ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​ការ​បើក​ទូលាយ​នៃ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដល់​ពលរដ្ឋ

ដោយ ខែ សុណង
2021-09-22
Share
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​ការ​បើក​ទូលាយ​នៃ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដល់​ពលរដ្ឋ ក្នុង​ទិវា​អន្តរជាតិ​​​​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សកល​ឆ្នាំ២០២០ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន រួមគ្នា​ធ្វើ​ពិធី​ថ្លែងការណ៍​លើ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន នៅ​ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ២០២០។
Photo provided

ក្រុម​អង្គការ​សង្គមស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើកទូលាយ​សិទ្ធិទទួល​បាន​ព័ត៌មាន​ដល់​ពលរដ្ឋ​ និង​ជនជាតិ​ដើម​ភាគ​តិច​។ ការ​ជំរុញ​នេះ ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំមួយ​ដែល​មាន​អ្នក​ពាក់ព័ន្ធ​ជាង​ ២៣០​នាក់ចូល​រួម ក្នុង​នោះរួមមាន​សមាជិក​សភា មន្រ្តី​រដ្ឋាភិបាល មន្ត្រីសង្គមស៊ីវិល​ និង​តំណាង​សហគមន៍​នៅ​តាម​បណ្ដា​ខេត្ត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា តម្លាភាព​និង​ការលាតត្រដាង​ព័ត៌មាន​ទាក់ទង​និង​ថវិកា​រដ្ឋាបាល​ថ្នាក់​ក្រោម​ជាតិ និង​សម្បទាន​ដី​សេដ្ឋកិច្ច​មានសារៈសំខាន់​សម្រាប់​ការ​ចូលរួម​ប្រកប​ដោយ​អត្ថន័យ​របស់​ពលរដ្ឋ​ក្នុង​ដំណើរការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ជាសាធារណៈ។

ពួកគេ​លើកឡើង​បែប​នេះ នៅក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ដែល​ផ្ដោតលើ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ទាំង​អស់​គ្នា តម្លាភាព​ថវិកា​ថ្នាក់​ក្រោម​ជាតិ និង​សម្បទានដី​សេដ្ឋកិច្ច កាលពី​ថ្ងៃទី២២ ខែកញ្ញា។សន្និសីទ​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​ជជែក​ដោយ​ផ្ទាល់ និងតាម​ប្រព័ន្ធហ៊្សូម(Zoom)

នាយកប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធភាព​ដៃគូ​ដើម្បី​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ (CPDD) លោក សុន ពេញ លើក​ឡើង​ក្នុង​កិច្ចប្រជុំ​នោះ​ថា ការ​ពិភាក្សា​នេះ​រក​ឃើញ​ បញ្ហា​ប្រឈម​មួយ​ចំនួន​នៃ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ និង​ជនជាតិ​ដើម​ភាគ​តិច។ លោកលើក​ឡើង​ថា ​ពលរដ្ឋ​មួយ​ចំនួន​ពិបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ទាក់ទងការចាត់ចែង​ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​ព័ត៌មាន​ទាក់ទង​ការ​ផ្ដល់ដី​សម្បទាន​សេដ្ឋកិច្ច​«យើង​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​​ ប្រជាពលរដ្ឋ​នឹង​មាន​សំឡេង​ក្នុង​ការ​ចំណាយ​​​ជា​សាធារណៈ​ក៏​ដូច​ជា​​​ក្នុង​ការ​សម្រេច​នានា​​នៅ​គ្រប់​កម្រិត​ផង​ដែរ​​ជាពិសេស​ការ​សម្រេច​ចិត្ត​ដល់​​ប៉ះពាល់​​​ការ​រស់នៅ​ប្រចាំ​របស់​ពួក​គាត់​»

