លោក សម រង្ស៊ី ថា តុលាការបារាំងនឹងកាត់ទោសលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ពាក់ព័ន្ធនឹងការគប់គ្រាប់បែក២៧ឆ្នាំមុន

ដោយ ខាន់ លក្ខិណា
2024.03.30
លោក សម រង្ស៊ី ថា តុលាការបារាំងនឹងកាត់ទោសលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ពាក់ព័ន្ធនឹងការគប់គ្រាប់បែក២៧ឆ្នាំមុន នាយឧត្តមសេនីយ៍លោក ហ៊ីង ប៊ុនហៀង (ឆ្វេង) អគ្គមេបញ្ជាការកងអង្គរក្សលោក ហ៊ុន សែន និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ។
រូប៖ ហ្វេសប៊ុកក្រសួងការពារជាតិ

តុលាការ​បារាំង​នឹង​កាត់ទោស​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ទៅ​លើ​ហ្វូង​បាតុករ​អហិង្សា កាល​ពី​ថ្ងៃ​៣០ ខែ​មីនា ឆ្នាំ១៩៩៧ តាម​បញ្ជា​របស់​លោក ហ៊ុន សែន​។ មន្ត្រី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​តុលាការ​កម្ពុជា ប្រឹងប្រែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ដែរ​។

លោក សម រង្ស៊ី ដែល​ជា​ជន​រងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​ឃាតកម្ម​គប់​គ្រាប់​បែក​នោះ​ដែរ បាន​អះអាង​ថា នៅ​ចុង​ឆ្នាំ​២០២៤​នេះ តុលាការ​ប្រទេស​បារាំង នឹង​កាត់​ទោស​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ដែល​បាន​រៀបចំ​ការ​គប់​គ្រាប់​បែក​នេះ តាម​បញ្ជា​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវ​ការ​របស់​លោក​កាល​ពីថ្ងៃទី២៩ ខែ​មីនា ថា ក្រោយ​ពី​បាន​ស៊ើបអង្កេត​រយៈពេល​ប្រមាណ ២០​ឆ្នាំ តុលាការ​បារាំង បាន​ប្រកាស​រក​ឃើញ​ជន​ដៃ​ដល់​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ២០២១ ហើយ​បាន​កោះ​ហៅ​លោក ហ៊ុន សែន ទៅ​សួរ​ចម្លើយ​ផង​ដែរ ក្នុង​ឋានៈ​គាត់​ជា​អ្នក​បញ្ជា។ លោក សម រង្ស៊ី ហាក់​បង្ហាញ​សុទិដ្ឋិនិយម​ថា ពន្លឺ​យុត្តិធម៌​ចាប់​ផ្ដើម​រះ​ហើយ សម្រាប់​ជន​រងគ្រោះ ក្នុង​ករណី​គប់​គ្រាប់​បែក​នេះ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​តុលាការ​បារាំង ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​ការ​អះអាង​របស់​លោក សម រង្ស៊ី នៅ​ឡើយ​ទេ។

កាល​ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ចៅក្រម សាប៊ីន ឃេរីស (Sabine Khéris) អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​តុលាការ​យុត្តិធម៌​ប៉ារីស (Judiciaire de Paris) បាន​ចេញ​ដីកា​ចាប់ខ្លួន​លោក​ឧត្ដមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និង​លោក​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែល​រៀបចំ​ផែនការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើ​ការ​ជួប​ជុំ​នយោបាយ​របស់​គណបក្ស​ប្រឆាំង​នៅ​​ភ្នំពេញ​នៅ​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ​១៩៩៧​។

ដីកា​ចាប់​ខ្លួន​របស់​តុលាការ​យុត្តិធម៌​បារាំង​នេះ ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​របស់ ​លោក សម រង្ស៊ី និង​បាន​ចេញ​តាំង​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២០​។ ដីកា​ក៏​បាន​កោះហៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​តួនាទី​របស់​លោក​ពាក់ព័ន្ធ នឹង​ការ​វាយប្រហារ​ដែរ​។ ប៉ុន្តែ​រដ្ឋាភិបាល​បារាំង​បាន​រារាំង​ការ​ចាប់​ខ្លួន​លោក ហ៊ុន សែន ដោយ​លើក​ហេតុផល​ពី​អភ័យ​ឯកសិទ្ធិ​របស់​លោក​ជា​ប្រមុខ​រដ្ឋាភិបាល​។ 

លោក ហ៊ីង ប៊ុនហៀង កាលនោះ គឺ​ជា​មេបញ្ជាការ​នៃ​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ហើយ​លោក ហ៊ុយ ពិសិដ្ឋ ជា​មេបញ្ជាការ​កងពល​តូច​លេខ​៧០​។ បច្ចុប្បន្ន លោក លោក ហ៊ីង ប៊ុនហៀង ឡើង​ជា​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ ថែម​លើ​តួ​នាទី​ជា​មេបញ្ជាការ​កង​អង្គរក្ស​គ្រួសារ លោក ហ៊ុន សែន ដដែល រីឯ​លោក ហ៊ុយ ពិសិដ្ឋ ឡើង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ ជា​នាយករង​ខុទ្ទកាល័យ​លោក​នាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​។

នៅ​ព្រឹក​ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ១៩៩៧ នៅ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់​ក្បែរ​ព្រះបរមរាជវាំង​ វាំង​គ្រាប់​បែក​ចំនួន​៤​គ្រាប់ ត្រូវ​បាន​ជន​អនាមិក គប់​ចូល​ក្នុង​ក្រុម​បាតុករ​ប្រមាណ ២០០​នាក់ ដែល​ដឹក​នាំ​ដោយ លោក សម រង្ស៊ី ពេល​នោះ ជា​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ(KNP)

ការ​គប់​គ្រាប់​បែក​នោះ មាន​គោល​ដៅ​សម្លាប់​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ពេល​លោក​ដឹក​នាំ​ការ​ប្រមូល​ផ្ដុំ​អ្នក​គាំទ្រ និង​ប្រជាពលរដ្ឋ ទៅ​តវ៉ា​នៅ​សួន ច្បារ​ទល់​មុខ​មន្ទីរ​រដ្ឋសភា​ចាស់ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រឆាំង​នឹង​អយុត្តិធម៌​ សង្គម​អំពើ​ពុករលួយ និង​ទាមទារ​ឱ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ។

ការ​វាយ​ប្រហារ​នេះ បាន​ផ្ដាច់ផ្ដិល​ជីវិត​មនុស្ស ចំនួន១៦នាក់ និង​ជាង១៥០ នាក់​រង​របួស ដែល​ភាគ​ច្រើន​ជា​បាតុករ និង​ខ្លះ ជា​អ្នក​ដែល​ឈរ​ក្បែរ​ហ្វូង​បាតុកម្ម រួម​មាន​កុមារ​ផង​។

ចំណែក​ឯ​លោក សម រង្ស៊ី បាន​គេច​ផុត​ពី​គ្រោះថ្នាក់​បាត់បង់​ជីវិត ដោយសារ​អង្គរក្ស​របស់​លោក​រង​គ្រាប់​ជំនួស ប៉ុន្តែ​មេ​បក្ស​ប្រឆាំង​រូប​នេះ ក៏​រង​របួល​ត្រង់​ជើង​ដែរ​។ លោក ហាន មុនី ដែល​ជា​អង្គរក្ស​របស់​លោក សម រង្ស៊ី បាន​យក​ខ្លួន​ទៅ​ពាំង ការពារ​លោក សម រង្ស៊ី បន្ទាប់​ពី​គ្រាប់​បែក​ទី​១​បាន​ផ្ទុះ​ឡើង​។ លោក ហាន មុនី ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ ពេល​គ្រាប់​បែក​ផ្ទុះ​ពេញ​ទំហឹង។

ក្រៅ​ពី​ការ​ស្លាប់​និង​របួស​ពលរដ្ឋ​ខ្មែរ ក៏​មាន​ជនជាតិ​អាមេរិក​ម្នាក់​ដែរ ដែល​រង​របួស​ ធ្ងន់ គឺ​លោក រ៉ន អាប់នី (Ron Abney) ដែល​ជា​ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​ អន្តរជាតិ (IRI) នៃ​សហរដ្ឋ​អាមេរិក។ គឺ​ករណី​នេះ​ហើយ ដែល​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក អេហ្វប៊ីអាយ (FBI) បាន​លូក​ដៃ​ចូល ​ស៊ើបអង្កេត​សំណុំ​រឿង​គប់​គ្រាប់​បែក​នេះ។

ក្នុង​ការ​ស៊ើបអង្កេត​របស់​ខ្លួន អេហ្វប៊ីអាយ (FBI) អាមេរិក បាន​សម្ភាស​ទាហាន​ និង​មន្ត្រី​ខ្មែរ​តាម​ឋានានុក្រម នៃ​អំណាច​ពី​ក្រោម​ឡើង​លើ​។ លោក ហ៊ុយ ពិសិដ្ឋ ធ្លាប់​បាន​សារភាព​ប្រាប់ អេហ្វប៊ីអាយ (FBI) ថា លោក​បាន​បញ្ជា​ឱ្យ​ដាក់​ពង្រាយ​ កម្លាំង​កងពលតូច​លេខ​៧០ ទៅ​កាន់​កន្លែង​កើត​ហេតុ​នៅ​ថ្ងៃ​នោះ។ អ្នក​ស៊ើបអង្កេត អេហ្វប៊ីអាយ (FBI) បាន​សន្និដ្ឋាន​ថា មាន​តែ​លោក ហ៊ុន សែន ប៉ុណ្ណោះ ទើប​អាច​បញ្ជា​ឱ្យ​កង​អង្គរក្ស​ចូល​ទៅ​ក្នុង​សួនច្បារ ដែល​ក្រុម​បាតុករ​ ធ្វើការ​តវ៉ា។

កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ (Washington Post)កាល​ពី​ខែ​មិថុនា ឆ្នាំ​១៩៩៧ បាន​រាយការណ៍​ថា ភ្នាក់ងារ​អេហ្វប៊ីអាយ (FBI) ដាក់​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​គប់​គ្រាប់​បែក​ថ្ងៃទី៣០ ខែ​មីនា ទៅ​លើ​កង​អង្គរក្ស​ផ្ទាល់​ខ្លួន​របស់​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​ទីពីរ នៃ​ប្រទេស​កម្ពុជា​កាល​នោះ ដោយ​ផ្អែក​ទៅ​លើ​ប្រភព​ចំនួន​៤ របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​បាន​ដឹង​អំពី​ព័ត៌មាន។ 

យ៉ាងណា មេ​អង្គរក្ស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង ធ្លាប់​បាន​គំរាម​សម្លាប់​អ្នកសារព័ត៌មាន​ណា​ដែល​ចោទប្រកាន់​ថា អង្គរក្ស​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​ករណី​នេះ។ លោក ហ៊ីង ប៊ុនហៀង បាន​ប្រាប់​កាសែត​ភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) កាល​ពី​ខែ​មិថុនា ឆ្នាំ​១៩៩៧ ថា អ្នក​ចុះផ្សាយ​រឿង​នេះ ប្រាប់​ពួកគេ​ទៅ ថា​លោក​ជា​ប្រធាន​អង្គរក្ស​ចង់​សម្លាប់​ពួកគេ​។

ជាក់​ស្ដែង មាន​សញ្ញា​ប្រុងប្រយ័ត្ន​ខុស​ប្រក្រតី ដែល​បង្ហាញ​អំពី​ការ​ដឹង​ជា​មុន ពី​ ក្រុម​មនុស្ស​របស់​លោក ហ៊ុន សែន ថា​នឹង​មាន​ការ​គប់​គ្រាប់​បែក លើ​ក្រុម​បាតុករ​ ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី ។  ជា​ឧទាហរណ៍ ពួក​នគរបាល​ដែល​ធ្លាប់​រំខាន​បាតុកម្ម បែរ​ជា​មាន​វត្តមាន​តិចតួច​ខុស​ពី​ធម្មតា​នៅ​ថ្ងៃ​កើត​ហេតុ។ ពួក​កង​អង្គរក្ស ឈរ​ជើង​នៅ​ជ្រុង​ម្ខាង​នៃ​ក្រុម​បាតុករ ជា​ជាង​នៅ​លើ​សួន​ផ្ទាល់។ កង​អង្គរក្ស​កងពលតូច​លេខ៧០ និង​កង​អង្គភាព​នគរបាល ដែល​មាន​វត្តមាន​ នៅ​ប៉ុស្តិ៍​នគរបាល​ក្បែរ​នោះ ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ជើង​ការ រួច​ជា​ស្រេច​ ដោយ​បំពាក់​សម្ភារ​ឧបករណ៍​បង្ក្រាប​កុប្បកម្ម​។

សាក្សី​ជា​ច្រើន​បាន​ប្រាប់ អេហ្វប៊ីអាយ (FBI) អាមេរិក​ថា អ្នក​គប់​គ្រាប់​បែក​បាន​រត់​សំដៅ​ទៅ​ក្រុម​កង​អង្គរក្ស​លោក ហ៊ុន សែន និង​រត់​ចូល​បរិវេណ​ផ្ទះ​ក្រុម​មន្ត្រី​ ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែល​មាន​ការ​យាមកាម​តឹងរ៉ឹង​នៅ​ខាង​ក្រោយ​វត្ត​បទុមវតី ក្នុង​ខណ្ឌ​ដូនពេញ​។ សាក្សី​បាន​ប្រាប់ អេហ្វប៊ីអាយ (FBI) ដែរថា អង្គរក្ស​លោក ហ៊ុន សែន ថែម​ទាំង​បាន​ភ្ជង់​កាំភ្លើង​តម្រង់​បាតុករ ដែល​ដេញ​តាម​ចាប់​ជន​គប់​គ្រាប់​បែក និង​បាន​គំរាម​ បាញ់ អ្នក​ដែល​មិន​ព្រម​ឈប់​ដេញ​តាម ឃាតក​គប់​គ្រាប់​បែក​ផង។

រីឯ​លោក ហ៊ុន សែន វិញ ភ្លាមៗ​នោះ ជំនួស​ឱ្យ​ការ​ស៊ើបអង្កេត​ម៉ត់ចត់ លោក​បាន​ ប្រកាស​ឱ្យ​ចាប់​ខ្លួន​អ្នក​ដឹក​នាំ​បាតុកម្មដែល​រងគ្រោះ​ទៅ​វិញ។

ក្រោយ​មក អាជ្ញាធរ​លោក ហ៊ុន សែន បាន​ទម្លាក់​កំហុស​លើ​ឈ្មោះ ប្រេហ្ស៊ីល ប៉ុន្តែ​បាន​បដិសេធ​សំណើ​របស់​ភ្នាក់ងារ អេហ្វប៊ីអាយ (FBI)អាមេរិក​ ដែល​សុំ​ជួប​សម្ភាស​ជាមួយ​ប្រេហ្ស៊ីល ដោយ​សមត្ថកិច្ច​របស់​លោក ហ៊ុន សែន គ្រាន់​តែ​អះអាង​ថា គ្មាន​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ប្រេហ្ស៊ីល​ទេ។

ប្រមាណ​៦ ឬ​៧​ខែ ក្រោយ​ការ​វាយ​ប្រហារ​ថ្ងៃ​ទី៣០ ខែ​មីនា ក៏​មាន​ព័ត៌មាន​ផ្សាយ​ អំពី​ការ​បាត់​ខ្លួន​ឈ្មោះ ប្រេហ្ស៊ីល ដែល​ខ្លះ​ថា បាន​ឃើញ​សាកសព​ប្រេហ្ស៊ីល នៅ​ក្បែរ​បន្ទាយ​ទាហាន​តាំង​ក្រសាំង​។

អតីត​នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch លោក ប្រ៊ែដ អាដាម (Brad Adams) ធ្លាប់​បាន​ថ្លែង​ថា មាន​ ភស្តុតាង​ច្បាស់​ៗ ដែល​បង្ហាញ​ពី​ការ​ពាក់ព័ន្ធ​របស់​កង​អង្គរក្ស​លោក ហ៊ុន សែន នៅ​ក្នុង​អំពើ​គប់​គ្រាប់​បែក​ដ៏​សាហាវ​ឃោរឃៅ​នេះ ដូច្នេះ ពុំ​មាន​ការ​ស៊ើបអង្កេត​ផ្ទៃ​ក្នុង​ដ៏​ម៉ត់ចត់​មួយ​នៅ​ប្រទេស​កម្ពុជា​ទេ។

វិទ្យុ​អាសស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ហ៊ីង ប៊ុនហៀង និង លោក ហ៊ុយ ពិសិដ្ឋ បាន​ទេ ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មីនា​នេះ​។

ចំ​ថ្ងៃ​ខួប នៃ​ព្រឹត្តិការណ៍​សោកនាដកម្ម​គប់​គ្រាប់​បែក ថ្ងៃ​ទី​៣០ ខែ​មីនា​នេះ គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​កម្លាំង​ជាតិ​បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​ដោយ​ឡែក​ពី​គ្នា​ នៅ​ជិត​មន្ទីរ​រដ្ឋសភា​ចាស់ ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​អាជ្ញាធរ​ថា ២៧​ឆ្នាំ​ហើយ មិន​ទាន់​មាន​ យុត្តិធម៌​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភីរិទ្ធ ដែល​ជា​ជន​រងគ្រោះ ក្នុង​ព្រឹត្តិ ការណ៍​នោះ​ដែរ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ និង​តុលាការ ធ្វើការ​ស៊ើបអង្កេត​រក​ យុត្តិធម៌​ជូន​ជន​រងគ្រោះ​។ លោក​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា​ថា ត្រូវ​យក​មេ​គំនិត​ទៅ​កាត់​ទោស ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព និង​ទប់ស្កាត់​កុំ​ឱ្យ​ សោកនាដកម្ម​បែប​នេះ កើត​ឡើង​ទៀត។

លោក គីមសួរ ភីរិទ្ធ​៖ «ជា​សិទ្ធិ​តវ៉ា សម្រាប់​មនុស្ស​ទាំងអស់​ទូទៅ​ដែរ មាន​នៅ​ក្នុង​ច្បាប់​ជា​ធរមាន​សុំ​តែ​ប៉ុណ្ណឹង​ទេ ហើយ​សូម​កុំ​ឱ្យ​កើត​មាន​អំពើ​ហិង្សា​ឧក្រិដ្ឋកម្ម​បែប​ហ្នឹង​បន្ត​ទៀត​។ ខ្ញុំ​មិន​ចង់​ឃើញ ពីព្រោះ​អី​ការ​ឈឺ​ចាប់​របស់​ក្រុម​គ្រួសារ​ជន​រងគ្រោះ វា​គប់​ជ្រៅ ទាំង​យើង​ទាំង​គេ សូម្បី​តែ​ខ្លួន​ខ្ញុំ​ក៏​ទទួល​រងគ្រោះ អំបែង​ពី​គ្រប់​ដែល​មិន​ទាន់​វះ​ចេញ​ពី​ក្នុង​ខ្លួន​ទេ ទុក​នៅ​ហ្នឹង ហើយ​ចងចាំ​ជានិច្ច​ថា ព្រឹត្តិការណ៍​កើត​ឡើង​ពេល​នោះ វា​រន្ធត់​បែប​ណា» 

រីឯ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ដែរ​ថា អាជ្ញាធរ ត្រូវ​បង្ហាញ​ជំហរ​ឱ្យ​ច្បាស់ ក្នុង​ការ​ស្រាវជ្រាវ​រក​ឃាតក និង អ្នក​ នៅ​ពី​ក្រោយ​ខ្នង ដើម្បី​ផ្ដល់​ទំនុក​ចិត្ត និង ភាព​កក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ។

លោក រ៉ុង ឈុន៖ «ដើម្បី​ឱ្យ​សង្គម​មួយ​ផ្ដល់​នូវ​ទំនុក​ចិត្ត ផ្ដល់​នូវ​ភាព​កក់​ក្ដៅ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ស្វែង​រក​ជន​ដៃដល់​ក៏ដូចជា ឃាតក យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ មិន​បន្ត​ឱ្យ​ជន​ដៃដល់​ឬ​មួយ​ឃាតក មាន​សេរីភាព​បន្ត​ទៀត​ទេ​»​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា ការ​ស៊ើបអង្កេត​លើក​ករណី​នេះ អាស្រ័យ​លើ​ឆន្ទៈ​ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​សមត្ថកិច្ច​។ លោក​ថា បើ​មិន​មាន​យុត្តិធម៌ ករណី​ប្រវត្តិសាស្ត្រ​មួយ​នេះ នឹង​បន្សល់​ទុក​នូវ​និទ្ទណ្ឌភាព ដែល​ជន​ប្រព្រឹត្ត និង​អ្នក​ពាក់ព័ន្ធ​ រួច​ពី​សំណាញ់​ច្បាប់។

លោក អំ សំអាត៖ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​ផ្លូវ​ច្បាប់ នៅ​តែ​ទទួល​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ក៏​ដូច​ជា តុលាការ ធ្វើការ​ស៊ើបអង្កេត ដើម្បី​ស្វែង​រក​ជន​ដែល ប្រព្រឹត្ត​បទល្មើស ក៏​ដូច​ជា អ្នក​ពាក់ព័ន្ធ ទៅ​អនុវត្ត​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ដែល​បាត់​បង់​ជីវិត ក៏​ដូច​ជា អ្នក​រង​របួស​»

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ ប្រាប់​វិទ្យុ ​អាស៊ីសេរី​នៅ​ថ្ងៃទី ៣០ ខែ​មីនា ថា លោក​មិន​ឆ្លើយ​ឆ្លង​ជាមួយ​លោក សម រង្ស៊ី ពី​ករណី​វាយ​ប្រហារ​គ្រាប់​បែក​នេះ​នោះ​ទេ​។

លោក ទូច សុខៈ បាន​បញ្ជាក់​ថា សំណុំ​រឿង​នេះ មិន​ទាន់​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​ នៅ​ឡើយ​ទេ ហើយ​អាជ្ញាធរ​ស្វាគមន៍​រាល់​ភស្តុតាង​ថ្មីៗ បើ​ភាគី​ណា​មួយ​ស្រាវជ្រាវ​រក​ឃើញ​។

លោក ទូច សុខៈ៖ «ភាគី​កម្ពុជា​ស្វាគមន៍​ចំពោះ​ព័ត៌មាន​ផ្សេងៗ​ភស្តុតាង​ផ្សេងៗ ឬ​ក៏​មុខ​សញ្ញា​នានា ដែល​បង​ប្អូន​គ្រប់​និន្នាការ​ទាំងអស់ គឺ​សហការ​គ្នា គឺ​អាច​ផ្ដល់​ជូន​ឬ​ក៏​អាច​សហការ​ជាមួយ​សមត្ថកិច្ច​ចំណុះ​ក្រសួង​មហាផ្ទៃ​បាន»

លោក សម រង្ស៊ី លើកឡើង​ថា លោក ហ៊ុន សែន ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ពីព្រោះ​តុលាការ​បារាំង នឹង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ (Interpol) ដើម្បី​ចាប់​ខ្លួន ពេល​ណា​លោក ហ៊ុន សែន ឈាន​ជើង​ទៅ​ដល់​ប្រទេស​ប្រជាធិបតេយ្យ​ណា​មួយ ក្រោយ​ពី​គាត់​លែង​មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។