គ្រួសារ​រំពឹង​ថា តុលាការ​ខេត្ត​តាកែវ​ជំនុំជម្រះក្ដី​ដោយ​យុត្តិធម៌ និង​ដោះលែង​លោក ភុន យុទ្ធ នៅ​ថ្ងៃ​សវនាការ

ដោយ ច័ន្ទ ដារ៉ូ
2024.10.29
គ្រួសារ​រំពឹង​ថា តុលាការ​ខេត្ត​តាកែវ​ជំនុំជម្រះក្ដី​ដោយ​យុត្តិធម៌ និង​ដោះលែង​លោក ភុន យុទ្ធ នៅ​ថ្ងៃ​សវនាការ លោក ភុន យុទ្ធ ជនពិការ​ដែលតែងរិះគន់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន។
រូប៖ ហ្វេសប៊ុក ខ្ញុំ ចង់បានអ្នក ដឹកនាំថ្មីៗ

ប្រពន្ធ​របស់​ជនពិការ​ដែល​និយាយ​រិះគន់​មេដឹកនាំក្រុងភ្នំពេញ​រំពឹង​ថា​តុលាការ​ខេត្តតាកែវ នឹង​កាត់ក្តី​ប្តីលោកស្រី​ប្រកប​ដោយ​យុត្តិធម៌ ព្រមទាំង​ទម្លាក់ចោល​ការចោទប្រកាន់ និង​ដោះលែង​ឱ្យ​លោក ភុន យុទ្ធ មាន​សេរីភាព​ឡើងវិញ។ សំណើនេះ​ធ្វើឡើង ស្របពេល​ដែល​តុលាការ​ថ្នាក់ក្រោម​មួយ​នេះ​គ្រោងបើក​សវនាការ​ជំនុំជម្រះក្ដី​សំណុំ​រឿង លោក ភុន យុទ្ធ នៅ​ថ្ងៃ​ទី៣១ ខែ តុលា​ខាងមុខ។

គ្រួសារជនពិការ​ដែល​កំពុង​ជាប់​ពន្ធនាការ​ដោយសារ​ការបញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​នៅលើ​បណ្តាញសង្គម​ឱ្យដឹង​ថា សព្វថ្ងៃ​លោក ភុន យុទ្ធ កំពុង​ទន្ទឹង​រងចាំ​យុត្តិធម៌ ដើម្បី​មាន​សេរីភាព​ទៅ​ជួបជុំ​គ្រួសារ​វិញ។

ប្រពន្ធ​របស់​លោក ភុន យុទ្ធ គឺ​លោកស្រី មុំ វិត ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី២៨ ខែ​តុលា ថា​ការឃុំខ្លួន​ប្តី​របស់​លោកស្រី​ទុកចោល​នៅក្នុង​ពន្ធនាគារ​ ជាង​៧ខែ​មកនេះ គឺ​ជា​រឿង​ឈឺចាប់ ដោយសារ​គ្រួសារ​លោកស្រី​ត្រូវ​រងទុក្ខលំបាក​រស់នៅ​ព្រាត់​គ្នា ពុំ​ដែល​មាន​ក្តីសុខ​ម្តងណា​ឡើយ។ លោកស្រី មុំ វិត ដែល​ជា​ជនពិការជើង​ផងនោះ​បញ្ជាក់​ថា​លោក ភុន យុទ្ធ ជា​មនុស្ស​ស្លូតត្រង់ ចេះ​ឈឺឆ្អាល​ពី​​បញ្ហា​សង្គមជាតិ ដោយ​គាត់​មិន​មាន​ចេតនា​និយាយ​ញុះញង់​នោះទេ។ លោកស្រី​បន្ថែម​ថា បច្ចុប្បន្ន​លោក ភុន យុទ្ធ កំពុង​មាន​ជំងឺ​ប្រចាំកាយ​នៅ​ពន្ធនាគារ ស្រប​ពេល​ដែល​គាត់​ជា​ជនពិការ​គ្រាន់តែ​រស់​នៅ​ខាងក្រៅ​ ក៏​លំបាក​ទៅ​ហើយ​នោះ។ លោកស្រី​ស្នើ​យ៉ាង​ទទូច​ដល់​តុលាការ​គួរ​អនុគ្រោះ​ដល់​ប្តី។