ស្រដៀង​គ្នានេះ​ដែរ នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​(NGO Forum ) លោក តឹក វណ្ណារ៉ា កត់​សម្គាល់​ថា ការទទួល​បាន​ព័ត៌មាន​ពេញលេញ​គឺ​ជា​គន្លឹះ​ជម្រុញ​ឲ្យមាន​ការ​អភិវឌ្ឍន៍ជាតិមន្ត្រីសង្គមស៊ីវិល​រូប​នេះ ស្នើឲ្យមាន​ការ​បើកទូលាយ​ការ​ផ្ដល់​ព័ត៌មាន​ទាក់ទង​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ថែមទៀត៖ «ចង់​ឃើញ​ឲ្យ​មាន​លំហូរ​​​ធនធាន​​​ថែម​ទៀត​ទៅ​ថ្នាក់​ក្រោម​ជាតិ​ជាពិសេស​យន្តការ​​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​នៅ​ថ្នាក់​ក្រោម​ជាតិ​។ ជំរុញ​ឲ្យ​មាន​​ចូលរួម​យ៉ាង​សកម្ម​ជាពិសេស​​ប្រជា​សហគមន៍​​​​​ប្រជាពលរដ្ឋ​យើង​ដែល​រស់នៅ​ផ្ទាល់​ជាមួយ​គម្រោង​អភិវឌ្ឍន៍​ ទាំង​ផ្នែក​សេដ្ឋកិច្ច​ ផ្នែក​សង្គម​ និង​ការ​ការ​ពារ​បរិស្ថាន​​​»

ទាក់ទងការ​លើក​ឡើង​នេះ សមាជិក​សភា​ឯកបក្ស​និង​ជា​សមាជិក​គណៈកម្មការទី៣​នៃ​រដ្ឋសភា លោក ឃុត ចាន់ដារ៉ា លើក​ឡើង​ថា ច្បាប់​បាន​បើក​ទូលាយ​ឲ្យ​ពលរដ្ឋមាន​សិទ្ធិសេរីភាព​ទទួល​បាន​ព័ត៌មាន​និង​ការ​ទទួល​បាន​ព័ត៌មាន។​ សមាជិកសភា​រូប​នេះឲ្យដឹងទៀត​ថា តាម​ព័ត៌មាន​លោក​ទទួល​បាន​ពី​ក្រសួង​ព័ត៌មាន សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សិទ្ធិទទួល​បាន​ព័ត៌មាន​ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​ក្រសួង​ជិត​បញ្ចប់​សព្វ​គ្រប់​ហើយ។ លោក​ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ​ក្រសួង​ព័ត៌មាន​ត្រូវការ​ការ​បញ្ជាក់​បន្ថែម​ចំណុច​ទោស​ទណ្ឌ​ខ្លះ​ពី​ក្រសួង​យុត្តិធម៌។ លោករំពឹងថា សេច ក្ដីព្រាងច្បាប់​នេះនឹង​ឆាប់ឆ្លង​ទៅ​គណៈរដ្ឋមន្ត្រី​មុននឹង​បញ្ជូនទៅ​រដ្ឋសភា​ដើម្បី​ពិនិត្យ​និង​អនុម័ត៖ «ជឿជាក់​ថា​ សេចក្ដី​ព្រាង​ច្បាប់​ហ្នឹង​​នឹង​រៀបចំ​មក​​​ដោយ​ឈរ​លើ​គ្រប់​ទិដ្ឋភាព​ដែល​មាន​​ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​​ហើយ​អត្ថបទ​ច្បាប់​​​នេះ​សិទ្ធិ​ទទួល​ព័ត៌មាន​កាន់​តែ​រឹងមាំ»

ជុំវិញ​ករណី​នេះ វិទ្យុអាស៊ីសេរី​មិន​ទាន់​អាច​សុំការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី២២​ ខែកញ្ញា។

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សិទ្ធិទទួល​បាន​ព័ត៌មាន​បាន​តាក់តែង​និង​ពិភាក្សា​ជាច្រើនលើក​មក​ហើយ​ក្នុង​រយៈពេល​ជាង ១ទសវត្សរ៍ មក​នេះ ប៉ុន្តែមិន​ទាន់​ចេញ​ជា​ច្បាប់​បាននៅ​ឡើយទេក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​រំពឹង​ថា ពេលសភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មានរួច ប្រជា​ពលរដ្ឋ​ទូទៅអាច​មាន​ឱកាស​ទទួល​បាន​ព័ត៌មាន​ពិតគ្រប់​ជ្រុងជ្រោយនិង​ទូលំទូលាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល