស្សី នៅ​ពេល​ព្រះអង្គ​និមន្ត​ធ្វើ​ធម្មយាត្រា​ផ្សាយ​មេត្តាធម៌ និង​ទាមទារ​ដំណោះស្រាយ​បញ្ហា​ជាតិ ហើយ​បច្ចុប្បន្ន​ព្រះអង្គ​កំពុង​គេច​ព្រះ​កាយ​ពី​ការ​ប៉ុនប៉ង​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ។

មន្ត្រី​សិទ្ធិមនុស្ស​ទទូច​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​លាប​ពណ៌ ចោទប្រកាន់ និង​គំរាមកំហែង​លើ​ព្រះអង្គ​ដែល​គ្រាន់តែ​ធ្វើ​ការងារ​ដើម្បី​ឱ្យ​សង្គម​មាន​យុត្តិធម៌ ចង់​ឱ្យ​រដ្ឋាភិបាល​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ជំរុញ​ឱ្យ​អ្នកនយោបាយ​គ្រប់​ភាគី​ទាំងអស់​ងាក​មក​ផ្សះផ្សា​ជាតិ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។