លោកស្រី មុំ វិត«សូមតុលាការ​ខេត្តតាកែវ​ដោះលែង​គាត់​មក​វិញ​មក និយាយ​រួម​ទៅ​ទុកគាត់នៅ​​ក្នុងគុក​ក៏​មិន​កើត​ដែរ យើង​មើល​ទៅ​ពិបាក​ភ្នែកមើល​ណាស់ គាត់​ជាប់ឃុំ​វេទនា»។

ចំណែក​កូនស្រី​លោក ភុន យុទ្ធ អាយុ​១០ឆ្នាំ​វិញ យំ​ហៅ​រក​ឪពុក​ដោយ​នាង​ស្នើ​ឱ្យ​តុលាការ​ដោះលែង​ឪពុក​មក​វិញ​ដើម្បី​បាន​មើលថែ និង​ផ្តល់​ភាព​កក់ក្តៅ​ដល់គ្រួសារ។

កូនស្រី​លោក ភុន យុទ្ធៈ « ខ្ញុំ​មាន​អារម្មណ៍​ថា​ពិបាក​ទទួល​យក។ នៅ​ពេល​ប៉ា​ជួបជុំ​គ្រួសារ​មាន​ភាព​កក់ក្តៅ សប្បាយចិត្ត ដល់ពេល​ប៉ា​ទៅ​បាត់ ខ្ញុំ​អត់​មាន​ភាពកក់ក្តៅ​ទេ ខ្ញុំ​ធ្លាប់​តែ​ប៉ា​ជូន​ទៅ​រៀន ដល់​ឥឡូវ​អត់​មាន​ប៉ា​ជូន​ទៅ សូម​តុលាការ​ដោះលែង​ប៉ា​ខ្ញុំ​មក​វិញ​មក ខ្ញុំ​អត់​មាន​ភាពកក់ក្តៅ​ទេ»។

ក្ដី​រំពឹង​នេះស្រប​ពេល​ដែល​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​តាកែវគ្រោង​បើក​សវនាការ​ជំនុំជម្រះក្ដី​លើ​លោក ភុន យុទ្ធ នៅ​ថ្ងៃ​ទី៣១ ខែ​តុលា ក្នុង​សប្តាហ៍​នេះ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​សាលាដំបូង​ខេត្តតាកែវ​លោក ង៉ែត ដាវុធ ដើម្បី​ឆ្លើយ​តប​បន្ថែម​ជុំវិញ​រឿង​នេះបាន​ទេ នៅ​ថ្ងៃ​ទី២៨ ខែ​តុលា។

លោក ភុន យុទ្ធ ត្រូវបាន​​សមត្ថកិច្ច​ចូល​ចាប់ខ្លួន​ដល់​ផ្ទះ កាល​ពី​ថ្ងៃ​ទី១៩ ខែមីនា ដោយ​តុលាការ​ខេត្ត​តាកែវ បាន​ចោទប្រកាន់​លោក​ពីបទ «ញុះញង់​ឱ្យ​មាន​ការរើសអើង» ហើយ​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​បណ្តោះអាសន្ន​មក​ទល់​បច្ចុប្បន្ន។

ការ​ចាប់​ឃុំខ្លួន និង​ចោទប្រកាន់​នេះ បន្ទាប់​ពី​លោក​បាន​បង្ហោះ និង​ចែក​រំលែក​សារ​ជា​បន្តបន្ទាប់​នៅលើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ឈ្មោះ «ខ្ញុំ​ចង់បាន​អ្នកដឹកនាំថ្មីៗ» ដែល​និយាយ​រិះគន់​ខ្លាំងៗ​ចំពោះ​ការ​ដឹកនាំ​របស់​អតីតនាយករដ្ឋមន្រ្តី​លោក ហ៊ុន សែន និង​លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និង​រិះគន់​លំហូរ​ពលរដ្ឋវៀតណាម​រស់នៅ​កម្ពុជា​ខុសច្បាប់​ជាដើម។

ជុំវិញ​រឿង​នេះ មន្រ្តី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យី សុខសាន្ត មានប្រសាសន៍​ថា សង្គមប្រជាធិបតេយ្យ​ចាត់ទុក​ការបញ្ចេញមតិ​គឺ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​រឿងរ៉ាវ​នៅក្នុង​សង្គម សម្រាប់​ថ្នាក់​ដឹកនាំ​ប្រទេស​យក​ទៅ​ពិចាណា​ដោះស្រាយ​ជាជាង​ការ​ចាប់ចង ចោទ​ប្រកាន់​មនុស្ស​ដាក់​ពន្ធនាគារ។ លោកយល់​ថា ករណី​របស់​លោក ភុន យុទ្ធ ដែល​ជា​ជនពិការ និង​មាន​ជំងឺ​ប្រចាំកាយ​ផង តុលាការ​គួរ​ទម្លាក់ចោល​ការចោទប្រកាន់ និង​ដោះលែង​នៅ​ថ្ងៃ​ជំនុំជម្រះក្តី​ខាងមុខ ខណៈ​តុលាការ​បាន​ឃុំខ្លួន​លោក​បណ្តោះអាសន្ន​ហួសពេល​កំណត់​នៃ​ច្បាប់។

លោក យី សុខសាន្ត«នៅពេល​បើក​សវនាការ​ខាងមុខ​នេះ យើង​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល ក៏​ដូចជា​ស្ថាប័ន​តុលាការ​ទម្លាក់ចោល​ការចោទ​ប្រកាន់​ទៅ ហើយ​ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព​វិញ ទៅ​ជួបជុំ​ប្រពន្ធកូន ពីព្រោះ​គាត់ និង​ប្រពន្ធគាត់​ក៏​ពិការ ​និង​កូន​អាយុ​​ជាង​១០ឆ្នាំ​តិចតួច​ហ្នឹង ត្រូវ​ទៅ​រៀន​ទៀត ជីវភាព​គ្រួសារ​ខ្វះខាត ហើយ​យើង​មើល​ហ្នឹងភ្នែក​ពិបាក​ណាស់»។

លោក ភុន យុទ្ធ បច្ចុប្បន្ន​វ័យ ៤០ឆ្នាំ ជា​ជនពិការស្វិត​ជើង​ពី​កំណើត រស់​នៅ​ក្នុង​ភូមិ​ត្រពាំងឈូក ឃុំ​ត្រឡាច ស្រុក​ទ្រាំង ខេត្ត​តាកែវ។ កាល​នៅ​មាន​សេរីភាព​លោក​ធ្លាប់​ប្រាប់​ថា មូលហេតុ​ដែល​លោក​បន្ត​និយាយ​រឿង​អយុត្តិធម៌​ក្នុង​សង្គម ដោយ​មិន​ខ្លាច​ជាប់គុក​សាជាថ្មី ពីព្រោះ​លោក​ចង់​បាន​អ្នកដឹកនាំ​ប្រទេស​ល្អ ដែលគោរព​សិទ្ធិពលរដ្ឋ និង​សង្គម​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

មន្ត្រីសិទ្ធិមនុស្ស​លើកឡើង​ថា ថ្នាក់​ដឹកនាំ​ប្រទេស​គួរតែ​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួល​យក​ការរិះគន់​ពី​គ្រប់​និន្នាការ​ទាំងអស់ ដោយ​មិន​គួរ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ពលរដ្ឋ ដែល​ហ៊ាន​ចេញមុខ​និយាយ​រិះគន់​អំពី​បញ្ហា​សង្គម ឬ​ភាព​អសកម្មរបស់​ខ្លួន​នោះ​ឡើយ។ ពួកគាត់​ស្នើ​ឱ្យ​តុលាការ​ខេត្ត​តាកែវ​កាត់ក្តី​ដោយ​យុត្តិធម៌ ហើយ​ដោះលែង​លោក ភុន យុទ្ធ ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​លើក​កម្ពស់សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ ព្រមទាំង​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​ប្រសើរឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​បាតុកម្ម​ទាមទារ​ឲ្យ​បារាំង​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល​«​ហ៊ុន​»
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។