សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា

សភា​អឺរ៉ុប ជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​សហភាព​អឺរ៉ុប ពិនិត្យ​សើរើ​ឡើងវិញ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​អាវុធ» (EBA) ដែល​នៅ​សល់​ចំនួន​៨០%​ជាមួយ​កម្ពុជា និង​ពិចារណា​ដាក់​ទណ្ឌកម្ម​ជាក់លាក់​​លើ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​ផ្នែក​នយោបាយ។
ដោយ មាន ឫទ្ធិ
2024.11.28
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា សមាជិក​សភា​អឺរ៉ុប បោះឆ្នោត​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​មួយ​នៅ​សភា​អឺរ៉ុប ​ក្នុង​ក្រុងស្ត្រាសបួរហ្គ៍ (Strasbourg) ភាគ​ខាង​កើត​ប្រទេស​បារាំង កាល​ពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ២០២២។
(រូប៖ AFP)

សភា​អឺរ៉ុប ជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​សហភាព​អឺរ៉ុប ពិនិត្យ​សើរើ​ឡើងវិញ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​អាវុធ» (EBA) ដែល​នៅ​សល់​ចំនួន​៨០%​ជាមួយ​កម្ពុជា និង​ពិចារណា​ដាក់​ទណ្ឌកម្ម​ជាក់លាក់​​លើ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​ផ្នែក​នយោបាយ។

ការ​ជំរុញ​នេះ ធ្វើឡើង​ក្នុង​សេចក្តី​សម្រេច​ថ្មី​មួយ​ដែល​ទើប​នឹង​អនុម័ត​ដោយ​សភា​អឺរ៉ុប កាលពី​ថ្ងៃទី២៨ ខែ​វិច្ឆិកា ស្តីពី​ការ​កាន់តែ​រួមតូច​ទៅ​ៗ​នៃ​លម្ហ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ជាពិសេស​ករណី​អង្គការ សង់ត្រាល់ (CENTRAL)។

សេចក្តី​សម្រេច ដែល​មាន​៩ចំណុច របស់​សភា​អឺរ៉ុប​នេះ អំពាវនាវ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​រដ្ឋ​សមាជិក​អឺរ៉ុប វាយតម្លៃ​​កែប្រែ​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដល់​​កម្ពុជា ដោយសារ​តែ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​មិន​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ដោះស្រាយ និង​បង្ការ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើយ។ សភា​អឺរ៉ុប គូស​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​បញ្ជូន​សារ​ច្បាស់លាស់​មួយ​ថា ការ​កែលម្អ​សិទ្ធិមនុស្ស និង​ការ​គាំពារ​សេរីភាព​​សង្គម​ស៊ីវិល គឺ​ជា​លក្ខខណ្ឌ​ជាមុន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ។

ទន្ទឹមគ្នា​នេះ សភា​អឺរ៉ុប ក៏​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប និង​រដ្ឋ​សមាជិក​របស់​ខ្លួន ចាត់​វិធានការ​ជា​បន្ទាន់ និង​ប្រកប​ដោយ​ប្រសិទ្ធភាព ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​ក្រុម​មនុស្ស​ទាំងឡាយ​ណា​ដែល​ទទួល​ខុសត្រូវ​លើ​ការ​រឹតត្បិត​ផ្នែក​នយោបាយ និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​រហូត​ទាល់តែ​អ្នក​ទោស​នយោបាយ​ទាំងអស់​ត្រូវ​បាន​ដោះលែង។

ក្រៅ​ពី​ការ​ជំរុញ​នេះ សភា​អឺរ៉ុប ថ្កោលទោស​ការ​កាន់តែ​រួម​តូច​ទៅ​ៗ​នៃ​លម្ហ​សង្គម​ស៊ីវិល​នៅ​កម្ពុជា និង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​រាល់​អ្នក​ទោស​នយោបាយ សកម្មជន អ្នក​កាសែត អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​តួអង្គ​សង្គម​ស៊ីវិល​ដ៏ទៃ​ទៀត​ទាំងអស់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​បទចោទ​ដែល​​មាន​ចរិត​នយោបាយ។ សភា​អឺរ៉ុប​ក៏​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​រាល់​បទចោទ​ដែល​មាន​ចរិត​នយោបាយ​ប្រឆាំង​នឹង​អង្គការ​សង់ត្រាល់ និង​សមាជិក​អង្គការ​នេះ ក្នុងនោះ​រួម​ទាំង​លោក ឃុន ថារ៉ូ ផង និង​ឱ្យ​បញ្ឈប់​ការ​ធ្វើ​សវនកម្ម​ដែល​មាន​ចរិត​នយោបាយ​មក​លើ​អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​ចលនា​មាតា​ធម្មជាតិ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ការងារ សិទ្ធិ​មនុស្ស និង​ការ​ការពារ​បរិស្ថាន។

នេះ​គឺ​ជា​លើក​ទី១​ហើយ​ដែល​សភា​​អឹរ៉ុប​អនុម័ត​សេចក្តីសម្រេច​ដ៏​មាន​ឥទ្ធិពល​ឱ្យ​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​ដែល​នៅ​សេសសល់​ចំនួន៨០% ចាប់តាំង​ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​មក។ សហភាព​អឺរ៉ុប​បាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​នេះ ២០% ពី​កម្ពុជា ដែល​មាន​តម្លៃ​ស្មើ​នឹង​ទឹក​ប្រាក់​ប្រមាណ​ជាង ១ពាន់​លាន​ដុល្លារ កាលពី​ពាក់​កណ្តាល​ឆ្នាំ២០២០​កន្លងទៅ ក្រោយ​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត គឺ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​យុទ្ធនាការ​ជា​ប្រព័ន្ធ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង​រៀបចំ​ការ​បោះឆ្នោត​«ក្លែងក្លាយ» នៅ​ចុង​ខែកក្កដា ឆ្នាំ២០១៨។ សហភាព​អឺរ៉ុប បាន​ទុក​ឱកាស​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែប្រែ​ឥរិយាបថ​របស់​ខ្លួន​ដោយ​ងាក​មក​កែ​លម្អ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។ ក៏ប៉ុន្តែ ជាង៤​ឆ្នាំ​មក​នេះ ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ​នៅ​កម្ពុជា​រឹត​តែ​ធ្លាក់​ចុះ​ដុនដាប​​ខ្លាំង​ជាង​ពេល​ណាៗ​​ទាំងអស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។